ភ្នំពេញៈ ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​-ថៃកាល​ពី​ម្សិលមិញ​បាន​ព្រម​ព្រៀង​គ្នា​បន្ត​ជំរុញ​និង​ពង្រឹង​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​ល្អ​ដែលមាន​ស្រាប់ដើម្បី​រក្សា​សន្តិ​ភាព ​និង​សន្តិ​សុខ​ក្នុង​តំ​បន់​ព្រំ​ដែន​នៃ​ប្រ​ទេស​ទាំង ២។​ ​

កិច្ច​សហ​ប្រតិ​បត្តិ​ការ​​យោ​ធា​នៃ​ប្រ​ទេស​ទាំង ​២ ​បាន​ព្រម​ព្រៀង​គ្នា​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​គណៈ​កម្មាធិ​ការ​​ព្រំ​ដែន​ទូទៅ ​(​GBC) ​កម្ពុជា​-ថៃ​លើក​ទី​ ១៤ នៅ​ទី​ក្រុង​ភ្នំ​ពេញ​ដោយ​មាន​ការ​ចូល​រួម​ពី​​មន្ត្រី​យោ​ធា​ជាន់​ខ្ពស់​នៃ​ប្រ​ទេស​ទាំង ​២ ក្រោម​ការ​ដឹក​នាំ​របស់​លោក​ទៀ ​បាញ់​ រដ្ឋ​មន្ត្រី​ក្រសួង​​ការពារ​ជាតិ​និង​លោក​ប្រាវីត​ វង់ស៊ូវ៉ាន់ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ប្រទេស​នៃ​ប្រទេស​ថៃ។

យោង​តាម​សេច​ក្តី​ថ្លែង​ការណ៍​រួម​នៃ​កិច្ច​ប្រជុំ​គណៈ​កម្មាធិ​ការ​ព្រំដែន​ទូទៅ ​(GBC)​ កម្ពុជា​-​ថៃ​ លើ​ក​ទី​១៤​ ដែល​ចេញ​ផ្សាយ​ក្រោយ​កិច្ច​ប្រ​ជុំកាល​ពី​ម្សិល​មិញ​បាន​ឲ្យ​ដឹង​ថា​៖​ «​កិច្ច​ប្រជុំ​បាន​បញ្ជាក់​អំពី​សារៈ​សំខាន់​ នៃ​ការ​ប្រជុំ​គណៈ​កម្មា​ធិការ​ព្រំដែនទូទៅ​ (GBC)​ លើក​ទី១៤​ ដែល​បាន​ផ្តល់​នូវ​ការ​ណែនាំ​ និង​ទិស​ដៅដើម្បី​ជំរុញឲ្យ​ទំនាក់​ទំនង​ ល្អ​ដែល​មាន​ស្រាប់​ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ដ៏​មាន​សារៈ​ប្រ​យោជន៍​ រវាង​កង​ទ័ព​ទាំង​ ២ នៅ​គ្រប់​កម្រិត​ទាំង​អស់​ កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត ​សម្រាប់​ជា​ការ​លើក​កម្ពស់​ដល់​សន្តិភាព ​ស្ថិរភាព​ និង​សន្តិ​សុខ​តាម​បណ្តោយ​ព្រំដែន»។

សេច​ក្ដី​ថ្លែងការ​ណ៍រួម​នេះ​បាន​ឲ្យ​ដឹង​ថា​ ភាគី​ទាំង ​២ បាន​ពិនិត្យ​ឡើង​វិញ​នូវ​លទ្ធ​ផល​នៃ​ការ​អនុវត្តកម្ម​វិធី​កិច្ច​សហ​ប្រតិ​បត្តិកា​រ​​ផ្សេងៗ​ដែល​ដាក់​ចេញ​ដោយ​ កិច្ច​ប្រជុំ​គណៈ​កម្មា​ធិ​ការ​ព្រំដែន​ទូទៅ ​លើក​ទី​១៣ ​កាល​ពី​ថ្ងៃទី​ ២១ ​ខែ​មី​នា ​ឆ្នាំ​ ២០១៨ ​នៅ​ទី​ក្រុង​បាង​កក​ ព្រះ​រាជា​ណាចក្រ​ថៃ ​ដូច​ជា កិច្ច​សហ​ប្រតិ​បត្តិការ​លើ​ការ​ឆ្លង​កាត់​ព្រំ​ដែន​ បញ្ហា​ពល​ករ ​ការ​ទប់​ស្កាត់​ និង​បង្ក្រាប​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ កា​រ​លើក​កម្ពស់​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​រវាង​កង​ទ័ព​កម្ពុជា​ ជា​មួយ​បណ្តា​អង្គ​ភាព​ សន្តិ​សុខ​ថៃ​ ក្នុង​តំបន់​ព្រំ​ដែន ​បញ្ហាកសិ​កម្ម​ បញ្ហា​សុខ​ភាព​សាធា​រណៈ​​ការ​អភិ​វឌ្ឍជីវ​ភាព​រស់​នៅ ​ការ​អប់រំ​ សាសនា ​និង​វប្បធម៌។​​

