ភ្នំពេញៈ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) ​បានបង្ហាញ​ការសោកស្ដាយ និង​​ជំរុញ​ឲ្យ​សហភាព​អឺរ៉ុប​ផ្ដល់​អត្ថប្រយោជន៍​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ​ដូចដើម​វិញ ដើម្បី​បញ្ចៀស​ផលប៉ះពាល់​ដល់​កម្មករ​រាប់ម៉ឺន​នាក់ បន្ទាប់ពី​សហភាព​អឺរ៉ុប​សម្រេច​ព្យួរ​ផ្នែក​ខ្លះ​ប្រមាណ​ ១ ​ភាគ​ ៥ ​នៃ​ទំនិញ​នាំចូល​ពី​កម្ពុជា​ទៅ​ទីផ្សារ​អឺរ៉ុប​។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​ម្សិលមិញ GMAC ​បាន​សម្ដែង​ការសោកស្ដាយ​ជាខ្លាំង​ចំពោះ​គណៈកម្មការ​អឺរ៉ុប​ដែល​បាន​សម្រេច​ព្យួរ​ផ្នែក​ខ្លះ​នៃ​កម្មវិធី​អនុគ្រោះ​ពន្ធ EBA សម្រាប់​កម្ពុជា​។ ​GMAC ថា វិស័យ​កាត់ដេរ និង​ផលិតផល​ធ្វើដំណើរ​គឺជា​ផ្នែក​ដ៏សំខាន់​ដែល​ទទួល​បាន​ប្រយោជន៍ ហើយ​វិស័យ​នេះ​តំណាង​ដោយ GMAC​។

GMAC បន្តថា កម្មវិធី​អនុគ្រោះ​ពន្ធ EBA គាំទ្រ​វិស័យ​ទាំងនេះ​បាន​ផ្ដល់​ការងារ​ឲ្យ​កម្មករ​ជាង​ ៧៥ ​ម៉ឺន​នាក់ និង​បាន​រួមចំណែក​ទាញ​ពលរដ្ឋ​កម្ពុជា​រាប់លាន​នាក់​ចេញ​ពី​ភាពក្រីក្រ ជាពិសេស​គឺ​ស្ត្រី​។

ជាមួយ​នេះ GMAC ជំរុញ​ឲ្យ​គណៈកម្មការ​អឺរ៉ុប និង​សមាជិក​សភា​អឺរ៉ុប​ពិចារណា​ឡើងវិញ​លើ​ការសម្រេចចិត្ត​នេះ​ដោយ​ផ្ដោតលើ​គុណ​តម្លៃ​ដែល​អឺរ៉ុប​បានផ្ដល់​តាមរយៈ EBA រយៈពេល​ ២០ ​ឆ្នាំ​។ សេចក្ដី​ប្រកាស​ព័ត៌មាន​បន្តថា​៖ «​សមាគម​សូម​ជំរុញ​សហភាព​អឺរ៉ុប​ផ្ដល់​​អត្ថប្រយោជន៍​ EBA ដូចដើម​វិញ​សម្រាប់​វិស័យ​របស់​យើង​ដើម្បី​បុព្វហេតុ​នៃ​ការអភិវឌ្ឍ​​ប្រកប​ដោយ​ចីរភាព​...»​។

GMAC ពន្យល់​ថា ខ្លួន​បាន​បង្កើត​វប្បធម៌​តម្លាភាព និង​គណនេយ្យភាព​ក្នុង​ផ្នែក​អនុលោមភាព​ការងារ និង​លក្ខខណ្ឌ​​ការងារ ហើយ​ថា GMAC គឺជា​សមាគម​ដំបូង​បំផុត​ក្នុង​ពិភពលោក​ដែល​ស្វាគមន៍​អង្គការ​អន្តរជាតិ​ខាង​ការងារ​ (ILO) ​ដោយ​ផ្អែក​តាម​លក្ខខណ្ឌ​តម្រូវ​ថ្នាក់ជាតិ និង​អន្តរជាតិ​។

សេចក្ដី​ថ្លែងការណ៍​ដដែល​ថា​៖ «GMAC ​គោរព និង​គាំទ្រ​ការចូលរួម​របស់​សហភាព​អឺរ៉ុប​ក្នុង​ការកែលម្អ​គោលនយោបាយ និង​សិទ្ធិមនុស្ស​។ ​ជា​អកុសល​ការដក​ការជួយ​ភ្លាមៗ​បែប​នេះ​ពី​ប្រជាពលរដ្ឋ​កម្ពុជា​រាប់សែន​នាក់​​មិនមែន​ជា​វិធី​ដែល​ត្រូវ​បន្ត​ទៅមុខ​នោះទេ​»​។

