ភ្នំពេញៈ អង្គការអន្តរជាតិ Global Witness មានមូលដ្ឋាននៅប្រទេសអង់គ្លេសដែលទើបតែចេញរបាយការណ៍ដ៏រសើបមួយកាលពីពេលថ្មីៗនេះស្តីអំពី «អាណាចក្រជំនួញត្រកូល ហ៊ុន» បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឲ្យធានាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងជំរុញឱ្យបើកការស៊ើបអង្កេតរកអ្នកនៅពីក្រោយខ្នងក្នុងអំពើបាញ់សម្លាប់ដ៏ឃោរឃៅទៅលើលោក កែម ឡី អ្នកវិភាគឯករាជ្យឱ្យបានហ្មត់ចត់។
លិខិតចំហរបស់ស្ថាបនិក និងជានាយកអង្គការ Global Witness លោក ផាទ្រីក អាឡេយ៍ (Patrick Alley) ចុះថ្ងៃទី ៣ ខែសីហាផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថាបន្ទាប់ពីមានការបាញ់សម្លាប់លោក កែម ឡី នៅកណ្តាលរាជធានីភ្នំពេញមានរបាយការណ៍ថាមិត្តភក្តិ និងអ្នករួមការងាររបស់លោក កែម ឡី ត្រូវរងការគំរាមកំហែង និងបំភិតបំភ័យរួមមានបងប្អូនភ្លោះលោក ជុំ ហួត និង ជុំ ហួរ ជាដើម។
លោកបន្តថា៖ «នេះជាភារកិច្ចរបស់រដ្ឋាភិបាលក្នុងរបបប្រជាធិបតេយ្យដែលការពារសិទ្ធិ និងសន្តិសុខរបស់ប្រជាពលរដ្ឋខ្លួនរួមទាំងអ្នករិះគន់ផងដែរ។ យើងខ្ញុំសូមអំពាវនាវឲ្យរដ្ឋាភិបាលរបស់សម្តេចធ្វើការធានាលើសុវត្ថិភាពរបស់បុគ្គលទាំងនេះហើយគោរពសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ពួកគេ»។
អង្គការ Global Witness ដែលតែងរិះគន់រដ្ឋាភិបាលបច្ចុប្បន្នមិនសំចៃចាត់ទុកការបាញ់សម្លាប់លោក កែម ឡី គឺជាព្រឹត្តិការណ៍ថ្មីបំផុតនៃអំពើហិង្សានានាប្រឆាំងនឹងសមាជិកបក្សប្រឆាំង សកម្មជន និងអ្នកសារព័ត៌មានដែលនឹងធ្វើឱ្យដំណើរការលទ្ធិប្រជាធិតេយ្យនៅកម្ពុជាកាន់តែធ្លាក់ចុះ និងជំរុញឱ្យការស៊ើបអង្កេតរបស់រដ្ឋាភិបាលត្រូវធ្វើឡើងឲ្យបានល្អិតល្អន់ដើម្បីកាត់បន្ថយការភ័យខ្លាចរបស់ពលរដ្ឋ។
អង្គការនេះបញ្ជាក់ថា៖ «ដំណាក់កាលដំបូងនៃការស៊ើបអង្កេតលើឃាតកម្មលោក កែម ឡី មិនបានអ្វីទាល់តែសោះដើម្បីកាត់បន្ថយការភ័យខ្លាចដោយថាការស៊ើបអង្កេតនេះនឹងបរាជ័យដោយមិនអាចកំណត់រកឬកាត់ទោសអ្នកដែលបញ្ជាលើបទឧក្រិដ្ឋបានដូចករណីមុនៗដែរ»។ «រដ្ឋាភិបាលរបស់សម្តេចត្រូវចាត់ឱ្យមានការស៊ើបអង្កេតដោយហ្មត់ចត់ និងឯករាជ្យជាបន្ទាន់ចំពោះករណីឃាតកម្មនេះដើម្បីឱ្យពលរដ្ឋជឿទុកចិត្តបាន»។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោក ផៃ ស៊ីផាន ចាត់ទុកលិខិតរបស់អង្គការនេះថាមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល។
លោកថា៖ «ពីព្រោះសេចក្តីរាយការណ៍ និងការលើកហេតុផលនោះគឺមាននិន្នាការនយោបាយប្រឆាំងនឹងរាជរដ្ឋាភិបាលរួចស្រេចទៅហើយ ហើយគឺជាការប្រឆាំងផ្ទាល់ខ្លួនរវាងប្រធានអង្គការ Global Witness និងនាយករដ្ឋមន្ត្រីហើយដូច្នេះយើងមិនឱ្យតម្លៃទាល់តែសោះ និងមិនបានពិចារណានៃហេតុផលទាំងនោះទេ»។
ស្នងការនគរបាលរាជធានីភ្នំពេញលោក ជួន សុវណ្ណ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថាសមត្ថកិច្ចតែងតែដុតដៃដុតជើងក្នុងការស្វែងរកជនប្រព្រឹត្តបទល្មើសដោយមិនចាំបាច់មានស្ថាប័នណាស្នើសុំនោះទេ។
