ភ្នំពេញៈ គណៈកម្មការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (Comfrel) បាន​លើកឡើង​ថា រដ្ឋសភា​ដែល​មាន​បក្ស​តែ​ ១ ​មាន​សកម្មភាព​ធ្លាក់ចុះ ប៉ុន្តែ​មន្ត្រី​នាំពាក្យ​រដ្ឋសភា​ថា អត់​មាន​ចុះថយ​អី​ទេ ដោយ​ក្នុង​អាណត្តិ​ទី​ ៦ ​នេះ​តំណាងរាស្ត្រ​បាន​ចុះ​មូលដ្ឋាន​ជាច្រើន​ដង សូម្បីតែ​ពេល​បើក​សម័យប្រជុំ​ក៏​ចុះ​មូលដ្ឋាន​ដែរ ដើម្បី​បម្រើ​ប្រជាជន​គ្រប់​វិស័យ ដូចជា​វិស័យ​សុខាភិបាល សង្គមកិច្ច ជាដើម​។

លោក​ ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា​កម្ពុជា ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា តំណាងរាស្ត្រ​បាន​ចុះ​មូលដ្ឋាន​បាន​ច្រើន​ដង​ណាស់ សូម្បីតែ​ពេល​បើក​សម័យប្រជុំ​ក៏​ចុះ​មូលដ្ឋាន​ដែរ ដើម្បី​បម្រើ​ប្រជាជន​គ្រប់​វិស័យ​ដូចជា​វិស័យ​សុខាភិបាល សង្គមកិច្ច​ជាដើម​។ លោក​ថា ប្រសិន​បើ​មាន​ប្រជាជន​ជួប​គ្រោះភ័យ​ផ្សេងៗ​ដូចជា​បាក់​អគារ ខ្យល់ព្យុះ​ធ្វើឱ្យ​ខូចខាត​ផ្ទះ និង​គ្រោះថ្នាក់​ផ្សេងៗ តំណាងរាស្ត្រ​ចុះ​ទៅ​ដល់​កន្លែង​តែម្តង និង​បាន​ដោះស្រាយ​បញ្ហា​ជូន​ប្រជាជន​។

លោក​ ប៉េង ឡុង បាន​ថ្លែងថា​៖ «​បើ​យើង​ប្រៀបធៀប​កាលសម័យ​មាន​គណបក្ស​ប្រឆាំង​អត់​មាន​ចុះថយ​សកម្មភាព​អី​ទេ​។ ទោះបី​គណបក្សប្រឆាំង​នៅពេលនោះ​ក៏​គាត់​ចុះ ចុះ​ជួបតែ​អ្នក​ដែល​បោះឆ្នោត​ឱ្យ​គាត់​ហ្នឹងឯង​។ គាត់​អត់​មាន​ចុះ​ជួប​អ្នក​ផ្សេង​ទេ​។ តែ​ឥឡូវនេះ​គឺ​ថា​តំណាងរាស្ត្រ​គាត់​ចុះ​ទៅ​គឺ​ចុះទៅ​ទាំងអស់​»​។

គណៈកម្មការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​ហៅ​កាត់​ថា​ (Comfrel) ​លើក​ឡើង​ថា ប្រសិទ្ធភាព​សភា​ដែល​មាន​គណបក្ស​តែ​ ១ ​ក្នុង​ឆ្នាំ​ទី​ ១ អាណត្តិ​ទី​ ៦ ​នេះ​បាន​ធ្លាក់ចុះ បើ​ធៀប​នឹង​រដ្ឋសភា​ដែល​ធ្លាប់មាន​ពហុបក្ស ព្រោះ​មិនឃើញ​មាន​តំណាងរាស្ត្រ​និយាយ​ពី​ភាព​អសកម្ម​ក្នុង​ការដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ក៏ដូចជា ការសួរដេញដោល​លើ​ការអនុវត្ត​ច្បាប់​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ Comfrel ស្តីពី​របាយការណ៍​សង្ខេប​នៃ​ការសង្កេត​រដ្ឋសភា និង​តំណាងរាស្ត្រ​ឆ្នាំ​ទី​ ១ និង​នីតិកាល​ទី​ ៦ កាលពី​ថ្ងៃទី​ ២៧ ខែ​ឧសភា ​បញ្ជាក់​ថា សកម្មភាព​ចុះ​មូលដ្ឋាន​របស់​អ្នកតំណាងរាស្ត្រ​ក្នុង​គោលបំណង​ដើម្បី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ពង្រឹង​ផ្ទៃក្នុង​របស់​គណបក្ស អមដំណើរ​ថ្នាក់ដឹកនាំ​គឺ​ផុសផុល​លើកលែង​តែ​សកម្មភាព​ក្នុង​គោលបំណង​ចុះជួយ​អន្តរាគមន៍ ដោះស្រាយ​បញ្ហា​។ ជាពិសេស​ទំនាស់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ មិន​ត្រូវ​បាន​សង្កេតឃើញ​មាន​តំណាងរាស្ត្រ​ខ្នះខ្នែង​ ឬ​យកចិត្ត​ទុកដាក់​ជួយ​ដោះស្រាយ​នោះទេ​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា​៖ «​ក្នុងសម័យ​ប្រជុំ តំណាងរាស្ត្រ​បាន​ឡើង​បញ្ចេញមតិ​ក្នុង​ការអនុវត្ត​ច្បាប់​នានា​។ ភាគច្រើន​បំផុត​ក្នុង​សម័យ​ប្រជុំ​ទាំងនោះ​មិនសូវ​មាន​ឃើញ​តំណាងរាស្ត្រ​ណា​ម្នាក់​ជំទាស់ រិះគន់ ឬ​សួរដេញដោល​ដោយ​ស៊ីជម្រៅ​ឡើយ​។ ផ្ទុយ​មកវិញ​គឺ​មាន​តែ​ការកោតសរសើរ និង​គាំទ្រ​ដល់​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​តែប៉ុណ្ណោះ​»​។

