ភ្នំពេញៈ គណ​បក្ស​ប្រជា​ជន​កម្ពុជា​ (CPP) ទទួល​បាន​សំឡេង​ឆ្នោ​ត​ច្រើន​ជាង​គេ​លើ​ស​លប់ នៅ​ក្នុង​ការ​បោះ​ឆ្នោតអសកលជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង​ ស្រុក​ ខណ្ឌ កាល​ពី​ម្សិល​មិញ ដោយសារ​តែ​គណ​បក្ស​កាន់​អំណាច​មួយ​នេះមាន​អង្គ​បោះ​​ឆ្នោត​ច្រើន​ជាង​គេ។ នេះ​បើ​តាម​ លោ​ក ទេព នីថា អគ្គ​លេខាធិការ​ គជប និង​លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក ទេព នីថា បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​យប់​មិញ​ថា​ ការ​ប្រកាស​លទ្ធផល​បឋម​របស់​ គជប គឺ​វាគ្រាន់​តែ​ជា​ព័ត៌មាន​ទេ មិន​មាន​សរុប​លទ្ធផល​ច្បាស់ថា​ គណ​បក្ស​ណា​ទទួល​បាន​អាសនៈ​ប៉ុន្មាន​នោះ​ឡើយ។

ប៉ុន្តែ​ទោះយ៉ាង​ណា លោក​បាន​បញ្ជាក់​ថា​៖ «ជា​ទូទៅ​​ យើង​ដឹង​ទាំង​អស់​គ្នា​ហើ​យ អ្នក​បោះ​ឆ្នោតភាគ​ច្រើន​គណ​បក្ស​ប្រជាជន។ អ៊ីចឹង​ទេ សំឡេ​ង​​ឆ្នោត​វាបាន​ច្រើន​ជាង​គេទៅ​គណ​បក្ស​ប្រជា​ជន។ ប៉ុន្តែ​ប៉ុន្មាន​ៗ ខ្ញុំ​អត់​ទាន់​ដឹង​ទេ គេ​កំពុង​បូក​សរុប»។

គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ប្រកាស​ថា ដំណើរ​ការ​នៃ​ការបោះ​​​​​​ឆ្នោត និង​ការរាប់​សន្លឹក ឆ្នោត ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​ អាណត្តិ​ទី ៣​ ឆ្នាំ ២០១៩ កា​ល​​ពី ម្សិល​មិញ​បាន​ប្រព្រឹត្ត​ទៅ​ដោ​យ​​រលូន គ្មាន​ការរាំងស្ទះគ្មាន​អំពើ​ហិង្សា​ គ្មាន​ការ​គំរាម​កំហែង និង​មាន​សន្តិសុខ ​សណ្តាប់​ធ្នាប់​ល្អ។

លោក នុត សុខុម ​អនុប្រធាន​ គជប ​ថ្លែង​ក្នុង​ស​ន្និ​សីទ​សារ​​ព័ត៌មាន​នា​រសៀល​ម្សិល​មិ​​ញ​​ថា ការិយាល័យ​បោះឆ្នោត​ទូទាំង​ប្រទេស​ដែល​​មាន​ចំនួន ២០​៣ ការិយា​ល័យបាន​បើក​ឱ្យ​ដំណើរ​ការ​ព្រម​ៗ​​គ្នា​នៅ​ម៉ោង ៧ ព្រឹក​ដោ​យ​​​គ្មាន​ការ​រាំង​ស្ទះ​ ហើយ​ដោយសារ​អ្នក​បោះ​ឆ្នោតគឺជា​សមា​​​ជិក​ក្រុម​ប្រឹក្សា ​ឃុំ សង្កាត់​ ក្នុង​មុខតំណែង ​ដូចនេះ​មាន​ការិ​យា​​ល័យ​បោះ​ឆ្នោត​មួួ​យ​ចំនួន​ធំ​ ត្រូវ​បាន​បិទ​បញ្ចប់​មុន​ពេល​កំណត់​ដោយសារ​​អ្នក​​បោះឆ្នោត​បាន​មក​បោះ​ឆ្នោត​គ្រប់​ចំនួន។

លោក​ថា៖ «ក្នុង​ចំណោ​ម​អង្គ​បោះឆ្នោត​ ដែល​អវត្តមាន​ គឺ​មាន​ចំនួន​ ៧ នាក់មា​ន​ម្នាក់​ជួប​គ្រោះ​ថ្នាក់​ចរា​​​ចរណ៍​ស្លាប់​ ៦ នាក់​ទៀត ​អវត្តមាន​ដោយ​មិន​ដឹង​មូលហេតុ»។

