The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - CPP ដាក់​បញ្ចូល​មនុស្ស​ថ្មី​ផ្តោត​លើ​ការ​កែ​ទម្រង់ តែ​អ្នក​វិភាគ​យល់​ផ្ទុយ

CPP ដាក់​បញ្ចូល​មនុស្ស​ថ្មី​ផ្តោត​លើ​ការ​កែ​ទម្រង់ តែ​អ្នក​វិភាគ​យល់​ផ្ទុយ

សមាជិក​គណៈកម្មាធិការ​កណ្តាលអចិន្រៃ្តយ៍​នៃគណបក្សប្រជាជនកម្ពុជា មហាសន្និ​បាត​រយៈពេល​បី​ថ្ងៃ កាល​ពី​សប្តាហ៍​មុន។
សមាជិក​គណៈកម្មាធិការ​កណ្តាលអចិន្រៃ្តយ៍​នៃគណបក្សប្រជាជនកម្ពុជា មហាសន្និ​បាត​រយៈពេល​បី​ថ្ងៃ កាល​ពី​សប្តាហ៍​មុន។

CPP ដាក់​បញ្ចូល​មនុស្ស​ថ្មី​ផ្តោត​លើ​ការ​កែ​ទម្រង់ តែ​អ្នក​វិភាគ​យល់​ផ្ទុយ

អត្ថបទវិភាគ

ភ្នំពេញៈ មហាសន្និ​បាត​គណបក្ស​ប្រជាជន​រយៈពេល​បី​ថ្ងៃ ដែល​បាន​បើក​កាល​ពី​ថ្ងៃ​សុក្រ ​ជា​កិច្ច​ការ​ឆ្លុះ​បញ្ចាំង ផ្តោត​លើ​កំណែ​ទម្រង់​ដែល​នឹង​ព្យាយាម​កំណត់​ពី​មូល​ដ្ឋាន​សម្រាប់​ការ​បោះឆ្នោត​ជាតិ​នា​ឆ្នាំ ២០១៨ ដោយ​ដាក់​បញ្ចូល​នូវ​អ្នក​ជំនាន់​ថ្មី និង​គំនិត​ថ្មី ក្នុង​ថ្នាក់​ដឹក​នាំ​របស់​គណបក្ស។

ប៉ុន្តែ អ្នក​វិភាគ​ពី​ក្រុម​សិទិ្ធ​មនុស្ស​និង​បក្ស​ប្រឆាំង​កាល​ពី​ម្សិលមិញ​មើល​ឃើញ​ថា ការ​ពង្រីក​សមាជិក​ភាព ក្នុង​គណៈកម្មាធិការ​កណ្តាល​គណបក្ស​នេះ​ ក្នុង​មហា​សន្និបាត​ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​អាទិត្យ ជា​សញ្ញា​បង្ហាញ​ថា របៀប​ដំណើរ​ការ​របស់​បក្ស​នៅ​តែ​មិន​ផ្លាស់​ប្តូរ ព្រោះ​វា​ហាក់​បីដូច​ជា មួយ​ភាគ បង្កើត​ឡើង​ដើម្បី​ពង្រឹង​ការ​គ្រប់​គ្រង​របស់​គណបក្ស​ទៅ​លើ​កង​សន្តិសុខ​របស់​រដ្ឋ។

លោក​ បណ្ឌិត​ ឡៅ ម៉ុងហៃ អ្នក​វិភាគ​ជើង​ចាស់​ដែល​ថ្មី​ៗ ​ត្រូវ​បាន​តែង​តាំង​ជា​ទី​ប្រឹក្សា​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​ប្រឆាំង​បាន​ថ្លែង​ថា៖ «ខ្ញុំ​មិន​គិត​ថា មាន​ការ​ផ្លាស់​ប្តូរ​ [ពិត​ប្រាកដ] ដែល​អាច​មើល​ឃើញ​ទេ»។

លោក​បន្ត​ថា៖ «ពួកគេ​បាន​បន្ថែម​មនុស្ស​ច្រើន​ថែម​ទៀត នេះ​គឺ​ជា​លក្ខណៈ យូរ​អង្វែង​នៃ​គោល​នយោបាយ​គណបក្ស​ប្រជាជន។ ដោយ​មិន​យក​អ្នក​ថ្មី​មក​ជំនួស​អ្នក​ចាស់ តែពួកគេ​​ចូល​ចិត្ត​បន្ថែម»។

