ភ្នំពេញៈ មុន​ការបោះឆ្នោត​ជាតិ​ ១ ​សប្ដាហ៍​គណបក្ស​នយោបាយ​ធំៗ​បាន​បង្ហាញ​ពី​ក្ដី​រំពឹង​ទុក​របស់​គេ​រៀងៗ​ខ្លួន​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​ដែល​គ្មាន​វត្តមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម ដោយ​បក្ស​កាន់​អំណាច​បាន​អះអាង​ថា​នឹង​ឈ្នះ​លើស​ពី​សំឡេង​ ៥០ ​ភាគរយ​បូក​ ១ ចំណែក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ (GDP) ​ដាក់​គោលដៅ​យក​ឲ្យ​បាន​យ៉ាង​តិច​ ៤២ អាសនៈ​នៅក្នុង​រដ្ឋសភា នឹង​អាច​ឈ្នះ​បើ​គ្មាន​យុទ្ធនាការ​មិន​ទៅ​បោះឆ្នោត​របស់​អតីត​បក្ស​ប្រឆាំង​។

ក្នុង​បទសម្ភាស​ដាច់​ដោយឡែក​ពី​គ្នា​ជាមួយ​កាសែត​ភ្នំពេញ-ប៉ុស្តិ៍ កាលពី​ចុង​សប្ដាហ៍​កន្លងមក​នេះ​លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ថា​បើ​ទោះបី​ជា​គ្មាន​គូប្រជែង​ដូចជា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ការបោះឆ្នោត​ក៏​គណបក្ស​កាន់អំណាច​មិន​រំពឹង​ខ្ពស់​ថា អាច​នឹង​ឈ្នះ​ភ្លូកទឹក​ភ្លូកដី​ដែរ ខណៈ​ដែល​ GDP ​រំពឹង​ថា គេ​អាច​នឹង​ឈ្នះ បើ​គ្មាន​យុទ្ធនា​ការឃោសនា​ឲ្យ​ពលរដ្ឋ​ធ្វើ​ពហិការ​ក្នុង​ការ​បោះឆ្នោត​បាន​ធ្វើ​ឡើង​ដោយ​អតីត​គណបក្ស​ប្រឆាំង​។

លោក​ សុខ ឥសាន ថ្លែង​ថា​ CPP ជឿជាក់​ថា​នឹង​ឈ្នះ​ការបោះឆ្នោត​ជាតិ​ខាង​មុខ​នេះ​ ១០០ ​ភាគរយ ប៉ុន្តែ​មិន​ធ្វើការ​​រំពឹង​ខ្ពស់​រហូត​ដល់​សំឡេង​ ២ ​ភាគ​ ៣ ​នៃ​ចំនួន​សរុប​ចំនួន​ ១២៥ ​នៅក្នុង​រដ្ឋសភា​នោះ​ទេ​។

លោក ឥសាន បាន​អះអាង​ថា​គណបក្ស​កាន់​អំណាច​នឹង​ឈ្នះ យ៉ាង​ហោច​ណាស់​លើសពី​សំឡេង​ ៥០ ភាគរយ​បូក​ ១ ដែល​ជា​សំឡេង​អាច​ឲ្យ​បង្កើត​រដ្ឋាភិបាល​ថ្មី​បាន​។

លោក​ថ្លែង​ថា​៖ «​យើង​ដឹងថា [​យើង​នឹង​ឈ្នះ​] លើស​ពី​ ៥០ ​ភាគរយ​បូក​ ១ ​។ ក្រោយពី​យើង​ឈ្នះ​ហើយ យើង​នឹង​បង្កើត​រដ្ឋាភិបាល​បាន​។ ក៏ប៉ុន្តែ​ត្រង់​ថា​ឈ្នះ​សំឡេង ២ ​ភាគ​ ៣ យើង​មិន​ទាន់​អាច​និយាយ​កើត​ទេ​»​។

លោក​បន្ត​ថា​៖ ​«​យើង​នឹង​​ឈ្នះ​ពីព្រោះ​យើង​បាន​បង្កើត​ស្នាដៃ និង​គុណសម្បត្តិ​ផ្សេងៗ​ជាក់ស្ដែង​ប្រជាពលរដ្ឋ​មើល​ឃើញ​ច្បាស់​នឹង​ភ្នែក លោក​ស្ទាប​នឹង​ដៃ ហើយ​លោក​កំពុង​ទទួល​បាន​ផល​នៅក្នុង​ជីវភាព​រស់នៅ​ក៏​ដូចជា​ក្នុង​ផលប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ​ទាំងមូល​»​។

