ភ្នំពេញៈ ​ក្នុង​កាលៈទេសៈ​នៃ​ការរាតត្បាត​ជំងឺ​កូវីដ​១៩ ​បាន​បង្ខំ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​លុប​ចោល​ការប្រារព្ធ​ពិធី​ប្រមូល​ផ្ដុំគ្នា​ទ្រង់ទ្រាយ​ធំ​ជា​ផ្លូវការ​ ​ដើម្បី​អបអរ​ថ្ងៃ​កំណើត​ចលនា​រំដោះជាតិ​ និង​ប្រជាពលរដ្ឋ​ចេញ​ពី​របប​ប្រល័យ​ពូជសាសន៍ ​ដែល​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ហៅ​ថា ​«​ជា​ស​ធម៌​នៃ​ប្រវត្តិសាស្ត្រ​»​។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ឱ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ស្រប​តាម​កាលៈទេសៈ​នៃ​ការរាតត្បាត​ជំងឺ​កូវីដ​១៩ ​ថ្នាក់​ដឹកនាំ​គណបក្ស​នៅ​តាម​ខេត្ត ​ស្រុក​ ឃុំ គ្រាន់​តែ​ជួបជុំ​សំណេះ​សំណាល​គ្នា​នៅ​តាម​ទីស្នាក់ការ​គណបក្ស​ក្នុង​ទ្រង់ទ្រាយ​ដែល​មាន​មនុស្ស​តិច​​ដើម្បី​អបអរសាទរ​ខួប​លើក​ទី​ ៤២ ​នៃ​ថ្ងៃបង្កើត​រណសិរ្ស​ ២​ធ្នូ ​ឆ្នាំ​ ១៩៧៨​។

លោក សុខ ឥសាន ថ្លែង​ថា​កម្ពុជា​តែង​ប្រារព្ធ​ខួប​​ ២ ​ធ្នូ ​មាន​ការជួបជុំ​គ្នា​ច្រើន​នៅ​បរិវេណ​វិមាន​អនុស្សាវរីយ៍ ២​ធ្នូ ដោយ​មាន​ការចូលរួម​ពី​នាយករដ្ឋមន្ត្រី និង​ប្រធាន​ព្រឹទ្ធសភា ​និង​រដ្ឋសភា​ដោយ​មាន​ការប្រគំតន្ត្រី និង​សម្តែង​សិល្បៈ ​ឬ​រៀបចំ​ព្រឹត្តិការណ៍​ទាក់ទង​នឹង​ដំណើរ​ទៅ​បង្កើត​រណសិរ្យ ២​ធ្នូ​។

ទោះ​យ៉ាងណា​ក៏ដោយ​លោក ហ៊ុន សែន បាន​សរសេរសារ​នៅលើ​ហ្វេសប៊ុក​របស់​លោក​ថា​៖ «​ថ្ងៃទី​​​ ២ ​ខែ​ធ្នូ ​ឆ្នាំ​ ២០២០ នេះ​គឺជា​ខួប​ ៤២ ​ឆ្នាំ​នៃ​ថ្ងៃ​កំណើត​ចលនា​រំដោះ​ជាតិ និង​ជីវិត​ប្រជាពលរដ្ឋ​កម្ពុជា​ចេញពី​របប​ប្រល័យ​ពូជសាសន៍​។ ​រណសិរ្ស​សាមគ្គី​សង្គ្រោះជាតិ​កម្ពុជា​ត្រូវ​បាន​កើតឡើង​ដោយ​កម្លាំង​មហាសាមគ្គី​ប្រជាជន​ទាំង​មូល ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ដែល​មាន​សម្តេច​អគ្គមហាពញាចក្រី ហេង សំរិន សម្តេច​អគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​វីរជន​ស្នេហា​ជាតិ​ជាច្រើន​រូប​ទៀត​​ក្នុង​ការរៀបចំ​កម្លាំង​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត និង​ទទួល​បាន​ជ័យជម្នះ​លើ​របប​នេះ​នៅ​ថ្ងៃ​ទី​ ៧ ​ខែមករា​ ឆ្នាំ​ ១៩៧៩​»​​។

