ភ្នំពេញៈ ​​គណ​ប​ក្ស​ប្រជា​ជន​កម្ពុជា​បាន​ទទួល​អាសនៈ​ចំនួន​ ៤ ០៣៤ ​អាសនៈ ​ក្នុង​ចំណោម​អាស​នៈ​សរុប​ទាំង​អស់​ចំនួន​ ៤ ១១៤​ ​ក្នុង​​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ​ធានី​-​ខេត្ត ​និង​ក្រុមប្រឹក្សា​ ក្រុង ​ស្រុក ខណ្ឌ​អាណ​ត្តិ​ទី៣ ​កា​ល​ពី​ខែ​មុន​ ក្នុង​ចំ​ណោម​​គណបក្ស​ចំនួន​ ៦​ ដែល​បាន​ចូលរួម​ បាន​ទទួល​សំឡេង​គាំទ្រ​តិច​តួច​បំផុត​។ យោង​តាម​​​លទ្ធ​ផល​ផ្លូវការ​របស់​គណៈ​កម្មា​ធិកា​រ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ដែល​បាន​ប្រកាស​​កាល​ពី​ថ្ងៃ​ទី ៨ មិថុនា។

ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​អាណត្តិ​ទី​៣​ ​មាន​គណ​បក្ស​ចំនួន​ ៧ ចូ​ល​រួម​ ប៉ុន្តែ​មាន​តែ​ ៣​ គណ​បក្ស​ប៉ុណ្ណោះ ​ដែល​ទទួល​បាន​អាសនៈ។ ​ក្នុង​នោះ ​​​​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​ទទួល​បាន​អាសនៈ​ចំនួន​ ៣៣​ រី​ឯ​គណបក្ស​ខ្មែរ​រួប​​រួម​ជាតិ​ទទួល​បាន​អាសនៈ​ចំនួន ៤៤ ។​

​​លោក​ ​ហង្ស​ ពុទ្ធា ​មន្ត្រី​នាំពាក្យ​គណៈ​កម្មា​ធិ​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិល​មិញ​ថា ​ការ​ប្រកាស​លទ្ធ​ផល​ផ្លូវការ​នេះ ​គឺ​ពុំមាន​គណ​បក្ស​ន​យោបាយ​ណា​មួយ​បាន​ប្ដឹង​តវ៉ា​ឡើយ ​ហើយ​តាម​ផ្លូវ​ច្បាប់​ក្រសួង​មហា​ផ្ទៃ​នឹង​ប្រ​កាស​ឲ្យ​ស​មាជិក​ក្រុម​ប្រឹក្សា​រាជ​ធានី​ ​ខេត្ត ​ក្រុង​ ស្រុក​ ខណ្ឌ​នេះ​ ចូល​កា​ន់​តំ​ណែង​រយៈ​ពេល ១៤ ថ្ងៃចាប់​ពី​ថ្ងៃ​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​នេះ។​

​លោក​ថា៖ «​ប៉ុន្តែ​វា​អាច​លម្អៀង​ ជួន​កាល​គេ​អាច​ប្រកាស​ចូល​កាន់​តំណែង​មុន​ឬ​ក្រោយ​ ប៉ុន្តែ​តាម​ច្បាប់ ការ​ប្រកាស​ចូល​កាន់​តំណែង​គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​បាន​ប្រកាស​លទ្ធ​ផល​ផ្លូវការ​បាន​ ១៤​ ថ្ងៃ»។​

នៅ​ថ្ងៃទី​ ៨​ មិថុនា​ ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​បាន​ចេញ​សេច​ក្ដី​ថ្លែង​ការណ៍​មួយ​ដើម្បី​បង្ហាញ​កា​រគាំ​ទ្រ​ចំពោះ​ការ​រៀប​ចំ​ការបោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​អាណត្តិ​ទី៣​ ​និង​ចាត់​ទុក​ថា​ ជា​ការ​បោះ​ឆ្នោត​ ធ្វើ​ឡើង​ដោយ​សេរី​ ​ត្រឹម​ត្រូវ ​និង​យុត្តិ​ធ​ម៌​ ​ដែល​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។​

