
គ្រូពេទ្យចាក់វ៉ាក់សាំងជូនស្ត្រីម្នាក់ក្នុងខណ្ឌពោធិ៍សែនជ័យម្សិលមិញ។ ហេង ជីវ័ន
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានស្នើឱ្យសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ជួយសម្របសម្រួលជាមួយម្ចាស់ ឬនាយករោងចក្រក្នុងការរៀបចំបញ្ជីឈ្មោះគ្រូពេទ្យប្រចាំរោងចក្រ ដើម្បីចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ជូនកម្មករដែលមានប្រមាណជាង ៧៥ ម៉ឺននាក់។
លោក អ៊ិត សំហេង លើកឡើងក្នុងលិខិតដែលបានផ្ញើទៅលោក វ៉ាន់ ស៊ូអៀង ប្រធាន GMAC ពីថ្ងៃម្សិលមិញដោយស្នើសុំឱ្យមានការរៀបចំបញ្ជីឈ្មោះគ្រូពេទ្យប្រចាំរោងចក្រចំនួន ១ រូប ក្នុង ១ រោងចក្រ ដើម្បីចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងការពារពីជំងឺកូវីដ ១៩។
លោកថ្លែងថា៖ «ដើម្បីការពារសុខភាពជូនបងប្អូនកម្មករនិយោជិត ក៏ដូចជាផលប្រយោជន៍របស់រោងចក្រពីការឆ្លងជំងឺកូវីដ ១៩ រាជរដ្ឋាភិបាលនឹងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ដោយឥតគិតថ្លៃដល់កម្មករនិយោជិតតាមរោងចក្រសហគ្រាសនាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ»។
ដោយមូលហេតុនេះហើយ ទើបលោក អ៊ិត សំហេង បានស្នើឱ្យខាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជាជួយសម្របសម្រួលជាមួយនឹងម្ចាស់ ឬនាយករោងចក្ររៀបចំបញ្ជីឈ្មោះគ្រូពេទ្យប្រចាំរោងចក្រ ដើម្បីចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដែលត្រូវបញ្ជូនមកក្រសួងឱ្យបានមុនថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២១។
លោក អ៊ិត សំហេង បានបញ្ជាក់ថា៖ «ត្រៀមរៀបចំឱ្យមានបន្ទប់ ឬទីកន្លែងសមស្របសម្រាប់ការចាក់វ៉ាក់សាំង និងធានាថា កម្មករនិយោជិត ចុះឈ្មោះក្នុងបញ្ជីស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ ១៩ ត្រូវបានអនុញ្ញាតឱ្យមកចាក់វ៉ាក់សាំងតាមកាលបរិច្ឆេទកំណត់ និងត្រៀមរៀបចំឱ្យមានបន្ទប់ ឬទីកន្លែងសមស្របសម្រាប់កម្មករនិយោជិតសម្រាក និងតាមដានសុខភាពរយៈពេល ៣០ នាទី ក្រោយពេលចាក់វ៉ាក់សាំងរួច»។
លោករដ្ឋមន្ត្រីក៏បានស្នើឱ្យមានការចាត់ចែងនូវរដ្ឋបាលរោងចក្រ ១ រូប ឬ ១ ក្រុមសម្រាប់សហការសម្របសម្រួលក្នុងការចាក់វ៉ាក់សាំង និងណែនាំ រំឭកដល់កម្មករនិយោជិតដែលស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងឱ្យមកទទួលការចាក់វ៉ាក់សាំងទាំង ២ លើកតាមកាលបរិច្ឆេទ និងទីកន្លែងកំណត់ ជាកំហិត។ «ម្ចាស់ ឬនាយករោងចក្រត្រូវអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាក ១ ថ្ងៃដោយមានប្រាក់ឈ្នួលក្រោយចាក់វ៉ាក់សាំង ១ លើក»។
អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជាលោក ខេន លូ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា សមាគមរបស់លោកបានជូនព័ត៌មានទៅសមាជិករបស់សមាគមរួចរាល់ហើយ បន្ទាប់ពីបានទទួលលិខិតពីក្រសួងការងារ។
