ភ្នំពេញៈ បន្ទាប់ពីទទួលបានជ័យជម្នះក្ដោបក្ដាប់យកអាសនៈទាំង ១២៥ នៅក្នុងរដ្ឋសភា មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជាកាលពីម្សិលមិញបានចេញមុខនៅចំពោះប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិដើម្បីការពារជ័យជម្នះដែលទទួលបានពីការបោះឆ្នោតកាលពីថ្ងៃទី ២៩ ខែកក្កដាកន្លងមកនេះ ហើយក៏បានវាយបកធ្ងន់ៗប្រឆាំងបណ្ដាប្រទេសប្រជាធិបតេយ្យខ្លះ និងអតីតគណបក្សប្រឆាំងដែលរិះគន់ខ្លួនថាបាន «ប្រមាថយ៉ាងធ្ងន់ធ្ងរ» ដល់ឆន្ទៈប្រជាជនកម្ពុជា ហើយ «ឧបាយកលដ៏ពិសពុល» របស់ពួកគេបានទទួលបរាជ័យជាអ្វីដែលអតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង និងអ្នកវិភាគជំទាស់។
គ្មានអ្វីភ្ញាក់ផ្អើលនោះទេ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីយប់ថ្ងៃពុធបានប្រកាសលទ្ធផលផ្លូវការសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ កាលពីថ្ងៃទី ២៩ ខែកក្កដាកន្លងទៅដោយគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្រសោបយកអាសនៈរដ្ឋសភាទាំងអស់ដោយគ្មានគណបក្សណាមួយក្នុងចំណោមគណបក្សនយោបាយទាំង ១៩ ផ្សេងទៀតដែលបានចូលរួមបោះឆ្នោតអាចប្រជែងបាន។
ខណៈអតីតគណបក្សសង្គ្រោះជាតិដែលជាគូប្រជែងខ្លាំងក្លារបស់បក្សកាន់អំណាចត្រូវបានរំលាយ ហើយមេដឹកនាំគណបក្សនេះត្រូវបានគេចាប់ដាក់គុកលើសំណុំរឿង «ក្បត់ជាតិ» មុនការបោះឆ្នោតមកដល់ ធ្វើឲ្យមតិជាតិ និងអន្តរជាតិជឿថាមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ទើបបណ្ដាប្រទេសប្រកាន់របបប្រជាធិបតេយ្យសេរីបានរិះគន់ថាជាការបង្ក្រាបពីបក្សកាន់អំណាច។
កាលពីថ្ងៃម្សិលមិញនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «លទ្ធផលជាផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦» ដែលរៀបចំធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែល ក្នុងរាជធានីភ្នំពេញ មន្ត្រីជាន់ខ្ពស់ ៣ រូបរបស់គណបក្សប្រជាជនកម្ពុជាបានការពារជ័យជម្នះរបស់បក្សកាន់អំណាចយ៉ាងខ្លាំងក្លា។
