ភ្នំពេញៈ ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ធ្វើ​ឡើង​ដោយ​អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្ត្រី​មាន​វិបត្តិ ​រួម​ជា​មួយសាកល​​វិទ្យា​ល័យ​ម៉ាក់​ហ្គៀ​ល​របស់​ប្រទេស​ កាណា​ដា ​ផ្សព្វផ្សាយ​​ពី​ម្សិល​មិញ​បាន​បង្ហាញ​ថា ​ការ​រៀប​ការ​ដោយ​បង្ខំ​ក្នុង​របប​ប្រល័​យពូជ​សាសន៍​ នៅ​តែ​បន្ត​មាន​ឥ​ទ្ធិ​ពល​អាក្រក់​មក​ដល់​បច្ចុ​ប្បន្ន​ សម្រាប់​ជន​រងគ្រោះ​ បើ​ទោះ​ជា​វា​ត្រូវ​បាន​កន្ល​ងផុត​រយៈ​ពេល​ ​៤០​ ឆ្នាំ​ហើយ​ក្តី។​

របាយ​ការណ៍​ស្រាវ​ជ្រាវ​ និង​បាន​សម្ភាសជន​រ​ង​គ្រោះ​ជា​បុរស​ និង​ស្ត្រី ​ព្រម​ទាំង​អ្នក​ពាក់​ព័ន្ធ​ជាង​ ១០០ ​នាក់​ នៅ​ក្នុង​ស្រុក​គោល​ដៅ​ចំនួន ​២ ​គឺ​ស្រុក​ភ្នំ​ស្រុក​ ខេត្ត​បន្ទាយ​​មាន​ជ័យ ​និង​ស្រុក​ស្ទោង​ ខេត្ត​កំពង់​ធំ​ បាន​បង្ហាញ​ថា​ ការរៀប​ការ​ដោយ​បង្ខំ​ក្នុង​សម័យ​នោះ​បាន​បន្សល់​ទុក​នូវ​ភាព​ឈឺ​ចាប់ ​និង​ភាព​ក្រីក្រ​ត​ជំនាន់។​

​លោក​ស្រី​ ប៉ុក​ បញ្ញា​វិចិត្រ​ នាយកប្រតិ​បត្តិ​អង្គ​ការ​កម្ពុជា​ដើម្បី​ជួយ​ស្ត្រី​មាន​វិបត្តិ​ បាន​និយាយ​ថា​ ​បើទោះ​ជា​បច្ចុ​ប្បន្ន​ហាក់​ត្រូវ​បាន​គេ​បំភ្លេច​ចោល​ក៏ដោយ​ តែ​សម្រាប់​ជន​រង​គ្រោះ ​គឺ​នៅ​តែ​​ឈឺ​ចាប់​នៅ​ក្នុង​ចិត្ត​របស់​ពួក​គេ​ ហើយ​វា​បន្ត​ដល់​ប្រព័ន្ធ​គ្រួសារ​ទាំង​មូល​តែម្តង​ ​ព្រោះ​ភាគ​ច្រើន​នៃ​ពួក​គេ​មាន​កម្រិត​សិក្សា​ទាប​ ហើយ​ចាប់​ផ្តើម​ពី​បាត​ដៃ​ទទេ ​ដូច្នេះ​ច្រើន​តែ​ជួប​ឧប​សគ្គនៅ​ក្នុង​ជីវិត​គ្រួសារ​ ខណៈ​គ្រួសារ​មួយ​ចំនួន​ ឈាន​ដល់​ការបែក​បាក់​គ្នា។​

​លោក​ស្រី​បញ្ជាក់​ថា​៖​ «​បើ​ទោះ​របប​នេះ​បាន​ចប់ ​៤០ ​ឆ្នាំ​ហើយ​ តែ​យើង​មើល​ឃើញ​ថា​ អ្នក​នៅរស់​ និង​ធ្លាប់​បាន​ឆ្លង​កាត់​ការ​ចាប់​បង្ខំ​រៀប​ការ​​នេះ​ ពេល​នឹក​ឃើញ​រឿង​ដើម ក៏​នៅ​តែ​ឈឺ​ចាប់ មាន​ទុក្ខ​សោក​ដែរ​។​ (ដូច្នេះ​) ការ​សិក្សា​នេះ ​គឺ​មាន​សារៈ​សំខាន់​ព្រោះ​នៅពេល​ដែល​យើង​រក​ឃើញ​ហើយ​ តើ​យើង​ជួយ​គាត់​យ៉ាង​ម៉េច​?​ តើ​យើង​អាច​ប្រឹក្សា​យោបល់​ឲ្យ​គាត់​រំសាយ​ពី​ទុក្ខ​សោក ​និង​បង្កើត​កម្ម​វិធី​ឆ្លើយ​តប​ផ្សេងៗ​ ដើម្បី​ជួយ​ដល់​ជីវភាព​ពួកគាត់»។​

