ភ្នំពេញៈ សមាគម​បណ្ដាញ​យុវជន​កម្ពុជា​ (Cambodian Youth Network [CYN) បានចេញ​របាយការណ៍​ស្រាវជ្រាវ​មួយ​កាលពី​ថ្ងៃ​អង្គារ​កន្លងមក​នេះ​ដោយ​បង្ហាញថា គម្រប​ព្រៃឈើ​ប្រមាណ​ ៣ ​ពាន់​ហិកតា ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ ព្រៃឡង់ ក្នុង​ខេត្ត​ស្ទឹងត្រែង​ និង​ខេត្ត​ព្រះវិហារ​កំពុង​រង​ការគំរាមកំហែង​ និង​ត្រូវ​បាត់បង់​ដោយ​ហេតុការណ៍​កាប់​ទន្ទ្រាន​ដីព្រៃ​យ៉ាង​អាថ៌កំបាំង​កើតឡើង​តាំងពី​ឆ្នាំ​ ២០១៨ រហូត​ដល់​ដើម​ឆ្នាំ​ ២០១៩ នេះ​។

ការចេញផ្សាយ​របាយការណ៍​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​បណ្ដាញ​យុវជន​កម្ពុជា​កាលពី​ខែ​កក្កដា​ដល់​ខែសីហា​ឆ្នាំ​ ២០១៩ បាន​ចុះ​ស៊ើបអង្កេត​ និង​ស្រាវជ្រាវ​ស្ដីអំពី​ការកាប់ឈើ​ និង​ការទន្ទ្រាន​យក​ដីព្រៃ​ខុសច្បាប់​ស្ថិត​ក្នុង​ដែនជម្រក​សត្វព្រៃឡង់​ដែល​ទីតាំង​ស្រាវជ្រាវ​នេះ ធ្វើ​ឡើង​នៅក្នុង​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង និង​ស្រុក​ឆែប ខេត្ត​ព្រះវិហារ​។

នៅ​អំឡុង​ចុះ​ស្រាវជ្រាវ ក្រុមនិស្សិត​បាន​សម្ភាស​ជាមួយ​ពលរដ្ឋ​ក្នុង​តំបន់ អ្នក​ទន្ទ្រាន​ដីព្រៃ អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ដើរល្បាត​លើ​ផ្ទៃដី​ទំហំ​ ១ ៧៦១ ​ហិកតា ការ​បង្ហោះ​ត្រូន​ពី​លើ​អាកាស ថត​អំពី​សកម្មភាព​ទន្ទ្រាន​ដីព្រៃ ការចុះ​ចុច​ជីភីអេស​ (GPS) ​និង​ការចុះពិនិត្យ​ផ្ទាល់​ដល់​ទីតាំង​ទន្ទ្រាន​ដីព្រៃ​ជាក់ស្ដែង​ជាដើម​។

ពួកគេ​បាន​រកឃើញ​ថា ដីព្រៃ​ក្នុង​ដែនជម្រក​សត្វព្រៃឡង់​ក្នុង​ខេត្ត​ទាំង​ ២ ​នោះ​ គឺ​ត្រូវ​បាន​គេ​កាប់​ទន្ទ្រាន​រួចរាល់​ជា​ប្រឡោះៗ​ជាច្រើន​ទីតាំង ដោយសារ​បាន​ពិនិត្យ​មាន​ការបាញ់ថ្នាំ​លើ​ដើមឈើ និង​ការកាប់​ដាក់​តម្រុយ​ដើម្បី​កំណត់​ក្បាលដី និង​ការត្រួសត្រាយ​ជើង​ក្រោម​ស្ទើរ​គ្រប់​តំបន់​។

របាយការណ៍​បាន​ឲ្យ​ដឹងថា ទំហំ​គម្រប​ព្រៃឈើ​ដែល​កំពុង​ទទួលរង​ការគំរាមកំហែង​ និង​ការបាត់បង់​អាច​មាន​ទំហំ​រហូត​ដល់​ប្រមាណ​ ៣០០០ ​ហិកតា ដោយសារ​តែ​ការកាប់រាន​មាន​ទាំង​ក្នុង​ និង​ក្រៅ​តំបន់​ដែល​បាន​ស៊ើបអង្កេត​ទំហំ​ ១ ៧៦១ ​ហិកតា​ ដែល​ចុះ​ល្បាត​ខាងលើ​។

