ភ្នំពេញៈ គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា (Comfrel) កាលពី​ម្សិលមិញ​បាន​បញ្ជាក់ថា បញ្ជី​ឈ្មោះ​បោះឆ្នោត​ដែល​បានប្រកាស​ជា​ផ្លូវការ​ដោយ ​គ.ជ.ប កាលពី​ចុងឆ្នាំ​ ២០២០ មាន​គុណភាព​អាច​ទទួល​យកបាន បើទោះបី​នៅតែ​មាន​ឈ្មោះ​ស្ទួន​ដែល​អាច​ធ្វើឱ្យ​អ្នកមាន​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត អាច​នឹង​បាត់​សិទ្ធិ​បោះឆ្នោត​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​ការសង្កេត​ការចុះឈ្មោះ​ និង​សវនកម្ម​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​ ២០២០ ចេញផ្សាយ​កាលពី​ម្សិលមិញ​បានឱ្យដឹងថា Comfrel បាន​រកឃើញ​ឈ្មោះ​ស្ទួន​ចំនួន ៧៩ ស្មើនឹង​មាន​ឈ្មោះ ចំនួន ១៥៨ ​នាក់​។ ក្នុងចំណោម​ឈ្មោះ​ស្ទួន ៧៩ ​ឈ្មោះ​នោះ​មាន​ ៥៤ ​ឈ្មោះ​បាន​ស្ទួន​ខុស​ខេត្ត ១៨ ​ឈ្មោះ​បាន​ស្ទួន​ក្នុង​ខេត្ត​តែ​ ១ តែ​ខុស​ឃុំ ៤ ​ឈ្មោះ​ស្ទួន​ក្នុង​ការិយាល័យ និង​ ៣ ​ឈ្មោះ​ស្ទួន​ក្នុង​ឃុំ​តែ​ ១ ​តែ​ខុស​ការិយាល័យ​។

ករណី​សិក្សា​លើ​ឈ្មោះ​ស្ទួន​ដែល​បាន​រកឃើញ​នេះ Comfrel ជ្រើសរើស​យកឈ្មោះ​ចំនួន​ ៣ ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ទៅ​សិក្សា​នៅ​ខេត្តបន្ទាយមានជ័យ ខេត្តកណ្ដាល ខេត្តកំពត និង​ខេត្តសៀមរាប បាន​រកឃើញថា អ្នកមាន​សិទ្ធិ​បោះឆ្នោត​ម្នាក់​ពិតជា​មានឈ្មោះ​ ២ ​ប្រាកដ​មែន​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បាន​អះអាង​ថា​៖ «​យោងតាម​ការរកឃើញ ហើយ​វិភាគ​ត្រឹម​ឈ្មោះ​ស្ទួន​ក្នុង​បញ្ជី Comfrel នៅតែ​យល់ឃើញ​ថា បញ្ជី​ឈ្មោះ​បោះឆ្នោត​មាន​គុណភាព​អាច​ទទួល​យក​បាន តែបើ​ពិនិត្យ​លើ​សិទ្ធិ​អ្នក​ចុះឈ្មោះ​បោះឆ្នោត​វិញ គឺ​នៅ​មិនទាន់​អាចបំពេញ​បាន​នៅឡើយ​ទេ ទាក់ទង​នឹង​អ្នក​ចំណាក​ស្រុក​នៅក្រៅ​ប្រទេស​»​។ «​ឈ្មោះ​ស្ទួន​នេះ​បើ​ប្រៀបធៀប​ជាមួយ​ឆ្នាំ​ ២០១៩ ឃើញថា​មាន​តួលេខ​កើនឡើង (​កាលពី​ឆ្នាំ​ ២០១៩ មាន​ចំនួន​ ១៧ ​ឈ្មោះ​) Comfrel កត់សម្គាល់​ឃើញថា ឈ្មោះ​ស្ទួន​ដែល​បាន​កើតឡើង​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​ ២០១៩ ដែល Comfrel បាន​បញ្ជូន​ឈ្មោះ​ទាំងនោះ​ទៅ គ.ជ.ប ដើម្បី​ដោះស្រាយ​គឺ​មាន​ ១៧ ​ឈ្មោះ​បាន​លុប​ចេញពី​បញ្ជី​រួចហើយ​»​។