បើតាម​ គជប គិត​ត្រឹម​ម៉ោង ១០:៣០ ព្រឹក​ម្សិល​មិញ​ក្នុង​ចំណោម​ការិយា​ល័យ​បោះ​​​ឆ្នោត​ទាំង ២០៣ ការិយា​ល័យ ​មាន​ការិយាល័យ​បោះ​ឆ្នោត​ចំនួន ១៩៦ ការិយា​ល័យ ត្រូវ​បាន​បិទ​បញ្ចប់​មុន​ពេល​កំណត់​និង​ការិយាល័យ​បោះឆ្នោត​ ចំនួន ៧ ​ទៀត​មិន​ទាន់​បិទ​ដោ​យ​​​សារ​មាន​អ្នក​មិន​ទាន់​បាន​បោះឆ្នោត​ចំនួន ១០ នាក់ ក្នុង​នោះ​មាន​អ្នក​បោះឆ្នោត ចំនួន ១ នាក់ បាន​ទទួល​មរណ​ភាព ដោយ​គ្រោះ​ថ្នាក់​ចរាចរ​ណ៍ (ឃុំ​ក្រែក ស្រុក​ពញា​ក្រែក ​ខេត្ត​ត្បូងឃ្មុំ) និង​មាន​ការិយា​​​ល័យ​រាប់​សន្លឹក​ឆ្នោតចំនួន​ជា​ង ៥០ ភាគ​រយ​ បាន​បញ្ចប់​ការ​រាប់​សន្លឹក​ឆ្នោត។

យុវជន សៀម ​សុខ​ហេង អាយុ ២៦ ឆ្នាំ ជា​អ្នកសង្កេតការណ៍​​បោះ​ឆ្នោត​ម្នាក់ ​មកពី​សមាគម​និស្សិត​បញ្ញវន្ត​ក្មេង​វត្ត​ដែល​សមាគម​នេះ បាន​ដាក់​អ្នក​សង្កេត​ការណ៍​នៅ​មណ្ឌល​បោះ​ឆ្នោត​ទាំង ១៤ ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ​ បាន​និយាយ​ថា ស្ថានភាព​នៃ​ការបោះឆ្នោត បាន​ដំណើរ​ការ​ដោយ​ល្អ ហើយ​អ្នក​បោះ​ឆ្នោ​ត​ បាន​មកដល់​ការិយាល័យ​តាំងពី​មុន​ម៉ោង ៧ ព្រឹក​ជា​ហេតុ​ធ្វើ​ឲ្យ​ការបោះ​ឆ្នោតតាម​កា​រិ​យាល័យ​ភាគ​​ច្រើ​ន បាន​បញ្ចប់​ទៅ​យ៉ាង​លឿន។

លោក​បញ្ជាក់​ថា៖ «ដំណើ​រការ​រៀបចំ​រប​ស់ គ​ជប ក្នុង​ការ​បោះឆ្នោត​នេះ គឺ​ល្អ ​ហើយ​អង្គ​បោះឆ្នោត ផុលផុស​មក​ចូលរួម​ការ​បោះ​ឆ្នោត»។

លោក ម៉ែន នួន ជា​ក្រុម​ប្រឹ​ក្សា​សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី​ ១ កូតា​គណបក្ស​ប្រជាជនបាន​ថ្លែង​​បន្ទាប់ពី​ចេញពី​ការិយាល័យ​បោះឆ្នោត​នៅ​សាលា​យុគន្ធរ​ក្នុង​ខណ្ខ​បឹង​កេង​កង​ថា៖ «វា​សំខាន់​ណាស់ ខ្ញុំ​មក​បោះឆ្នោត ព្រោះ​វា​ជា​កិច្ចការ​ដើម្បី​ដឹកនាំ​ឃុំ​ សង្កាត់​យើង​ឲ្យ​បានល្អ។ ព្រោះតែ​អត់​មាន​ក្បាលម៉ាស៊ីន គឺ​វា​ពិបាក អ៊ីចឹ​ង​ការ​រើស​ក្បា​ល​ម៉ាស៊ីន​ដឹកនាំ​នេះ សំខាន់​ណា​ស់ ក្នុងការ​ពិគ្រោះ​យោ​បល់ ហើយ​មាន​បញ្ហា​អ្វី ពួក​គេ​នឹង​ជួយ​យើង»។