CPP បានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ ៣ ទំព័រដោយបានបានចាត់ទុកជ័យជម្នះនៃការបោះឆ្នោតគឺជា «សមិទ្ធផលយ៉ាងធំជាប្រវត្តិសាស្ត្រថ្មី» របស់ប្រជាជាតិក្នុងការប្ដេជ្ញាចិត្តឈានឆ្ពោះទៅមុខឥតថយក្រោយលើមាគ៌ាសន្តិភាព និងការអភិវឌ្ឍ។ CPP ក៏បានហៅលទ្ធផលនៃការបោះឆ្នោតថា «បានឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈ និងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា»។
សេចក្ដីថ្លែងការណ៍នេះមានខ្លឹមសារថា៖ «តាមរយៈលទ្ធផលនៃការបោះឆ្នោត ក៏បានធ្វើឲ្យឧបាយកលដ៏ពិសពុលរបស់ពួកប្រឆាំងខុសច្បាប់ និងមជ្ឈដ្ឋានអគតិនៅខាងក្រៅមួយចំនួនដែលតែងតែមួលបង្កាច់សភាពការណ៍ពិត ប៉ុនប៉ងបង្កអស្ថិរភាព និងបំផ្លាញដំណើរការប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជាត្រូវទទួលបរាជ័យ»។
ដោយថ្លែងមិនបញ្ចេញឈ្មោះប្រទេស CPP បានចាត់ទុកឥរិយាបថបណ្ដាប្រទេសមួយចំនួនដែលសំដៅដល់បណ្ដាប្រទេសលោកខាងលិចដែលបានរិះគន់ការបោះឆ្នោតថាជា «ការប្រមាថយ៉ាងធ្ងន់ធ្ងរដល់ឆន្ទៈប្រជាជនកម្ពុជា» ជិត ៧ លាននាក់ដែលបានទៅបោះឆ្នោត។
សេចក្ដីថ្លែងការណ៍ដដែលនេះបានឲ្យដឹងថា៖ «គណបក្សប្រជាជនកម្ពុជាសម្ដែងការសោកស្ដាយចំពោះមជ្ឈដ្ឋានបរទេសមួយចំនួនដែលមិនបានចូលរួមសង្កេតការណ៍ក្នុងការបោះឆ្នោតនេះទេ ប៉ុន្តែបែរជាប្រកាន់យកទង្វើអវិជ្ជមានដោយមូលហេតុនយោបាយចំពោះដំណើរការដ៏ត្រឹមត្រូវនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងបានវាយតម្លៃការបោះឆ្នោតនេះថា គ្មានលក្ខណៈសេរី និងយុត្តិធម៌តាំងពីមុនពេលការបោះឆ្នោតរហូតមកដល់បច្ចុប្បន្ន»។
លោក សុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យ CPP បានការពារនៅពេលត្រូវបានសួរពីការដឹកនាំតាមបែបឯកបក្សនៅក្នុងរដ្ឋសភាដែលគ្រប់គ្រងដោយបក្សកាន់អំណាចដោយគ្មានសំឡេងរបស់បក្សប្រឆាំង។
លោក ឥសាន បានថ្លែងថា៖ «មិនអាចចោទថាជាសភាឯកបក្សបានទេ កន្លងទៅនៅក្នុងនីតិកាលទី ៥ យើងឃើញហើយមានសភាពហុបក្ស ក៏ប៉ុន្តែបើសិនណាសភាមានឈ្មោះថាពហុបក្ស ប៉ុន្តែចរិតនៃការងារវាអត់មានពហុបក្សផង។ ក្នុងនីតិកាលទី ៥ ៥៥ តំណាងរាស្ត្ររបស់អតីតបក្សប្រឆាំងបានតែមកបើកប្រាក់ខែទេ ប៉ុន្តែគាត់ធ្វើពហិការរហូត ដូច្នេះចរិតការងាររបស់រដ្ឋសភានីតិកាលទី ៥ វាជាចរិតឯកបក្សរួចទៅហើយ ដូច្នេះបញ្ហាសំខាន់ទៅលើការទទួលខុសត្រូវ ការអនុវត្ត និងគោរពទៅតាមឆន្ទៈប្រជាពលរដ្ឋដែលប្រគល់ការគាំទ្រទៅលើគណបក្សណាមួយឲ្យទទួលខុសត្រូវ»។
