ភ្នំពេញៈ សមា​គម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា GMAC​ បានអះអាង​ថា ចំនួន​នៃ​ការ​ធ្វើ​កូដកម្ម​នា​ពេល​ថ្មីៗ​នេះ​មាន​ការ​កើន​ឡើង​ ពិសេស​កូដ​កម្ម​ខុស​ច្បាប់​ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ជាអវិជ្ជមាន​ដល់បរិយាកាស​នៃ​ការ​វិនិយោ​គ ខ​ណៈ​ដែល​កម្ពុជា​កំពុង​ប្រ​ឈម​នឹង​នីតិ​វិធី​ផ្អាក​ EBA ដោយ​សហភាព​អឺរ៉ុប។

តាមសេចក្ដី​ថ្លែង​ការណ៍​របស់ GMAC ចុះ​ថ្ងៃ​ទី​ ១៦ កក្កដា ​សរសេរ​ថា៖ «GMAC ដែល​តំណាង​ឲ្យ​សមា​ជិក​ជាង ​៦០០​ រោង​ចក្រ ​សហ​គ្រាស ​បាន​កត់​សម្គាល់​ជា​មួយ​នឹង​ការ​សោក​ស្ដាយ​ ដែល​​​ថ្មីៗ​នេះ​មាន​ការ​កើត​ឡើង​នូវ​កូដ​កម្ម​ខុស​ច្បាប់​នៅ​ក្នុង​វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់​ ស្បែក​ជើង និង​ផលិតផល​ធ្វើ​ដំណើរ»។

សេចក្តី​ថ្លែង​ការណ៍​បន្ត​ថា៖​ «សកម្ម​ភាព​ខុស​ច្បាប់​ទាំង​នេះ​ដែល​ដឹក​នាំ​ដោយ​សហ​ជីព​ទុច្ចរិត​បាន​ប៉ះ​ពាល់​ជា​អវិជ្ជ​មាន​ទៅ​លើ​បរិយាកា​ស​វិនិយោគ​នៅ​ក្នុង​វិស័យ​នេះ​ ខណៈ​ដែល​យើង​កំពុង​ប្រ​ឈម​នឹង​ការ​គំរាម​កំហែង​នៃ​ការ​ដក EBA ដោយ​សហភាព​អឺរ៉ុប»។

សេចក្តី​ថ្លែង​ការណ៍​បាន​លើក​ឧទា​ហរណ៍​នៃ​ការ​ធ្វើ​កូដកម្ម​ដោយ​កម្មករ​រោង​ចក្រ Bowker Garment Factory ក្នុង​ស្រុក​អង្គ​ស្នួល​ ខេត្ត​កណ្ដាល​ ចាប់​តាំង​ពី​ថ្ងៃ​ទី​ ១០ កក្កដា​មក ​ដោយ​និយាយ​ថា ​ជម្លោះ​កា​រងារ​នៅ​រោង​ចក្រ​នេះ​ ត្រូវ​បាន​ចរចា ហើយ​ចំណុច​ដែល​មិន​បាន​ឯក​ភាព​ត្រូវ​បាន​បញ្ជូន​ទៅ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​ហើយ។ ប៉ុន្តែ កម្មករ​នៅតែ​បន្ត​ធ្វើ​កូដកម្ម​ដដែល។

GMAC បន្ត​ទៀត​ថា៖​ «GMAC ថ្កោល​ទោស​រាល់​ទង្វើ​ខុស​ច្បាប់​ទាំង​ឡាយ​ណា​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​កូដ​កម្ម​មិន​ស្រប​តាម​នីតិវិធី​ច្បាប់​ ដែល​អាច​នាំ​ឲ្យ​មាន​ការ​បាត់​បង់​ទំនុក​ចិត្ត​ពីអ្នកបញ្ជា​ទិញ​ និង​អត្ថ​ប្រយោជន៍​ដល់​ភាគី​ទាំង ២»។