​លោក​ស្រី​ មៀ​រាម​ ដេ​នូវ​ អ្នក​សិក្សា​តំណាង​វិទ្យា​ល័យ​ម៉ាក់​ហ្គៀ​ល​របស់​ប្រទេស​កាណា​ដា​ បាន​និយាយ​ថា​ ការ​សិក្សា​នេះ គឺ​ដើម្បី​ស្វែង​យល់​ពី​បទ​ពិសោធ និង​ទស្សនៈ​នៃ​គ្រួសារ​ដែល​រង​ការ​ប៉ះពាល់​ដោយ​សារ​កា​ររៀប​ការ​ដោយ​បង្ខំ​ក្នុង​របបប្រល័យ​ពូជសាសន៍ ​ហើយ​ក៏​ដើម្បី​ឲ្យ​បាន​ដឹង​ពី​ផល​ប៉ះពាល់​យូរ​អង្វែង​ផងដែរ។

លោក​ស្រី​អះ​អាង​ថា​​ ជា​ទូទៅ​ស្ត្រី ​និង​បុរស​ ដែល​បង្ខំ​ឲ្យ​រៀបការ​ក្នុង​របប​នោះ ​ភាគ​ច្រើន​ពួក​គេ​ សុទ្ធ​តែ​ត្រូវ​បាន​គំរាម​កំហែង​ពី​អាយុ​ជីវិត​ ការ​ឃ្លាំមើល ​ការ​ចាក​ចេញ​ពី​គ្រួសារ​ និង​ការ​បំបែក​បំបាក់​ នៅ​ពេល​ពួក​ក្លាយ​ជា​សហព័ន្ធ​នឹង​គ្នា​ហើយ​ក្តី។​

​លោក​ស្រី​បញ្ជាក់​ថា​៖ ​«​បើ​ទោះ​ជា​យ៉ាង​ណាការ​សិក្សា​នេះ​បាន​បង្ហាញ​ថា​ បើទោះ​ជា​មាន​ការ​រៀប​កា​រ​ដោយ​បង្ខំ​ក្នុង​សម័យ​នោះ ​ក៏​គេ​សង្កេត​ឃើញ​ថា​ បុរស​នៅ​តែ​មាន​សិទ្ធិ​ខ្លះ ​ក្នុង​ការ​ជ្រើសរើស​គូស្រករ​របស់​ខ្លួន​ តាម​ការ​ស្នើ​តាម​រយៈ​កម្មាភិ​បាល​រប​ស់​ពួក​គេ​ ខណៈ​ស្ត្រី​ គឺ​គ្មាន​សិទ្ធិ​ និង​មិន​អាច​ជំទាស់​អ្វី​បាន​ទាំង​អស់​ ហើយ​ការ​រៀប​ការ​នេះ​គឺ​អាស្រ័​យ​លើ​ចាត់​តាំង​ទាំង​អស់»។​

​​មតិ​របស់​ជន​រង​គ្រោះ​មួយ​ចំនួន​ ដែល​បាន​បង្ហាញ​នៅ​ក្នុង​របាយការណ៍​ស្រាវ​ជ្រាវ​នេះ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា​៖ ​«​រឿង​ដែល​ពិបាក​បំផុត​នោះ ​គឺ​គ្មាន​សេរីភាព​ យើង​ធ្វើ​អ្វី​ខុស​ យើង​អាច​នឹង​ត្រូ​វ​គេ​សម្លាប់​ចោល។​ បើ​សិន​យើង​ប្រកែក​ចំពោះ​ការ​ចាត់តាំង​ឲ្យ​រៀបការ​។​ គេ​មិន​សួរ​ចិត្ត​យើង​មុន​ទេ ​ចំពោះ​ការរៀប​ការ​របស់​យើង»។

​សម្តី​របស់​ស្ត្រី​ម្នាក់​ទៀត​៖​ «​អង្គការ​ដូច​ជា​ឪពុក​ម្តាយ​យើង​អ៊ីចឹង​ មើល​ពី​លើ​យើង។​ ត្រូវ​ហើយ​ មាន​ឈ្លប​តាម​មើល​ខ្ញុំ​នឹង​ប្តី​ខ្ញុំ។ ​ខ្ញុំ​ខ្លាច​គេ​ដាក់​ទោស​ណាស់។​ ខ្ញុំ​នៅ​ស្ងៀម​ ជាក់​ស្តែង​ ខ្ញុំ​អត់​ស្រឡាញ់​ប្តី​ទេ»។

អ្នក​ស្រី ​ឡុង ​រ៉​ន​ អាយុ​ ៦០ ​ឆ្នាំ ​បច្ចុ​ប្បន្ន​រស់​នៅ​ក្នុង​ស្រុក​ស្ទោង​ ​ខេត្ត​កំ​ពង់​ធំ ដែល​ជា​ស្ត្រី​មេម៉ាយ​ចិញ្ចឹម​កូន​ ៧ នាក់ បាន​អះ​អាង​​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​ថា អ្នក​ស្រី​ជា​គូស្នេហ៍​មួយ​ត្រូវ​បាន​គេ​ចាប់​បង្ខំ​ឲ្យ​រៀប​ការ​នៅ​ក្នុង​របប​ប៉ុលពត។