របាយការណ៍​បន្តថា ដីព្រៃ​ក្នុង​ដែនជម្រក​សត្វព្រៃ​ឡង់​ទាំងនោះ​ត្រូវ​កាប់​ទន្ទ្រាន​ដោយ​ប្រជាពលរដ្ឋ​ចំណាកស្រុក ជន​មិនទាន់​ស្គាល់​អត្តសញ្ញាណ ហើយ​ក៏​មាន​អ្នកភូមិ​ខ្លះ​ដែរ ដើម្បី​ធ្វើ​ដី​ទាំងនោះ​ទៅ​ជា​ដី​សម្រាប់​ដាំ​ដំណាំ​កសិឧស្សាហកម្ម ដូចជា​ដាំ​ចម្ការ​ដំឡូង និង​ចម្ការ​ចន្ទី​។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹងថា ការទន្ទ្រាន​ដីព្រៃ​នេះ​គឺ​កើតឡើង​បន្ទាប់ពី​ព្រៃឡង់​ត្រូវ​បាន​រដ្ឋាភិបាល​បង្កើត​ទៅ​ជា​ដែនជម្រក​សត្វព្រៃឡង់​កាលពី​ឆ្នាំ​ ២០១៦ ដែល​ផ្លាស់ប្ដូរ​ពី​ការគ្រប់គ្រង​ និង​អភិរក្ស​របស់​ក្រសួង​កសិកម្ម​ទៅ​ឱ្យ​ក្រសួង​បរិស្ថាន​ជំនួស​វិញ​។

លោក ស ម៉ូរី អនុប្រធាន​បណ្ដាញ​យុវជន​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា តាម​ការសម្ភាស​ជាមួយ​ប្រជាពលរដ្ឋ​គឺ​ការកាប់​ព្រៃ​ទន្ទ្រាន​យក​ដី​ក្នុង​ដែនជម្រក​សត្វព្រៃ​នេះ កើតឡើង​ខ្លាំង​ជាង​គេ​នៅ​អំឡុង​ខែ​ ៥-៦ ​ឆ្នាំ​ ២០១៩ ស្របពេល​ប្រជាសហគមន៍​នៅតែ​រាយការណ៍​មក​ថា ទីតាំង​ដែល​ក្រុម​យុវជន​បាន​ចុះទៅ​ស្រាវជ្រាវ​គឺ​នៅ​តែ​មាន​សកម្មភាព​ទន្ទ្រាន​យក​ដីព្រៃ​នៅឡើយ​មក​ដល់​ពេលបច្ចុប្បន្ន​នេះ​។

លោក ស ម៉ូរី បានបង្ហាញ​ការព្រួយបារម្ភ​ថា ក្នុង​ទំហំ​ផ្ទៃដី​ប្រមាណ​ ៣ ​ពាន់​ហិកតា ​ដែល​ត្រូវបាន​ទន្ទ្រាន​យក​ជា​ប្រឡោះៗ​ដែល​កន្លែង​ខ្លះ​មាន​ទំហំ​រាប់រយ​ហិកតា​នឹង​អាច​ត្រូវបាន​កាប់​ព្រៃ​បន្ថែម​ទៀត ដើម្បី​ពន្លាត​ផ្ទៃដី​នោះ​ឱ្យ​ជាប់​គ្នា ប្រសិន​បើ​ក្រសួងបរិស្ថាន និង​អាជ្ញាធរ​ពាក់ព័ន្ធ​មិនមាន​វិធានការ​ទប់ស្កាត់​ឱ្យបាន​ទាន់ពេល​ទេនោះ​។

យុវជន​រូបនេះ​អះអាង​ថា​កាលពី​ថ្ងៃទី​ ១៧ ខែ​តុលា​ បណ្ដាញ​យុវជន​កម្ពុជា បានដាក់​របាយការណ៍​ស្រាវជ្រាវ​នេះ​អម​ជាមួយ​រូបភាព និង​វីដេអូ​ដែលជា​ភ័ស្ដុតាង​បង្ហាញ​អំពី​ការទន្ទ្រាន​ដីព្រៃ​ក្នុង​ដែនជម្រក​សត្វព្រៃឡង់​ទៅ​កាន់​ក្រសួង​បរិស្ថាន​។

លោក ម៉ូរី ថ្លែងថា​៖ «​ការព្រួយបារម្ភ​របស់​យើង ប្រសិន​មន្ត្រី​ឧទ្យានុរក្ស​ និង​ក្រសួងបរិស្ថាន​មិន​ចាត់វិធាន​ការទប់ស្កាត់ ការកាប់​ទន្ទ្រានព្រៃ​ក្នុង​តំបន់​ហាមឃាត់​ឱ្យ​ទាន់​ពេលវេលា​ទេ ទំហំ​ដី​ប្រមាណ​​ ៣ ​ពាន់​ហិកតា​ មិន​យូរ​មិនឆាប់​នឹង​ត្រូវគេ​កាប់​ផ្ដួល​ដើមឈើ​បន្ថែម ដើម្បី​ពន្លាត​ឱ្យ​ជាប់​គ្នា​តែម្ដង​»​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ឲ្យ​ដឹងថា​ក្នុង​នាម​ជា​ក្រសួង​មិន​ចង់​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​របាយការណ៍​របស់​ក្រុមយុវជន​នេះ​ទេ ប៉ុន្តែ​ក្រសួង​បរិស្ថាន​មាន​ការតាំង​ចិត្ត​ខ្ពស់​ក្នុង​ការទប់ស្កាត់​ការទន្ទ្រាន​ដីព្រៃ​តំបន់​ការពារ​ធម្មជាតិ​។

