ភ្នំពេញៈ ក្រុមការងារ​ត្រួតពិនិត្យ​រួម​នៃ​បណ្តា​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​អំពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ហៅ​កាត់​ថា ICRG-JG របស់​ក្រុមការងារ​ហិរញ្ញវត្ថុ FATF បានកត់​សម្គាល់​ពី​កិច្ចប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការអនុវត្ត​ផែនការ​សកម្មភាព​ និង​ការដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​ស្ដីពី​ការសម្អាត​ប្រាក់​ និង​ច្បាប់​ពាក់ព័ន្ធ ទោះបី​ស្ថិតក្នុង​ស្ថានភាព​ប្រឈម​នឹង​ជំងឺ​កូវីដ​ ១៩​ ក៏ដោយ​។

ធនាគារជាតិ​នៃ​កម្ពុជា​កាលពី​ថ្ងៃទី​ ១៤ ​ខែ​កញ្ញា​បាន​រៀបចំ​កិច្ចប្រជុំ​មួយ​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ​នឹង​ក្រុមការងារ​ត្រួតពិនិត្យ​រួម​នៃ​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​អំពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ហៅ​កាត់ ICRG-JG ដើម្បី​ពិនិត្យ​ និង​ពិភាក្សា​លើ​របាយការណ៍​វឌ្ឍនភាព​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​ពាក់ព័ន្ធ​នឹង​ការប្រឆាំង​ការលាង​សម្អាត​ប្រាក់​ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន​ដល់​ការរីកសាយភាយ​អាវុធ​មហាប្រល័យ​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ធនាគារជាតិ​។

ធនាគារជាតិ​បញ្ជាក់ថា នេះ​ជា​កិច្ចប្រជុំ​លើក​ទី​៤ ជាមួយ​នឹង​ក្រុមការងារ ICRG-JG ដែល​ជា​ក្រុម​មួយ​នៃ​ក្រុមការងារ ហិរញ្ញវត្ថុ FATF​។ នៅក្នុង​កិច្ចប្រជុំ​នេះ​បាន​បញ្ជាក់​បន្ថែម​អំពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​ដែល​នៅ​សេសសល់​ដើម្បី​ឲ្យ​ក្រុម​អ្នក​វាយតម្លៃ​នៃ ICRG-JG ពិនិត្យ​លើ​របាយការណ៍​សម្រាប់​ដាក់​ជូន​មហាសន្និបាត​របស់​ក្រុមការងារ​ហិរញ្ញវត្ថុ​នៅ​ចុងខែ​តុលា​ខាងមុខ​។

កិច្ចប្រជុំ​នេះ​ចូលរួម​ដោយ​មន្ត្រី​កម្ពុជា​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន ៦០ រូប ជាមួយ​និង​ភាគី ICRG-JG ចំនួន​ ៣២ ​រូប​ ដែល​មាន​សមាសភាព​មកពី​ប្រទេស​ចិន ឥណ្ឌា ជប៉ុន អាល្លឺម៉ង់ អាមេរិក បារាំង អង់គ្លេស អូស្ត្រាលី នូវែលសេឡង់ គណៈកម្មាធិការ​សភា​អឺរ៉ុប និង​ស្ថាប័ន​នៃ​ក្រុមការងារ​ហិរញ្ញវត្ថុ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ​បញ្ជាក់ថា​៖ «​ក្រោយពី​បាន​ជួបប្រជុំ​ជាមួយ​ប្រតិភូ​តំណាង​កម្ពុជា ក្រុម​អ្នកវាយតម្លៃ​នៃ ICRG-JG បានកត់សម្គាល់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ការអនុវត្ត​តាម​ផែនការ​សកម្មភាព​ដូចជា​បានដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ច្បាប់​ស្ដីពី​ការជួយ​គ្នា​ទៅវិញ​ទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ និង​ច្បាប់​ស្ដីពី​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីកសាយភាយ​អាវុធ​មហាប្រល័យ​»​។

