ភ្នំពេញៈ អង្គសន្និបាត​គណៈកម្មាធិការ​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ម្សិលមិញ​បាន​កែសម្រួល​រចនាសម្ព័ន្ធ និង​បោះឆ្នោត​ជ្រើស​តាំង​បន្ថែម​សមាជិក​គណៈអន្រៃ្តយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល​ចំនួន​ ៧ ​រូប​បន្ថែម​ពី​លើ​រចនាសម្ព័ន្ធ​ដែល​មាន​ស្រាប់​ចំនួន​ ៣០ ​រូប​។

យោងតាម​សេចក្ដី​ជូន​ដំណឹង​ស្ដីពី​លទ្ធផល​នៃ​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​លើក​ទី​ ៤១ អាណត្តិ​ទី V របស់​គណបក្ស​ប្រជាជន​កម្ពុជា ចេញ​ផ្សាយ​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹងថា សមាជិក​ជាប់ឆ្នោត​ទាំង​ ៧ ​រូប​គឺ​លោក​ ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ និង​សំណង់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ លោក វង្ស ពិសេន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​លោក សៅ សុខា អគ្គមេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក ឥត សារ៉ាត់ នាយសេនាធិការ​ចម្រុះ កងយោធពល​ខេមរភូមិន្ទ​លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ព​ជើងគោក​ និង ជា​មេបញ្ជាការ​កង​អង្គភាព​ប្រឆាំង​អំពើ​ភេរវកម្ម​។ ដោយឡែក​លោក​ ឯក សំអុល ក៏​ត្រូវ​បាន​ជាប់ឆ្នោត​ជា​ប្រធាន​គណ​ត្រួតពិនិត្យ​របស់​បក្ស​ជំនួស​លោក​នៃ​ប៉េណា​ដែល​បាន​ទទួល​មរណភាព​។

សន្និបាត​គណៈកម្មាធិការ​កណ្ដាល​បើក​ទូលាយ​លើក​ទី ៤១ អាណត្តិ​ទី V របស់​គណបក្ស​ប្រជាជន​បាន​ដំណើរ​ការចាប់​តាំងពី​ថ្ងៃ​ទី​ ១៨ ហើយ​បាន​បញ្ចប់​កាលពី​ម្សិលមិញ​ដោយ​មាន​សមាសភាព​ចូលរួម​ចំនួន​ ៣១៦៤ ​រូប​ក្រោម​អធិបតីភាព​លោក ហ៊ុន សែន ប្រធាន​គណបក្ស និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក ហេង សំរិន ប្រធាន​កិត្តិយស​គណបក្ស និង​ប្រធាន​រដ្ឋសភា​។

តាម​សេចក្ដី​ជូន​ដំណឹង​ដដែល​នេះ​បាន​ឲ្យ​ដឹងថា​៖ «​តាមរយៈ​ការបោះឆ្នោត​ [​កន្លង​ទៅ​] ​នេះ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ច្បាស់​ថា​ប្រជាជន​គាំទ្រ​យ៉ាង​មុតមាំ​ដល់​ដំណើរការ​ដ៏ល្អ​នៃ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិសេរីភាព​នៅ​កម្ពុជា​ក្នុង​ការបន្ត​ដឹកនាំ​ប្រទេស​លើ​មាគ៌ា​សន្តិភាព ការអភិវឌ្ឍ​ និង​ការកែទម្រង់​»​។

លើស​ពី​នេះ​ទៅ​ទៀត​អង្គសន្និបាត​បាន​តម្កល់​ខ្ពស់​ស្មារតី​ស្នេហា​ជាតិ ការពារ​ដាច់ខាត​នូវ​ឯករាជ អធិបតេយ្យ និង​បូរណភាព​ទឹកដី ប្រឆាំង​ការជ្រៀតជ្រែក​របស់​បរទេស​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ការ​មួលបង្កាច់ ភាពត្រឹមត្រូវ​នៃ​នយោបាយ​ និង​សកម្មភាព​របស់​កម្ពុជា​ដោយ​មិន​ឱនក្បាល​ចំពោះ​ការដាក់​សម្ពាធ​ណា​ពី​ខាង​ក្រៅ​។​» ​ជាមួយ​គ្នា​នេះ​ដែរ អង្គសន្និបាត​បាន​ធ្វើការ​ព្រមាន​អនុវត្ត​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ដើម្បី​ថែរ​សណ្ដាប់ធ្នាប់​ និង​សុវត្ថិភាព​សង្គម​ឲ្យ​បាន​រឹងមាំ​រាំង​ស្កាត់​រាល់​សកម្មភាព​ប្រទូសរ៉ាយ​ដែល​បង្ក​ដោយ​ពួក​ប្រឆាំង និង​មជ្ឈដ្ឋាន​អគតិ​នានា ។

សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ពេល​ចេញ​ពី​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​បក្ស​ពី​ម្សិលមិញ​។ រូបថត ហ្វេសប៊ុក SPM

សេចក្ដី​ជូន​ដំណឹង​បន្ថែម​ថា​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​បន្ត​គាំទ្រ​ពេញ​ទំហឹង​នូវ​ចំណង​មិត្តភាព​ជាមួយ​ប្រទេស​ជិតខាង និង ​« ការពន្លឿន​ការដោះស្រាយ​បញ្ចប់​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់​សំដៅ​កសាង​ខ្សែ​បន្ទាត់​ព្រំដែន​រួម​ប្រកប​ដោយ​មិត្តភាព សន្តិភាព ស្ថិរភាព និង​សហប្រតិបត្តិការ​រឹងមាំ​យូរអង្វែង​។​»

