ភ្នំពេញៈ ​បន្ទាប់ពី​បាន​អនុម័ត​លើ​គោលនយោបាយ​ជាតិ​ ១២៥ ចំណុច កាលពី​ដើម​សប្ដាហ៍​នេះ​សម្រាប់​ដឹកនាំ​រាជរដ្ឋាភិបាល ប្រសិន​បើ​ខ្លួន​ឈ្នះ​ឆ្នោត​គណបក្ស​ប្រជាធិបតី​មូលដ្ឋាន (GDP) ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​បញ្ញវន្ត​មួយ​ក្រុម​ក្នុង​នោះ​ក៏មាន​លោក កែម ឡី ដែល​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ផង​នោះ​បាន​ប្ដេជ្ញា​ថា ខ្លួន​នឹង​ធ្វើការ​ «​កសាង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ​» ​ក្រោយ​ពី​ការរំលាយ​គណបក្ស​ប្រឆាំង​ដ៏ធំ​កាលពី​ចុង​ឆ្នាំ​ ២០១៧​។

គណបក្ស​នេះ​ក៏​បាន​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី ប្រធាន​រដ្ឋសភា ប្រធាន​ព្រឹទ្ធសភា អភិបាល​រាជធានី-ខេត្ត អភិបាល​ស្រុក-ក្រុង-ខណ្ឌ និង​មេឃុំ-ចៅសង្កាត់​ឲ្យ​កាន់​តំណែង​ត្រឹមតែ ២ អាណត្តិ​ប៉ុណ្ណោះ​។ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេសប៊ុក​របស់ GDP ដែល​ចេញ​ផ្សាយ​កាលពី​ម្សិលមិញ​។

លោក សាម អ៊ីន អគ្គលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​គោលនយោបាយ ១២៥ ​ចំណុច​គឺ​សម្រាប់​បង្ហាញ​ជូន​ប្រជាពលរដ្ឋ នៅ​ពេល​ដែល​ទទួល​បាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ឲ្យ​ដឹកនាំ​ប្រទេស​ដោយ​ផ្អែក​លើ​វិស័យ​អាទិភាព​ទាំង ៩ ដែល GDP ផ្តោត​លើ​រួមមាន​វិស័យសេដ្ឋកិច្ច និង​ការងារ​,​អប់រំ​,​សុខាភិបាល​, អភិបាលកិច្ច​ល្អ​, ហេដ្ឋារចនាសម្ព័ន្ធ និង​ថាមពល​,​កសិកម្ម និង​ធនធាន​ធម្មជាតិ​, ការពារជាតិ សន្តិសុខ និង​សុវត្ថិភាព​, ការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ព្រម​ទាំង​វិស័យ​ទី ៩ គឺ​វប្បធម៌ និង​សាសនា​។

លោក​ថា គោលនយោបាយ​ទាំង​នេះ​បាន​សង្ខេប​នៅ​ក្នុង​ «​គោលនយោបាយ ស ៥»​ ដោយ​មាន សេដ្ឋកិច្ច សុខាភិបាល សិក្សាធិការ និង​សង្គមកិច្ច​ដោយ​រួមមាន​ការបញ្ចេញ​អ្នក​ជំនាញ​ចំនួន ៥ ពាន់​នាក់ ដើម្បី​ជួយ​កសិករ​នូវ​ការឧបត្ថម្ភ​ប្រាក់កម្ចី​ចំនួន​​ ៥ ​លាន​រៀល​ក្នុង​ ១ ឆ្នាំ សម្រាប់​រយៈពេល ៥ ​ឆ្នាំ​ដល់​យុវជន​សម្រាប់​យក​ទៅ​បន្ត​ការសិក្សា​គ្រប់​ជំនាញ​ជាដើម​។

លោក​បញ្ជាក់​ថា​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នឹង​ធ្វើការ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​នាយក​រដ្ឋមន្ត្រី​ក្នុង​សមាជបក្ស​ដែល​គ្រោង​ធ្វើ​ឡើង​នា​ខែ​ឧសភា​ខាង​មុខ​។ លោក​ថា លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​ «​កន្ត្រាក់​ថយ​ក្រោយ​» ​មួយ​រយៈ​ចុងក្រោយ​នេះ ហើយ​គណបក្ស​លោក​នឹង​ដើរ​តួនាទី​ដើម្បី​កសាង​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ​។