លោកបន្តថា៖ «សូមកុំយល់ច្រឡំថា អត់បក្សប្រឆាំងប្រហែលជាគណបក្សប្រជាជនមិនធ្វើការ ឬមួយធ្វើការតែពីសតែពាស ប្រាសចាកអំពីគោលការណ៍ច្បាប់ អាហ្នឹងមិនមែនទេសកម្មភាពរបស់គណបក្សប្រជាជនត្រូវតែធ្វើដើម្បីបុព្វហេតុជាតិ និងប្រជាជនរាល់សកម្មភាពទាំងអស់នេះ មិនមែនអាស្រ័យលើបក្សណាមួយទេ យើងផ្អែកលើគោលការណ៍កម្មវិធីនយោបាយរបស់គណបក្ស»។
លោក សួស យ៉ារ៉ា តំណាងរាស្ត្រជាប់ឆ្នោតថ្មីរបស់គណបក្សប្រជាជនកម្ពុជា ថ្លែងថាទោះបីជាក្នុងសភាមានបក្សតែមួយ ប៉ុន្តែក្នុងជួររាជរដ្ឋាភិបាលនឹងពិចារណាទទួលយកធនធានមនុស្សដែលមកពីគណបក្សផ្សេងទៀតដែលមិនទទួលបានអាសនៈនៅក្នុងរដ្ឋសភា។
លោកថ្លែងថា៖ «រដ្ឋសភាយើងធ្វើដំណើរទៅតាមឆន្ទៈប្រជាពលរដ្ឋ ប៉ុន្តែចំពោះរាជរដ្ឋាភិបាលដែលនឹងបង្កើតឡើងដែលសម្ដេចដឹកនាំនេះ ក៏មិនប្រាកដថាយកបក្សតែមួយដែរ គឺយើងស្វាគមន៍ធនធានមនុស្សមកពីគណបក្សដទៃ បន្ទាប់នៅពេលដែលរដ្ឋសភាត្រូវបានបង្កើតហើយ»។
ការលើកឡើងរបស់លោក យ៉ារ៉ា គឺស្របគ្នានឹងអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាលពីថ្ងៃពុធបានប្រកាសផ្តួចផ្តើមគំនិតក្នុងការបង្កើត «វេទិកាពិគ្រោះយោបល់» ជាមួយគណបក្សតូចៗក្នុងរូបភាពជា «វប្បធម៌សន្ទនា» នៅវិមានសន្តិភាព។ លោកក៏ពិនិត្យលទ្ធភាពក្នុងការអញ្ជើញមេដឹកនាំគណបក្សនយោបាយផ្សេងទៀតឲ្យធ្វើជាទីប្រឹក្សាតាមក្រសួងនានា របស់រាជរដ្ឋាភិបាលអាណត្តិថ្មីថែមទៀតដែរ។
លោក យ៉ារ៉ា បញ្ជាក់ថាគណបក្សប្រជាជនកម្ពុជាគឺជាគណបក្សប្រកាន់យក «ប្រជាធិបតេយ្យនិយមកណ្ដាល» ដែលមានលក្ខណពិសេសខុសពីបណ្ដាប្រទេសសង្គមនិយមដែលមានគណបក្សតែមួយគ្រប់គ្រងប្រទេស។ លោកថា CPP មានលក្ខណៈពិសេស ៣ យ៉ាងគឺ ទី ១ កម្ពុជាមានការបោះឆ្នោតជាទៀងទាត់រៀងរាល់ ៥ ឆ្នាំម្ដង ទី ២ កម្ពុជាអនុវត្តសេដ្ឋកិច្ចទីផ្សារសេរី ដែលមានការប្រកួតប្រជែង និងទី ៣ អនុញ្ញាតឲ្យមានសេរីភាពក្នុងការបញ្ចេញមតិ។
គណបក្សប្រជាជនកម្ពុជាអះអាងថាបើទោះបីជានៅក្នុងសភាគ្មានគណបក្សនយោបាយផ្សេងក្រៅពី CPP ក៏ដោយ ក៏ខ្លួននៅដំណើរការតាមនីតិវិធីច្បាប់ ហើយនឹងកោះអញ្ជើញរដ្ឋមន្ត្រីមកសាកសួរដូចអាណត្តិមុនដែរ ហើយតំណាងគណបក្សប្រជាជនក៏ហាក់មិនព្រួយលើសម្ពាធរបស់សហគមន៍អន្តរជាតិដែរ។