លោក សោម សូរិដា អគ្គលេខាធិការរង គជប បានឱ្យដឹងថា គ.ជ.ប បាន​ទទួល​រួចហើយ​នូវ​របាយការណ៍​ស្តីពី​ការសង្កេតការណ៍​បោះឆ្នោត និង​សវនកម្ម​បញ្ជី​បោះឆ្នោត​ឆ្នាំ​ ២០២០ របស់​អង្គការ Comfrel ជាមួយ​នឹង​ការវាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ​ដោយបាន​ចាត់ទុកថា​ជា​ធាតុ​ចូល​ដ៏សំខាន់​ក្នុង​ការរួមចំណែក​ធ្វើឱ្យ​ប្រសើរឡើង និង​គុណភាព​បញ្ជី​បោះឆ្នោត​ឱ្យ​មាន​ភាពពេញលេញ​ត្រឹមត្រូវ និង​មាន​បច្ចុប្បន្នភាព​។

លោក សោម សូរិដា ថ្លែងថា​៖ «​លទ្ធផល​នៃ​ការរកឃើញ​នេះ​គឺជា​គុណភាព​នៃ​ការវាស់​បញ្ជី​បោះឆ្នោត​របស់ គ.ជ.ប ឱ្យ​មាន​ភាពត្រឹមត្រូវ និង​អាច​ជឿ​ទុកចិត្ត ហើយ​ផ្អែកទៅលើ​ការរកឃើញ​របស់ Comfrel រួមជាមួយ​នឹង​ការរកឃើញ​របស់​ គ.ជ.ប ចំនួន ៤៤ ទៀត គជប​នឹងត្រូវ​ធ្វើការ​កែតម្រូវ បញ្ជី​បោះឆ្នោត​របស់​គជប ឆ្នាំ​ ២០២០»​។

លោក សោម សូរិដា អះអាង​ថា មូលហេតុ​ដែល​ធ្វើឱ្យ​មាន​ឈ្មោះ​ស្ទួន​នេះ ដោយសារ​បញ្ហា​បច្ចេកទេស និង​ជា​សំណល់​ដែល​សល់​ពី​ឆ្នាំ ២០១៦ ដែល​ គ.ជ.ប រៀបចំ​ការបោះឆ្នោត​សាកល្បង​។

លោក​ថ្លែង​ថា​៖ «​ទោះជា​យ៉ាងណា​ក៏ដោយ​នៅ ២០២១ គ.ជ.ប ពិនិត្យ​ឡើងវិញ និង​ចុះទៅ​ដល់​ទីកន្លែង​ដើម្បី​ផ្ទៀងផ្ទាត់​នឹង​លុបឈ្មោះ​អ្នកមាន​ឈ្មោះ​ស្ទួន​នោះ​ចេញ​ពី​បញ្ជី​បោះឆ្នោត​ដោយ​រក្សាទុក​ឈ្មោះ​តែ​ ១ ដែល​ត្រូវបាន​ចុះឈ្មោះ​ចុងក្រោយ​»​។

យោងតាម​ឯកសារ​នៅក្នុង​គេហទំព័រ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប) បាន​ឱ្យ​ដឹងថា ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ផ្លូវការ​ឆ្នាំ​ ២០២០ មាន​ចំនួន ៨ ៨៣១ ៩៧១ ​នាក់ ​ប្រមាណ​ជាង​ ៨៥ ​ភាគរយ ធៀប​នឹង​ចំនួន​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន​សរុប​ដែល​មាន​អាយុ​ចាប់ពី​ ១៨ ​ឆ្នាំ​ឡើង​៕