អ្នក​ឈរតម្រៀប​ជួរ​រង់​ចាំ​បោះ​ឆ្នោត​នៅ​វិទ្យា​ល័យ​វត្ត​ភ្នំ​​​។ ហុង មិនា

ការបោះ​ឆ្នោត​ពីម្សិល​មិញ​មាន​គណបក្ស​ចូលរួម​ប្រកួត​ប្រជែង​ចំនួន​ ៧ រួមមាន​គណ​​បក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​ខ្មែរ​សាធា​​រណរដ្ឋ គណបក្ស​យុវជន​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណ​​បក្ស​សញ្ជាតិ​កម្ពុជា។ ​បេក្ខភាព​ឈរឈ្មោះ​បោះឆ្នោត​មកពី​គណ​បក្ស​នយោបាយ​ទាំង ៧ នោះ មាន​ចំនួន​សរុប ២១ ៦​៩​២ នាក់ ខណៈ​អង្គ​បោះឆ្នោត​ ឃុំ សង្កាត់​ពេញ​សិទិ្ធ​ទូទាំង​ប្រទេស​មាន​ចំនួន ១១ ៥៧២ នាក់។

សម្រាប់​អាសនៈ​សមាជិក​ក្រុមប្រឹក្សា​រាជ​ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​ត្រូវ​បោះឆ្នោត​ជ្រើសរើស​មាន​​សរុប ៤ ១១៤ អាសនៈ ក្នុងនោះ​អាសនៈ​ក្រុម​ប្រឹក្សា​រាជធានី-ខេត្ត​ទាំង ២៥ មាន​ចំនួន ៥៥៩ អាសនៈ និង​ក្រុម​ប្រឹក្សា​ក្រុង ស្រុក ខណ្ឌ​ចំនួន ២០៣ មាន​អាសនៈ​ចំនួន ៣ ៥៥៥ អាសនៈ។ ​

បើ​តាម​ គជប ការ​ប្រកាស​លទ្ធ​ផលប​ណ្តោះ​អាសន្ន នៃ​ការបោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី ​ខេត្ត ក្រុង ស្រុក និង​​ខណ្ឌ នឹង​ប្រកាស​នៅ​ថ្ងៃទី ៣១ ខែ ឧសភា ខណៈលទ្ធផល​ផ្លូវការ នឹងត្រូវ​ប្រកាស​ នៅ​ថ្ងៃទី ០៨ ខែ​ មិថុនា ឆ្នាំ ២០១៩។

លោក សុខ ឥសាន អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​ថ្លែង​ថា ការ​ឈ្នះ ១០០ % របស់​គណបក្ស​ប្រជាជន​ក្នុង​លទ្ធផ​ល​ឆ្នោត​គ្រប់​មណ្ឌល​ដែល​បាន​ឈរឈ្មោះ​ទូទាំងប្រទេស​នេះ ព្រោះតែ​អង្គ​បោះ​ឆ្នោត កើត​ចេញពី​ការបោះឆ្នោត​របស់​ប្រជា​ពលរដ្ឋ ដែល​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​។ ជាមួ​យ​គ្នា​នេះ លោកក៏បាន​បញ្ជាក់​ដែរ​ថា សមាជិក​ក្រុម​ប្រឹក្សា​មកពី​គណបក្ស​ប្រជាជន​នឹង​បន្ត​ដឹកនាំ​ក្នុង​អាណត្តិ​ថ្មី​បន្ត​ទៀត។

លោក​បញ្ជាក់​ថា៖ «ការ​ពិត​ហើយ យើង​មិន​ពិបាក​គិត​ទេ ពីព្រោះ​អង្គ​បោះឆ្នោត អ្នកមាន​ចំនួន​ប៉ុន្មាន ហើយ​គណបក្ស​ណា មាន​ចំនួន​ប៉ុន្មាន ហើយ​ឈរ​កន្លែង​មណ្ឌល​ណាខ្លះ។ ចែក​ទៅ មិនចាំ​បាច់​លទ្ធផល​ប្រកាស​ពី គជប ទេ។ ការដឹក​នាំ​អាណត្តិ​ថ្មី​ គឺ​ច្បាស់​ហើយ ដឹកនាំ​ដោយ​សមាជិក​ក្រុម​ប្រឹក្សា ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា តែ​អាចមាន​គណបក្ស​ដទៃ​ម្នាក់​ ២ នាក់​ដែរ ចូល​ទៅ​ក្នុង​ក្រុមប្រឹក្សា ព្រោះ​មាន​គណបក្ស​មួយ​ចំនួន​ ៣-៤​ ទៅ ៥ ដែល​ចូលរួម​ប្រកួត​ប្រ​ជែ​ង​ ហើយក៏​មាន​អង្គ​បោះឆ្នោត​ដែរ តែ​មាន​ចំនួន​តិច»។