Comfrel ​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ថា ក្នុងសម័យ​ប្រជុំ​របស់​រដ្ឋសភា​ឆ្នាំ​ទី​ ១ ​នេះ​តំណាងរាស្ត្រ​ចំនួន​ ១២ ​រូប​ឡើង​ បញ្ចេញមតិ​ចំនួន​ ៣៨ ​ដង គិត​ជា​ថេរវេលា​មាន​រយៈពេល​ ២០៩ ​នាទី​។ បើ​គិតពី​ចំនួន​អ្នកតំណាងរាស្ត្រ និង​រយៈពេល​គឺ​តិចជាង បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​ទី​ ១ ​ដូចគ្នា​នៃ​អាណត្តិ​ទី​ ៥​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា ក្នុងចំណោម​តំណាងរាស្ត្រ​ទាំង​ ១២៥ ​រូប​គឺមាន​តែ​ ៥៥ ​រូប ​(៤៤%) ​ប៉ុណ្ណោះ​មាន​សកម្មភាព​ចុះ​មូលដ្ឋាន ដែល​មាន​ចំនួន​ ១០៤១ ​លើក​។ ចំនួន​នេះ​គិត​ជា​មធ្យម គឺ​ ១៩ ​លើក​ក្នុង​អ្នកតំណាងរាស្ត្រ​ម្នាក់​ដែល​បាន​ចុះ​បេសកកម្ម​។

Comfrel បញ្ជាក់ថា​៖ «​អ្នកតំណាងរាស្ត្រ​ដែល​បាន​ចុះ​បេសកកម្ម​នេះ​បើ​គិត​ជា​ភាគរយ​នៃ​ចំនួន​អ្នកតំណាងរាស្ត្រ​ក្នុង​បក្ស​របស់ខ្លួន​ឃើញថា មាន​ចំនួន​បេសកកម្ម​តិចជាង​ឆ្នាំ​ទី​ ១ ​នៃ​អាណត្តិ​ទី​ ៥ (៥០ ​រូប​ស្មើនឹង​ ៧៤ ​ភាគរយ​)»​។

លោក​ កន សាវាង្ស អ្នកសម្របសម្រួល​ផ្នែក​អង្កេត និង​តស៊ូ​មតិ​នៃ​អង្គការ Comfrel បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា តំណាងរាស្ត្រ​នៅក្នុង​អាណត្តិ​ទី​ ៦ ឆ្នាំ​ទី​ ១ ​នេះ​គឺ​មិន​ដូច​តំណាងរាស្ត្រ​កាលពី​សម័យមុនៗ​នោះ​ទេ ព្រោះ​កាលពី​មុន​មាន​គណបក្ស​ចម្រុះ​នៅក្នុង​រដ្ឋាភិបាល​។ ដោយឡែក​សម្រាប់​អាណត្តិ​ទី​ ៦ ​នេះ​គឺ​មាន​គណបក្ស​តែ​ ១ ពោលគឺ​ទាំង​នីតិប្រតិបត្តិ និង​នីតិប្បញ្ញត្តិ​ដែល​ទាំង​ ២ ​អំណាច​នេះ​គឺ​គ្រប់គ្រង​ដោយ​គណបក្ស​តែ​ ១​។

លោក​ សាវាង្ស បាន​ថ្លែងថា​៖ «​ប្រសិនជា​នៅក្នុង​សភា​មាន​គណបក្ស​ចម្រុះ វា​ជា​ចំណុច​មួយ​ដែល​ល្អ​ដែរ ដែល​ធ្វើឱ្យ​គាត់​ហ្នឹង​ (​តំណាងរាស្ត្រ​) ​អាច​ឆ្លុះបញ្ចាំង​គ្នា​។ មានន័យថា​គាត់​អាច​រិះគន់ គាត់​អាច​ធ្វើការ​វែកញែក គាត់​អាច​បង្ហាញថា នែ​! ខាង​ស្ថាប័ន​នីតិប្រតិបត្តិ​គាត់​អនុវត្ត​មាន​បញ្ហា​ខ្វះចន្លោះ​ត្រង់នេះ ឬ​មួយ​ក៏​ការស្នើ​សុំច្បាប់​សម្រាប់​ឱ្យ​អង្គនីតិប្រតិបត្តិ​អនុវត្ត​ហ្នឹង​វា​មាន​ចន្លោះប្រហោង អ៊ីចេះៗ​ៗ​ៗ​។ អាហ្នឹង​ជា​ការដេញដោល ទោះបី​ថា ការសម្រេច​ហ្នឹង​ទៅ​ដល់​កម្រិត​ណាក៏ដោយ ប៉ុន្តែ​វា​មានការដេញដោលគ្នា»៕