ភ្នំពេញៈ លោក​ ឆាំង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ (DC-Cam) ចាត់ទុក​ឯកសារ​ថ្មី​ស្តីអំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​សហសម័យ​ជាពិសេស​ក្នុងសម័យ​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​បានផ្តល់​ដោយ​លោក​ ហូលីយ៉ូអេ ហេល ដ្រែស ថា​វា​មានតម្លៃ​ជា​ឯកសារ​ប្រវត្តិសាស្ត្រ​ដ៏មាន​តម្លៃ និង​សំខាន់ សម្រាប់​សង្គម​សព្វថ្ងៃ ជាពិសេស​សាធារណជន​អ្នកស្រាវជ្រាវ សិស្សានុសិស្ស និង​គ្រូបង្រៀន​ប្រើប្រាស់​។

ការថ្លែង​របស់​លោក​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក​ ឆាំង យុ បាន​ធ្វើឡើង​បន្ទាប់ពី​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​ទទួល​ឯកសារ​ថ្មី​ស្តីអំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​សហ​សម័យ​។ ជាពិសេស​ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​ ប៉ុលពត ដែល​ទទួលបាន​ពី​លោក​ហេលដ្រែស ដែល​ជា​អតីត​លេខា​ផ្ទាល់ និង​ជា​អ្នកសរសេរ​ជីវប្រវត្តិ​របស់​អតីត​ព្រះមហាវីរក្សត្រ​ព្រះបាទ​នរោត្តម សីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​សិក្សា​អំពី​ទស្សនវិជ្ជា​ប្រវត្តិសាស្ត្រ និង​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​ម៉ូណាស​។

លោក​ ឆាំង យុ បាន​ថ្លែងថា​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​ទទួល​ឯកសារ​ថ្មី​ស្តីអំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​សហសម័យ​ដែល​រួមមាន រូបភាព សៀវភៅ ក្រដាស ខ្សែភាពយន្ត ជា​រូបថត​ជា​វត្ថុ CDs, Picture Frames និង​ឯកសារ​សិក្សា​ស្រាវជ្រាវ​សម័យ​ខ្មែរក្រហម​ដែល​មាន​ទម្ងន់​ប្រមាណ​​ ១ ​តោន​ និង​ ៥៨០ ​គីឡូក្រាម​កាលពី​ថ្ងៃទី​ ៦ ខែធ្នូ​។ ឯកសារ​ប្រវត្តិសាស្ត្រ​នេះ​នឹង​ចូលរួម​ចំណែក​នៅក្នុង​ការអប់រំ​យុវជន​ និង​សិស្សានុសិស្ស អ្នក​ស្រាវជ្រាវ និង​សាធារណជន​នឹង​ជួយ​បង្កើន​ការបង្រៀន​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​នឹង​ថែរក្សា​វា​តាមរបៀប​ថតចម្លង​ឌីជីថល​ និង​ធ្វើការ​ចែកចាយ​ទៅតាម​ការិយាល័យ​ស្រាវជ្រាវ​របស់​យើង​ដែល​បាន​ធ្វើ​ការសហការ​ជាមួយ​ក្រសួង​អប់រំ​ក្នុង​មជ្ឈមណ្ឌល​ទាំង​ ៦ ​នៅក្នុង​ប្រទេស ​កម្ពុជា​។ យើង​ស្កេន​ និង​ថត​ និង​ចម្លង​វា​ហើយ​ដាក់ចូល​ទៅក្នុង​ប្រព័ន្ធ​កុំព្យូទ័រ ហើយ​នឹង​ចែកចាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​សាធារណជន​អាច​មើល និង​ប្រើប្រាស់​បាន​។ ឯកសារ​ទាំងអស់​នេះ​យើង​មិន​ធ្វើការ​វិភាគ​ទេ​គឺ​យើង​រក្សាទុក​ភាព​ដើម​របស់​វា ដើម្បី​សម្រួល​ដល់​ការធ្វើការ​ស្រាវជ្រាវ​របស់​សាធារណជន សិស្សានុសិស្ស និង​គ្រូបង្រៀន​ផង​»​។