លោកប្រាប់ថា៖ «នេះគឺជាគំនិតផ្តួចផ្តើមដ៏ល្អរបស់រដ្ឋាភិបាល។ វិស័យរបស់យើង គឺពឹងផ្អែកខ្លាំងទៅលើកម្លាំងពលកម្មហើយវាសំខាន់ណាស់ ដែលយើងត្រូវការការពារកម្មករ»។ លោក ខេន លូ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់ដល់កម្មករនិយោជិតផងដែរ។
នៅក្នុងសារដែលសមាគមរោងចក្រកាត់ដេរផ្ញើសារទៅកាន់សមាជិករបស់ខ្លួនបានសរសេរថា៖ «ដើម្បីចូលរួមចំណែកគាំទ្រដល់រាជរដ្ឋាភិបាលក្នុងកិច្ចការដ៏សំខាន់នេះ រោងចក្រទាំងអស់ត្រូវបានតម្រូវឱ្យចូលរួមដោយបញ្ជូនគិលានុបដ្ឋាក-គិលានុបដ្ឋាយិកាចំនួន ១ នាក់ ដើម្បីចូលរួមក្នុងក្រុមការងារចាក់វ៉ាក់សាំងដែលដឹកនាំដោយនាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ»។
គិលានុបដ្ឋាក-គិលានុបដ្ឋាយិកាទាំងអស់នឹងត្រូវទទួលបានការបណ្តុះបណ្តាលបច្ចេកទេសចាក់វ៉ាក់សាំងនេះជាមុន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២១។ វគ្គបណ្តុះបណ្តាលនេះនឹងរៀបចំឡើងតាមប្រព័ន្ធអនឡាញ ហើយក្រសួងការងារនឹងធ្វើការណែនាំពីនីតិវិធីនៃការចូលរួមនេះក្រោយពីទទួលបានបញ្ជីឈ្មោះគិលានុបដ្ឋាក-គិលានុបដ្ឋាយិកា និងព័ត៌មានទំនាក់ទំនង។
គួរបញ្ជាក់ផងដែរថា កម្មករនិយោជិតសរុបទាំង ៣ វិស័យដែលមានវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (កាតាប) មានប្រមាណជាង ៧៥ ម៉ឺននាក់។ តាមផែនការគឺរដ្ឋាភិបាលនឹងចាក់ជូនវិស័យកម្មន្តសាលផ្សេងទៀតផងដែរ ដោយមិនកម្រិតត្រឹមតែ ៣ វិស័យនេះទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានប្រកាសឱ្យមានការចាក់វ៉ាក់សាំងការពារកូវីដ ១៩ ទៅដល់កម្មករនិយោជិតទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។
ប្រធានសហភាពចលនាកម្មករកម្ពុជាលោក ប៉ាវ ស៊ីណា ថ្លែងពីម្សិលមិញថាខណៈនេះជាឱកាស និងជាពេលវេលាដែលកម្មករនិយោជិតទទួលបានវ៉ាក់សាំង ដើម្បីការពារពីជំងឺកូវីដ១៩នេះ ដោយសារមានកម្មករនៅរោងចក្រចំនួន ២ ហើយ ដែលបានឆ្លងកូវីដធ្វើឲ្យកម្មករផ្សេងទៀតមានការបារម្ភ។
លោកថា៖ «ខ្ញុំយល់ថា នេះជាឱកាស និងជាពេលវេលាដ៏ត្រឹមត្រូវដែលកម្មករត្រូវបានអនុញ្ញាតចាក់វ៉ាក់សាំងនេះ។ ប៉ុន្តែអ្វីដែលសំខាន់គឺការសម្រេចចិត្តរបស់ពួកគាត់ថា តើពួកគាត់ស្ម័គ្រចិត្តចាក់ ឬមិនចាក់ ខ្ញុំមិនដឹងដែរ តែខ្ញុំថា វាជាឱកាសដែលពួកគាត់ត្រូវចូលរួម»។ លោក ប៉ាវ ស៊ីណា បន្ថែមថា ដើម្បីសុវត្ថិភាពទាំងអស់គ្នា គួរតែចូលរួមទទួលវ៉ាក់សាំងទាំងអស់គ្នា ប៉ុន្តែប្រសិនបើសុខភាពរបស់ពួកគាត់មិនទាន់អំណោយផលទេ គឺមិនបាច់បង្ខំចិត្តក្នុងការទទួលយកវ៉ាក់សាំងទេ។
នៅថ្ងៃទី ២៦ខែមីនា ឆ្នាំ ២០២១ កម្ពុជានឹងទទួលបានវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ចំនួន ១,៥ លានដូសពីសាធារណរដ្ឋប្រជាមានិតចិន។
