ភ្នំពេញៈ សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​មិន​ទាន់​ប្រកាស​អំពី​ការបញ្ចប់​កិច្ចព្រមព្រៀង​ជាមួយ​កម្ពុជា​នៅ​ឡើយ​ទេ​ ប៉ុន្តែ​ថា​មន្ត្រី​ជាន់​ខ្ពស់​របស់​ខ្លួន​នឹង​មក​ទស្សនកិច្ច​ក្នុង​ឆ្នាំ​នេះ ដើម្បី​ស្ទង់​មើល​ស្ថានភាព​ស្រប​ពេល​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក​ សម រង្ស៊ី ​ក៏​បាន​ថ្លែង​ថ្មីៗ​នេះ​ថា​គណៈប្រតិភូ​នៃ​ស្ថាប័ន​អន្តរជាតិ​ដ៏ធំ​មួយ​នេះ​នឹង​មក​ទស្សនកិច្ច​កម្ពុជា​ក្នុង​ខែ​នេះ​ ឬ​ដើម​ខែ​ក្រោយ​ហើយ​ថា​ពួកគេ​អាច​នឹង​បញ្ចប់​កិច្ចព្រមព្រៀង​ជាមួយ​កម្ពុជា​ដោយសារ​ប្រទេស​មួយ​នេះ​មិន​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​។

តាមរយៈ​សារ​អេឡិចត្រូនិក​ផ្ញើ​មក​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ម្សិលមិញ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប (European Union or EU) ប្រចាំ​កម្ពុជា លោក​George Edgar បាន​ឲ្យ​ដឹង​ថា​ក្រៅពី​ផ្អាក​ក្នុង​ការ​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ទៅ​លើ​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គជប​) ក្រោយ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏ធំ​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៧ ​មក​នោះ​សហភាព​អឺរ៉ុប​នៅ​បន្ត​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​។

ប៉ុន្តែ​លោក​បន្ថែម​ថា​តាម​គម្រោង​បេសកកម្ម​របស់​ខ្លួន​កាលពី​ថ្ងៃទី​ ២៦ កុម្ភៈ ឆ្នាំ​ ២០១៨ ក្រុមប្រឹក្សា​កិច្ចការបរទេស​នៃ​សហភាព​អឺរ៉ុប​បាន​ចេញ​សេចក្តីសន្និដ្ឋាន​មួយ​ស្តីពី​កម្ពុជា​រួច​ហើយ​។

សេចក្តី​សន្និដ្ឋាន​ចែង​ថា​៖ «​សហភាព​អឺរ៉ុប​គឺជា​ទីផ្សារ​នាំ​ចេញ​ដ៏ធំ​បំផុត​របស់​កម្ពុជា​។ ក្រុមប្រឹក្សា​កត់សម្គាល់​ឃើញ​ថា កម្ពុជា​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​ច្រកចូល​យ៉ាង​ពេញចិត្ត​ទៅ​ដល់​ទីផ្សារ​សហភាព​អឺរ៉ុប ក្រោម​ឃ្លា​មួយ​ថា​អ្វីៗ​ក៏​អាច​នាំចូល​បាន​លើកលែង​តែ​អាវុធ​។ ក្នុង​បរិបទ​នេះ​ក្រុម​ប្រឹក្សា​បាន​អំពាវនាវ​ជាថ្មី​សូម​ឲ្យ​គោរព​សិទ្ធិមនុស្ស និង​សេរីភាព​ជាសំខាន់​រួម​ទាំង​សិទ្ធិ​ការងារ​គឺជា​ផ្នែក​មួយ​ដ៏សំខាន់​ផង​ដែរ​នៃ​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​ និង​ជា​ការ​បញ្ជាក់​អំពី​ការផ្តល់​នូវ​ពាណិជ្ជកម្ម​ពេញចិត្ត​។ ក្រុមប្រឹក្សា​អញ្ជើញ​គណៈកម្មាធិការ​ឲ្យ​បង្កើន​នូវ​ការឃ្លាំ​មើល​ស្ថានការណ៍ និង​បង្កើន​នូវ​ទំនាក់ទំនង​ជាមួយ​កម្ពុជា​ដោយ​គិត​ទៅ​ដល់​ការផ្តល់​និយតកម្ម​របស់​សហភាព​អឺរ៉ុប​លេខ​ ៩៧៨/២០១២»​។

