ឧត្ដរមានជ័យៈ ​អង្គការ​ដោះមីន​កម្ពុជា​ (CSHD) ​កាលពី​ម្សិលមិញ​បាន​កម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ​ចម្រុះ​ចំនួន​ ១៨១ ​គ្រាប់​​ បន្ទាប់ពី​រកឃើញ​ពីថ្ងៃ​ទី​ ៤ មេសា នៅ​ភូមិ​ពោធិ៍ចាស់ ឃុំ​បេង ស្រុក​បន្ទាយអម្ពិល​ ខេត្ត​ឧត្តរមានជ័យ ខណៈ​ក្នុង​ឆ្នាំ​ ២០២០ ខេត្ត​នេះ​ប្រមូល​គ្រាប់​ចម្រុះ​បាន​ ៣ ៣៥២ ​គ្រាប់ និង​គ្រាប់កាំភ្លើង​ដៃ​ចំនួន ១១៦,៥ ​គីឡូក្រាម​។

លោក​ ឈុន ប៉ូរ៉ា មន្ត្រី​បណ្តុះបណ្តាល​ជំនាញ​ដោះមីន​ និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោះមីន​នៃ​អង្គការ​ដោះមីន​កម្ពុជា​បាន​ប្រាប់​ពី​ម្សិលមិញ​ថា អង្គការ​លោក​បាន​បំផ្ទុះ​កម្ទេច​គ្រាប់​ចម្រុះ​ចំនួន ១៨១ ​គ្រាប់ និង​គ្រាប់កាំភ្លើង​ដៃ​ចំនួន​ ១១០ ​គីឡូក្រាម​។ ​ប៉ុន្តែ​ទីតាំង​ដែល​យក​គ្រាប់​ទៅ​កម្ទេច​នោះ​គឺ​នៅឯ​ស្រុក​ជីក្រែង ខេត្ត​សៀមរាប​ឯណោះ​ទេ ព្រោះ​ថា​នៅ​ស្រុក​ជីក្រែង​មាន​ទីលាន​ធំ ងាយស្រួល​ធ្វើ​ការងារ និង​មាន​សុវត្ថិភាព​។

លោក​ថ្លែងថា​៖ «​យើង​មិនបាន​សហការ​ជាមួយ​អាជ្ញាធរ​មីន​កម្ពុជា​ទេ គឺ​យើង​កម្ទេច​គ្រាប់​ទាំងនោះ​ដោយផ្ទាល់​របស់​យើង ប៉ុន្តែ​ទីតាំង​ដែល​យើង​ជ្រើសរើស​សម្រាប់​កម្ទេច​គឺ​យើង​ស្នើសុំ​ពី​អាជ្ញាធរ​ស្រុក-ខេត្ត​ជាមុន ទើប​បាន​កម្ទេច ព្រោះ​បើ​ទីតាំង​រកឃើញ​គ្រាប់​យើង​មិនអាច​កម្ទេច​បានទេ ព្រោះ​ប៉ះ​ផ្ទះ​ពលរដ្ឋ​»​។

បើតាម​លោក​ បូរ៉ា កាលពី​ថ្ងៃទី​ ៤ ​មេសា មាន​ពលរដ្ឋ​ម្នាក់​នៅ​ភូមិ​ពោធិ៍ចាស់ ឃុំ​បេង​បាន​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​ហើយ​បានឃើញ​គ្រាប់កាំភ្លើង​មួយ​​ចំនួន​ផុស​ចេញ​ពី​ដី​។ ​ពេលនោះ​គាត់​ក៏​​បាន​រាយការណ៍​ទៅ​ប៉ុស្តិ៍​នគរបាល​ឃុំ​​បេង ហើយ​នគរបាល​ឃុំ​ក៏​រាយការណ៍​បន្ត​ទៅ​អធិការនគរបាល​ស្រុក​ទើប​មាន​ការជូន​ដំណឹង​ដល់​អង្គការ​របស់​លោក​។