នៅថ្ងៃម្សិលមិញស្ត្រីជនជាតិខ្មែរអាយុ ៦២ ឆ្នាំម្នាក់បានស្លាប់ដោយសារជំងឺកូវីដ ដែលនេះជាករណីស្លាប់លើកទី៥ ដោយសារជំងឺនេះដែលឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្នុងរយៈពេលតែជាង ១ ខែប៉ុណ្ណោះ។
តាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២១ ស្ត្រីរូបនេះមានអាការហត់ ហើយបានចូលសម្រាកពេទ្យនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បន្ទាប់មកបានរកឃើញថា មានវិជ្ជមានវីរុសកូវីដ ១៩ នៅព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២១។ ស្ត្រីរូបនេះមានការរលាកសួតទាំងសងខាងធ្ងន់ធ្ងរខ្លាំង និងខ្សោយសួតខ្លាំង ដោយមានអាការហត់ ២-៣ ថ្ងៃមុនចូលមកមន្ទីរពេទ្យនេះ ព្រមទាំងមានជំងឺធាត់កម្រិត ១ ផងដែរ។
ក្រុមគ្រូពេទ្យក្រៅពីផ្តល់ការព្យាបាលតាមបច្ចេកទេសក៏បានប្រើប្រាស់ម៉ាស៊ីនជំនួយការដកដង្ហើមបន្ថែមនៅថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២១។ តែសួតគាត់កាន់តែខ្សោយទៅៗដែលជាអកុសលមិនអាចជួយសង្គ្រោះបានហើយគាត់ក៏បានធ្វើមរណកាលនៅថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២១ ទៅ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល។
ទាក់ទងនឹងសពអ្នកជំងឺកូវីដ ១៩ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានប្រាប់យ៉ាងខ្លីនៅថ្ងៃម្សិលមិញថា ការចាត់ចែងទុកដាក់សពគឺមន្ទីរពេទ្យ សហការជាមួយអាជ្ញាធរក្នុងការយកសពទៅបូជាតាមច្បាប់ដែលមានជាធរមាន។
ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងវីរុសកូវីដនៅថ្ងៃម្សិលមិញចំនួន ៣៥ នាក់ ដែលក្នុងនោះអ្នកដែលមានការពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានចំនួន ៣៣ នាក់ និង ២ នាក់ ជាអ្នកដំណើរមកពីក្រៅប្រទេស ខណៈមានអ្នកជាសះស្បើយចំនួន ៣២ នាក់។ យោងតាមសេចក្តីប្រកាសបានឱ្យដឹងថា ករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នេះកើតមាននៅក្នុងខេត្តព្រះសីហនុចំនួន ១៧ នាក់ រាជធានីភ្នំពេញចំនួន ១៤ នាក់ និងខេត្តសៀមរាបចំនួន ២ នាក់។
គិតត្រឹមព្រឹកថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២១ កម្ពុជាមានអ្នកវិជ្ជមានវីរុសកូវីដ ១៩ សរុបចំនួន ១ ៧៨៨ នាក់ ក្នុងនោះអ្នកដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍មាន ១ ២៦៦ នាក់ អ្នកដែលបានជាសះស្បើយ ៩៩៩ នាក់អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៧៨៣ នាក់ និងមានអ្នកស្លាប់ដោយសារកូវីដចំនួន ៥ នាក់។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានសម្រេចផ្តល់ថវិកាចំនួន ១ ៦០០ លានរៀលបន្ថែមទៅដល់ខេត្តចំនួន ១១ សម្រាប់ធ្វើការផ្គត់ផ្គង់ទៅដល់ពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ និងត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅស្រុកកំណើតរបស់ពួកគេ ដែលមកដល់ពេលនេះមានពលករចំនួន ១១ ០១០ នាក់កំពុងធ្វើចត្តាឡីស័កនៅក្នុងខេត្តទាំងនេះ៕
វីដេអូ៖