ក្រចេះ: ជាមួយ​នឹង​សំឡេង​ភ្លេង​ដ៏រន្ធត់ និង​ក្រុម​បុរស​ដែល​ចងក្រមា​នឹង​ចង្កេះ ប្រដាប់​ដោយ​អាវុធ គល់​ឫស្សី​ក្នុង​ឯកសណ្ឋាន​នៃ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​ត្រូវ​បាន​សម្ដែង​ឡើង​វិញ​ដោយ​បង្ហាញ​ពី​សកម្មភាព​នានា​នៃ​ការសម្លាប់​រង្គាល​ក្នុង​ទម្រង់​ផ្សេងៗ​គ្នា ដូចជា​ការ​សម្លាប់​ដោយ​ប្រើ​ដង​ចប​កាប់ ប្រើ​កាំបិត​អារក និង​ចាក់​សម្លាប់ ប្រើ​ថង់​ប្លាស្ទិក​គ្រប​ក្បាល ប្រើ​គល់​ឫស្សី​។

បន្ទាប់​មក​បន្តិច​ក៏​មាន​កងកម្លាំង​នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ដែល​ប្រដាប់​ដោយ​អាវុធ​បាន​វាយសម្រុក​រំដោះ​ពលរដ្ឋ​ខ្មែរ​ឲ្យ​រស់រាន​មាន​ជីវិត​ឡើង​វិញ​។ ឈុត​ឆាក​នៃ​ការសម្ដែង​ឡើងវិញ​នេះ​មាន​ចំណងជើង​ថា​ «​ឈាម​ និង​ទឹកភ្នែក​» ​បំណង​ដើម្បី​រំឭក និង​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​ ៤០ «​ទិវា​កំណើត​រណសិរ្ស​សាមគ្គី សង្គ្រោះ​ជាតិ​កម្ពុជា ២ ​ធ្នូ​» ដែល​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ ​ដែល​មាន​អ្នកចូលរួម​ប្រមាណ ២ ​ម៉ឺន​នាក់​។

លោក ប៉ាន់ខែម ប៊ុនថន ជំនួយការ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​ថា​៖ «​ការសម្តែង​ល្ខោន​ខ្លី​ដែល​មាន​ចំណងជើង​ថា​ «​ឈាម និង​ទឹកភ្នែក​» ​បាន​បញ្ចប់​ទៅ​ក្រោម​អារម្មណ៍​មួយ​ដែល​ធ្វើឲ្យ​ប្រជាជន​កម្ពុជា​ចងចាំ​មិន​អាច​បំភ្លេច​បាន​នូវ​សោកនាដកម្ម​រយៈពេល​ ៣ ​ឆ្នាំ ៨ ​ខែ ២០ ​ថ្ងៃ​ដែល​របប​ប្រល័យពូជសាសន៍​បាន​ប្រព្រឹត្ត​មក​លើ​ប្រជាពលរដ្ឋ​កម្ពុជា​។

លោក ប៊ុនថន ថ្លែង​ថា​៖ «​បើ​គ្មាន​ ២ ​ធ្នូ​ក៏​គ្មាន​ ៧ ​មករា ហើយ​ក៏​គ្មាន​អ្វី​ដូច​ថ្ងៃ​នេះ​ដែរ​ ដូច្នេះ​យើង​ជា​ប្រជាជន​កម្ពុជា​ទាំងអស់​នឹង​ចងចាំ​ជានិច្ច​មិន​អាច​បំភ្លេច​បាន​នូវ​វីរភាព​លះបង់​តស៊ូ​របស់​រណសិរ្ស​ ២ ​ធ្នូ​ក៏​ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា​។ យើង​ទាំងអស់​គ្នា​បន្ត​ការពារ​សន្តិភាព​ដោយ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ជានិច្ចនិរន្តរ៍​»​។