ក្រៅពី​នេះ​ក្រុមការងារ ICRG-JG ក៏​កត់សម្គាល់​ពី​ការពង្រឹង​ការអនុវត្ត​ច្បាប់​របស់​បុគ្គល​រាយការណ៍ (​វិស័យ​ឯកជន​) ការស៊ើបអង្កេត ការចោទប្រកាន់ ការកាត់ទោស និង​ការរឹបអូស​ទ្រព្យ​ពាក់ព័ន្ធ​នឹង​បទល្មើស​សម្អាត​ប្រាក់ និង​ការបណ្ដុះបណ្ដាល បង្កើន​សមត្ថភាព​របស់​មន្ត្រី​អនុវត្ត​ច្បាប់ ទោះបី​កម្ពុជា​កំពុង​ប្រឈម​នឹង​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ​ក៏ដោយ​។

កាលពី​ចុង​ខែ​មិថុនា កម្ពុជា​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ច្បាប់​ស្ដីពី​ការប្រឆាំង​ដល់​ការរីកសាយភាយ​អាវុធ​មហាប្រល័យ និង​ច្បាប់​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។

កាលពី​ខែកុម្ភៈ​ ឆ្នាំមុន ក្រុមការងារ​ហិរញ្ញវត្ថុ FATF បាន​​ដាក់​កម្ពុជា​ក្នុង​បញ្ជី​ប្រផេះ​សាជាថ្មី ប៉ុន្តែ​ការដាក់​ក្នុង​បញ្ជី​នេះ​ត្រូវបាន​មន្ត្រី​កម្ពុជា​បញ្ជាក់ថា ដោយសារ​តែ FATF បាន​ប្ដូរ​លក្ខខណ្ឌ​មួយចំនួន​។

លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​បាន​ថ្លែងថា​៖ «​ការមាន​ក្របខ័ណ្ឌ​ច្បាប់​ និង​ក្របខ័ណ្ឌ​បញ្ញត្តិកម្ម​គឺជា​ជំហាន​វិជ្ជមាន​មួយ នៅក្នុង​ទិសដៅ​ដ៏ត្រឹមត្រូវ​។ ទោះយ៉ាងណា ដើម្បី​ឲ្យ​កម្ពុជា​ត្រូវ​បាន​ដកចេញ​​ពី​បញ្ជី​ប្រផេះ​របស់ FATF ច្បាប់​ត្រូវតែ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​។ ការខ្វះចន្លោះ​ក្នុង​ការអនុវត្ត​ច្បាប់​នៅតែ​ជា​ក្ដីបារម្ភ​យ៉ាងខ្លាំង​នៅ​កម្ពុជា​»​។

ពាក់ព័ន្ធ​នឹង​ការសម្អាត​ប្រាក់​នេះ​កាលពី​សប្ដាហ៍​មុន​សមត្ថកិច្ច​កម្ពុជា​បាន​បង្ក្រាប​ករណី​ឆបោក​ និង​សម្អាត​ប្រាក់​មួយ​នៅ​ភ្នំពេញ បន្ទាប់ពី​រកឃើញ​មាន​ការវេរ​ប្រាក់​ចេញពី​ធនាគារ​នៅ​អាមេរិក​ចូលមក​គណនី​ធនាគារ​មួយ​ចំនួន​នៅ​កម្ពុជា​។ ក្នុង​ប្រតិបត្តិការ​នេះ​មាន​ការឃាត់​ខ្លួន​ជនសង្ស័យ​ ៥ ​នាក់ ​ក្នុង​នោះ​ជនជាតិ​នីហ្សេរីយ៉ា ៤ ​នាក់ និង​ស្ត្រី​ខ្មែរ​ម្នាក់​។ អ្នក​ទាំង​ ៥ ​ត្រូវ​បាន​សាលាដំបូង​រាជធានី​សម្រេច​ឃុំខ្លួន​នៅ​ពន្ធនាគារ​កាលពី​ថ្ងៃទី​ ១៧ កញ្ញា​។ នេះ​បើ​តាម​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​៕