លោក​ ​ហ៊ុន​ ​សែន​ ​បញ្ជាក់​ថា ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ​បច្ចុប្បន្ន​ត្រូវ​បាន​ដូរ​ឈ្មោះ​ជា រណសិរ្ស សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ដែល​ជា​អង្គការ​ចាត់តាំង​មហាជន​មួយ​ឈាន​មុខ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បដិសន្ធិ​ឡើង​នៅក្នុង​តំបន់​រំដោះ​នា​ភូមិ​ជើងឃ្លូ​ ឃុំ​២ធ្នូ ​ស្រុក​ស្នួល ខេត្ដ​ក្រចេះ​។ ​ដោយ​បាន​ទទួល​ការជួយ​ឧបត្ថម្ភ​យ៉ាង​ធំធេង​ពី​កងទ័ព​ស្ម័គ្រចិត្ដ​វៀតណាម​ និង​ការគាំទ្រ​ពី​មិត្ដភក្ដិ​ជិត​ឆ្ងាយ​លើ​សកល​លោក​ ​ដើម្បី​ផ្ដួល​រំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​រហូត​ដល់​​ទទួល​បាន​ជ័យជម្នះ​នា​ថ្ងៃ​ ៧ ​មករា ឆ្នាំ​ ១៩៧៩​។

លោក ហ៊ុន សែន បាន​ឱ្យ​ដឹង​ថា​៖ «​មហា​ជ័យជម្នះ​ ៧ ​មករា ១៩៧៩ ​បាន​បពា្ចប់​នូវ​សម័យកាល​ដ៏ខ្មៅ​ងងឹត​បំផុត​ដែល​ពុំ​ធ្លាប់​មាន​នៅ​ក្នុង​ប្រវត្ដិសាស្ដ្រ​កម្ពុជា បាន​បើក​ឡើង​នូវ​សករាជ​ថ្មី ប្រជាជន​កម្ពុជា​យើង​ក៏បាន​ទទួល​មក​វិញ​នូវ​សិទ្ធិ​សេរីភាព ​និង​ឱកាស​ដើម្បី​ស្ដារ ​កសាង​មាតុភូមិ​របស់​ខ្លួន​ឡើង​វិញ​។ ​ប្រជាជន​គ្រប់​រូប​សុទ្ធ​តែ​យល់​ច្បាស់​ថា ​បើ​គ្មាន​ថ្ងៃ​កំណើត​រណសិរ្ស ២ធ្នូ និង​ជ័យជម្នះ ៧មករា ទេ​នោះ​ក៏​គ្មាន​អ្វីៗ​ដូច​ថ្ងៃ​នេះ​ដែរ​ ​«​នេះ​គឺជា​សច្ចធម៌​នៃ​ប្រវត្ដិសាស្ដ្រ​»​។

លោក ប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​បាន​ថ្លែង​ថា ថ្ងៃ​ ២ ​ធ្នូ គឺ​ជា​ទិវា​មួយ​​មាន​ភាពជិតស្និទ្ធ​ជាមួយ​ CPP ​ច្រើន​ជាង​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ។

លោក​ថ្លែង​ថា​៖ ​«​យើង​គួរ​តែ​រៀន​ប្រវត្តិសាស្ត្រ​ហ្នឹង​ជា​មេរៀន​ ​ហើយ​ដកស្រង់​ចំណុច​ល្អ ដែល​អាច​យក​មក​ប្រើ​ប្រាស់​សម្រាប់​បច្ចុប្បន្ន និង​អនាគត ​និង​ពិនិត្យ​មើល​ចំណុច​អវិជ្ជមាន គុណវិបត្តិ និង​ចំណុច​មិន​សូវ​ល្អ​ដែល​ត្រូវ​គួរ​ចៀសវាង បច្ចុប្បន្ន ​និង​ពេល​អនាគត​»​៕