GMAC បន្តថា ការសម្រេច​ចិត្ត​នេះ​ទំនង​ជា​ធ្វើឲ្យ​មាន​ការភាន់ច្រឡំ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ពាណិជ្ជកម្ម​ដែល​កំពុង​ឆ្ពោះ​ទៅមុខ ហើយ​អាច​លើកទឹកចិត្ត​ឲ្យ​អ្នកបញ្ជា​ទិញ​ពី​ប្រទេស​ផ្សេង​ដែល​ការគោរព​សិទ្ធិមនុស្ស​អន់​ជាង​កម្ពុជា​ឆ្ងាយ​។

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ការដក​ផ្នែក​ខ្លះ​នៃ​ EBA ​ធ្វើឲ្យ​មាន​ភាពអវិជ្ជមាន​ដល់​កម្ពុជា​។

លោក​ថា​៖ «​ផល​អវិជ្ជមាន​តាមរយៈ​អី​គឺ​តាមរយៈ​ដៃគូ​ពាក់ព័ន្ធ​គេ​មើលឃើញ​ពី​ស្ថានភាព​​មួយ​ដោយ​ការប្រៀបធៀប​រវាង​ប្រទេស​បង់ក្លាដែស មីយ៉ាន់ម៉ា វៀតណាម ហើយ​គេ​មើលឃើញថា ប្រទេស​យើង​ដូចជា​អាក្រក់​ជាង​ប្រទេស​ទាំងនោះ​»​។

លោក​បន្តថា ការដក​នេះ​អាច​ធ្វើឲ្យ​អ្នកបញ្ជា​ទិញ​ធំៗ​ពិចារណា​ថា តើ​ពួកគេ​គួរ​បន្ត​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា​ឬ​យ៉ាងណា​? ​ពីព្រោះ​បើ​គេ​នៅ​បន្ត​បញ្ជា​ទិញ​ពួកគេ​រួមចំណែក​ជាមួយ​ថៅកែ​ក្នុងការ​រំលោភសិទ្ធិ​ការងារ​។

លោក​ថ្លែងថា​៖ «​ប៉ុន្តែ​អ្វីដែល​យើង​បារម្ភ​គឺ​អ្នកបញ្ជា​ទិញ​ធំៗ​នោះ យើង​ខ្លាច​បំផុត​នៅពេល​អ្នកបញ្ជា​ទិញ​គាត់​ផ្អាក​ ឬ​បន្ថយ​ការបញ្ជាទិញ ដូចជា ក្រុមហ៊ុន H&M ដែលជា​អ្នកបញ្ជា​ទិញ​ធំ​លើ​ពិភពលោក​។ បើ​ក្រុមហ៊ុន​ធំៗ​កាត់បន្ថយ​ការបញ្ជាទិញ​នោះ វា​នឹង​មាន​ផលប៉ះពាល់​ដល់​បងប្អូន​កម្មករ​ហើយ​»​។

លោក​ថា នៅមាន​ពេល​គ្រប់គ្រាន់​មុនពេល​ការដក​នេះ​ចូល​ជាធរមាន​នៅ​ថ្ងៃទី​ ១២ សីហា ហើយ​អំឡុង​ពេលនេះ​កម្ពុជា​ និង​សហភាព​អឺរ៉ុប​គួរ​បន្ត​ជជែក​គ្នា​​លើ​បញ្ហា​ដែល​នៅ​សេសសល់​។

លោក​ថ្លែងថា​៖ «​សហភាព​អឺរ៉ុប​គាត់​ពិនិត្យឃើញ​ហើយ​ថា ខ្មែរ​យើង​មិនអាក្រក់​ណាស់ណា​ទេ បើ​គាត់​មើលឃើញថា ខ្មែរ​មិនល្អ គាត់​មិន​ដក​តែ​ប្រមាណ​ ២០ ​ភាគរយ​ទេ​»​។

លោក ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មិនអាច​ទាក់ទង​សុំ​ការពន្យល់​បាន​ទេ​កាលពី​ម្សិលមិញ​។ ប៉ុន្តែ​លោក​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថា ទោះបី​ជា​កម្ពុជា​បាត់បង់ EBA ផ្នែក​ខ្លះ​ក៏ដោយ​ក៏​កម្ពុជា​នៅ​ធ្វើ​តាម​ការតាំង​ចិត្ត​ក្នុង​ការលើក​កម្ពស់​លក្ខខណ្ឌ​ការងារ ការគោរព​សិទ្ធិសេរីភាព​កម្មករ និយោជិត ព្រោះ​កិច្ចការ​ទាំងនេះ​ជា​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕

វីដេអូ៖