លោក ហេង សំរិន ប្រធាន​រដ្ឋសភា និង​ជា​ប្រធាន​ស្ថាបនិក​រណសិរ្ស​បាន​ថ្លែង​ទៅ​កាន់​អ្នក​ចូលរួម​ប្រមាណ​ ២ ​ម៉ឺន​នាក់​ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ សិស្សានុសិស្ស មន្ត្រីរាជការ និង​កងកម្លាំង​ប្រដាប់អាវុធ​ដោយ​បាន​អះអាង​ថា ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី ៤០ នៃ​បង្កើត​​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​គឺ​ធ្វើ​ឡើង​ដើម្បី​រំឭក​ការចងចាំ​នូវ​គុណូបការៈ​ដ៏ឧត្តុង្គឧត្តម​របស់​វីរកម្មាភិបាល​យុទ្ធជន យុទ្ធនារី​នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​ វីរកង​ទ័ព​ស្ម័គ្រចិត្ត​វៀតណាម ​ដែល​បាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់​ក្នុង​បុព្វហេតុ​ប្រយុទ្ធ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត​។

លោក ហេង សំរិន ថ្លែង​ថា​៖ «​ថ្ងៃទី​ ២ ធ្នូ ១៩៧៨ មិន​ត្រឹម​តែ​ជា​ថ្ងៃ​ដែល​កម្ពុជា​បោះជំហាន​ចេញ​ពី​ភាពហិនហោច​ខ្លោច​ផ្សា​នោះ​ទេ និង​មិន​ត្រឹម​តែ​បាន​បង្ហាញ​ពី​ស្មារតី​លះបង់ និង​ការរួបរួម​កម្លាំង​អ្នក​តស៊ូ​ស្នេហា​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ ២ ​ធ្នូ ១៩៧៨ ក៏​បាន​ក្លាយ​ទៅ​ជា​កញ្ចក់​ប្រវត្តិសាស្ត្រ​ដ៏សំខាន់​ផង​ដែរ សម្រាប់​កម្ពុជា​យក​ធ្វើ​ជា​មេរៀន​ក្នុង​ការដឹកនាំ​ប្រទេស​ជាតិ​ កុំ​ឲ្យ​ភ្លាំង​ភ្លាត់​ធ្លាក់​ក្នុង​អន្លង់​ប្រវត្តិសាស្ត្រ​នៃ​នរក​អវចី​ជាថ្មី​ទៀត​។ ខ្ញុំ​សូម​អំពាវនាវ​ដល់​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​ថ្នាក់ មន្ត្រី​រាជការ​សមាជិក​សមាជិកា​ដ៏សកម្ម​នៃ​រណសិរ្ស​គ្រប់​ថ្នាក់​ត្រូវ​តែ​បន្ត​លើក​កម្ពស់​ស្មារតី​ស្នេហា​ជាតិ ថែរក្សា​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង និង​ប្រកាន់​ខ្ជាប់​ប្រពៃណី​ស្នេហា​ជាតិ​»​។

លោក​បាន​ថ្លែង​ថា ​របប​កម្ពុជា​ប្រជាធិបតេយ្យ ​បាន​បង្ខំ​ប្រជាជន​កម្ពុជា​ឲ្យ​ធ្វើ​ការងារ​ជា​ទម្ងន់ បង្អត់​អាហារ គ្មាន​ថ្នាំ​ព្យាបាល ខ្វះ​សម្លៀកបំពាក់ គ្មាន​ជម្រក​រស់នៅ​សមរម្យ បំបិទ​សិទ្ធិ​សេរីភាព​គ្រប់យ៉ាង ពិសេស​ពួក​ឃាតករ​អាវខ្មៅ​បាន​បង្កើន​ការសម្លាប់​ប្រជាជន​នៅក្នុង​កម្ពុជា​កាន់តែ​ច្រើន​ឡើងៗ​នៅ​គ្រប់​ទីកន្លែង ទូទាំង​ប្រទេស ពិសេស​កម្មាភិបាល​ភូមិភាគ​បូព៌ា​ដោយ​ឃើញ​អំពើ​ព្រៃផ្សៃ​បង្ក​គ្រោះ​មហន្តរាយ​ចំពោះ​ជាតិ និង​ប្រជាជន​បែប​នេះ​ហើយ​ទើប​ប្រជាជន និង​បណ្តា​កម្លាំង​អ្នក​ស្នេហា​ជាតិ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​នៅ​សេសសល់​ពី​ការ​កាប់សម្លាប់​នៃ​របប​ ប៉ុល ពត បាន​ក្រោកឈរ​តស៊ូ​ប្រកប​ដោយ​វីរភាព​អង់អាច​ក្លាហាន​ប្រឆាំង​នឹង​របប​នេះ ហើយ​បាន​រួម​គ្នា​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​នៅ​ថ្ងៃ​ ២ ខែ​ធ្នូ ឆ្នាំ​ ១៩៧៨​។

