ភ្នំពេញៈ ក្នុង​ក្បួន​ដង្ហែ​រក​សំឡេង​ជា​លើក​ដំបូង​នៅ​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ (GDP) ​ដែល​ភាគច្រើន​ជា​អតីត​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​នោះ​បាន​ប្ដេជ្ញា​លុបបំបាត់​ «​ទោស​​ក្បត់ជាតិ​» ​ដ៏ចម្រូងចម្រាស បើ​ខ្លួន​ឈ្នះ​អាសនៈ​ភាគច្រើន​ក្នុង​សភា និង​បាន​រិះគន់​ពី​ការ​ «​ការរើសអើង​នយោបាយ​» ​ខណៈ​មន្ត្រី​គណបក្ស​កាន់​អំណាច​ថា​ជា​នយោបាយ​ «​ប្រជាភិថុត​»​។

ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត​នេះ​មាន​ចម្ងាយ​ផ្លូវ​ជិត​ ២៥ គីឡូម៉ែត្រ​គិត​ចាប់​តាំងពី​ទីស្នាក់ការ​គណបក្ស (GDP) ​ក្នុង​ខណ្ឌ​សែនសុខ ឆ្លងកាត់​មហាវិថី​ជាច្រើន​ក្នុង​រាជធានី​ភ្នំពេញ​មុន​នឹង​បិទបញ្ចប់​នៅ​ល្ងាច​ថ្ងៃ​ដដែល​នៅ​ទីតាំង​វត្ត​ចាស់​ក្នុង​ខណ្ឌ​ជ្រោយចង្វារ​។

ក្បួន​បក្ស​ដែល​មាន​មនុស្ស​ចូលរួម​ប្រហែល​ ១ ​ពាន់​នាក់ និង​ហាក់​បាន​កើន​ច្រើន​ឡើង បន្ទាប់ពី​ចូល​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី នៅ​ស្ថានីយ​​ប្រេងឥន្ធនៈ​កាល់តិច ស្តុប​បូកគោ ជា​​ទីតាំង​ដែល​លោក​ត្រូវ​ឃាតករ​ធ្វើ​ឃាត​។

លោក យ៉ង សាំងកុមារ ប្រធាន​គណៈកម្មាធិការ​នាយក​របស់ (GDP) បាន​ស្រែក​តាម​ឧគ្ឃោសនស័ព្ទ​ជាច្រើន​លើក​ថា​លោក​នឹង​ធ្វើ​វិសោធនកម្ម​ច្បាប់​ដើម្បី​លុប​បំបាត់​ «​ទោស​ក្បត់ជាតិ​» ចេញ​ពី​ក្រមព្រហ្មទណ្ឌ​កម្ពុជា​ដែល​ជា​រឿយៗ​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ចោទប្រកាន់​អ្នក​នយោបាយ​ប្រឆាំង​។

លោក​ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ទីតាំង​ស្ថានីយ​ប្រេងឥន្ធនៈ​កាល់តិច បូកគោ​ថា​៖ «​យើង​នឹង​ធ្វើ​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ លុបបំបាត់​ទោស​ក្បត់ជាតិ​។ បើ​កាលណា​មាន​ទោស​ក្បត់ជាតិ យើង​ធ្វើ​គណបក្ស​នយោបាយ​បាន​យ៉ាង​ដូចម្ដេច​? គ្រាន់​តែ​មាន​មតិ​ផ្ទុយគ្នា​ ឬ​មាន​បញ្ហា​ផ្សេង.​មាន​ការ​ចោទប្រកាន់​គ្នា​»​។