លោក​ George Edgar បញ្ជាក់​ថា​ជា​ផ្នែក​មួយ​នៃ​ទំនាក់ទំនង​នោះ​មន្ត្រី​ជាន់​ខ្ពស់​របស់​សហភាព​អឺរ៉ុប​នឹង​មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៨ ​នេះ​ដើម្បី​ស្ទាបស្ទង់​សភាពការណ៍​នៅ​មូលដ្ឋាន និង​ធ្វើ​អន្តរកម្ម​ជាមួយ​អាជ្ញាធរ និង​តួអង្គ​ពាក់ព័ន្ធ​ស្តីពី​ការវិវឌ្ឍ​ថ្មីៗ​។ ទោះ​ជាយ៉ាង​ណា​លោក​ឯកអគ្គរដ្ឋទូត​មិន​ធ្វើ​អត្ថាធិប្បាយ​ពិស្តារ​ទៅ​លើ​ការ​ថ្លែង​របស់​លោក​ សម រង្ស៊ី នោះ​ទេ​។

លោក​សរសេរ​ថា​៖ «​ទោះ​ជា​យ៉ាង​ណា​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រវាង​សហភាព​អឺរ៉ុប​ និង​កម្ពុជា​នៅ​មាន​ប្រសិទ្ធភាព​ហើយ​យើង​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​តាម​ផ្នែក​ផ្សេងៗ​»​។

លោក​ សម រង្ស៊ី ដែល​បច្ចុប្បន្ន​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​បាន​ថ្លែង​ពី​សភា​អឺរ៉ុប​ក្នុង​ទីក្រុង​ប្រ៊ុចសែល​ប្រទេស​បែលហ្ស៊ិក កាលពី​ថ្ងៃ​ទី​ ៥ មិថុនា ទី​ដែល​លោក​បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​សហភាព​អឺរ៉ុប​នោះ​ថា​មេដឹកនាំ​សហភាព​អឺរ៉ុប​បាន​ប្រាប់​លោក​ថា ពួកគេ​មិន​អាច​បន្ត​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​បាន​ទៀត​ទេ ដោយសារ​លោក ហ៊ុន សែន បាន​សម្លាប់​ប្រជាធិបតេយ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ឲ្យ​ចូលរួម​ការបោះឆ្នោត​ហើយ​រៀបចំ​ការបោះឆ្នោត​ក្លែងក្លាយ​។

លោក​បន្ត​ថា​៖ «​គឺ​លោក ហ៊ុន សែន បាន​សម្លាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដូច្នេះ​លោក​ ហ៊ុន សែន គាត់​ដាក់​ខ្លួន​គាត់​ក្រៅច្បាប់​របប​គាត់​ក្រៅ​ច្បាប់​នៃ​សហភាព​អឺរ៉ុប​។ សហភាព​អឺរ៉ុប​មិន​អាច​បន្ត​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​កម្ពុជា​បាន​ដូច​មុន​ទៀត​ទេ​។ កំហុស​គឺ​ដោយសារ​លោក​ ហ៊ុន សែន ប្រើ​អំណាច​ផ្តាច់ការ​សម្លាប់​លទ្ធិប្រជាធិបតេយ្យ​»​។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​ថ្លែង​ថា​រដ្ឋាភិបាល​ស្វាគមន៍​គណៈប្រតិភូ​របស់​សហភាព​អឺរ៉ុប​ដែល​ចង់​មក​ទស្សនកិច្ច និង​តាមដាន​មើល​ស្ថានភាព​នៅ​ប្រទេស​កម្ពុជា​ដើម្បី​ឲ្យ​ដឹង​ថា តើ​ស្ថានភាព​យ៉ាង​ម៉េច​ខ្លះ​ដែល​កំពុង​កើតឡើង​នៅ​កម្ពុជា ហើយ​វា​ដូច​លោក សម រង្ស៊ី និយាយ​មែន​ឬ​ទេ​?

លោក​ សុខ ឥសាន មាន​ប្រសាសន៍​ថា​៖ «​គណបក្ស​ប្រជាជន​ក៏​ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​គឺ​ស្វាគមន៍​គ្រប់​ភ្ញៀវ​អន្តរជាតិ ទាំងអស់​ដើម្បី​ឲ្យ​មក​ត្រួតពិនិត្យ​សភាពការណ៍​ជាក់ស្តែង​ដែល​កំពុង​កើត​មាន​។ អត់​មាន​ចង្អៀតចង្អល់​ដូច​ទណ្ឌិត​ សម រង្ស៊ី ថា មន្ត្រី​របស់​រាជរដ្ឋាភិបាល​មិន​ចង់​ឲ្យ​គណៈប្រតិភូ​សហគមន៍​អឺរ៉ុប​គេ​មក​មើល​នោះ​ទេ​»​។

ឆ្លើយតប​នឹង​ការអំពាវនាវ​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស លោក​ សុខ ឥសាន បញ្ជាក់​ថា​កម្ពុជា​កំពុង​គោរព​សិទ្ធិមនុស្ស ហើយ​បើ​មិន​មាន​ការគោរព​សិទ្ធិមនុស្ស​ទេ កម្ពុជា​មិន​មាន​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ច្រើន​នោះ​ទេ​៕