នៅពេលត្រូវបានសួរពីលទ្ធភាពក្នុងការដោះលែងអតីតមេបក្សប្រឆាំងលោក កឹម សុខា ក្រោយជាប់ឆ្នោតមន្ត្រី CPP ថាពួកគេមិនអាចជ្រៀតជ្រែកចូលកិច្ចការតុលាការបានទេ។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិថ្លែងថាកម្ពុជាកំពុងតែធ្វើដំណើរបន្ដិចម្ដងៗទៅរកសម័យមុនឆ្នាំ ១៩៩១ ដែលពេលនោះកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនប្រកាន់របបកុម្មុយនីស្ត គ្រប់គ្រងដោយគណបក្សតែមួយ។
លោកថ្លែងថា៖ «ការបោះឆ្នោតនេះបង្ហាញថា ក្លាយជាបក្សតែមួយហើយ ទាំងព្រឹទ្ធសភា ទាំងរដ្ឋសភា ទាំងរដ្ឋាភិបាលដូច្នេះ វានៅក្រោមការដឹកនាំរបស់បក្សតែមួយ ហើយចង់ ឬមិនចង់អ្វីដែលចេញពីបក្សគឺរដ្ឋជាអ្នកអនុវត្ត ដូចជានៅសម័យកុម្មុយនីស្តអ៊ីចឹង។ សម័យកុម្មុយនីស្តរដ្ឋនៅក្រោមបក្ស ដូច្នេះវាវិលត្រឡប់ទៅរកអាហ្នឹងដូចគ្នា»។
លោកបន្តថា៖ «មែនទែនទៅយើងបានចូលរួមក្នុងលទ្ធិប្រជាធិបតេយ្យ វាអត់មានអីខុសពីហ្នឹងទេ។ កាលណាយើងបង្ហាញពីការមិនពេញចិត្តរបស់យើង ទោះបីជាចូល ឬមិនចូល (ប្រជុំសភា) វាបានបង្ហាញថាឆន្ទៈគណបក្សប្រឆាំងដែលមិនពេញចិត្តនឹងអ្វីដែលគេកំពុងធ្វើហ្នឹង គេបង្ហាញតាមបែបហ្នឹង។ យើងពហិការ វាគឺជាគោលការណ៍ប្រជាធិបតេយ្យ ជារបបប្រជាធិបតេយ្យ វាចេញមកអ៊ីចឹងហើយ»។
លោក Paul Chambers សាស្ត្រាចារ្យ និងទីប្រឹក្សាពិសេសសម្រាប់កិច្ចការអន្តរជាតិនៅសាកលវិទ្យាល័យ Naresuan University ថ្លែងថាសន្និសីទកាសែតរបស់គណបក្សប្រជាជនកម្ពុជាគឺជាការប្រមាថដ៏គួរឱ្យអស់សំណើចចំពោះប្រជាជនកម្ពុជាដែលខិតខំប្រឹងធ្វើការដើម្បីលទ្ធិប្រជាធិបតេយ្យ និងសេរីភាព។
ការបោះឆ្នោតកាលពីខែកក្កដាឆ្នាំ ២០១៨ គណបក្សប្រជាជនបានឈ្នះការបោះឆ្នោត ១០០% ដែលក្តោបក្តាប់អាសនៈសភាទាំង ១២៥ មិនអាចធ្វើទៅរួចទេបើគ្មានការចាត់ចែងប្រព័ន្ធបោះឆ្នោតរបស់រដ្ឋាភិបាល និងឲ្យតុលាការរំលាយគណបក្សប្រឆាំងដ៏ធំតែមួយគត់របស់កម្ពុជា។
គណបក្សប្រជាជនកម្ពុជាពិតជាប្រមាថអ្នករិះគន់ការបោះឆ្នោតពីព្រោះគណបក្សប្រជាជនក្តាប់អំណាច ដោយការចំណាយ សុខុមាលភាពលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា»៕ NS