ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ពីគណបក្សកាន់រដ្ឋាភិបាលកាលពីម្សិលមិញបានប្រតិកម្មចំពោះសេចក្ដីព្រាងច្បាប់របស់តំណាងរាស្ត្រសហរដ្ឋអាមេរិកក្នុងរដ្ឋវ៉ាស៊ីនតោនដែលបានជំរុញសេចក្ដីព្រាងស្ដីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ ២០១៨ ក្នុងបំណងដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ និងការធ្វើដំណើរដល់ក្រុមមន្ត្រីជាន់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនបានថ្លែងកាលពីម្សិលមិញថា ក្រោយពីតំណាងរាស្ត្រអាមេរិកលោក ថិត យ៉ូហូ (Ted Yoho) ប្រធានអនុគណៈកម្មាធិការកិច្ចការបរទេសទទួលបន្ទុកកិច្ចការ តំបន់អាស៊ី និងប៉ាស៊ីហ្វិក មិនមានតួនាទី និងអំណាចអ្វីដាក់បន្ទុកធ្ងន់មកលើរាជរដ្ឋាភិបាលកម្ពុជាទេ គេគ្រាន់តែជាបុគ្គលម្នាក់ជាអាយ៉ងរបស់គណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយដោយតុលាការកំពូលកាលពីចុងឆ្នាំមុនតែប៉ុណ្ណោះ។
លោក ឥសាន ថ្លែងថា៖ «វាគ្មានអ្វីចម្លែកទេថាមេខ្លោងនៃក្បាលម៉ាស៊ីនបដិវត្តន៍ពណ៌នោះវាតែងតែកាន់ជើងអាយ៉ងរបស់ខ្លួនជារឿងធម្មតាខ្ញុំយល់ថាវាគ្មានទម្ងន់អីដែលចេញជាលទ្ធផលដូចបំណងប្រាថ្នាដែលគាត់ចង់បាននោះទេ។ គាត់គ្រាន់តែមានគំនិតផ្តួចផ្តើមវានៅឆ្លងនីតិវិធីច្រើនទៀតហើយគាត់ក៏មិនមានទម្ងន់ស្អីនៅក្នុងរដ្ឋសភាអាមេរិកក៏ដូចព្រឹទ្ធសភាអាមេរិកទេគាត់មិនអាចសម្រេចតាមការចង់បានរបស់គាត់ទេ។ ហើយគាត់និយាយនេះវាខុសពីការពិតទាំងស្រុងអំពីការប្រើតុលាការដើម្បីគាបសង្កត់បក្សប្រឆាំង ឬមន្ត្រីអតីតប្រឆាំងគឺជាការខុសការពិត»។
សេចក្ដីថ្លែងការណ៍របស់តំណាងរាស្ត្រនៃសហរដ្ឋអាមេរិករូបនេះកាលពីថ្ងៃព្រហស្បតិ៍ទី ១០ ឧសភាបានអះអាងថានឹងដាក់សំណើច្បាប់ស្ដីពីប្រជាធិបតេយ្យឆ្នាំ ២០១៨ នៅកម្ពុជាក្នុងគោលបំណង ប្រឆាំងនឹងអំពើបំផ្លិចបំផ្លាញប្រជាធិបតេយ្យ និងអំពើរំលោភបំពានសិទ្ធិមនុស្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ច្បាប់នេះនឹងជួយឲ្យប្រជាពលរដ្ឋខ្មែរមានលទ្ធភាពក្នុងការតស៊ូដើម្បីប្រជាធិបតេយ្យ ពីព្រោះវិធានការច្បាប់នេះនឹងអាចបំបែកអំណាចប្រមូលផ្តុំនៃរបបលោក ហ៊ុន សែន បាន។