លោក ​គង់ ម៉ូនី​​កា ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​​គ្មាន​អង្គ​បោះឆ្នោត​ បាន​និយាយ​ថា ​​ការបោះឆ្នោត​នេះគឺមា​ន​​ភាពល្អ​ប្រសើរ​ ត្រឹម​ត្រូវ ហើយ​​លោ​ក​​ពេញចិត្ត​ចំពោះ​លទ្ធផ​ល​​នេះ។ «គ្រាន់តែ​ថា លទ្ធផល​ដែល​ចេញ​មក ​យើង​មាន​ការ​សោកស្តាយ ព្រោះ​ថា​ អង្គ​បោះ​ឆ្នោត​ មិនបាន​គិតគូរ​ពិចារណា​ជ្រើស​រើសយក​ពហុបក្ស ​ដើម្បី​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​នៅ​ថ្នាក់ក្រោម​ជាតិ​របស់ខ្លួន។ ដូច្នេះ​គណ​បក្ស​តែមួយ​បន្តកាន់កាប់ការ​​ងារ​​នេះ ដោយឯងៗ ដោយ​ឯក​បក្ស ដែល​ធ្វើ​ឲ្យ​ស្ថានភាព និង​ការ​អភិវឌ្ឍ​នឹង​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ»។

​លោក សម រង្ស៊ី អតីត​ប្រធា​ន​ស្តីទី​​អតី​ត​គណបក្ស​សង្គ្រោះ​​ជាតិ បាន​បង្ហោះ​សារ​លើ​ហ្វេ​ស​ប៊ុក​របស់​លោក​​ដោយ​ចាត់ទុក​ការបោះឆ្នោត​នេះ​ថា​ ជាការ​បោះឆ្នោត​ ​«ក្លែងក្លាយ» ដែល​នាំមក​នូវ​ប្រព័ន្ធ​ឯក​បក្ស ​ហើយ​ក៏​មិន​ខុស​​ពី​ការបោះ​ឆ្នោត​ចំនួន ២ លើក​​កន្លង​មក​​ដែរ។

ការបោះ​ឆ្នោត​ទាំង ៣​ លើក ដែល​លោក​ សម រង្ស៊ី ​ចាត់​ទុក​ជា​ការបោះ​ឆ្នោត «​ក្លែង​ក្លាយ» គឺ​ការបោះឆ្នោត​ព្រឹទ្ធ​សភា នៅ​ថ្ងៃទី ២៥ ខែ​ កុម្ភៈ ឆ្នាំ ២០១៨ ការបោះ​ឆ្នោត​តំណាង​រាស្ត្រ​ នៅ​ថ្ងៃ ២៩ កក្កដា ២០១៨ និង​ការ​បោះ​ឆ្នោត​ពី​ម្សិលមិញ។

លោក​បញ្ជាក់ថា៖ «ការបោះឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុមប្រឹក្សា ​រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ​នេះ​ ជាការ​បោះឆ្នោត​ក្លែង​ក្លាយ ​លើក​ទី ៣ នៅ​កម្ពុជា បន្ទាប់​ពី​របប ហ៊ុន សែន បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​អត្ត​នោម័ត នៅ​ថ្ងៃ ១៦ វិច្ឆិកា ២០១៧»។

ប៉ុន្តែ ​លោក សុខ ឥសាន ឆ្លើយ​តប​ថា ការបោះ​ឆ្នោត​នេះ គឺ​ប្រព្រឹត្ត​ទៅ​ស្រប​តាម​ច្បាប់​កម្ពុជា ដែល​បង្ហាញ​ថា ត្រឹម​ត្រូវ​មិន​ដូច​ការលើក​ឡើង​របស់​លោក សម រង្ស៊ី នោះ​ទេ។ «ខ្ញុំ​មិន​​ចង់​ឆ្លើយ​ចំពោះ​មនុ​ស្ស​ក្រៅ​ច្បាប់​ ដែល​ព្យា​យាម​និយា​យ​ពី​ច្បាប់​ហ្នឹង​ទេ។ ការបោះឆ្នោត​​ហ្នឹង គឺ​អនុវត្តតាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់បោះឆ្នោត និង​ដំណើរ​​ការ​អនុវត្តតាម​គោល​ការណ៍ នីតិវិធី បទ​បញ្ជា របស់ ​គជប។ ​អ៊ីចឹង​ការ​បោះ​ឆ្នោត​នេះ គឺជា​ការបោះ​ឆ្នោតត្រឹម​ត្រូវ ​មិន​មែន​ក្លែង​ក្លាយ​ទេ។ អា​អ្នក​ថា​ហ្នឹង ​(សម រង្ស៊ី)​ ទេ​ក្លែងក្លាយ»៕

វីដេអូ៖