ភ្នំពេញៈ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (DC-Cam) ​កាលពី​ថ្ងៃ​ចន្ទ​បានប្រគល់​រូបថត និង​ឯកសារ​ចំនួន ២២០ ​ទំព័រ​ទៅឱ្យ​កូនស្រី​របស់​មន្ត្រី​ខ្មែរក្រហម​ម្នាក់​ដែល​ត្រូវគេ​សម្លាប់​នៅ​គុក​ទួលស្លែង​ពី​ទោស​ក្បត់​អង្គការ​។

អ្នកស្រី សេក សាយ ដែល​មាន​ឪពុក​ជា​អតីតមន្ត្រី​ខ្មែរក្រហម​គឺ​តាំងពី​របប​ខ្មែរក្រហម​ត្រូវបាន​ផ្ដួលរំលំ​មក អ្នកស្រី​តែង​ស្វែងរក​ដំណឹង​ពី​ឪពុក ដោយសារ​តែ​មិន​ជឿថា ឪពុក​បាន​ស្លាប់​ក្នុង​គុក​ទួលស្លែង​ឡើយ​។

លោក ឆាំង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​ឲ្យ​ដឹង​នៅក្នុង​អ៊ីមែល​មួយ​ថា​លោក សេក សាត ហៅ​ នីន និង​ឈ្មោះ​ក្នុង​បដិវត្តន៍​ហៅ​ប្រាក់​គឺជា​ប្ដី​របស់​ស្ដ្រី​ពកូន​នៅក្នុង​រូបថត​ដ៏ល្បីល្បាញ​មួយ​សន្លឹក​នៅ​សារមន្ទីរ​គុក​ទួលស្លែង​ «​ស​២១»​។ លោក​ថា គាត់​គឺ​មាន​កូន​ចំនួន ៣ ​នាក់​ហើយ​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​ ១៣ ​ឧសភា​ ១៩៧៨ ​ជាមួយ​ប្រពន្ធ និង​កូន​ម្នាក់​។

លោក ឆាំង យុ សរសេរថា​៖ «​លោក​ សេក សាត ​គឺមាន​អាយុ​ ៣៥ ​ឆ្នាំ និង​ជា​អ្នកទទួល​បាន​ការអប់រំ​នៅក្នុង​រាជធានី​ភ្នំពេញ និង​បាន​ចូលរួម​ជាមួយ​ខ្មែរក្រហម​នៅ​ដើមឆ្នាំ​ ១៩៧០ ​រហូត​ទទួលបាន​តួនាទី​ជា​លេខា​ភូមិភាគ ២៥ ក្រោម​ការដឹកនាំ​ដោយ​លោកតា​ម៉ុក​។ គាត់​ (​សេក សាត​) បាន​បន្សល់​ទុក​នូវ​ឯកសារ​សារភាព​យ៉ាង​លម្អិត​ចំនួន ២២០ ​ទំព័រ​»​។

លោក ​សោម ប៊ុនថន ប្រធាន​ក្រុម​ទស្សនាវដ្ដី អ្នកស្វែងរក​ការពិត​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ឲ្យ​ដឹងថា លោក សាត រួមទាំង​ប្រពន្ធ និង​កូន​គឺ​ត្រូវបាន​ខ្មែរ​ក្រហម​សម្លាប់​នៅក្នុង​គុកទួលស្លែង ដោយសារ​ត្រូវ​ចោទ​ពីបទ ក្បត់​អង្គការ ហើយ​បើ​តាម​ឯកសារ​សារភាព​ទាំង​ ២២០ ​ទំព័រ​របស់​លោក សេក សាត ក៏​បាន​អះអាងថា លោក​មាន​គម្រោង​ចង់​រត់​ទៅ​ប្រទេស​វៀតណាម​។