លោកថា៖ «ខ្ញុំគិតថាការងារករណីឃាតកម្ម ឬឧក្រិដ្ឋកម្មដែលកើតឡើងគឺមិនចាំបាច់មានស្ថាប័នណាជំរុញ ឬក៏ស្នើសុំទេកន្លងមកនេះគ្រប់ករណីបទល្មើសដែលកើតឡើងបទល្មើសឧក្រិដ្ឋក៏ដោយមជ្ឈិមក៏ដោយគឺស្ថិតនៅក្នុងការស្រាវជ្រាវយ៉ាងល្អិតល្អន់ពីសំណាក់សមត្ថកិច្ច»។
លោកឲ្យដឹងទៀតថាខណៈពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកអ្នកនៅពីក្រោយនៃការសម្លាប់លោក កែម ឡី តែសុំមិនបង្ហើបព័ត៌មានលម្អិតទេ។
លោកថា៖ «ធម្មតាការងារជំនាញស្រាវជ្រាវស៊ើបអង្កេតគឺយើងអត់អាចបញ្ជាក់ជូនអំពីលទ្ធផល និងដល់ដំណាក់ការនោះទេព្រោះវាស្ថិតក្នុងការស្រាវជ្រាវយ៉ាងល្អិតល្អន់គ្រាន់តែជម្រាបជូនថាកិច្ចការនេះយើងខិតខំណាស់អ្វីដែលប្រមូលបានពីកន្លែងកើតហេតុអ្វីដែលជាពន្លឺគឺបានបែងចែកកម្លាំងទៅតាមមុខព្រួញដើម្បីស៊ើបអង្កេត»។
ទាក់ទងនឹងវីដេអូដែលត្រូវបានលេចធ្លាយជាសាធារណៈនាពេលថ្មីៗនេះដែលត្រូវមជ្ឈដ្ឋាននានាដាក់ការសង្ស័យថាឃាតករដែលសម្លាប់លោក កែម ឡី មានជាប់ពាក់ព័ន្ធជាមួយនឹងសមត្ថកិច្ចត្រូវបានលោក ជួន សុវណ្ណ បដិសេធចោលទាំងស្រុង និងថាជាចេតនារបស់បុគ្គលមួយចំនួន ឬគណបក្សប្រឆាំងដើម្បីកេងចំណេញនយោបាយ។
លោកថា៖ «ម្នាក់ដែលពាក់អាវស និងមួកសុវត្ថិភាពនោះគឺជានាយប៉ុស្តិ៍នគរបាលម្នាក់ដែលមានទីតាំងនៅជិតកន្លែងកើតហេតុបំផុតហើយធ្វើការបណ្តេញស្ទាក់ចាប់ជនល្មើសដែលជាជនសង្ស័យបាញ់សម្លាប់ កែម ឡី នេះចឹងបើអស់លោកមើលយឺតៗ និងសកម្មភាពឡើងវិញគឺនគរបាលរូបនោះកំពុងព្យាយាមបញ្ឈប់ជនល្មើសប៉ុន្តែដោយឃាតករឃើញម៉ូតូសមត្ថកិច្ចដែលមានស្លាកនគរបាលចឹងគឺជនល្មើសប្រះខ្លួនចេញពីសមត្ថកិច្ចបន្តដំណើរទៅមុខ»។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក បណ្ឌិត មាស នី ថ្លែងថាប្រសិនបើរដ្ឋាភិបាលព្យាយាមលាក់បាំង និងមិនបង្ហាញលទ្ធផលនៃការស៊ើបអង្កេតនោះទេរដ្ឋាភិបាលនឹងរងការចោទថានៅពីក្រោយនៃអំពើឃាតកម្មដ៏ព្រៃផ្សៃនេះ។
លោកបានដាក់ចម្ងល់ថារដ្ឋាភិបាលចាប់បានឃាតករបានភ្លាមៗបន្ទាប់ពីកើតហេតុហេតុអ្វីសមត្ថកិច្ចបែរជាពិបាកស្វែងរកអ្នកនៅពីក្រោយទៅវិញ។ «យើងឆ្ងល់ថាករណីមួយនេះអាជ្ញាធរចាប់បានជនទីមួយប៉ុន្តែអាជ្ញាធរនៅតែថាពិបាកក្នុងការតាមដានអ្នកនៅពីក្រោយរឿងនេះដែលយើងជាពលរដ្ឋធម្មតាពិបាកនឹងជឿដែលខុសពីមុនៗមកនៅពេលមានករណីបែបនេះមិនលើសពី ៤៨ ម៉ោងទេគេប្រមូលចាប់បានទាំងអស់»។
សមត្ថកិច្ចរបស់រដ្ឋាភិបាលបានអះអាងថាខ្លួនចាប់បានជនដៃដល់ឈ្មោះ ជួប សម្លាប់បានភ្លាមៗបន្ទាប់ពីជននេះបានធ្វើសកម្មភាពសម្លាប់លោក កែម ឡី កាលពីព្រឹកថ្ងៃទី ១០ កក្កដា។
ប៉ុន្តែរហូតមកដល់ពេលនេះសមត្ថកិច្ចនៅតែមិនទាន់បានបង្ហាញពីតម្រុយណាផ្សេងទៀតនៃជនសង្ស័យក្នុងអំពើឃាតកម្មនេះ ឬមេគំនិតនៃអំពើឃាតកម្មបាញ់សម្លាប់មនុស្សទាំងកណ្តាលថ្ងៃនៅកណ្តាលទីក្រុងដែលមានមនុស្សច្រើនកុះករនេះនៅឡើយទេសូម្បីតែឃ្លីបវីដេអូក្នុងកាមេរ៉ាសុវត្ថិភាពនៅផ្សារទំនើបស្តារម៉ាតកាល់តិចដែលគួរតែត្រូវបង្ហាញនោះក៏មិនបានបង្ហាញដែរដោយថាការស៊ើបអង្កេតក្នុងរឿងឃាតកម្មនេះគឺស្មុគស្មាញ៕