មេដឹកនាំបក្សប្រឆាំងលោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ដាក់ឃុំអស់រយៈពេលជាង ៨ ខែមកហើយចាប់តាំងពីដើមខែកញ្ញាឆ្នាំមុនដោយជាប់ចោទពីបទ «ក្បត់ជាតិ» និងប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលតាមរយៈការឃុបឃិតជាមួយបរទេស និងគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូល រំលាយចោល កាលពីចុងឆ្នាំ ២០១៧ ក្រោយពីគណបក្សប្រឆាំងមួយនេះបានទទួលសំឡេងគាំទ្រច្រើននៅក្នុងការបោះឆ្នោតឃុំ-សង្កាត់កាលពីខែមិថុនា ឆ្នាំ ២០១៧។
សហគមន៍អន្តរជាតិមួយចំនួនបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យអតីតបក្សសង្គ្រោះជាតិអាចចូលរួមការបោះឆ្នោតជាតិនាខែកក្កដាខាងមុខនេះ ទន្ទឹមគ្នានឹងរដ្ឋាភិបាលបានប្រកាសម្តងហើយម្ដងទៀតថា គណបក្សសង្គ្រោះជាតិនឹងគ្មានថ្ងៃអាចរស់ឡើងវិញបាននោះឡើយ។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិបានថ្លែងថាអ្នកនយោបាយខ្មែរពិសេសមន្ត្រីគណបក្សកាន់អំណាចតែងតែនិយាយរិះគន់ពីការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាពីសហគមន៍អន្តរជាតិ ប៉ុន្តែត្រូវយល់ថាគេមិនជ្រៀតជ្រែកទេតែវាជាច្បាប់ ឬគោលនយោបាយការបរទេសរបស់គេពេលណាកម្ពុជាខុសពីលក្ខន្តិកៈដែលគេដាក់ហ្នឹងគេត្រូវតែកែគោលនយោបាយរបស់គេហើយ។
លោក ច័ន្ទរ័ត្ន ថ្លែងថា៖ «ខ្ញុំជឿថាទោះជាតំណាងរាស្ត្រថា្នក់ណាក៏ដោយពីព្រោះប្រទេសគេប្រជាធិបតេយ្យគេស្តាប់ទោះបីមតិភាគតិចក្តីច្រើនក្តីហើយគេយកយោបល់មកជជែកគ្នា និងពិភាក្សាបើមានផលប្រយោជន៍ទោះបីតំណាងរាស្ត្រហ្នឹងតូចក៏ដោយក៏គេធ្វើតាមដែរ។ ទោះបីយ៉ាងណាក៏ដោយកាលណាមានតំណាងរាស្ត្រ ឬមានសមាជិកព្រឹទ្ធសភាគេធ្វើច្បាប់ក្តី ឬគេកែគោលនយោបាយក្តីដើម្បីដាក់សម្ពាធមកលើយើងវានឹងផ្តល់ភាពអាម៉ាស់មកលើយើង។ ទោះបីគេធ្វើមិនបានសម្រេចក៏ដោយ តែអ្វីដែលគេធ្វើវាបានឮដល់ពិភពលោកហើយវាធ្វើឲ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ។ ប្រសិនច្បាប់ចេញរួចវានឹងប៉ះពាល់ដល់កម្ពុជាពីព្រោះអាមេរិកបានថ្កោលទោស និងដាក់សម្ពាធដល់ប្រទេសជាច្រើនរួចមកហើយៗវាអាចមានបញ្ហាដល់បុគ្គលថ្នាក់ដឹកនាំក្នុងប្រទេសកម្ពុជាហើយ។
ខណៈលោក ផូល ចែបប៊័រ សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Naresuan University នៅក្នុងប្រទេសថៃបានថ្លែងថាសេចក្ដីព្រាងច្បាប់ស្ដីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ ២០១៨ មានន័យដល់ការដែលសម្ញែងដើម្បីដាក់ទោសដល់កម្ពុជាជាមួយនឹងការដាក់ទណ្ឌកម្មពីការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសនោះ វាធ្វើឲ្យងាយស្រួលដល់លោក ហ៊ុន សែន ខិតទៅរកចិនជិតជាងមុន៕