អ្នកនាំពាក្យ​រូបនេះ​ឲ្យ​ដឹងថា​៖ «​ក្រសួងបរិស្ថាន​មាន​ការតាំងចិត្ត​ខ្ពស់​ក្នុង​ការបង្ក្រាប ទប់ស្កាត់ ការកាប់​ឆ្ការ​រុករាន​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​តំបន់​ការពារ​ធម្មជាតិ ហើយ​ក្រសួង​បាន​ដកហូត​មក​វិញ​នូវ​ដី​ដែល​បាន​មកពី​ការទន្ទ្រាន​ខុសច្បាប់​មក​ធ្វើ​ជា​សម្បត្តិ​រដ្ឋ​វិញ​។ ជនល្មើស​មួយចំនួន​ត្រូវ​បាន​ចងក្រង​សំណុំ​រឿង​បញ្ជូន​ទៅ​ជំនុំជម្រះ​កី្ដ​ដោយសារ​ទន្ទ្រាន​ដីធ្លី​ខុសច្បាប់​»​។

លោក ម៉ែន គុង អ្នកនាំពាក្យ​ខេត្ត​ស្ទឹងត្រែង​បាន​ឲ្យ​ដឹងថា ខេត្ត​មិន​បាន​ទទួល​របាយការណ៍​របស់​បណ្ដាញ​យុវជន​នេះ​ឡើយ ប៉ុន្តែ​លោក​បញ្ជាក់​ថា​កាលពី​អំឡុង​ខែ​តុលា សាលាខេត្ត​បាន​បើក​កិច្ចប្រជុំ​ផ្ទៃក្នុង​មួយ ហើយ​បាន​សម្រេច​ចាត់​មន្ត្រី​ជំនាញ​ដែល​ជា​កម្លាំង​របស់​គណៈបញ្ជា​ឯកភាព​ខេត្ត​ឱ្យ​ចុះ​ទៅ​ស្រាវជ្រាវ​អំពី​ភាពអសកម្ម​ទាំងឡាយ​ដែល​ធ្វើឱ្យ​មាន​ការកាប់​ទន្ទ្រាន​ដីព្រៃ នាំ​ឱ្យ​ខូចខាត​ធនធាន​ធម្មជាតិ​ព្រៃឈើ​នៅក្នុង​តំបន់​ព្រៃឡង់​នេះ​។

លោក​បន្ត​ថា​ការបើក​កិច្ចប្រជុំ​ផ្ទៃ​ក្នុង​នោះ​គឺ​បាន​ធ្វើឡើង បន្ទាប់ពី​សាលាខេត្ត​បាន​ទទួល​សេចក្ដី​រាយការណ៍​ពី​ក្រសួងបរិស្ថាន និង​ពី​ប្រជាសហគមន៍​ដែល​អះអាង​ថា មាន​ការកាប់​ទន្ទ្រាន​ដីព្រៃ​នេះ ហើយ​លោក​ថា​មក​ដល់​ពេល​នេះ​ក្រុមមន្ត្រី​ជំនាញ​ក៏បាន​រកឃើញ​​ទីតាំង​មួយ​ចំនួន​ និង​កំពុង​កំណត់​អត្តសញ្ញា​រួចហើយ​ដែល​មាន​ការកាប់​ទន្ទ្រាន​ដីព្រៃ​។

លោក​ថា​៖ «​ជាគោលការណ៍​របស់​ឯកឧត្តម​អភិបាលខេត្ត​គឺ​លោក​ត្រូវតែ​ទប់ស្កាត់​ឱ្យ​បាន ហើយ​ប្រសិន​បើ​រកឃើញ​គឺ​ត្រូវ​ចាប់​មេខ្លោង ដើម្បី​អនុវត្ត​តាម​វិធានការ​ច្បាប់ ហើយ​ដក​មក​វិញ​នូវ​រាល់​ដីព្រៃ​ដែល​គាត់​កាប់​ទន្ទ្រាន​ដោយ​ខុសច្បាប់​ហ្នឹង​»​។

លោក ស ម៉ូរី បញ្ជាក់​ថា​មូលហេតុ​ដែល​បណ្ដាញ​យុវជន​កម្ពុជា​ចុះ​ស្រាវជ្រាវ​នៅ​ដែនជម្រក​សត្វព្រៃឡង់​ក្នុង​ខេត្ត​ស្ទឹងត្រែង​ និង​ខេត្តព្រះវិហារ​នេះ​គឺ​ដោយសារ​ខេត្ត​ទាំង​ ២ មានការ​កាប់​ព្រៃឈើ​ទន្ទ្រាន​យក​ដី​ទ្រង់ទ្រាយ​ធំ​ជាង​ខេត្ត​ចំនួន​ ២ ​ផ្សេង​ទៀត​នៃ​តំបន់​ព្រៃឡង់​ដូចជា​ខេត្តក្រចេះ និង​កំពង់ធំ​។

លោក​បាន​បន្ថែមថា​ក្នុង​ការចុះ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​នេះ ក្រុមយុវជន​ក៏បាន​សង្កេត​ឃើញ​មាន​ករណី​បរបាញ់​សត្វព្រៃ​កើតឡើង​ជាច្រើន​ករណី​ក្នុង​ដែនជម្រក​សត្វព្រៃឡង់​នេះដែរ​៕