លោក ឥសាន បាន​ផ្តល់​ទឡ្ហីករណ៍​គាំទ្រ​ការរំពឹង​ទុក​របស់​​គណបក្ស​កាន់​អំណាច​ដែល​ថា​ពលរដ្ឋ​នឹង​បន្ត​បោះឆ្នោត​ឲ្យ​ដោយសារ​ការរំដោះ​ប្រទេស​ចេញពី​របប​ខ្មែរក្រហម​ក្នុង​ឆ្នាំ​ ១៩៧៩ កសាង​សមិទ្ធផល​នានា​ក្រោយ​សង្គ្រាម ការពារ​បាន​រដ្ឋធម្មនុញ្ញ របប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ការពារ​បាន​នូវ​សន្តិសុខ សុវត្ថិភាព​សង្គម ជាដើម​។

លោក ឥសាន ថ្លែង​ថា​៖ «​បញ្ហា​សំខាន់​គឺ​យើង​រក​បាន​សន្តិភាព​ពេញលេញ មានការ​ឯកភាព​ជាតិ ដែល​មិន​ធ្លាប់​មាន​រាប់រយ​ឆ្នាំ​ពី​មុន​មកហើយ​។ យើង​មាន​ឱកាស​ស្ដារ កសាង​ប្រទេស​ជាតិ​ឲ្យ​មាន​ការ​រីកចម្រើន ដែល​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​របស់​ប្រជាជន លើក​កម្ពស់​ប្រជាជន​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ជា​បន្តបន្ទាប់ និង​មាន​ក្ដីសង្ឃឹម​ទៅ​អនាគត​»​។

លោក សាម អ៊ីន អគ្គលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ GDP ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ឲ្យ​ដឹង​ថា GDP​ដាក់​គោលដៅ​យក​​អាសនៈ​រដ្ឋសភា​យ៉ាង​តិច​​ ៤២ ​អាសនៈ​ក្នុង​ការ​បោះឆ្នោត​នៅ​ថ្ងៃទី​ ២៩ ខែ​កក្កដា​ឆ្នាំ​ ២០១៨ ខាង​មុខ​នេះ​។

លោក​បន្ត​ថា​៖ «​តាម​ស្ថិតិ​នៃ​អ្នកបោះឆ្នោត ៨,៣ ​លាន​នាក់​ដែល​បក្ស​ប្រជាជន មាន​អ្នក​គាំទ្រ​តែ ៣,៥ ​លាន​នាក់ GDP នៅ​មាន​លទ្ធភាព​ឈ្នះ បើ​ពលរដ្ឋ​ចង់​ដូរ ៤ ​ទៅ ៥ ​លាន​នាក់​ទៅ​បោះឆ្នោត​។ បញ្ហា​ប្រឈម​គឺ​យុទ្ធនាការ​ដេក​ផ្ទះ​របស់ លោក សម រង្ស៊ី ដែល​បង្ក​ការរំខាន​។ យ៉ាងណា​ក៏ដោយ​យើង​នៅ​ចង់​បំបែក​សំឡេង ២/៣ របស់​បក្ស​ប្រជាជន​គឺ​យើង​ចង់​បាន​កៅអី​រដ្ឋសភា​យ៉ាង​តិច ៤២ កៅអី​»​។

អតីត​គណបក្ស​ប្រឆាំង ពិសេស​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ (CNRM) ​លោក​សម រង្ស៊ី កំពុង​ធ្វើ​យុទ្ធនាការ​ឲ្យ​ពលរដ្ឋ​ធ្វើ​ពហិការ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ដែល​លោក​ចាត់ទុក​ថា​ជា​ការបោះឆ្នោត​ «​ក្លែងក្លាយ​» និង​មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ម្ចាស់​ឆ្នោត​។

លោក អ៊ីន ថ្លែង​ថា​បើ​គ្មាន​យុទ្ធនាការ​បែប​នេះ GDP អាច​ឈ្នះ​ដោយ​សំឡេង ៥០ ​ភាគរយ​បូក​ ១ ដែរ​។

លោក​បន្ត​ថា​៖ «​ប្រសិន​បើ​ពុំ​មាន​ការអំពាវនាវ​ឲ្យ​ដេក​ផ្ទះ ឬ​មាន​ការ​ប្រែប្រួល GDP នៅ​មាន​លទ្ធភាព​ឈ្នះ ដោយ​មាន​សំឡេង​លើសពី ៥០ ​ភាគរយ​បូក​ ១»​។

លោក​បាន​លើក​ទឡ្ហីករណ៍​ធំ​ ៣ ​នៃ​បរិបទ​កម្រិត​ជាតិ និង​ ៣ ​នៃ​បរិបទ​កម្រិត​បក្ស​ដែល GDP មាន​សង្ឃឹម​ឈ្នះ​។ ហេតុផល​កម្រិត​ជាតិ ទី​​ ១ បរាជ័យ​នៃ​នយោបាយ​កំណែទម្រង់​ស៊ីជម្រៅ​របស់​បក្ស​កាន់​អំណាច​។ ទី​ ២ មរណភាព​លោក កែម ឡី និង​ទី​ ៣ ការរំលាយ​គណបក្ស​​សង្គ្រោះ​ជាតិ​។

