ភ្នំពេញ៖ ក្នុង​រយៈពេល ៩ ឆ្នាំ​មក​នេះ អង្គភាព​ការពារ​កុមារ (CPU) បាន​ចូលរួម​ធ្វើ​ការ​ស៊ើបអង្កេត​ជាមួយ​សមត្ថកិច្ច​ក្នុង​សំណុំ​រឿង​ឃាតកម្ម​លើ​កុមារ​បាន​ប្រមាណ ២០០ ករណី ដោយ​អង្គការ​នេះ ចាត់​ទុក​អំពើ​ឃាតកម្ម ដែល​បាន​កើត​ឡើង​លើ​កុមារ​ទាំង​នេះ គឺ​ជា​ភាព​ងងឹត និង​ភាព​សោកសៅ។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ខ្លួន​កាល​ពី​ថ្ងៃទី ១៥ មីនា អង្គការ CPU បាន​ឱ្យ​ដឹង​ថា ២០០ ករណី ​ដែល​ក្រុម​ការងារ ​CPU បាន​ចូលរួម​ស៊ើប​អង្កេត​ជាមួយ​សមត្ថកិច្ច គឺ​ជា​ការ​លះបង់ និង​ការ​ប្តេជ្ញា ដែល​តួលេខ​នេះ គឺ​មិនមែន​ជា​តួលេខ​សម្រាប់​ការ​អបអរសាទរ ឬ​មោទនភាព​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​វា​ជា​តួលេខ​ពោរពេញ​​ទៅ​ដោយ​ភាព​ងងឹត និង​ភាព​សោកសៅ។ ថ្ងៃទី ១៥ ខែមីនា​ គឺ​ជា​ថ្ងៃ​ដែល​ក្រុម​ការងារ​ទទួល​សំណុំ​រឿង​គម្រប់​ចំនួន ២០០ ករណី​ឃាតកម្ម និង​ករណី​ស្លាប់​ដោយ​មាន​ការ​សង្ស័យ​របស់​កុមារ​ដែល​អង្គភាព​ការពារ​កុមារ (CPU) បាន​ចូលរួម​ធ្វើការ​ស៊ើបអង្កេត។

ក្រៅពី​បង្ហាញ​តួលេខ​នេះ ​ក្នុង​នាម​នាយក​ប្រតិបត្តិ​អង្គភាព​ការពារ​កុមារ លោក James McCabe បាន​សរសេរ​ទៀត​ថា លោក​ចង់​ផ្តោត​ទៅ​លើ​​ក្រុម​ការងារ​តូច​របស់​លោក ដែល​ប្រតិបត្តិការ​ជុំវិញ ២៤ ម៉ោង ក្នុង ១ ថ្ងៃ ៧ ថ្ងៃ​ក្នុង ១ សប្តាហ៍ អស់​រយៈពេល ៩ ឆ្នាំ​មក​ហើយ ដើម្បី​ធ្វើ​ការ​ស៊ើបអង្កេត​ចំពោះ​ករណី​បែប​នេះ។

លោក​បាន​បញ្ជាក់​ថា៖ «ក្នុង​ឆ្នាំ ២០១៣ យើង​បាន​ចាប់​ផ្តើម​បង្កើត​ជា​ក្រុម​ការងារ​ជំនាញ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​លើ​កុមារ​ដំបូង​គេ នៅ​ក្នុង​ប្រទេស ដោយ​មាន​សមាជិក ៣ នាក់។ សមាជិក​ក្រុមការងារ​នេះ បាន​កើន​ឡើង​ដល់​ទៅ ១០ នាក់ ​ដែល​មាន​បទពិសោធ​ជំនាញ​ខ្ពស់ មាន​ការ​ប្តេជ្ញា និង​វិជ្ជាជីវៈ​រួមមាន​ជាម​ន្ត្រី​ជំនាញ​ផ្នែក​កោសល្យ​វិច័យ មន្ត្រី​ស៊ើបអង្កេត និង​មន្ត្រី​គាំពារ ប្រចាំការ​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​ទៅ​លើ​កុមារ​នីមួយៗ និង​គាំពារ​ដល់​ក្រុម​គ្រួសារ​សាកសព។ ខ្ញុំ​មាន​មោទនភាព​ក្នុង​ការ​ដឹកនាំ​ក្រុម​ការងារ​ដែល​មាន​ការ​ប្តេជ្ញា​មួយ​នេះ»។