បើ​ទោះ​ជា​លោក សាំងកុមារ មិន​បាន​បញ្ជាក់​ចំ​ពី​ឈ្មោះ​បុគ្គល​ដែល​រង​ការចោទប្រកាន់​ពី​ទោស​ក្បត់ជាតិ​ក្ដី តែ​​លោក កឹម សុខា អតីត​មេបក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំ​បណ្តោះអាសន្ន​រង់ចាំ​ការជំនុំជម្រះ​លើ​សំណុំ​រឿង​ «​ក្បត់ជាតិ​» ក្រោយ​ពី​លោក​ត្រូវ​បាន​ចោទ​ថា​បាន​ឃុបឃិត​ជាមួយ​បរទេស ប៉ុនប៉ង​ផ្ទួលរំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់ រីឯ​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ (CNRM) ​លោក​ សម រង្ស៊ី ក៏​កំពុង​រង​វិធានការ​ផ្លូវច្បាប់​ចំពោះ​ទោស​ក្បត់ជាតិ ក្រោយ​លោក​រង​ការចោទប្រកាន់​ថា​បាន​ចុះ​ហត្ថលេខា​ដោយ​សម្ងាត់​ផ្តល់​ស្វ័យភាព​ទឹកដី​​ក្នុង​ខេត្ត​ខ្មែរ​ចំនួន​​ ៤ ឲ្យ​ទៅ​ជនជាតិ​ភាគតិច​វៀតណាម​ម៉ុងតាញ៉ា​ជាដើម​។

មុន​ពេល​មក​ដល់​ស្តុប​បូកគោ​ក្នុង​ខណ្ឌ​ចំការមន​លោក កុមារ បាន​ថ្លែង​រិះគន់​កងកម្លាំង​អាជ្ញាធរ​ដែល​ហាក់​មិន​ជួយ​សម្រួល​ចរាចរណ៍​ឲ្យ​ក្បួន​គណបក្ស​​របស់​លោក​ដែល​ខុស​ពី​គណបក្ស​ប្រជាជន​កម្ពុជា​មាន​សមត្ថកិច្ច​ច្រើន​នោះ​។

លោក​ថ្លែង​ដោយ​កំហឹង​ថា​៖ «​ពេល​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ហែ យើង​អត់​ឃើញ​មាន​នគរបាល​មក​ជួយ​ធ្វើ​សណ្ដាប់ធ្នាប់​ទេ តែ​ពេល​គេ​ហែ គឺ​​មាន​ការពារ​សណ្ដាប់ធ្នាប់​ណាស់​។ អយុត្តិធម៌​ណាស់​ការ​បោះឆ្នោត​នេះ​មិន​​កើត​ទេ ប្រហែល​ជា​យើង​នឹង​ដក​ខ្លួន​ចេញ​ពី​ការបោះឆ្នោត​ដោយ​អយុត្តិធម៌​បោះឆ្នោត​នេះ អាក្រក់​ណាស់ អាក្រក់​មែនទែន​មាន​ការ​រើសអើង​នយោបាយ​»​។ លោក​ចោទ​សួរ​ថា​៖ «​តើ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​ឯណា​?»​។

លោក​ក៏​អំពាវនាវ​ឲ្យ​បោះឆ្នោត​ជូន​ (GDP) ដោយ​លោក​ថា​ជា​ «​ជម្រើស​ថ្មី​» និង​លេខ​ «៧​ថ្មី​» ​ជាដើម​។

លោក​ថ្លែង​ថា​៖ «​តំណាងរាស្ត្រ​ថ្មី​នាំ​មក​នូវ​វប្បធម៌​នយោបាយ​ថ្មី​នាយករដ្ឋមន្ត្រី​ថ្មី និង​គោលនយោបាយ​ថ្មី​។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​គិត​ពី​គុណភាព បក្ស​កាន់​អំណាច​គិតពី​​បរិមាណ​»​។

អ្នក​គាំទ្រ GDP ​បាន​អះអាង​ថា​ពួកគេ​គាំទ្រ​គណបក្ស​នេះ​ដោយសារ​សមត្ថភាព​ពួកគេ​ជា​អតីត​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដ៏គួរ​ឲ្យ​គោរព និង​អះអាង​ដូចៗ​គ្នា​ថា​ GDP គឺជា​ជម្រើស​តែ​មួយ​គត់​អាច​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​។

ប៉ុន្តែ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ ឥសាន យល់​ថា​ការឃោសនា​របស់​ GDP គ្រាន់​តែ​ជា​ការធ្វើ​បែប​​ «​ប្រជាភិថុត​» ​ប៉ុណ្ណោះ​។

លោក​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​យល់​ថា​វា​ជា​សិទ្ធិ​នយោបាយ​របស់​គាត់ គាត់​ឃោសនា​ពី​កម្មវិធី​នយោបាយ​របស់​គាត់​។ បើ​គាត់​យល់​ថា ទុក​ឲ្យ​ក្នុង​ប្រទេស​កម្ពុជា​មាន​ទោស​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ​រហូត​ដល់​ក្បត់ជាតិ រួច​ទុក​ឲ្យ​នៅ​មាន​សេរីភាព អាហ្នឹង​ជា​រឿង​របស់​គាត់​»​។