ចំពោះ​វិស័យ​សេដ្ឋកិច្ច​សេចក្ដី​ជូនដំណឹង​បាន​បង្ហាញ​មោទនភាព​លើ​រាជរដ្ឋាភិបាល​ដែល​សម្រេច​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ ៧,៣% និង​បាន​កាត់បន្ថយ​អត្រា​ភាពក្រីក្រ​ឲ្យ​ធ្លាក់​ចុះ​មក​ក្នុង​រង្វង់ ៩% ​ក្នុង​ឆ្នាំ ២០១៨»​។

លោក ឈឹម ផលវរុន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅក្នុង​សន្និសិត​ថា​៖ «​ដំណើរការ​នៃ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​យើង​បាន​ដំណើរ​ទៅ​ដោយ​ប្រក្រតី​តាម​លក្ខខណ្ឌ​កំណត់​របស់​គណបក្ស​ហើយ​យើង​ធ្វើការ​វាយតម្លៃ​ទៅ​លើ​ការងារ​គណបក្ស​ក្នុង​នាម​ជា​គណបក្ស​ដឹកនាំ​រាជរដ្ឋាភិបាល​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក តើ​យើង​បាន​សម្រេច​អ្វីខ្លះ​ហើយ​មាន​អ្វី​ដែល​យើង​ត្រូវ​បន្ត និង​កែលម្អ និង​បន្ថែម​ការងារ​។ ជាមួយ​គ្នា​នោះ​ផង​យើង​ក៏​បាន​កំណត់​ទិសដៅ​សម្រាប់​ឆ្នាំ​ ២០១៩ ហើយ​យើង​ផ្តោត​ខ្លាំង​ទៅ​លើ​កំណែរ​ទម្រង់​ខាង​ក្នុង​ និង​ពង្រីក​មិត្តភាព​ទៅ​ខាង​ក្រៅ​»​។

លោក ផលវរុន ថ្លែង​បន្ត​ថា៖ «​យើង​អនុវត្ត​នៅ​របប​នយោបាយ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​មាន​ន័យ​ថា​គណបក្ស​ដឹកនាំ​ប្រទេស​តាមរយៈ​សន្លឹកឆ្នោត​ដូច្នេះ​គណបក្ស​ទទួល​បាន​នូវ​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត និង​ម្ចាស់​អំណាច​ដែល​គាត់​គាំទ្រ​នៅ​កម្មវិធី​នយោបាយ​របស់​គណបក្ស​។ ដូច្នេះ​គណបក្ស​ត្រូវ​តែ​មាន​ការទទួល​ខុសត្រូវ​តប​ជូន​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​វិញ​គឺ​យក​កម្មវិធី​នយោបាយ​របស់​ខ្លួន​ដែល​យក​ទៅ​ឃោសនា​បោះឆ្នោត​បម្លែង​ទៅ​ជា​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​»​។

តាម​ព័ត៌មាន​ពី​អ្នក​ចូលរួម​អង្គសន្និបាត​ដែល​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​នាម​ជា​ប្រធាន​បក្ស​បាន​ក្រើន​រំឭក​ដល់​មន្ត្រី​បក្ស​ទាំងអស់​ឲ្យ​យក​ចិត្ត​ទុក​ដាក់​បម្រើ​រាស្ត្រ និង​ដោះស្រាយ​បញ្ហា​ជូន​រាស្ត្រ​ឲ្យ​បាន​ទាន់​ពេលវេលា​ចៀសវាង​ពី​ការចិញ្ចឹម​បញ្ហា​។ លោក​​ក៏បាន​ក្រើន​រំឭក​ដល់​រដ្ឋមន្ត្រី​ទាំងអស់​ឲ្យ​ខិតខំ​បង្ខិត​សេវា​ទៅ​រក​ប្រជាជន​ឲ្យ​បាន​ច្រើន ពុំ​នោះ​សោធ​ទេ​នឹង​មាន​ការផ្លាស់ប្ដូរ​គណរដ្ឋមន្ត្រី​មួយ​នៅ​ឆ្នាំ​ ២០២០ ​នេះ​មិន​ខាន​។

ចំពោះ​លោក មាស នី អ្នកវិភាគ​នយោបាយ​ថ្លែង​ថា​គណបក្ស​ប្រជាជន​កម្ពុជា​បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង​ដាក់​កូន​ថា្នក់​ដឹកនាំ និង​មន្ត្រី​ជំនិត​របស់​ខ្លួន​ដើម្បី​រក្សា​អំណាច​ និង​ពង្រឹង​រចនាសម្ព័ន្ធ​របស់​ខ្លូន​។

លោក​បន្ត​ថា៖ «​ការដាក់បញ្ចូល​សមាជិក​ថ្មី​នៅ​ក្នុង​នេះ ដើម្បី​ពង្រឹង​រចនាសម្ព័ន្ធ​របស់​គណបក្ស​នាពេល​អនាគត​យើង​មើល​សមាសភាព​ទាំងអស់​ដែល​មាន​មន្ត្រី​ជាន់ខ្ពស់​ស៊ីវិល​ក្នុង​អចិន្រៃ្តយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល​វា​ជា​រឿង​ធម្មតា​»៕