លោក​ថ្លែង​ថា​៖ «​សំណួរ​សម្រាប់​ប្រជាពលរដ្ឋ​យើង គឺ​ការកសាង​លទ្ធិប្រជាធិបតេយ្យ ការ​ចង់​បាន​ប្រទេស​មួយ ដែល​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ​វា​អត់​មាន​ងាយស្រួល​ទេ វា​ត្រូវការ​ឲ្យ​យើង​ទាំងអស់​គ្នា​ប្រឹងប្រែង​ប្រយុទ្ធ ប្រឹងប្រែង​តស៊ូ ប្រឹងប្រែង​ស្វះស្វែង​ទាំងអស់​គ្នា​។ បើ​យើង​ជួប​បញ្ហា​ហើយ​យើង​អស់​សង្ឃឹម យើង​បោះបង់ គឺ​យើង​ចុះចាញ់​នឹង​ការកសាង​លទ្ធិប្រជាធិបតេយ្យ​ហើយ ដូច្នេះ​ហើយ​យើង​អត់​ត្រូវ​ចុះចាញ់ យើង​អត់​ត្រូវ​លះបង់ យើង​អត់​ត្រូវ​អស់​សង្ឃឹម​ទេ ទោះបី​ជា​ជួប​បញ្ហា​ប្រឈម​ក៏ដោយ យើង​ត្រូវ​ធ្វើដំណើរ​ទៅ​មុខ​ទៀត​»​។

លោក​បន្ត​ថា​៖ «​យើង​ជឿជាក់​ថា​ការបោះឆ្នោត​ខាង​មុខ GDP យើង​នឹង​ត្រៀម​ខ្លួន​ចូលរួម​ប្រកួត​ប្រជែង ដើម្បី​ជ្រោង​ទង់​ការ​កសាង​លទ្ធិប្រជាធិបតេយ្យ​ស្រុក​ខ្មែរ​ទៅ​មុខ​ទៀត​ជា​ជាង​អស់​សង្ឃឹម ហើយ​បោះបង់​។ ​យើង​នឹង​ត្រៀម​ខ្លួន​ចូល​ប្រកួត​ឲ្យ​បាន​ពេញលេញ​យើង​នឹង​ដាក់​បេក្ខជន​គ្រប់​រាជធានី​ខេត្ត​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​បក្ស​កាន់​អំណាច​»​។

កាលពី​ថ្ងៃទី​ ១ ខែ​មេសា គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​បើក​កិច្ចប្រជុំ​ក្រោម​ការ​សម្របសម្រួល​របស់​លោក យ៉ង សាំងកុមារ ប្រធាន​គណៈកម្មាធិការ​នាយក​ទី ១ ដើម្បី​ពិនិត្យ និង​អនុម័ត​លើ​សេចក្តី​ព្រាង​គោលនយោបាយ​ជាតិ​ ១២៥ ចំណុច និង​ពិនិត្យ​លើ​កិច្ចការងារ​សំខាន់ៗ​មួយ​ចំនួន​ដែល​ត្រូវ​បន្ត​ដំណើរ​ទៅ​រក​ការចូលរួម​ប្រកួត​ប្រជែង​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នា​ខែ​កក្កដា​ខាង​មុខ​។

លោក​ថ្លែង​ថា​៖ «​យើង​ត្រូវ​តែ​បន្តដំណើរ​កសាង​របប​ប្រជាធិបតេយ្យ សេរី ពហុបក្ស ពិតប្រាកដ​។ ប្រាកដ​ណាស់​ការ​​កសាង​លទ្ធិប្រជាធិបតេយ្យ តាមរយៈ​របប​ប្រជាធិបតេយ្យ សេរី ពហុបក្ស វា​មិនមែន​ជា​រឿង​ងាយស្រួល​ទេ វា​តែងតែ​ជួប​ឧបសគ្គ វា​តែង​ជួប​ប្រទះ​ការរំលោភ​អំណាច​ការប្រើ​អំណាច​ផ្ដាច់ការ​ដើម្បី​រំខាន​»​។

លោក​ អេង ឆៃអ៊ាង អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ក្រៅ​ប្រទេស​មក​ថា ការខិតខំ​របស់ GDP គឺ​មិន​អាច​ទៅ​រួច​ទេ​។

លោក​ថ្លែង​ថា​៖ «​អ្នកណា​ក៏​ដឹង​ដែរ​ថា ឈ្នះ​គេ គេ​រំលាយ​ដូច​គណបក្ស​សង្គ្រោះ​ជាតិ គេ​អត់​យក​ច្បាប់​ប្រកួត​មួយ​ដែល​បាន​និយាយ​គ្នា​តាំង​ពី​ដើម​មក​ទេ​គេ​ធ្វើ​ថ្មី​គេ​ចង់​ឈ្នះ​គឺ​កែ​ច្បាប់​បណ្ដេញ​មេបក្ស​ចេញ គេ​កែ​ច្បាប់​ចាប់​មេបក្ស គេ​កែ​ច្បាប់​រំលាយ​បក្ស អ៊ីចឹង​ច្បាប់​ប្រកួត​វា​អាស្រ័យ​លើ​គូប្រកួត​ដែល​មាន​អំណាច​ហ្នឹង គឺ​ការប្រកួត​បែប​ហ្នឹង​មិន​អាច​ស្មើភាព​ដែល​អាច​ស្ដារ​ប្រជាធិបតេយ្យ​បាន​ទេ​»​។

លោក​ថា​គណបក្ស​របស់​លោក​នឹង​បន្ត​តាមដាន​ជា​បន្ត​ទៀត​ថា​តើ​គួរ​ធ្វើ​អ្វី​នាពេល​ខាង​មុខ​។

