ភ្នំពេញៈ អង្គភាព​ការពារ​កុមារ (Child Protection Unit) ហៅថា CPU បាន​ព្រមាន​ដល់​ជន​ដែល​ប៉ុនប៉ង​ប្រព្រឹត្ត​បទលើ្មស​ទៅលើ​កុមារ​តាម​អ៊ីនធឺណិត​ដោយ​អះអាង​ថា ការប្រឆាំង​បទល្មើស​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត​ភ្លាមៗ​ស្រប​​ពេលដែល​ក្រុម​ប្រតិបត្តិការ​នេះ​ទើប​ត្រូវ​បាន​បង្កើត​ថ្មីៗ​នេះ​។

លោក James McCabe ​នាយក​ប្រតិបត្តិការ​អង្គភាព​ការពារ​កុមារ​បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេសប៊ុក CPU កាលពី​ថ្ងៃ​សៅរ៍​ថា ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​នគរបាលជាតិ​​កម្ពុជា​ CPU ​បាន​បង្កើត​ក្រុម​ប្រឆាំង​បទល្មើស​ទៅលើ​កុមារ​តាម​បណ្តាញ​អ៊ីនធឺណិត​ហៅ​កាត់​ថា ICAC​។

លោក​ James បាន​សរសេរ​ថា​៖ «​ឯកឧត្តម​នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ​បាន​អនុញ្ញាត​ជា​ផ្លូវការ​​ក្នុង​ការបង្កើតឡើង​ក្រុម ICAC កាលពី​ថ្ងៃទី​ ២៩ ខែ​តុលា ឆ្នាំ​ ២០១៩​។ ប្រតិបត្តិការ​របស់​ក្រុម​នេះ​នឹង​ចាប់ផ្តើម​ដំណើរការ​ភ្លាមៗ​»​។

លោក James ថា​៖ «​យើង​នៅ​កំពុងតែ​អភិវឌ្ឍ ICAC នៅឡើយ ដើម្បី​ស្វែងរក​នីតិវិធី​ប្រសើរ​បំផុត​ក្នុង​ការប្រមូល​ភ័ស្តុតាង ប៉ុន្តែ​យើង​មាន​ភាពរីករាយ និង​មោទនភាព​យ៉ាងខ្លាំង​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏សំខាន់​មួយ​នេះ​»​។

នៅក្នុង​សំណេរ​នោះ​លោក​ James បាន​សរសើរ​ដល់​រដ្ឋាភិបាល និង​នគរបាលជាតិ​កម្ពុជា​​ចំពោះ​ការប្តេជ្ញាចិត្ត​ប្រឆាំង​ទប់ស្កាត់​គ្រប់​បទលើ្មស​លើ​កុមារ​នៅ​កម្ពុជា​។ ​លោក​បន្តថា បទល្មើស​ទៅលើ​កុមារ​តាម​អ៊ីនធឺណិត​គឺជា​បញ្ហា​ដែល​មាន​នៅ​​ជុំវិញ​ពិភពលោក ឯ​ប្រទេស​កម្ពុជា​កំពុងតែ​ប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​បទល្មើស​ទាំងនេះ​។

លោក James បានបញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា រឿង​ទោសទណ្ឌ វា​អាស្រ័យ​លើ​ការប្រព្រឹត្ត​។ ឧទាហរណ៍ ប្រសិនបើ​ជនល្មើស​បាន​លួងលោម​រួមភេទ​ជាមួយ​អនីតិជន ជន​នោះ​នឹង​ចោទ​ពីបទ​រួម​​ភេទ​ជាមួយ​អនីតិជន​ដែល​មាន​​ទោសទណ្ឌ​ធ្ងន់ធ្ងរ​។ ក្រៅពី​នេះ​មាន​បទល្មើស​ផ្សេងទៀត​ទាក់ទង​នឹង​រូប​អាសអាភាស​។

លោក​ថា​៖ «​រហូត​មក​ទល់​ពេលនេះ យើង​បាន​ចាប់ខ្លួន​ជនល្មើស​មា្នក់​ដែល​បាន​លួងលោម​ក្មេងស្រី​អាយុ​ ១២ ​ឆ្នាំ​តាម​អ៊ីនធឺណិត ហើយ​បន្ទាប់មក​បាន​រួមភេទ​ជាមួយ​ក្មេងស្រី​នោះ​»​។