​សេច​ក្តី​ថ្លែង​ការណ៍​រួម ​បាន​ឲ្យ​ដឹង​ទៀត​ថា​ កិច្ច​ប្រជុំ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​យោង​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​នៃ​ការ​បង្កើត​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ព្រំ​ដែន ​រវាង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​និង​ ព្រះ​រាជា​ណា​ចក្រ​ថៃ ​ក្នុង​គោល​បំណង​បង្កើន​កិច្ច​សហប្រតិ​បត្តិ​ការ​ ដើម្បី​សន្តិ​ភាព​ និង​សន្តិសុខ​ក្នុង​តំបន់​ព្រំ​ដែន​ក៏​ដូច​ជា​ការ​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​រវាង​កង​ទ័ព​ និង​កង​ឯក​ភាព​សន្តិសុខ​ពាក់​ព័ន្ធដទៃ​ទៀត​របស់​កម្ពុជា​ និង​ថៃ។​ ភាគី​ថៃ​នឹង​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​គណៈ​កម្មា​ធិការ​ព្រំដែន​ទូទៅ ​(GBC) ​កម្ពុជា​-​ថៃ​​លើក​ទី​ ១៥។​

​លោក​ ទៀ ​បាញ់​ បាន​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​​ថា​៖ ​«​កិច្ច​ប្រជុំ​គណៈ​កម្មា​ធិការ​ព្រំដែន​លើក​នេះ​មាន​ លក្ខណ​ពិសេស​ ពី​ព្រោះ​យើង​បាន​ត្រួត​ពិនិត្យ​ និង​បាន​ធ្វើ​បច្ចុ​ប្បន្ន​ភាព​តាម​ បណ្តោយ​​ព្រំដែន​ ក៏​ដូច​ជា​បណ្តា​ទិស​ផ្សេងៗ​មាន​ការ​វិវឌ្ឍ​ល្អ​ណាស់»។​

​លោកបាន​បញ្ជាក់​បន្ថែម​ថា​៖​ «​យើង​បាន​ធ្វើ​ល្អ​បំផុត​ដោយសារ​តែ​ថា​យើង​បាន​ត្រួត​ពិនិត្យ​បាន​​យ៉ាង​ហ្មត់ចត់​នៅ​តាម​ បណ្តោយ​ព្រំដែន​ ទាំង​ខាង​ស​មុ​ទ្រ​​ផងដែរ។ ​យើង​ឃើញ​ថា​ កិច្ច​សហ​ប្រតិ​បត្តិ​ការបាន​ល្អ​ជា​ពិសេស​ ការ​ទំនាក់​ទំនង​គ្នា ​រវាង​អង្គភាព​ទាំង​ឡាយ​នៅ​តាម​បណ្តោយ​​ព្រំដែន​ដោយ​សា​រតែ​ពួក​គេ​បាន​យល់​ច្បាស់​ អំពី​គោល​ការណ៍​ដែល​គណៈ​កម្មការ​ ព្រំ​ដែន​ទូទៅ​កម្ពុជា​ថៃ​បាន​ដាក់​ចេញ​​នា​ពេល​កន្លង​មក​»។​

លោក គិ​ន ភា ​ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​ក​ម្ពុ​ជា​ក៏​បាន​មើល​ឃើញ​ថា​ ស្ថា​ភាព​សន្តិ​សុ​ខ​ នៅ​តាម​បណ្តោយ​ព្រំដែន​រវា​ង​ ប្រទេស​ កម្ពុជា​ និង​ប្រទេស ​ថៃ​ គឺ​ស្ថាន​ភាព​ល្អ​ប្រ​សើ​រ​ និង​មិន​មាន​បញ្ហា​ចម្រូង​ចម្រាសដោយ​សារ​តែ​ប្រទេស​ទាំង ២ បាន​ធ្វើ​ការ​សម្រប​​សម្រួល និង​​ដោះ​ស្រាយ​បញ្ហា​​ដោយ​សន្តិវិធី។