កាលពី​ថ្ងៃ​ចន្ទ​លោក សោម ប៊ុនថន រួមជាមួយ​ក្រុមការងារ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​នាំយក​រូបថត​ចំនួន​ ១០ និង​រូបថត​ផ្ដិត​ជា​រូប​ធំ​ដាក់​ក្នុង​ស៊ុម​ចំនួន ២ ដែលជា​រូប​របស់​លោក សេក សាត និង​ប្រពន្ធ​ឈ្មោះ ចាន់ គឹមស្រ៊ុន ទៅ​ប្រគល់​ឱ្យ​កូនស្រី​ឈ្មោះ សេក សាយ ដែល​សព្វថ្ងៃ​កំពុង​រស់នៅ​ភូមិ​ព្រៃនូក ឃុំ​ស្ទំក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។

លោក​ថា​៖ «​យើង​បាន​យក​ (​រូបថត​ និង​ឯកសារ​) ​ទៅជូន​គាត់​ដល់ផ្ទះ ដោយសារ​យើង​គិតថា វា​មាន​សារៈសំខាន់ ព្រោះ​គាត់​បាន​ស្វែងរក និង​ទន្ទឹងរង់ចាំ​យូរ​ដោយសារ​គិតថា ឪពុក​របស់​គាត់​នៅរស់​។ យើង​បាន​យក​ទៅ​ឱ្យ​គាត់ ដើម្បី​ជា​ដំណឹង​មួយ​សម្រាប់​គាត់​ដើម្បី​ប្រាប់​ទៅ​កូនៗ​អំពី​រឿងរ៉ាវ​របស់​ជីតា​»​។

លោក ប៊ុនថន បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​ដឹងថា អ្នកស្រី សេក សាយ គឺជា​កូនស្រី​របស់​លោក​ សេក សាត ហៅ​ ប្រាក់ គឺ​ដោយសារ​កាលពី​អំឡុង​ខែកញ្ញា​កន្លង​ទៅ​នេះ​អ្នកស្រី សេក សាយ ​ត្រូវបាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​អញ្ជើញ​មក​ចូលរួម​ក្នុង​កម្មវិធី​មួយ​ដែល​ជា​ការជួបជុំ​របស់​ក្រុម​អ្នក​រស់រាន​មាន​ជីវិត​នៅក្នុង​សម័យ​ខ្មែរក្រហម និង​អ្នក​ធ្លាប់​បម្រើ​ការងារ​នៅក្នុង​គុក​ទួលស្លែង ដើម្បី​ចែករំលែក​អំពី​ប្រវត្តិ​ធ្លាប់​រស់នៅ​ និង​ការងារ​តស៊ូ​ក្នុងសម័យ​ខ្មែរក្រហម​។

លោក​បន្តថា អំឡុង​កម្មវិធី​នោះ​គឺ​អ្នកស្រី សេក សាយ បាន​ឡើង​និយាយ​អំពី​ប្រវត្តិ​គ្រួសារ​នៅក្នុង​សម័យ​ខ្មែរក្រហម​ហើយ​ក្រោយមក​ក្រុមការងារ​របស់​មជ្ឈមណ្ឌល​បាន​ជួយ​អ្នកស្រី ស្វែង​រកឃើញ​រូបថត​របស់​លោក សេក សាត ហៅ​ប្រាក់ និង​ឯកសារ​ឆ្លើយ​សារភាព​របស់​លោក សេក សាត ​ដែល​រៀបរាប់​តាំងពី​ប្រវត្តិ​ការងារ​រហូត​ដល់ពេល​ត្រូវបាន​ចាប់ខ្លួន​។

