ភ្នំពេញៈ សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​បាន​ចេញ​សេច​ក្ដី​ថ្លែង​ការណ៍​កាល​ពី​ដើម​សប្ដាហ៍​នេះ​ ដោយ​បាន​ស្នើ​សុំ​រាជ​រដ្ឋាភិបាល​ ពិសេស​ក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ជួយ​ជំរុញ​ឲ្យ​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​អនុ​វត្ត​ឲ្យ​បាន​ហ្មត់​ចត់​តាម​ស្មារតី​ច្បាប់​ និង​ប្រកាស​ ព្រម​ទាំង​បទ​ប្បញ្ញត្តិ​ ចំពោះ​ការ​បើក​រំឭក​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​មុន​ឆ្នាំ​ ២០១៩​ របស់​កម្មករ​និយោ​ជិត​។​

យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​របស់ សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) ​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​ ១៨ ​ខែ​ធ្នូ ឆ្នាំ​ ២០១៨ ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើប​ទទួល​បាន​កាល​ពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា​៖ «​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​បាន​កត់​សម្គាល់​ឃើញ​ថា​ មាន​សហជីព​មួយ​ចំនួន​បាន​ដឹក​នាំ​កម្មករ​និយោ​ជិត​ជា​សមាជិក​របស់​ខ្លួន​ធ្វើ​កូដ​កម្ម​ដើម្បី​ទាម​ទារ​ឲ្យ​និ​យោជក​បើក​រំឭក​ប្រាក់​បំណាច់​អតីត​ភាព​ការ​ងារ​ជា​កញ្ចប់​ក្នុង​ពេល​តែ​មួយ​ជូន​កម្មករ​និយោជិត​ ដោយ​មិន​ស្រប​ទៅ​នឹង​ប្រកាស​របស់​ក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ទាល់​តែ​សោះ​​»​។​

យោង​តាម​ស្មារតី​ច្បាប់​ និង​ប្រកាស​របស់​ក្រសួង​ការងារ​ បាន​ឲ្យ​ដឹង​ថា ការ​បើក​រំឭក​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​មុន​ឆ្នាំ​ ២០១៩​ របស់​កម្មករ​និយោជិត​ ដែល​បាន​និង​កំពុង​បម្រើ​ការងារ​នៅ​តាម​សហ​គ្រាស​គ្រឹះ​ស្ថាន​ផ្នែក​វាយនភណ្ឌ​ កាត់​ដេរ​ និង​ផលិត​ស្បែក​ជើង​ និយោជក​ ត្រូវ​បើក​រំឭក​ចំនួន​ ៣០ ​ថ្ងៃ​នៃ​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​សរុប​រៀង​រាល់​ ១ ឆ្នាំ​ម្ដង​ ដោយ​ចំនួន​ ១៥ ​ថ្ងៃ​ នៅ​ក្នុង​ខែ​មិថុនា​ និង​ ១៥ ​ថ្ងៃ​នៅ​ក្នុង​ខែ​ធ្នូ​នៃ​ឆ្នាំ​នី​មួយ​ៗ​។ ប្រាក់​បំណាច់​អតីត​ភាព​ការងារ​អតិបរមា​ ដែល​ត្រូវ​បើក​រំឭក​មិន​អាច​លើស​ពី​ ៦ ​ខែ​នៃ​ប្រាក់​ឈ្នួល​សុទ្ធសាធ​គិត​ជា​មធ្យម​តាម​ឆ្នាំ​នីមួយ​ៗ​ដែល​ត្រូវ​រំឭក​នោះ។​

សេចក្ដី​ថ្លែង​ការណ៍​ដដែល​នេះ​ ឲ្យ​ដឹង​ថា​៖​ «សមាគម​ទាមទារ​ឲ្យ​ភាគី​សហជីព​ទាំង​អស់​គោរព​ស្មារតី​ប្រកាស​លេខ​ ៤៤៣ ​ដែល​ចេញ​ដោយ​ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ និ​ង​បទ​ប្បញ្ញត្តិ​ដែល​ពាក់​ព័ន្ធ​ ដើម្បី​ភាព​សុខ​ដុម​ក្នុង​ទំនាក់​ទំនង​វិជ្ជា​ជីវៈ ​និង​ស្ថិរភាព​​នៃ​វិស័យ​វាយនភណ្ឌ​កាត់​ដេរ និង​ផលិត​ស្បែក​ជើង​»​។​