​​សេច​ក្ដី​ថ្លែង​ការណ៍​បន្ត​ថា​៖ ​«​គណ​បក្ស​ប្រជាជន​កម្ពុជា​ ​សូម​ប្រកាស​ជា​ឱឡា​រិ​ក​ទទួល​យក​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ​ធានី​ ​ខេត្ត​ ​ក្រុង​ ​ស្រុក​ ខណ្ឌ។​ ​លទ្ធ​ផល​នេះ​ ​បាន​ឆ្លុះ​បញ្ចាំង​ទាំង​ស្រុង​នូវ​ឆន្ទៈ​របស់​ប្រជា​ជន​កម្ពុជា​ ​តាម​រយៈ​សមាជិក​សមាជិកា​នៃ​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ ដែល​ជា​តំណាង​ពេញ​ច្បាប់​របស់​ខ្លួន​នៅ​គ្រប់​មូល​ដ្ឋាន​ ​ក្នុង​ការ​គាំទ្រ ​និង​ការ​ផ្ដល់​ជំនឿ​ទុក​ចិត្ត​លើ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ឱ្យ​ដឹក​នាំ​នៅ​ថ្នាក់​ក្រោម​ជាតិ​បន្ត​ទៀត»។​

​លោក​ ​ណុប​ សុធា​រិ​ទ្ធិ​ មន្ត្រី​នាំ​ពាក្យ​គណ​បក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​បាន​ឲ្យ​ដឹង​ថា​ ​ក្នុង​ចំណោម​អាសនៈ​ទាំង​អស់​ដែល​គណ​បក្ស​ហ្វ៊ុន​​ស៊ិ​នប៉ិច​ទទួល​បាន​គឺ​ថយ​ចុះ​បើ​ប្រៀបធៀប​ទៅ​នឹង​អា​ណត្តិ​មុន​ ​ការ​ធ្លាក់​ចុះ​ ដោយ​សារ​តែ​គណ​បក្ស​ឆ្លង​កាត់​ការបែក​បាក់​ច្រើន​ដង​ពេក។​

លោក​ ​សេង​ ​សុខ​ហេង ​ប្រធាន​គណ​បក្ស​សញ្ជាតិ​កម្ពុជា​បាន​អះអាង​ថា ​កា​រ​បោះ​ឆ្នោ​ត​រៀប​ចំ​​ដោយ គ​.​ជ​.​ប​ ​នេះ​ ​គឺ​ធ្វើ​ឡើ​ង​ត្រឹម​ត្រូវ​តាម​នីតិវិធី។​

​​លោក​​ថា៖​ ​«​ខ្ញុំ​គិត​ថា ​ការ​បោះឆ្នោត​ហ្នឹង ​វា​ប្រព្រឹត្ត​ទៅ​បាន​ដោយ​សេរី​ ត្រឹម​ត្រូវ​ និង​យុត្តិធម៌​ហើយ»។​

លោក​ ​ក​ន​ ​សាវា​ង្ស ​អ្នកសម្រប​សម្រួល​ផ្នែក​អង្កេត​របស់​អង្គការ​ឃ្លាំមើល​ការបោះ​ឆ្នោត​ ​Comfrel ​បាន​ឲ្យ​ដឹង​ថា​ ​អង្គ​បោះ​ឆ្នោត​ជាង ​៥ ពាន់​នាក់​របស់​អតីត​គណបក្ស​ប្រឆាំង​ត្រូវ​បាន​បាត់បង់​សិទ្ធិ។​

​​លោក​ថា៖​ «​​​ការ​បោះឆ្នោត​ឆ្នាំ ​២០១៧​ គណ​បក្ស​ប្រឆាំង​មួយ​ មាន​ក្រុម​ប្រឹក្សា​ជាង​ ៥​ ពាន់​ ​ត្រូវ​បាន​តុលាកា​រ​កំពូល​រំលាយ​ ការ​បោះ​ឆ្នោត​អ​សកល​នេះ ​មិនមែន​ជា​ការ​បោះ​ឆ្នោត​មួយ​ស្ថិត​ក្នុង​ប្រព័ន្ធ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​ឡើយ»៕​