ចំណែក​អ្នកស្រី សេក សាយ អាយុ​ ៥២ ​ឆ្នាំ​ដែល​មានកូន​ចំនួន​ ៥ ​នាក់​និយាយថា អ្នកស្រី​បាន​អស់សង្ឃឹម​ទាំងស្រុង​នៅពេល​ដឹង​ការពិត​ជុំវិញ​ការស្លាប់​របស់​ឪពុក​នៅក្នុង​គុក​ទួលស្លែង ព្រោះ​កន្លងមក​អ្នកស្រី​តែង​ស្វែងរក​ដំណឹង​ឪពុក​ជានិច្ច​ទាំង​ការ​ទៅ​ស្វែងរក​តាម​ខេត្ត​ផ្សេង​ និង​ការស្វែងរក​តាមរយៈ​ផ្សព្វផ្សាយ​តាម​វិទ្យុ និង​ទូរទស្សន៍​ដោយសារ​យល់ថា​ឪពុក​កំពុង​នៅរស់​ដោយ​គេចខ្លួន​នៅ​កន្លែង​ណាមួយ​។

អ្នកស្រី​ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​រន្ធត់​ហើយ​មិន​នឹកស្មានថា ឪពុក​ខ្ញុំ​ស្លាប់​នៅ​កន្លែង​ហ្នឹង​ (​គុក​ទួលស្លែង​) ​សោះ​»​។ អ្នកស្រី សាយ ​គឺជា​កូនច្បង ក្នុង​ចំណោម​បងប្អូន​ប្រុស​ស្រី​ចំនួន​ ៣ ​នាក់​។

អ្នកស្រី​ សាយ ​ថ្លែងថា អ្នកស្រី​បាន​បែក​ចេញ​ពី​ឪពុកម្ដាយ​តាំងពី​អាយុ​ ១១ ​ឆ្នាំ នៅក្នុង​សម័យ​ប៉ុលពត​ឆ្នាំ​ ១៩៧៧ ដោយ​ទៅ​រស់នៅ និង​ធ្វើការ​ជាមួយ​ក្មេងៗ​ដទៃទៀត​។ អ្នកស្រី​បន្ថែមថា ប្អូនស្រី​ទី​ ២ ​ឈ្មោះ សេក ញឹក គឺ​បាន​ស្លាប់​ជាមួយ​យាយ​ដោយសារ​អត់​អាហារ និង​កើត​ជំងឺ​កញ្ជ្រឹល ក្រោយពី​របប​ប៉ុលពត​ត្រូវ​បាន​ផ្តួលរំលំ​ភ្លាមៗ​ក្នុង​ឆ្នាំ​ ១៩៧៩ ចំណែក​ប្អូនប្រុស​ពៅ​មិន​ចាំ​ឈ្មោះ គឺ​ត្រូវ​បាន​ប៉ុលពត​សម្លាប់​នៅ​ជាមួយ​ម្ដាយ​នៅ​គុក​ទួលស្លែង​។

បើ​តាម​លោក សោម ប៊ុនថន កាលពី​ឆ្នាំ​ ២០០៥ ​អ្នកស្រី​ សាយ ​បានដឹងថា ម្ដាយ​ឈ្មោះ ចាន់ គឹមស្រ៊ុន គឺ​ត្រូវបាន​សម្លាប់​នៅក្នុង​គុក​ទួលស្លែង បន្ទាប់ពី​ដឹង​ដំណឹង​តាមរយៈ​ការផ្សាយ​របស់​ទស្សនាវដ្ដី​អ្នកស្វែងរក​ការពិត ប៉ុន្តែ​មិនបាន​ដឹងថា ឪពុក​របស់​អ្នកស្រី​ក៏ត្រូវ​បានសម្លាប់​នៅក្នុង​គុក​ទួលស្លែង​ឡើយ ដោយសារ​ពេលនោះ អ្នកស្រី​ស្គាល់​ឪពុក​ត្រឹម​ឈ្មោះ​ប្រាក់​ជា​ឈ្មោះ​គេ​ហៅ​ក្នុង​សម័យ​ខ្មែរក្រហម និង​មិន​ចាំ​ឈ្មោះ​ពេញ​ថា សេក សាត ឡើយ​៕