GMAC ក៏​ស្នើ​សុំ​ឲ្យ​កម្មករ​ និង​សហ​ជីព​គោ​រព​ច្បាប់​ និង​បទ​​ប្ប​ញ្ញត្តិពាក់ព័ន្ធ​ផងដែរ។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​​សហ​ជីព​​ប្រជា​ធិប​តេយ្យ​​កម្មករ​​កាត់​​ដេរ​​កម្ពុជា ហៅ​កាត់​ថា​ ស៊ីខៅ​ឌូ (CCA​WD​U) បាន​ថ្លែង​ថា នា​ពេល​ថ្មីៗ​នេះ​ ពិត​ជា​មាន​ការ​កើន​ឡើង​នៃ​ចំនួន​ធ្វើ​កូដកម្ម​ដោយ​កម្មករ​មែន ដោយសារ​តែ​និយោ​ជ​កមិន​បាន​ផ្ដល់​ប្រាក់​អត្ថប្រយោជ​ន៍ ដូច​ជា ​ប្រាក់​អតីត​ភាព​ការងារ​ត្រឹម​ត្រូវ​តាម​ការ​ណែនាំ​របស់​ក្រសួង​ការងារ។

លោក​បាន​បញ្ជាក់​​ថា៖ «យើង​នឹង​ស្នើ​សុំ​ពិភាក្សា​ជា​មួយ​ក្រសួង​ការងារ​អំពី​ប្រាក់​អតីត​ភាព​ការ​ងារ​។ ប៉ុន្តែ​សម្រាប់​ពេល​នេះ​កម្មករ​គាត់​មិនសប្បាយ​ចិត្ត​ដោយ​សារ​​ពួក​គេ​មិន​ទទួល​បាន​ប្រាក់​អតីត​ភាព​ ព្រោះ​និយោជក​មិន​បាន​បក​ស្រាយ​ការ​ណែ​នាំ​របស់​ក្រ​សួង​ឲ្យ​បាន​ត្រឹមត្រូវ»។

ទោះ​បីជាយ៉ា​ង​ណា​ លោក ទេ​ស រុក្ខាផល ​អគ្គ​លេខា​ធិការ​រង​នៃ​អគ្គលេខា​ធិការ​ដ្ឋាន​​គណៈក​ម្មការ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​កូដក​ម្ម​ បាតុ​កម្ម​នៅតាម​គ្រប់មុខ​សញ្ញា​នៃ​ក្រសួង​ការងារ​ បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា ចំនួន​នៃ​ការ​ធ្វើ​កូដ​កម្ម​ ជា​ទូ​ទៅ​មាន​ការ​ថយចុះ​ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​មុន។ ប៉ុន្តែ​លោក​ថា​ ចំនួន​នេះ​ អាចកើន​ឡើង​នា​ពេល​ថ្មីៗ​នេះ ​ដោយ​សារ​តែ​មាន​ទំនាស់​រឿង​ប្រាក់​អតីត​ភាព និង​ការ​​យល់​ឃើញ​ក៏ដូច​បក​ស្រាយ​ការ​ណែនាំ​របស់​ក្រសួង​ការងារ​ខុសគ្នា។

លោក​ថ្លែង​ថា៖ «កូដ​កម្ម​ជា​ទូទៅ​មិន​ធ្វើ​តាម​នីតិ​វិធី​ទេ។ ឧទា​ហរណ៍​ការ​ធ្វើ​កូដ​កម្ម​នៅ​រោង​ចក្រ Bowker Garment Factory ថ្មីៗ​នេះគឺពួក​គាត់​​មិន​គួរ​ធ្វើ​កូដ​កម្ម​ទេ ព្រោះ​ពេល​មាន​ជម្លោះ​គេត្រូវ​ជជែក​គ្នា ​ហើយ​ដាក់​ពាក្យ​ទៅ​ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល។ប៉ុន្តែ​ជាក់​ស្ដែង​ពួកគាត់​បាន​ចាប់​ផ្ដើម​ធ្វើ​កូដកម្ម​ តាំង​ពីមុន​ពេល​ដែល​រឿង​បាន​ទៅដល់​ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល»។

លោក​ស្នើ​ឲ្យ​កម្មករ ​សហ​ជីព និង​និយោ​ជក​ទាំង​អស់​ អង្គុយ​ជជែក​គ្នា​រក​ដំណោះស្រាយ​ជា​ជាង​ធ្វើ​កូដកម្ម៕