លោក​បាន​អះអាង​ថា​៖ «​ប្រសិន​ពេល​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​អាច​រាំង​ស្កាត់​បាន​នូវ​ការវិល​ត្រឡប់​មក​វិញ​នៃ​របប​ប្រល័យពូជសាសន៍ ប្រជាជន​កម្ពុជា​ពិត​ជា​ពុំ​អាច​មាន​ជីវិត និង​មាន​អ្វីៗ​ដូច​ថ្ងៃ​នេះ​បាន​ឡើយ ប៉ុន្តែ​ជាមួយ​នឹង​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​កម្លាំង​សាមគ្គី​របស់​ប្រជាជន គឺ​ប្រទេស​ជាតិ​បាន​ឆ្លង​ផុត​បាន​យ៉ាងជោគជ័យ​ពី​គ្រោះ​គំរាមកំហែង​ទាំងអស់​នោះ ដោយ​បាន​ប្រឹងប្រែង​ងើបឈរ​ឡើង ហើយ​បោះជំហាន​ទៅ​មុខ​មួយ​ជំហាន​ម្តងៗ​ក្រោម​ការដឹកនាំ​ដ៏ត្រឹមត្រូវ និង​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​នយោបាយ​ឈ្នះៗ​របស់​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​»​។

លោក សំបូរ ម៉ាណារ៉ា សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​បាន​ថ្លែង​ថា រណសិរ្ស​សាមគ្គី​សង្គ្រោះជាតិ​កម្ពុជា​ពិតជា​មាន​គុណូបការៈ​ដ៏ឧត្តុង្គឧត្តម​ហើយ​និង​វីរជន​ខ្មែរ​ដែល​បាន​ជួយ​សង្គ្រោះ​ប្រជាជន​កម្ពុជា​ឲ្យ​រួច​ផុត​ពី​របប​ប្រល័យពូជសាសន៍​ ប៉ុលពត បាន​នាំ​ឲ្យ​ប្រទេស​ជាតិ​មាន​សន្តិភាព និង​ការអភិវឌ្ឍ​។

លោក​ថ្លែង​ថា​៖ «​ការប្រឹងប្រែង​របស់​វីរជន​ខ្មែរ​ដែល​ប្រឹងប្រែង​ដើម្បី​ទាមទារ និង​បង្កើត​បាន​នូវ​ចលនា ២ ធ្នូ​នេះ​គឺជា​ចំណែក​មួយ​នៃ​ការប្រឹងប្រែង​បង្ហាញ​ពី​វីរភាព​ក្នុង​ការ​រំដោះប្រជាជន​ខ្មែរ​ឲ្យ​ចេញ​ផុតពី​ការសម្លាប់​បន្ត និង​វេទនា ហើយ​ធ្វើការ​អភិវឌ្ឍ​ប្រទេស​ជាតិ និង​ការពារ​ប្រទេសជាតិ​បាន​រក្សា​ឈ្មោះ​ប្រទេស​យើង​រហូត​មក​ទល់​ពេល​នេះ​។ យើង​ឲ្យ​តម្លៃ​ទៅ​លើ​ការប្រឹងប្រែង និង​ការតស៊ូ​ទាំងអស់​នោះ​ក្នុង​នាម​ជា​ប្រជាជាតិ​ខ្មែរ​»​។

«​ដើម្បី​ទប់ស្កាត់​របប​នេះ​កុំ​ឲ្យ​កើតឡើង​វិញ​រាជរដ្ឋាភិបាល​ត្រូវ​ពង្រឹង និង​បង្កើត​វិស័យ​អប់រំ​មេរៀន​ប្រវតិ្តសាស្ត្រ​នៅ​របប​នោះ​ឲ្យ​កាន់តែ​ទូលំទូលាយ ហើយ​ប្រទេស​កម្ពុជា​ត្រូវ​តែ​ប្រឹងប្រែង​»៕