លោក​បន្ត​ថា​៖ «​បើ​ប្រជាជន​គាំទ្រ​គាត់​វា​សម្រេច​លើ​ប្រជាជន​ទៅ​។ ប៉ុន្តែ​ខ្ញុំ​មិន​ជឿ​ថា ពលរដ្ឋ​លោក​មាន​ជំនឿ​លើ​គោលនយោបាយ​ប្រជាភិថុត​យ៉ាង​ដូច្នេះ​ទេ​...​មិន​ដែល​មាន​ប្រទេស​ណា​គេ​អនុញ្ញាត​ឲ្យ​មាន​ជន​ក្បត់ជាតិ​នៅ​ក្នុង​ស្រុក​គេ​ទេ កុំ​ថា​ឡើយ​ដល់​ក្បត់ជាតិ គ្រាន់​តែ​ពុករលួយ​ធ្ងន់ធ្ងរ​ក៏​គេ​ចាប់​យក​ទៅ​ដាក់គុក​ដែរ​»​។

លោក​ ឥសាន ថ្លែង​ដោយ​យោង​តាម​ប្រសាសន៍​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថា​គ្មាន​ទេ​ការ​រើសអើង​នយោបាយ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​។ លោក​ថា​ក្បួន​ដង្ហែ​របស់​គណបក្ស​កាន់​អំណាច​មាន​អ្នកគាំទ្រ​ច្រើន​រាប់ម៉ឺន​នាក់​ដែល​តម្រូវ​ឲ្យ​មាន​ការសម្រួល​ចរាចរណ៍​ច្រើន​ខុស​ពី​គណបក្ស​ផ្សេង​ដែល​មាន​អ្នក​ចូលរួម​តិច​។

លោក​ថា​៖ «​គាត់​មាន​ប៉ុន្មាន​នាក់​មិន​បាច់​សម្រួល​ក៏​វា​ទៅ​ឯង​ដែរ​។ ​ឧទាហរណ៍​ថា សមត្ថកិច្ច​ ១០០ នាក់​មក​សម្រួល​ឲ្យ​គណបក្ស​ប្រជាជន ហើយ​គណបក្ស​អ្នក​មាន​មនុស្ស​ប៉ុន្មាន​នាក់​ហ្នឹង​ចង់​បាន​ ១០០ ​នាក់​ឲ្យ​ជួយ​សម្រួល​ដែរ​ឬ​?»​។

ទោះ​ជា​យ៉ាង​ណា​លោក មាស នី អ្នក​តាមដាន​បញ្ហា​សង្គម​យល់​ថា ការលុប​មាត្រា​ដែល​ចែង​អំពី​ទោស​ក្បត់ជាតិ វា​មិនមែន​សំខាន់​នោះ​ទេ រឿង​ដែល​សំខាន់​ត្រូវ​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​ជា​មុន ដើម្បី​ធានា​ពី​ការអនុវត្ត​ច្បាប់​ដោយ​ត្រឹមត្រូវ​។

លោក​បាន​បញ្ជាក់​ថា​៖ «​រឿង​ក្បត់ជាតិ​នៅ​ស្រុក​យើង​វា​ត្រូវ​បាន​អ្នកនយោបាយ​យក​មក​ប្រើ​ជា​ជាង​ទោស​ក្បត់ជាតិ​ពិតមែន​ទែន​។ ដូច្នេះ​រឿង​លុប ឬ​មិន​លុប​ច្បាប់​នេះ មិន​សំខាន់​ទេ​សំខាន់​នៅ​ត្រង់​ថា​តើ​មាន​ប្រព័ន្ធ​យុត្តិធម៌​ដែល​យក​មក​ធ្វើការ​វិនិច្ឆ័យ វា​ជា​ការ​ក្បត់ជាតិ​មែន​ ឬ​មិនមែន​? ឧទាហរណ៍​ករណី កឹម សុខា តើ​មក​ទល់​ពេល​នេះ​រកឃើញ​ហើយ​ឬ​នៅ​?»៕