ហេតុផល​កម្រិត​បក្ស ទី​ ១ GDP មាន​ប្រវត្តិ​កកើត​ពី​បញ្ញវន្ត​ខ្មែរ​ដូចជា​លោក កែម ឡី លោក យ៉ង សាំងកុមារ លោក យ៉េង វីរៈ និង លោក សាម អ៊ីន ដែល​មាន​បទពិសោធ​ការងារ សង្គម ​អភិវឌ្ឍន៍ និង​សិទ្ធិមនុស្ស​។ ទី​ ២ GDP មាន​គោលការណ៍​ប្រជាធិបតេយ្យ​ផ្ទៃក្នុង​ច្បាស់លាស់​ដែល​ពលរដ្ឋ​គាំទ្រ និង​ទី​ ៣ GDP មាន​គោលនយោបាយ​ល្អ​ក្នុង​សៀវភៅ​បៃតង​ដែល​ឆ្លើយតប​នឹង​តម្រូវការ​ពលរដ្ឋ​។

បន្ថែម​ពី​លើ​នេះ​លោក​ ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ​(LDP) ​កាលពី​ថ្ងៃទី​ ១៩ ខែ​កក្កដា​កន្លង​ទៅ​ក៏​បាន​ព្យាករ​ទុក​ថា គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នឹង​ទទួល​បាន​ជ័យជម្នះ​នៅ​ថ្ងៃទី​ ២៩ ខែ​កក្កដា មិន​ខាន​។

ទោះ​យ៉ាង​ណា​លោក​ ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​នៅក្នុង​សង្គម​ស៊ីវិល​ថ្លែងថា ការអះអាង​ដែល​ធ្វើ​ឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ច្បាស់​ណាស់​​វា​ទំនង​ដូចជា​ការអះអាង​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​។

ទោះ​យ៉ាង​ណា​លោក​បាន​អះអាង​ថា អត្រា​អ្នក​មិន​ទៅ​បោះឆ្នោត​ច្រើន​គឺជា​បរាជ័យ​ទៅវិញ​ទេ​។

លោក​ថ្លែង​បន្ត​ថា​៖ «​គ្មាន​អ្វី​សំខាន់​ជាង​ជ័យជម្នះ​ភ្លូកទឹក​ភ្លូកដី ហើយ​ប្រសិន​បើ​ចំនួន​អ្នក​ទៅ​បោះឆ្នោត​តិច​ជាង​កាលពី​ការបោះឆ្នោត​ចុង​ក្រោយ​គេ​បង្អស់​នោះ វា​គឺ​ស្មើ​នឹង​ភាពបរាជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ គណបក្ស​ប្រជាជន​កម្ពុជា​មិន​មាន​ដៃគូ​ប្រកួត​ប្រជែង​ខ្លាំងក្លា​នោះ​ទេ​ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​បាន​គ្រប់គ្រង​ស្ទើរតែ​ទាំង​ស្រុង​លើ​អ្នកបោះឆ្នោត​តាមរយៈ​ការ​បង្ខិត​បង្ខំ ការ​គំរាមកំហែង​ និង​ការ​បំភិត​បំភ័យ​។ លើស​ពី​នេះ​ទៅ​ទៀត​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​បាន​គ្រប់គ្រង​ផ្ដាច់មុខ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ប្រើប្រាស់​គោលនយោបាយ​ប្រជានិយម​ជាច្រើន​ដើម្បី​ធ្វើ​យ៉ាងណា​ទាក់ទាញ​ការគាំទ្រ​ពី​អ្នកបោះឆ្នោត ហើយ​ក៏​មាន​ការ​ចូលរួម​ដោយ​ផ្ទាល់​ និង​យ៉ាង​សកម្ម​ពី​សំណាក់​លោក​នាយករដ្ឋមន្ត្រី​ដ៏មាន​អំណាច​របស់​យើង​ផង​ដែរ​»​។

អ្នកវិភាគ​រូប​នេះ​បាន​ថ្លែង​បន្ត​ថា​៖ «​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង​មន្ត្រី​គ្រប់​ជាន់​ថ្នាក់​ទាំងអស់​របស់​គណបក្ស​លោក​ (​នាយករដ្ឋមន្ត្រី​) ​នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត និង​មាន​រយៈពេល​យូរ​ដែល​រួម​មាន​ទាំង​ការស្នើសុំ​ការគាំទ្រ​ពី​អ្នក​បោះឆ្នោត​បាន​ចាប់ផ្ដើម​តាំងពី​មុន​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ផ្លូវការ​»៕