លោក​បន្តថា ក្រោយពី​ទទួល​ដំណឹង​លោក​បាន​នាំ​មន្ត្រី​ជំនាញ​ចុះ​ដល់​ទីតាំង​​នោះ​ហើយ​លោក​បាន​ដាក់​ម៉ាស៊ីន​រាវរក​គ្រាប់​នៅ​ជុំវិញ​បរិវេណ​នោះ​រហូត​ប្រមូលបាន​គ្រាប់​មិនទាន់​ផ្ទុះ​ប្រភេទ​ ៨២ ​មិល្លីម៉ែត្រ គ្រាប់មីន គ្រាប់​ B40 គ្រាប់​រ៉ុក្កែត គ្រាប់ឡង់ គ្រាប់កាំភ្លើង​ត្បាល់​...​សរុប​ចំនួន​ ១៨១ ​គ្រាប់ និង​គ្រាប់​កាំភ្លើង​ដៃ​មាន​ចំនួន​ ១១០ ​គីឡូក្រាម​។

លោក​ថា​៖ «​គ្រាប់​ទាំងនោះ​សុទ្ធតែ​មាន​​គុណភាព​អាច​នៅ​ប្រើ​បាន ព្រោះ​វា​ត្រូវ​​គេ​ស្រោប​ដាក់​ស្រោម ប៉ុន្តែ​មាន​គ្រាប់​​ខ្លះ​ចូល​ទឹក​មាន​ច្រែះ​ចាប់ តែ​នៅ​មាន​គុណភាព​»​។

ជាមួយ​គ្នា​នេះ លោក ឈុន ប៉ូរ៉ា ក៏បាន​ឱ្យដឹង​ដែរ​ថា សម្រាប់​ឆ្នាំ​ ២០២០ ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​ទាំងមូល អង្គការ​របស់​លោក​បាន​រកឃើញ​គ្រាប់​ចម្រុះ​ច្រើន​ប្រភេទ​រួមមាន​មីន​ប្រឆាំង​មនុស្ស​​មីន​ប្រឆាំង​រថក្រោះ មីន​ច្នៃ គ្រាប់​ UCO ​ក្បាល​ផ្ទុះ​គ្រប់​ប្រភេទ គ្រាប់បែក​ចង្កោម​សរុប​ចំនួន ៣ ៣៥២ ​គ្រាប់ និង​គ្រាប់​កាំភ្លើង​ដៃ​ចំនួន​ ១១៦,៥ ​គីឡូក្រាម​ផងដែរ​។

ដោយឡែក​ក្នុង​រយៈពេល​ ៣ ​ខែ​ឆ្នាំ​នេះ អង្គការ​របស់លោក​បាន​រកឃើញ​គ្រាប់មីន​ប្រឆាំង​មនុស្ស​ ៣៦៩ ​គ្រាប់ មីន​ប្រឆាំង​រថគ្រោះ​ ២​ គ្រាប់ គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ ៧៦៧ ​គ្រាប់​ក្បាល​ផ្ទុះ​ចំនួន​ ៥៩ ​គ្រាប់ គ្រាប់កាំភ្លើង​ដៃ​ ៨ ​គីឡូ​ដែល​គ្រាប់​ទាំងនោះ​ត្រូវបាន​កម្ទេចចោល​ទាំងអស់​។ ចំពោះ​ស្រុក​ដែល​សម្បូរ​គ្រាប់​ជាងគេ​គឺ​នៅ​ស្រុក​បន្ទាយអម្ពិល​តែម្តង​។

ពាក់ព័ន្ធ​នឹង​ការរកឃើញ​គ្រាប់​ចំនួន​ ១៨១ ​គ្រាប់​ចុងក្រោយ​នេះ​លោក ថង កុសល អធិការនគរបាល​ស្រុក​បន្ទាយអម្ពិល​ប្រាប់​កាលពី​ម្សិលមិញ​ថា ករណី​នេះ​គឺ​ដំបូង​ពលរដ្ឋ​បាន​ភ្ជួរ​ដី​ប្រទះឃើញ​ហើយ​បាន​រាយការណ៍​ប្រាប់​លោក ប៉ុន្តែ​លោក​បានប្រគល់​ទៅខាង​ជំនាញ​ដើម្បី​ឱ្យមក​យក​គ្រាប់​ទាំងនោះ​៕