លោកបន្ត​ថា​ បើ​ទោះ​ជា​មាន​ការ​តែង​តាំង​សមាជិក​វ័យ​ក្មេង​ជា​ច្រើន​ក្នុង​ស្ថាប័ន​ធ្វើ​សេចក្តី​សម្រេច​នៅ​ថ្នាក់​កណ្តាល ដែល​រួម​បញ្ចូល​ទាំង​កូន​រាប់​សិប​នាក់​របស់​​សមាជិក​ចាស់​របស់​​គណបក្ស ក្នុង​នោះ ​មាន​កូន​​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែល​ការ​តែង​តាំង​នេះ​ គឺជា​រឿង​ធម្មតា​ក្នុង​គណបក្ស​ប្រជាជន​រហូត​ទាល់​តែ​មាន​អ្នក​ដឹក​នាំ​ថ្មី ឬ​មនុស្ស​ថ្មី​មក​​កាន់​តំណែង​សំខាន់»​។

អ្នកស្រី មូរ សុខហួរ តំណាង​រាស្រ្ត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​យល់​ស្រប​តាម​លោក ឡៅ ម៉ុង​ហៃ បាន​វាយ​តម្លៃ។

លោកស្រី​ថ្លែង​ថា៖ «​រយៈពេល ថ្ងៃ​នេះ គេ​បាន​ពិនិត្យ​​ខាង​ក្នុង​បក្ស​ផ្ទាល់​។ គេ​បាន​ចង្អុល​បង្ហាញ​ពី​ប្រព័ន្ធ​តុលាការ​ពុក​រលួយ​ជា​បញ្ហា​មួយ ​បក្ខពួក​និយម​ជា​បញ្ហា​មួយ ហើយ​តមក គេ​នឹង​បែរ​ខ្នង​ចេញ​ ហើយ​គ្មាន​អ្វី​ត្រូវ​ផ្លាស់​ប្តូរ​ទេ»។

ខណៈ​គណបក្ស​ប្រជាជន​បាន​បោះ​ឆ្នោត​​គាំទ្រ​សមាជិក​ថ្មី ៣០៦ នាក់​ ក្នុង​គណៈកម្មាធិការ​កណ្តាល​នោះ​ គ្មាន​ការ​ផ្លាស់​ប្តូរ​ក្នុង​គណៈកម្មាធិការ​អចិន្រៃ្តយ៍ ដែល​សមាជិក​សុទ្ធ​តែ​ជា​ជើង​ចាស់​របស់​គណបក្ស និង​ជា​ប្រធាន​ស្ថាប័ន​មាន​អំណាច​បំផុត​នៅ​ក្នុង​ប្រទេស។

ទោះយ៉ាង​ណា ការ​សំខាន់​នោះ គឺ​អគ្គ​ស្នង​ការ​រង​នគរបាល​ជាតិ​យ៉ាង​ហោច​ណាស់ ៩ នាក់ ​បន្ថែម​ពី​លើ​ឧត្តម​សេនីយ៍​និង​មេ​បញ្ជា​ការ​កង​ទ័ព​មាន​អំណាច​ជា​ច្រើន​នាក់ ក្នុង​នោះ មួយ​ចំនួន​បញ្ជា​ឲ្យ​បង្ក្រាប​ផ្ទាល់​លើ​បាតុកម្ម​នយោបាយ បន្ទាប់​ពី​បោះ​ឆ្នោត ខែ​កក្កដា ឆ្នាំ ២០១៣ ក៏​បាន​ជាប់​ឆ្នោត​ចូល​ក្នុង​​គណៈកម្មការ​កណ្តាល​ដែរ។

តាម​បញ្ជី​ឈ្មោះ ​រួម​មាន​លោក ជួន សុវណ្ណ ស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ លោក ហ៊ីង ប៊ុនហៀង មេ​បញ្ជា​ការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ ជា​ប្រធាន​អង្គភាព​អង្គរក្ស​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ​និង​លោក រ័ត្ន ស៊្រាង មេ​បញ្ជា​ការ​កង​រាជ​អាវុធ​រាជធានី​ភ្នំពេញ។

លោក Lee Morgenbesser ​អ្នក​ស្រាវជ្រាវ​អំពី​របប​ផ្តាច់​ការ​នៅ​អាស៊ី​អាគ្នេយ៍​នៅ​សាកល​វិទ្យាល័យ Griffith ប្រទេស​អូស្ត្រាលី បាន​ថ្លែង​ថា​ អាយុ​កាន់​តែ​ចាស់​​របស់​មេ​​ដឹក​នាំ​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា «តម្រូវ​ឲ្យ​មន្រ្តី​​ក្មេង​ៗ​ត្រូវ​យក​ចូល​ជំនួស​ ដើម្បី​ធានា​អំពី​ភាព​យូរ​អង្វែរ​របស់​បក្ស​នយោបាយ»។

លោក​​ថ្លែង​តាម​អ៊ីមែល​ថា៖ «ប្រភេទ​នៃ​ការ​បញ្ចូល​មនុស្ស​សំខាន់ៗ ចូល​ទៅ​ក្នុង​បក្ស​នេះ​ជា​​ស្តង់​ដារ​អនុវត្ត​សម្រាប់​របប​​ផ្តាច់​ការ​ជា​ច្រើន​​នៅលើ​​ពិភព​លោក»។