ជា​បទពិសោធ លោក James McCabe សង្កត់​ធ្ងន់​ថា គ្រប់​ករណី​ឃាតកម្ម​ទៅ​លើ​កុមារ ត្រូវ​បាន​ក្រុម CPU ចងចាំ​ជានិច្ច និង​គា្មន​ថ្ងៃ​ភ្លេច ប៉ុន្តែ​តែងតែ​មាន​ករណី​ខ្លះៗ​ដែល​នឹង​បន្សល់ទុក​នូវ​ស្លាកស្នាម​ខ្លោចផ្សា​នៅ​លើ​បេះដូង​យើង​ជានិច្ច ដែល​នេះ​គឺ​ជា​ធម្មជាតិ​នៃ​ការងារ​របស់​យើង ហើយ​គ្មាន​នរណាម្នាក់​ចៀស​ផុតពី​​បញ្ហា​នេះ​បាន​ទេ ហើយ​យើង​នឹង​ចងចាំ​រហូត​អំពី​ករណី​ដែល​បាន​ប៉ះពាល់​ដល់​អារម្មណ៍​យើង​បំផុត។ លោក​បញ្ជាក់​ថា៖ «នេះ ​គឺ​ជា​ការ​ពិត ដែល​យើង​ត្រូវ​តែ​មាន​អារម្មណ៍​ខឹង និង​ស្អប់​ខ្ពើម​ដល់​ជនល្មើស ដើម្បី​ជំរុញ​ឱ្យ​យើង​ស្វែងរក​ភាព​យុត្តិធម៌ និង​ធ្វើ​ឱ្យ​ប្រាកដ​ថា គ្រប់​បុគ្គល​ដែល​បង្ក​គ្រោះថ្នាក់​ដល់​កុមារ នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះមុខ​ច្បាប់​នូវ​អំពើ​របស់​ខ្លួន»។

កាល​ពី​ឆ្នាំ ២០១៩ ក្រសួង​មហាផ្ទៃ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈយោគយល់​គ្នា (MOU) ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៥ ដែល​ធ្វើ​ការ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ជា​ពិសេស​ផ្តោត​លើ​ការ​ការពារ​កុមារ​ក្នុង​នោះ​ក៏​មាន​អង្គការ CPU ផង​ដែរ។

លោកស្រី ជូ ប៊ុនអេង ជា​អនុប្រធាន​អចិន្រៃ្តយ៍​នៃ​គណៈកម្មាធិការ​ជាតិ ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​ថ្លែង​ពី​ម្សិលមិញ​ថា ក្នុង​ពេល​បច្ចុប្បន្ន​បទល្មើស​ដែល​បាន​កើត​ឡើង ​គឺ​កាន់​តែ​មាន​រូបភាព​អាក្រក់​ឡើងៗ​ជាពិសេស​បទល្មើស​ដែល​បាន​កើត​មាន​ឡើង​លើ​កុមារ។ លោកស្រី​បន្ត​ថា រូបភាព​សាហាវ​ទាំង​នេះ ក៏​ព្រោះ​តែ​ជនល្មើស​ភាគ​ច្រើន ច្រើន​តែ​ជា​អ្នក​ដែល​បាត់បង់​សតិ ដោយសារ​បញ្ហា​គ្រឿងញៀន។ «បច្ចុប្បន្ន​នេះ​បញ្ហា​ដែល​បាន​កើត​មាន​ឡើង​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ ​ឬ​អំពើហិង្សា​នេះ កើត​ឡើង​ច្រើន​ណាស់ តែ​វា​មិនមែន​មាន​តែ​កម្ពុជា​ទេ។ កម្ពុជា​យើង​ក៏​ទទួល​នូវ​សម្ពាធ​ខាង​ផ្លូវ​អារម្មណ៍ ឬ​រៀន​សូត្រ​ពី​បណ្តាញ​សង្គម​នានា​គ្រប់​រូបភាព ​តែ​បើ​យើង​មិន​ខំប្រឹង​បន្ថែមទៀត​ទេ យើង​នឹង​ជួប​បញ្ហា​ធ្ងន់​ដូច្នេះ​យើង​ខំប្រឹង​ទប់ស្កាត់ និង​ដោះស្រាយ​បាន​ល្អ​ប្រសើរ»។

យ៉ាងណា​ក្តី​លោកស្រី ជូ ប៊ុនអេង បាន​បញ្ជាក់​ថា ក្នុង​នាម​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដោយ​មាន​ការ​សហការ​ពី​ក្រុម​អង្គការ​ជា​ដៃគូ នឹង​បន្ត​ការ​ប្តេជ្ញាចិត្ត ក្នុង​ការ​បង្ក្រាប និង​ទប់ស្កាត់​ថែម​ទាំង​បាន​អប់រំ​ផ្សព្វផ្សាយ​បន្ថែម​ទៀត ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រាកដ​ថា ជន​ប្រព្រឹត្ត​បទល្មើស ត្រូវ​តែ​ទទួល​ទោស​តាម​ច្បាប់។

លោកស្រី​បន្ថែម​ថា៖ «យើង​ពេញចិត្ត​នឹង​បញ្ហា​ការ​សហការ​ជាមួយ​គ្នា (CPU) ដោយសារ​តែ​អង្គការ​នេះ ក៏ដូចជា​អង្គការ​ដៃគូ​ទាំង​អស់ គាត់​ធ្វើ​ការ​បាន​ល្អ និង​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច ជាពិសេស​បទល្មើស​ដែល CPU ចូលរួម​ស៊ើប​អង្កេត គឺ​បង្ក្រាប​បាន​ដល់​ទៅ​ជាង ៩០ ភាគរយ»៕

វីដេអូ៖