លោក​ អាត់ ​ធន់​ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិប​តេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ (​ស៊ី​ខៅ​ឌូ​) ​បាន​ថ្លែង​​ថា​ កម្មករ​ចង់​ឲ្យ​បើក​ ១ ​ដង​ក្នុង​ ១ ​ឆ្នាំ​ ប៉ុន្តែ​ខាង​និយោជក​ ទៅ​មិន​រួច​។​

លោក​អាត់​ ធន់ ​ថ្លែង​ថា​៖​ «​លុយ​បើក​ខែ​ ៦​ ឆ្នាំ​ក្រោយ ​ហេតុ​អី​មាន​បាតុ​កម្ម​ពី​ឥឡូវ។​ វា​មិន​ទាន់​ត្រូវ​ពី​សកម្ម​ភាព ​មើល​ទៅ​វា​នៅ​ឆ្ងាយ។​ យើង​មិន​ចង់​ឃើញ​ការ​តវ៉ា​អី​ពេល​ហ្នឹង​ទេ​ព្រោះ​អត់​ទាន់​កើត​ឡើង​ផង​ ទាល់​ខែ​ ៦​ ឆ្នាំ​ក្រោយ​ប៉ុន្តែ​យើង​ចង់​ឲ្យ​មាន​ការ​ដោះ​ស្រាយ​ត្រឹមត្រូវ​មិន​ចាំ​បាច់​ទៅ​ធ្វើ​កូដ​កម្ម​អី​ទេ»​។

លោក​ កាំង ​ម៉ូនី​កា​ អគ្គ​លេខាធិការ​រង​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​និយាយ​ថា​ មាន​រោង​ចក្រ​ប្រហែល​ ៣​-​៤​ បាន​ធ្វើ​កូដកម្ម​នៅ​ក្នុង​ខែ​ធ្នូ​នេះ ​ហើយ​សម្តែង​ការ​បារម្ភ​ខ្លាច​មាន​ការ​ធ្វើ​កូដកម្ម​ទាមទារ​បែប​នេះ​បន្ត​តាម​គ្នា​ ខណៈ​វិស័យ​​ ១ ​នេះ​កំពុង​ជួប​បញ្ហា​ផង​ដែរ​។​​

លោក​ ម៉ូនី​កា​ ថ្លែង​ថា៖​ «​តាម​ច្បាប់​ឲ្យ​ធ្វើ​ទៅ​តាម​ឆ្នាំ​ មិន​មែន​ឲ្យ​សង​ទាំង​អស់​ទេ។​ ​បង​ប្អូន គាត់​ទៅ​ញុះញង់​ទាមទារ​ឲ្យ​រោង​ចក្រ​សង​ ១ ​កញ្ចប់​ទាំង​អស់​មក ​​ហើយ​បើ​ឲ្យ​ថៅ​កែ​ធ្វើការ​ទូទាត់​ក្នុង​ពេល​តែ​មួយ គាត់​មាន​លុយ​ពី​ណា​មក​ទូទាត់​ ហើយ​វាផ្ទុយ​ពី​ស្មារតី​របស់​ច្បាប់​ផង​ ​​ប៉ុន្តែ​អ្វី​ជា​ក្តី​បារម្ភ​ ការ​ទាម​ទារ​អ៊ីចឹង​ ធ្វើ​ឲ្យ​បន្ត​ការ​ទាមទារ​តាម​គ្នា​ ដែល​ខុស​គោល​ការណ៍​ វា​បង្កើត​ជា​អស្ថិរ​ភាព​ក្នុង​វិស័យ​របស់​យើង​ដែល​កំពុង​តែ​​ជួប​បញ្ហា​ស្រាប់​ផង​»​។​ ​

លោក​ ហេង ​សួរ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ថ្លែង​ថា៖​ «​យើង​សុំ​អំពាវ​នាវ​ដល់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ត្រូវ​គោរព​ច្បាប់​និង​បទ​ប្បញ្ញត្តិ​នា​នា​ ​ពិសេស​លើក​កម្ពស់​សន្តិ​ភាព​ និង​ភាព​​ស្រប​ច្បាប់​របស់​សហ​គ្រាស​»​៕