លោក​បន្ត​ថា​ ​ទំហំ​នៃការ​ពង្រីក​​ដែល​បាន​ធ្វើ​ឡើង​ចុង​សប្តាហ៍​នេះ​គឺ វិសាមញ្ញ។

លោកបន្ត​ថា៖ «គ្មាន​អ្វី​ត្រូវ​សង្ស័យ​ទេ ការ​ពង្រីក​គណៈកម្មាធិការ​កណ្តាល​បក្ស​គឺ​ដើម្បី​បញ្ចូល​អ្នក​ធ្វើ​សេចក្តី​សម្រេច​សំខាន់​ៗ​បន្ថែម​នៅ​ក្នុង​យោធា​និង​នគរបាល ដើម្បី​ធានា​ថា​ស្ថាប័ន​ទាំង​នេះ​​នឹង​នៅ​តែ​ស្មោះ​ត្រង់​​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​អំឡុង​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ»។

លោក​បន្ថែម​ថា​ ជា​លទ្ធ​ផល បើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ការ​បោះឆ្នោត​ឆ្នាំ ២០១៨ ការ​ផ្ទេរ​អំណាច​​ដោយ​សន្តិវិធី​​នឹង​មិន​ទំនង​ជា​ធ្វើ​ទៅ​រួចទេ​។ ប៉ុន្តែ​ លោក​ស្រី មូរ សុខហួរ ទទូច​ថា គណបក្ស​សង្គ្រោះ​ជាតិ​ជឿ​ថា កម្លាំង​ប្រដាប់​អាវុធ​នឹង​មិន​ស្តាប់​បញ្ជា​ថ្នាក់​លើ​ខ្លួន​​ដើម្បី​រារាំង​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​ទេ ប្រសិន​បើ​ខ្លួន​ឈ្នះឆ្នោត ដោយ​លើក​ឡើង​អំពី​បទ​ពិសោធ​នា​ថ្មីៗ​របស់​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​ស្រី​លង្កា។

អ្នក​ស្រី​បន្ថែម​ថា៖ «ពួកគេ​បាន​ឈ្នះ​ដោយសារ​កង​ទ័ព​និង​កម្លាំង​ប្រដាប់​អាវុធ​នៅ​ទី​បំផុត​មិន​ស្តាប់​តាម​បញ្ជា​ថ្នាក់​លើ។ សរុប​ទៅ​យើង​ជឿ​ថា ការ​នេះ​នឹង​ដូច​គ្នា​នៅ​កម្ពុជា»។

មន្រ្តី​នគរបាល​និង​មន្រ្តី​ជាន់​ខ្ពស់​មួយ​ចំនួន​មិន​អាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​បាន​ឬ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ។

កាល​ថ្ងៃ​អាទិត្យ​រដ្ឋ​មន្រ្តី​ការពារ​ជាតិ លោក ទៀ បាញ់ បាន​ប្រាប់​អ្នក​កាសែត​ថា ការ​បន្ថែម​មន្រ្តី​យោធា​ទៅ​ក្នុង​គណៈកម្មាធិ​ការ​កណ្តាល​គឺជា «មធ្យោបាយ​ដើម្បី​ធ្វើ​វា​ឲ្យកាន់​តែ​រឹងមាំ»។

លោក ម៉ុង ឫទ្ធី ព្រឹទ្ធ​សមាជិក និង​ជា​សមាជិក​គណៈកម្មាធិ​ការ​កណ្តាល​គណបក្ស​ប្រជាជន​ដែល​ទើប​ត្រូវ​បាន​ជ្រើស​រើស​បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់ អំពី​បក្ខពួក​និយម​លើ​គណបក្ស​លោក​​កាល​ម្សិល​មិញ​ ប៉ុន្តែ ​លោក​អះអាង​ថា «បក្ខពួក​និយម គឺ​មាន​គ្រប់​ទី​កន្លែង មិន​មែន​តែ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ទេ»។

លោក​បន្ថែម​ថា​ ទោះ​យ៉ាង​ណា​គណបក្ស​មាន​យុទ្ធ​សាស្រ្ត​កំណែ​ទម្រង់​ថ្មី ហើយ​ការ​ពង្រីក​គណៈកម្មាធិការ​កណ្តាល​គឺជា​ផ្នែក​សំខាន់​មួយ។ «ប៉ុន្តែ​មាន​ការ​សម្ងាត់​មួយ​ចំនួន​ដែល​យើង​និយាយ​មិន​បាន»៕TK / PS

អត្ថបទគួរចាប់អារម្មណ៍