​លោក​បានបញ្ជាក់​​ថា៖​ «​ពេល​មាន​បញ្ហា​អ្វី​កើត​ឡើង​គឺ​នាំ​គ្នា​ដោះ​ស្រាយ​ សន្តិ​វិធី​ដោយ​ផ្អែក​លើ​មូល​ដ្ឋាន​ គតិ​យុត្ត​ និង​កិច្ចព្រម​ព្រៀង​ ដែលមាន​រវាង​ប្រទេស​ទាំង​ ២។​ បច្ចុ​ប្បន្ន​នេះ​គឺ​មាន​លក្ខណៈ​ល្អ​ប្រសើរ»។​

លោក​ ឈុំ ​សុជាតិ​ អនុ​រដ្ឋ​លេខា​ធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការពា​រ​ជាតិ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី ២ ​មក​រា​ ថា​ ក្នុង​ឆ្នាំ ​២០១៨​ កន្ល​ង​ទៅ​នេះ​កង​ទ័ព​ជើង​គោក​បាន​ត្រួត​ពិនិត្យ​ ទប់​ស្កាត់​ និង​បង្ក្រាបបទ​​ល្មើស​ផ្សេងៗ​សរុប​បាន​ចំនួន​ ៥ ១៩៣​ ករណី​នៅតាម​ខ្សែប​ន្ទាត់​ព្រំដែន។​ លោក​ក៏​បាន​ប្រៀប​ធៀប​ស្ថាន​ភាព​សន្តិ​សុខ​នៅ​តាម​បណ្តោយ​ព្រំ​ដែន​ក្នុង​ឆ្នាំ ២០១៨ ​ថា​មាន​ភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំ ២០១៧​ ទៅ​ទៀត។​

លោក​ស្រី​ កុយ​ ពិសី​ អនុ​ប្រធាន​គណៈ​កម្មា​ធិកា​​រ​ទទួល​បន្ទុក​កិច្ច​ការ​ព្រំ​ដែន​របស់​រដ្ឋាភិ​បាល​កម្ពុជា​ដែល​បាន​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំនោះ​ដែរ​ បាន​ថ្លែង​ថា​ កម្ពុជា​ និង​ថៃ​បាន​រក​ឃើញ​បង្គោល​ព្រំ​ដែន​ចំនួន ៧៣ ​បង្គោល​ដែល​បាន​បោះ​នៅ​សម័យ​អាណា​និ​គម​និយម​បា​រាំង​នៅ​អំឡុង​ឆ្នាំ ​១៩១៩ ​និង ​១៩២០។​

លោក​ស្រី​ថ្លែង​ថា​៖ ​«​ទៅ​ថ្ងៃ​មុខ​ យើង​អាច​ដាំ​បង្គោល​បន្ថែម​ ពី​ព្រោះ​ព្រំដែន​យើង​ជា​មួយ​ថៃ​ជាង​ ៨​០០​ ​គី​ឡូ​ យើង​មាន​តែ ​៧៣ ​​បង្គោល​ទេ​ដូច្នេះ​បង្គោល​នេះ​វា​តិច​ យើង​ត្រូវ​ការ​បោះ​បន្ថែម​ឡើង​វិញ​ ហើយ​បង្គោល​ដែល​បាក់​បែក​យើង​ត្រូវ​ជួសជុល​កែ​លម្អ​ឡើង​វិញ»។

លោក​ស្រី​បន្ថែម​ថា​ ក្នុង​ចំណោម​បង្គោល​ទាំង ​៧៣ ​មាន​បង្គោល​ ៤៥​ ​​បាន​ឯក​ភាព​គ្នា​ខណៈ ២៨ ​បង្គោល​​ទៀត​​ភាគី​ទាំង​ ២ មិន​ទាន់​​​បាន​ឯក​ភាព​គ្នា​​នៅ​ឡើយ​ ហើយ​ភាគី​ទាំង​ ២ ​​បាន​និង​កំពុង​ច​រចា​ដោះ​ស្រាយ​​ដោយ​សន្តិ​វិធី​៕​