
កម្មកររោចក្រចេញពីធ្វើការក្នុងរោងចក្រមួយកន្លែងស្ថិតនៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ កាលពីម្សិលមិញ។ ហេង ជីវ័ន
ភ្នំពេញៈ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានអះអាងថា ខ្លួនតែងតែធ្វើការផ្សព្វផ្សាយនូវវិធានការនានារបស់ក្រសួងសុខាភិបាល និងក្រសួងការងារទៅដល់បណ្តារោងចក្រ សហគ្រាស និងកម្មករនិយោជិត ក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ហើយក្នុងនោះដែររោងចក្រនីមួយៗក៏បានស្តុកទុកម៉ាស់សម្រាប់ត្រៀមផ្តល់ជូនកម្មករនៅពេលដែលមានការចាំបាច់រួចរាល់ផងដែរ។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរង GMAC ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា ចំពោះម៉ាស់សម្រាប់កម្មករប្រើប្រាស់គឺជាការទទួលខុសត្រូវរបស់រោងចក្រផ្ទាល់ខ្លួន ហើយសម្រាប់សុវត្ថិភាពនៅតាមរោងចក្រគឺសមាគមតែងតែធ្វើការផ្សព្វផ្សាយបន្តនូវរាល់សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងការងារ ព្រមទាំងបានធ្វើការបកប្រែពីភាសាខ្មែរទៅជាភាសាអង់គ្លេស និងភាសាចិនដើម្បីឱ្យអ្នកគ្រប់គ្រងរោងចក្របានយល់។
លោកថា៖ «ហើយរោងចក្រក៏បានអនុវត្តផងដែរ ដោយបានស្តុកទុកម៉ាស់ឱ្យបានគ្រប់គ្រាន់ត្រៀមសម្រាប់ផ្តល់ជូនកម្មករ នៅពេលដែលមានការចាំបាច់ រួមនឹងវិធានមួយចំនួនទៀតដូចជាការវាស់កម្តៅកម្មករ និងបុគ្គលិកមុនពេលចូលរោងចក្រដែលបានអនុវត្តយ៉ាងត្រឹមត្រូវការលាងដៃសម្អាតជាមួយនឹងអាល់កុលជាដើម»។
លោកបញ្ជាក់ថា នីតិវិធីនេះក៏អនុវត្តចំពោះភ្ញៀវសវនករ មន្ត្រីអធិការកិច្ច និងមន្ត្រីអាជ្ញាធរគ្រប់គ្នាទាំងអស់ពេលចុះទៅរោងចក្រ ហើយប្រសិនបើពួកគាត់ មិនគោរពតាមវិធានការសុវត្ថិភាពនេះទេ រោងចក្រក៏មិនអនុញ្ញាតឱ្យចូលដែរ។ GMAC មិនមានសិទ្ធិអំណាចក្នុងការចាប់បង្ខំឱ្យរោងចក្រ អនុវត្តតាមវិធានការនានាទេ ប៉ុន្តែសមាគមមានតួនាទីក្នុងការផ្សព្វផ្សាយបន្តនូវអ្វីដែលជាយន្តការ និងសេចក្តីណែនាំរបស់រដ្ឋាភិបាល និងក្រសួងសុខាភិបាល។
ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ម្សិលមិញថា ជាការល្អមួយដែល GMAC បានធ្វើការផ្សព្វផ្សាយនូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលហើយសមាគមគួរតែបន្តផ្សព្វផ្សាយដោយសហការជាមួយនឹងក្រុមអធិការកិច្ចការងារចុះផ្សព្វផ្សាយទៅដល់រោងចក្រដោយធានាថា រោងចក្រនោះបានអនុវត្តត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងការងារ។
លោកបន្តថា៖ «ក្រុមហ៊ុនគួរតែទិញម៉ាស់ អាល់កុល និងសម្ភារការពារកូវីដឱ្យបានច្រើន សម្រាប់ធ្វើការអនុវត្តតាមវិធានការរបស់ក្រសួងហើយគួរតែទិញម៉ាស់សម្រាប់កម្មករប្រើប្រាស់ និងកាត់បន្ថយឱ្យកម្មករចេញចូលក្នុងម៉ោងតែមួយ»។
លោក អាត់ ធន់ ចង់ឲ្យតាមរោងចក្រគួរសង់បន្ទប់ និងកន្លែងហូបអាហារឱ្យបានច្រើន ដើម្បីកុំឱ្យកម្មករនៅជាមួយគ្នាច្រើន។ លោកថា ក្រសួងការងារក៏គួរតែមានការណែនាំទៅដល់អ្នកបើកបររថយន្តដឹកកម្មករឲ្យបន្ថយចំនួនដឹកកម្មករពី ៣០ មកនៅត្រឹម ២០ នាក់ក្នុង ១ រថយន្ត។
លោកបានបញ្ជាក់ថា៖ «ក្នុងកាលៈទេសៈនេះ ទោះបីជាក្រពិបាកយ៉ាងណា ក៏កម្មករយើងត្រូវតែទិញម៉ាស់សម្រាប់ពាក់ដែរ ហើយមកដល់ពេលនេះយើងមិនទាន់ឃើញមានខាងក្រសួង ឬក្រុមហ៊ុនជួយចំណាយក្នុងការទិញម៉ាស់ឱ្យកម្មករដែរ។ ខ្ញុំគិតថា ក្នុង ១ ខែ កម្មករ និងក្រុមហ៊ុនគួរតែជួយចេញពាក់កណ្តាលម្នាក់ក្នុងការទិញម៉ាស់ឱ្យកម្មករដោយសារបើមានការឆ្លងមិនមែនតែកម្មករប៉ះពាល់ទេ តែក៏មានបញ្ហាដល់ក្រុមហ៊ុនដែរ»។
គួរបញ្ជាក់ផងដែរនៅថ្ងៃអង្គារទី ៨ ខែធ្នូ GMAC និងសមាជិកបានផ្តល់ម៉ាស់ជូនក្រសួងអប់រំចំនួន ២៤ ម៉ឺនម៉ាស់ ដើម្បីចែកជូនសិស្សានុសិស្សសម្រាប់ប្រើប្រាស់ក្នុងពេលប្រឡងមធ្យមសិក្សាទុតិយភូមិនាខែមករា ឆ្នាំ ២០២១ ខាងមុខ។ នេះជាលើកទី២ ហើយ ដែល GMAC បានផ្តល់ម៉ាស់ដល់ក្រសួងអប់រំដោយក្នុងលើកទី១ ធ្វើឡើងកាលពី ២ ខែមុន ដោយ GMAC បានផ្តល់ម៉ាស់ចំនួន ៤ ម៉ឺនម៉ាស់។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំថ្លែងពីម្សិលមិញថា តាមលទ្ធភាពក្រសួងអប់រំនឹងជូនសម្ភារសុវត្ថិភាពសុខភាពនេះទៅកាន់អង្គភាពក្រោមឱវាទក្រសួងដែលមានតម្រូវការជាក់ស្តែង។ លោកក៏បានថ្លែងអំណរគុណ និងស្វាគមន៍ ចំពោះកិច្ចសហការពីសំណាក់គ្រប់ភាគីពាក់ព័ន្ធតាមរយ:គ្រប់រូបភាព ដើម្បីបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ ១៩៕
វីដេអូ៖