ភ្នំពេញ៖ ខណៈ​ដែល​សិស្ស​ត្រូវ​បាន​អនុញ្ញាត​​ឱ្យ​ឈប់​សម្រាក​វិស្សមកាល​តូច​ មុន​ពេល​កំណត់ បន្ទាប់​ពី​មាន​​ការ​រាតត្បាត​នៃ​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី ដែល​ហៅ​កូវីដ​ ១៩ E-School Cambodia ដែល​ជា​គេហទំព័រ​​​បើក​បង្រៀន​កួរ​តាម​អនឡាញ (Online) ​របស់​ក្រុមហ៊ុន​ឯកជន​មួយ បាន​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ បាន​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​សិក្សា​តាម​អនឡាញ​ដោយ​ឥតគិត​ថ្លៃ ​ដល់​សិស្ស​ចាប់​ពី​ថ្នាក់​ទី ១ ​ដល់​ថ្នាក់​ទី ១២ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​នេះ​។

សេចក្តី​ប្រកាស​របស់​ E-School Cambodia ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាល​ពី​ថ្ងៃ​អង្គារ​បញ្ជាក់​ថា៖ «ជាក់​ស្តែង​តាមរយៈ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម ហ៊ុន ម៉ានី នៅ​ក្នុង​កាលៈទេសៈ​នេះ សាលា​រៀន​ ត្រូវ​ផ្អាក​ក៏​ដោយ​តែ​សិស្សានុសិស្ស ​ក៏​អាច​សិក្សា​បន្ថែម​តាមរយៈ App នូវ​​​មុខ​វិជ្ជា​សំខាន់​ៗ​ជាមួយ​សាស្ត្រាចារ្យ​ល្បី ថែម​ទាំង​អាច​សាកសួរ​សំណួរ​បាន​ទៀត​ផង»។

សេចក្តី​ប្រកាស​បញ្ជាក់​ថា មុខ​វិជ្ជា​ដែល​មាន​នៅ​ក្នុង​​ App នេះ​រួម​មាន​សម្រាប់​ថ្នាក់​ទី ​១ ​ដល់​ទី ៦ មាន​គណិតវិទ្យា ​ភាសា​​ខ្មែរ និង​អង់គ្លេស។ ថ្នាក់​ទី ​៧ ​ដល់​ទី ​៩ មាន​គណិត​វិទ្យា រូប​វិទ្យា គីមីវិទ្យា ភាសាខ្មែរ និង​អង់គ្លេស​អនុ​វិទ្យាល័យ​។ ថ្នាក់ទី​ ​១០​ ​ដល់​​ទី ​១១​ មាន​គណិតវិទ្យា រូបវិទ្យា គីមី​វិទ្យា ជីវវិទ្យា អក្សរសាស្ត្រ​ខ្មែរ អង់គ្លេស​ថ្នាក់​​វិទ្យាល័យ និង​ថ្នាក់​សិស្ស​ពូកែ​។

សម្រាប់​សិស្ស​ថ្នាក់​ទី ១២ មាន​​គណិត​វិទ្យា រូប​វិទ្យា គីមី​វិទ្យា ភាសា​ខ្មែរ ជីវវិទ្យា​ អក្សរ​សាស្ត្រ​ខ្មែរ អង់គ្លេស​ថ្នាក់​វិទ្យាល័យ ថ្នាក់​សិស្ស​ពូកែ និង​ថ្នាក់​វិញ្ញាសា​ត្រៀម​ប្រឡង​បាក់ឌុប។

លោក ឈុន ឡេង ដែល​ជា​ថ្នាក់​ដឹកនាំ​របស់​ E-School Cambodia មិន​អាច​ទាក់ទង ​ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​បាន​ទេ​កាល​ពី​ថ្ងៃ​អង្គារ។

កាល​ពី​ថ្ងៃទី ​១៣ ខែ​មីនា​ក្រសួង​អប់រំ​បាន​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​រៀន​​តាម​ប្រព័ន្ធ​​អេឡិចត្រូនិក (E-Learning) ដោយ​ឥត​គិត​ថ្លៃ​ លើ​មុខ​វិជ្ជា​ចំនួន ៦ ដែល​មាន​គណិត​វិទ្យា ប្រវត្តិ​វិទ្យា រូប​វិទ្យា គីមីវិទ្យា ជីវវិទ្យា និង​ភាសា​ខ្មែរ។ ​​សិស្ស​អាច​​រៀន​ដោយ​ខ្លួន​ឯង​តាម​បណ្តាញ​​ទំនាក់ទំនង​សង្គម ដែល​​មាន​ Facebook និង Youtube និង​គេហទំព័រ​របស់​ក្រសួង។