នៅពេល​សួរ​អំពី​ការផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​បក្ស​កាន់អំណាច​តាមរយៈ​ការចូលរួម​បោះឆ្នោត​របស់​បក្ស​តូចៗ​លោក ឆៃអ៊ាង ​ថ្លែង​ថា​៖ «​នៅក្នុង​ស្ថានភាព​ដូច​បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ​គេ​មិន​គាំទ្រ ការបោះឆ្នោត​បែប​ហ្នឹង​ទេ ទោះបី​អ្នក​ខ្លះ​ដើរ​ប្រកាស ដើរ​តួន​យោបាយ​ថា ខ្លួន​ធ្វើ​នេះ ធ្វើ​នោះ តែ​ខ្ញុំ​ជឿជាក់​ថា ប្រជាពលរដ្ឋ​លោក​ច្បាស់​រឿង​ហ្នឹង លោក​មិន​ស្រពេច​ស្រពិល​ទេ​»​។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បាន​ប្រកាស​ស្វាគមន៍​គ្រប់​គណបក្ស​នយោបាយ​ឲ្យ​ចូលរួម​ប្រកួតប្រជែង​ជាមួយ​បក្ស​កាន់អំណាច​ដែល​លោក​ថា ជា​ការ​បង្ហាញ​ពី​លទ្ធិប្រជាធិបតេយ្យ​។ ទោះ​យ៉ាង​ណា​លោក​ថា លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​មិន​បាន​កន្ត្រាក់​ថយក្រោយ ដូច​ការ​លើក​ឡើង​នោះ​ទេ​។

លោក​ថ្លែង​ថា​៖ «​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​មិនមែន​ជា​ចង្វាក់រាំ ដែល​ដើរ​ទៅ​មុខ​ ២ ហើយ​ថយ​ទៅ​ក្រោយ​មួយ​អី​ទេ គឺ​ទៅ​មុខ​រហូត អត់​មាន​រាថយ អត់​មាន​ដើរ​ថយក្រោយ រួម​តូច​អី​ទេ នៅ​តែ​មាន​និរន្តរភាព​ហើយ​រស់​រវើក​ទៅ​មុខ​រហូត​។ កម្មវិធី​នយោបាយ​គោលនយោបាយ​របស់​បក្ស​គាត់ វា​ជា​សិទ្ធិ​របស់​គាត់ បើ​គាត់​ថា​ល្អ វា​ជា​រឿង​គាត់ ដើម្បី​ឃោសនា​ដល់​ប្រជាជន​ឥឡូវ​ចាំ​មើល​លទ្ធផល​បោះឆ្នោត ថា​តើ​គាត់​បាន​ប៉ុន្មាន​សំឡេង​បាន​ប៉ុន្មាន​កៅអី យើង​នឹង​ដឹង​ថា កម្មវិធី​នយោបាយ​គាត់​ល្អ​កម្រិត​ណា​»​។

លោក ហង្ស វិទូ ប្រធាន​ក្រុមអ្នកវិភាគ​វ័យក្មេង​បាន​ថ្លែង​ថា​សម្រាប់​ការចូលរួម​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នា​ខែ​កក្កដា​ខាង​មុខ​វា​ជា​រឿង​ល្អ​មួយ ដែល​បង្ហាញ​ថា ពួកគេ​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត ប៉ុន្តែ​លោក​ថា GDP មិន​ទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់​នៅ​ឡើយ​សម្រាប់​ប្រកួត​ប្រជែង​ជាមួយ​បក្ស​កាន់អំណាច​ដោយ​ត្រូវ​ប្រើ​ពេល​យ៉ាង​តិច​ ១០ ​ឆ្នាំ​បន្ថែម​ទៀត​។

លោក​ថ្លែង​ថា​៖ «​ជា​រួម​ខ្ញុំ​យល់​ឃើញ​ថា GDP មិន​ទាន់​មាន​លទ្ធភាព​គ្រប់គ្រាន់​ទេ​ក្នុង​ការ​អាច​ធ្វើ​ជា​ដៃគូ​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជន និង CNRP​។ បើ​និយាយ​ពី​ការជំនួស CNRP ខ្ញុំ​យល់​ឃើញ​ថា នៅ​ស្ទើរ​នៅ​ឡើយ​មិន​អាច​មាន​លទ្ធភាព​គ្រប់គ្រាន់​ដែល​បក្ស​នេះ​ឈាន​ទៅ​ដល់​ជា​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​ជំនួស​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទេ​។ អ៊ីចឹង​វា​ត្រូវ​ប្រើ​រយៈពេល​យូរ ហើយ​គណបក្ស​នេះ​នឹង​ត្រូវ​ឆ្លងកាត់​ឧបសគ្គ​ច្រើន​ទៀត​ជាពិសេស​យុទ្ធសាស្ត្រ​ក្នុង​ការ​ឃោសនា​ឲ្យ​ប្រជាពលរដ្ឋ​ជឿ​លើ GDP»៕