លោក​បន្តថា នៅ​ដើម​ឆ្នាំ​នេះ ​ក៏​មាន​មនុស្ស​ ៩ ​នាក់​នៅ​សៀមរាប​បាន​ចែក​រូប​អាសអាភាស​កុមារ​តាម​អ៊ីនធឺណិត​ផងដែរ​។

លោក​ James ថ្លែងថា វា​ជា​កិត្តិយស​ចំពោះ​រដ្ឋាភិបាល និង​នគរបាលជាតិ​កម្ពុជា​ដែល​បាន​​មើលឃើញ​បញ្ហា​ជាមុន ហើយ​បាន​ត្រៀម​លក្ខណៈ​ប្រយុទ្ធ និង​ដោះស្រាយ​បញ្ហា​ដែល​កើតមាន​​ឡើង​ជា​សកល​នេះ​។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្រៃ្តយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា អ្វីដែល​ក្រសួង​ត្រូវ​ធ្វើ​នោះ​គឺ​អាច​ត្រួតពិនិត្យ​ការឆ្លើយឆ្លង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​បាន ប៉ុន្តែ​សំខាន់​ត្រូវការ​កិច្ចសហប្រតិបត្តិការ​រវាង​អ្នកពាក់ព័ន្ធ​។

លោកស្រី​បញ្ជាក់ថា​៖ «​រឿង​សំខាន់​គឺ​ទំនាក់ទំនង​តាម​ប្រព័ន្ធ​អនឡាញ​ហ្នឹង​ដែល​ក្មេងៗ​នៅ​ស្រុក​ខ្មែរ​យើង​ហ្នឹង​ភាគច្រើន​គាត់​ប្រើ​អនឡាញ ហើយ​ជន​ដែល​ឆ្លៀតឱកាស​ទាក់ទង​តាម​ហ្នឹង​។ មិនមែន​តែ​ក្មេងៗ​ទេ សូម្បីតែ​មនុស្ស​មាន​វ័យ​ធំ វ័យ​ចំណាស់​ក៏​គាត់​ប្រើ​អាហ្នឹង​។ ពេលខ្លះ​ដោយសារ​តែ​គាត់​បានឃើញ​ បាន​ដឹង​រឿង​តាម​ប្រព័ន្ធ​អនឡាញ​ហ្នឹង គាត់​យក​ទៅ​អនុវត្ត​ជាមួយ​ក្មេងៗ​...»​។

លោកស្រី ជូ ប៊ុនអេង បាន​ថ្លែងថា ករណី​បែប​នេះ​ក្រសួង​មហាផ្ទៃ​មានតែ​ត្រួតពិនិត្យ​ពីព្រោះ​ប្រសិន​បើ​បិទ​ប្រព័ន្ធ​ទំនាក់ទំនង​តាម​បច្ចេកវិទ្យា​ ឬ​មួយ online គឺ​មិន​អាច​ធ្វើទៅ​បាន​ទេ ដោយសារ​ក្រសួង​មិនមែន​ជា​ម្ចាស់​ server​។ ​គេ​អាច​បិទ​បាន​ដោយ​អន្លើ ប៉ុន្តែ​មិនអាច​បិទ​​បាន​ទាំងស្រុង​នោះទេ​ពីព្រោះ​​អ្នក​ដែល​ចេះ​ប្រើប្រាស់​បច្ចេកវិទ្យា សូម្បីតែ​ជនល្មើស​ក៏​មាន​បច្ចេកទេស​ខ្ពស់​ដែរ​ ។ ​

លោកស្រី​ថា​៖ «​អ៊ីចឹង​វា​ត្រូវតែ​រត់​ប្រដេញ​អ៊ីចឹង​។ ​បានន័យថា បទល្មើស​កើតឡើង​គឺ​យើង​តាម​ស្រាវជ្រាវ​រក​អ៊ីចឹង​ទៅ​»៕