លោក​ស្រី​ រ៉ន​ ថ្លែង​​ថា៖​ «ពិ​ត​ណាស់​ ពួក​យើង​ដែល​ត្រូវ​អង្គការ​បង្ខំ​ឲ្យ​រៀបការ​ ម្នាក់ៗ​ គឺ​សុទ្ធ​តែ​ខ្លាច​ការ​គំរាម​សម្លាប់​ព្រោះ​តែ​មាន​មនុស្ស​ជា​ច្រើន ត្រូវ​បាន​អង្គ​ការ​សម្លាប់​ បន្ទាប់​ពី​ពួក​គេ​ បាន​បដិ​សេធ​នឹង​ការ​ចាត់​តាំង​របស់​អង្គការ»។​

លោក​ស្រី ​ថ្លែង​ទាំង​អួល​ដើម​ក​ថា​៖​ «​យើង​ពិត​ជា​ឈឺចាប់​ នៅ​ពេល​ប្រាប់​ដល់​កូនៗ​ ដែល​ពួកគេ​កើត​មិន​ទាន់​សម័យ​នេះ ហើយ​ពួក​គេ​មិន​ជឿថា ​យើង​ធ្លាប់​ឆ្លង​កាត់​របប​ដ៏​ឈឺចាប់​ និង​ត្រូវ​បាន​បង្ខំ​ឲ្យ​រៀបការ​ទាំង​មិន​ដែល​បាន​ស្គាល់​ និង​ឃើញ​គ្នា​ពី​មុន​មក។​ ​ការ​​សិក្សា​ស្រាវជ្រាវ​នេះ​ គឺ​សំខាន់​ណាស់​សម្រាប់​ពួកយើង ដែល​បង្ហាញ​ពី​ជីវិត​របស់​ពួកយើង​ពិត។ ខ្ញុំ​អរ​ណាស់​នៅ​ពេល​គេ​បង្ហាញ​ពី​ទុក្ខ​លំបាក​របស់​ខ្ញុំ​ចេញ ព្រោះ​ពី​ដើម ប្រាប់​កូនៗ វា​មិន​ជឿ​ទេ»។

លោក នេ​ត ភក្ត្រា អ្នក​នាំពាក្យ​សាលាក្ដី​ខ្មែរក្រហម​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា បទ​បញ្ជា​ស្តីពី​ការ​រៀបចំ​អាពាហ៍​ពិពាហ៍​គឺជា​គោល​នយោបាយ​មួយ​ក្នុង​ចំណោម​គោល​នយោបាយ​មួយ​ចំនួន​របស់​បក្ស កុម្មុយនីស្ត​កម្ពុជា​ដែល​ត្រូវ​បង្កើត និង​អនុវត្ត​ដើម្បី​សម្រេច​បាន​នូវ​ការ​ធ្វើ​បដិវត្តន៍​សង្គម​និយម​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ដើម្បី​ការពារ​បក្ស​កុម្មុយនីស្ត​កម្ពុជា​ពីស​ត្រូវ​ខាង​ក្នុង​ និង​ខាង​ក្រៅ​តាម​គ្រប់​មធ្យោបាយ​ដែល​ចាំបាច់។

លោក ភក្ត្រា បាន​អះអាងថា ប្រជាជន​ត្រូវបាន​ចាប់បង្ខំ​ឱ្យ​រៀបការ​នៅ​ទូទាំង​ប្រទេស ​កម្ពុជា ​ក្នុង​អំឡុង​ពេល​នៃ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ពី​ឆ្នាំ ១៩៧៥ ដល់​ឆ្នាំ ១៩៧៩។ គោល​នយោបាយ​នេះ​បានធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​បាន​រង​គ្រោះ និង​ទទួល​រង​នូវ​ព្យសនកម្ម។ គោល​ដៅ​នៃ​គោល​នយោបាយ​ស្តីពី​បទបញ្ជា​រៀបការ​គឺ ដើម្បី​បង្កើន​ចំនួន​ប្រជាជន​ដើម្បី​គ្រប់គ្រង​ទំនាក់​ទំនង​ផ្លូវភេទ​ក្រៅ​អាពាហ៍​ពិពាហ៍។

ទោះបីជា​យ៉ាងណាក៏ដោយ លោក នេត្រ ភក្ត្រា ថ្លែងថា៖ «ជន​រង​គ្រោះ​ដែល​បាន​ដាក់​ពាក្យ​បណ្តឹង​ពាក់ព័ន្ធ​នឹង​អង្គហេតុ​រៀប​អាពាហ៍​ពិពាហ៍​ដោយ​បង្ខំ​មាន​ចំនួន ៧៧៦ នាក់។ ជន​ជាប់​ចោទ នួន ជា និង ​ខៀវ សំផន ត្រូវ​បាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​រក​ឃើញ​ថា មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​បទ​ចោទ​នេះ​ក្នុង​សំណុំ​រឿង ០០២/០។ បុរស​ និង​ស្ត្រី​ ជាច្រើន​ត្រូវ​បាន​ចាប់​បង្ខំ​ឱ្យ​រៀបការ​នៅ​ក្នុង​របប​ខ្មែរក្រហម»៕