លោក​បន្ថែមថា​៖ «​ឯកសារ​ទាំងអស់​ដែល​ទាក់ទង​នឹង​សម័យ​ប៉ុលពត​សុទ្ធតែ​មាន​តម្លៃ​ដោយសារ​វា​ធ្វើឲ្យ​យើង​យល់​កាន់តែ​ច្បាស់​ថា មូលហេតុ​អ្វី​បានជា​របប​ប៉ុលពត​មាន​រូបរាង​ និង​ឡើងកាន់​អំណាច​សម្លាប់​ប្រជាជន​កម្ពុជា​ប្រមាណ​ ២ ​លាន​នាក់​។ ឯកសារ​នេះ​គឺជា​បំណែក​នៃ​សាច់រឿង​ទាំងស្រុង​។ ដូច្នេះហើយ​វា​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ និង​សង្គម​យើង​សព្វថ្ងៃ​»​។

លោក​បាន​ឲ្យ​ដឹង​ដែរ​ថា ឯកសារ​ប្រវត្តិសាស្ត្រ​ខាងលើ​នេះ​មាន​ប្រភព​មកពី​ស្ថាប័ន​សន្តិសុខ ក្រសួង​ការបរទេស វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់​មកពី​ប្រទេស​អូស្ត្រាលី អង់គ្លេស កាណាដា បារាំង ន័រវែស ស៊ុយអែត និង​ប្រទេស​ស្វ៊ីស​។

លោក​ ហូលីយ៉ូអេ ហេលដ្រែស បាន​ថ្លែងថា លោក​បាន​ចាប់អារម្មណ៍​ប្រទេស​ កម្ពុជា​ ចាប់តាំងពី​លោក​វ័យក្មេង​។ លោក​ចាប់ផ្តើម​ធ្វើការ​ស្រាវជ្រាវ​ពី​ប្រវត្តិ​កម្ពុជា​ពី​បុគ្គល​ផ្សេងៗ​ជុំវិញ​ពិភពលោក​។

លោក​ថា​ អតីត​ព្រះមហាវីរក្សត្រ​ព្រះបាទ​នរោត្តម សីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គឺជា​បុគ្គល​ទី​ ១ ដែល​បាន​ផ្តល់​បណ្ណាល័យ​ព័ត៌មាន​ជូន​រូបលោក​។ លោក​បាន​ចំណាយពេល​ស្ទើរតែ​មួយជីវិត​ដែល​មាន​រយៈពេល​ប្រមាណ​ជាង​ ៥០​ ​ឆ្នាំ​ដើម្បី​សិក្សា​ស្រាវជ្រាវ​ប្រមូល​ឯកសារ​ប្រវត្តិសាស្ត្រ​ទាំងនេះ ដោយសារ​តែ​លោក​មាន​ការចាប់អារម្មណ៍​ទៅលើ​ប្រវត្តិសាស្ត្រ​កម្ពុជា​។ ជាពិសេស​ប្រាសាទបុរាណ របបរាជានិយម និង​ការប្រាស្រ័យ​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​រវាង​អតីតព្រះមហាក្សត្រ​ជាមួយ​ប្រជាពលរដ្ឋ​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​គិតថា​ផ្តល់​ឲ្យ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដោយសារ​វា​គឺជា​មជ្ឈមណ្ឌល​តែ​ ១ ​គត់​ដែលមាន​ធនធាន​បុគ្គល ដើម្បី​ថែរក្សា​ឯកសារ សៀវភៅ​ប្រវត្តិសាស្ត្រ​នេះ​ដែល​ជា​ផលប្រយោជន៍​សម្រាប់​អ្នកសិក្សា​ស្រាវជ្រាវ និង​សិស្សានុសិស្ស​នៅ​កម្ពុជា​»៕