ក្រសួង​អប់រំ​បញ្ជាក់​ក្នុង​សេចក្តី​​​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃទី ​១៣ ខែ​មីនា​ថា៖ «កម្មវិធី​នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណង​ជំនួយ​ដល់​​ការ​សិក្សា​របស់​ប្អូនៗ​​​សិស្សានុសិស្ស​អាច​នៅ​តែ​​បន្ត​ការ​សិក្សា​បាន​ដោយ​ខ្លួន​ឯង ស្រប​​តាម​ពេលវេលា​ផ្ទាល់​ខ្លួន​​របស់​សិស្សានុសិស្ស​សម្រាប់​ជា​​ជំនួយ​ស្មារតី​ក្នុង​ការ​ត្រៀម​ប្រឡង​សញ្ញាបត្រ​​មធ្យម​សិក្សា​បឋម​ភូមិ និង​ទុតិយភូមិ»។

ក្រសួង​អប់រំ​បាន​អនុញ្ញាត​ឱ្យ​សិស្ស​​និស្សិត​​ចាប់​ពី​មតេ្តយ្យ​សិក្សា​ដល់​ឧត្តម​សិក្សា​ទាំង​រដ្ឋ​ និង​ឯកជន ឈប់​សម្រាក​ចាប់​ពី​ថ្ងៃទី​ ​១៦ ខែ​មីនា រហូត​ដល់​មាន​​ការ​ជូន​ដំណឹង​ជា​ថ្មី​ ក្រោយ​ ​ពី​ចំនួន​អ្នក​ផ្ទុក​ជំងឺ​កូវីដ ​១៩ ត្រូវ​បាន​រក​ឃើញ​ជា​បន្ត​បន្ទាប់។ ក្រសួង​បញ្ជាក់​កាល​ពី​​ថ្ងៃទី ​១៦ ​ខែ​មីនា ​ថា៖ «ក្រសួង​​សូម​លើក​​ទឹក​ចិត្ត​ដល់​មាតា​បិតា អ្នក​អាណាព្យាបាល​គ្រប់​រូប​ត្រូវ​​ជំរុញ​ឱ្យ​​កូន​ចៅ​ធ្វើ​ស្វ័យ​សិក្សា​នៅ​តាម​ផ្ទះ និង​ត្រូវ​មើល​ថែ​កូន​ចៅ និង​ចៀស​វាង​កន្លែង​មួយ​​ចំនួន ដែល​​ប្រឈម​នឹង​ការ​ឆ្លង​ខ្ពស់ ដូច​ជា៖ កន្លែង​ហែល​ទឹក​សាធារណៈ កន្លែង​ហាត់​ប្រាណ សួន​កុមារ និង​កន្លែង​ផ្សេង​ទៀត​ ​ដែល​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​​ឆ្លង​កូវីដ ១៩»។

យុវសិស្ស​ លិន សូលក្ខបញ្ញា សិស្ស​ថ្នាក់​ទី ​១២ នៅ​វិទ្យាល័យ​ទួលទំពូង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​អង្គារ​ថា បច្ចុប្បន្ន​នាង​​រៀន​ស្វ័យ​សិក្សា​ដោយ​បង្កើត​ Group chat​ ​​តាម​ប្រព័ន្ធ Skype ដោយ​មាន​គ្រូ​ចូលរួម​ក្នុង​ក្រុម​សិស្ស​​​​ផង​ដែរ​។

ពេល​​មាន​ចំណុច​ណា​មិន​យល់​ នាង​​អាច​ Chat សួរ​​​គ្រូ​បន្ថែម​ក្នុង​ក្រុម​​នេះ។ កញ្ញា​ថា ការ​រៀន​​តាម​អនឡាញ​ពេល​ខ្លះ មិន​​ប្រាកដ​ថា សិស្ស​អាច​ចាប់​បាន​​មេរៀន​ទាំង​អស់​នោះ​ទេ ដោយសារ​បច្ចេកវិទ្យា​ខ្ពស់​ពេក ហើយ​មាន​ការ​ពិបាក​សួរ​គ្រូ​នៅ​ពេល​មាន​ចម្ងល់។​

កញ្ញា​ថ្លែង​​ថា៖ «រៀន​ស្វ័យ​សិក្សា​ខ្លួន​ឯង ក៏​ប្រសើរ​ដែរ​។ និយាយ​ទៅ​យើង​​យល់​ដឹង​ពី​ខ្លួន​ឯង ហើយ​ពេល​យើង​ឆ្ងល់ ពេល​យើង​អត់​ចេះ យើង​អាច​ Chat សួរ​គ្រូ​អ៊ីចឹង។ បើ​តាម​អនឡាញ អត់​ដឹង​ថា​ ឆ្លើយ​ជាមួយ​អ្នក​ណា​ទេ ពេល​យើង​ឆ្ងល់​អ៊ីចឹង»៕