ភ្នំពេញៈ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនាសប្តាហ៍នេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានអះអាងថា តាមរយៈប្រាក់ឈ្នួលអប្បបរមាថ្មី កម្មករម្នាក់អាចរកចំណូលបានរហូតដល់ ២៥០ ដុល្លារក្នុងមួយខែ ប៉ុន្តែអ្នកខ្លះថា តួលេខប៉ាន់ប្រមាណនេះគឺជាការបំប៉ោងយ៉ាងខ្លាំង។
ក្រសួងការងារកាលសប្តាហ៍មុន បានអនុម័តកំណត់ប្រាក់ឈ្នួលអប្បបរមាចំនួន ១២៨ ដុល្លារក្នុង ១ ខែ សម្រាប់វិស័យកាត់ដេរកម្ពុជា ដោយមិនរួមបញ្ចូលប្រាក់អត្ថប្រយោជន៍ដទៃទៀតដែលតម្រូវដោយច្បាប់ដូចជា ប្រាក់សោហ៊ុយធ្វើដំណើរនិងថ្លៃស្នាក់នៅ ប្រាក់រង្វាន់ការងារទៀងទាត់ ប្រាក់អតីតភាពការងារនិងប្រាក់ថ្លៃបាយពេលថែមម៉ោង។ ប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យកាត់ដេរនាពេលបច្ចុប្បន្នមានចំនួន ១០០ ដុល្លារក្នុង ១ ខែ រហូតដល់ ខែមករា ឆ្នាំ២០១៥ ទើបប្រាក់ឈ្នួលថ្មី ១២៨ ដុល្លារចូលជាធរមាន។
សេចក្តីថ្លែងការណ៍របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានអះអាងថា៖ «ការពិត ធាតុនៃប្រាក់ឈ្នួលមានច្រើនដូចជា៖ ប្រាក់ឈ្នួលគោល (យ៉ាងទាបក៏ត្រូវស្មើកំរិតប្រាក់ឈ្នួលអប្បបរមាដែលបានកំណត់) ប្រាក់ឧបត្ថម្ភស្នាក់នៅឬធ្វើដំណើរ (តម្រូវដោយច្បាប់) ប្រាក់រង្វាន់ធ្វើការងារទៀងទាត់ (តម្រូវដោយច្បាប់) ប្រាក់រង្វាន់អតីតភាពការងារ (តម្រូវដោយច្បាប់) ប្រាក់រង្វាន់សម្រាប់ការផលិតដល់ឬលើសគោលដៅ ប្រាក់ជំនាញ ឬប្រាក់តួនាទី ប្រាក់ធ្វើការថែមម៉ោងនិងថ្លៃបាយពេលថែមម៉ោង និងប្រាក់ឧបត្ថម្ភផ្សេងៗទៀតតាមគោលនយោបាយនៃរោងចក្រនីមួយៗ។ ប្រាក់ឈ្នួលសរុបមិនមែន ១២៨ ដុល្លារទេ បើធ្វើការគ្រប់ចំនួនថ្ងៃត្រូវធ្វើការក្នុងខែនីមួយៗ»។
សេចក្តីថ្លែងការណ៍នេះបានសន្និដ្ឋានថា៖ «សរុបមកចាប់ពី ខែមករា ឆ្នាំ២០១៥ តទៅកម្រិតប្រាក់ឈ្នួលប្រចាំខែសរុបដែលកម្មករអាចមានលទ្ធភាពនឹងទទួលបាន គឺចន្លោះពី ២២៥ ដុល្លារទៅ ២៥០ ដុល្លារ»។
ដោយស្របថា ប្រាក់ដែលកម្មករទទួលបានសរុបយ៉ាងហោច ១៣៥ ដុល្លារ ក្នុង ១ ខែ សម្រាប់ឆ្នាំក្រោយ លោក Dave Welsh នាយកប្រចាំប្រទេសកម្ពុជានៃមជ្ឈមណ្ឌលអាមេរិកដើម្បីសាមគ្គីភាពការងារ (ACILS) បានថ្លែងថា រោងចក្រត្រូវបានជំរុញមិនឲ្យផ្តល់ប្រាក់រង្វាន់ធ្វើការងារទៀងទាត់ (លុះត្រាតែធ្វើការមិនអវត្តមាន)។
លោក Welsh បានហៅការសន្និដ្ឋានក្នុងសេចក្តីថ្លែងការណ៍របស់សមាគមរោងចក្រកាត់ដេរដែលថា កម្មករទទួលបានចន្លោះពី ២២៥ ដុល្លារទៅ ២៥០ ដុល្លារថា ជាការ «បំប៉ោងដ៏ធំមួយ»។
លោក Welsh ថ្លែងកាលពីម្សិលមិញថា៖ «កម្មករភាគច្រើននឹងមិនបានដល់ចំនួននោះទេ..វាមិនត្រឹមត្រូវទាំងស្រុង។ ប្រសិនបើកម្មករម្នាក់សុខចិត្តមិនដេក ហើយរោងចក្របើកដំណើរការ ២៤ ម៉ោងក្នុង ១ ថ្ងៃ» កម្មករអាចទទួលបានចំនួននោះ។
អ្នកនាង ចែ ចរិយា អាយុ ៣១ឆ្នាំ ជាកម្មការិនីកាត់ដេរនៅរោងចក្រក្នុង ខណ្ឌមានជ័យ រាជធានីភ្នំពេញ មិនយល់ស្របនឹងការអះអាងរបស់ GMAC នេះដែរ។
ដោយធ្វើការថែមម៉ោងមួយម៉ោងរយៈពេល ២ សប្តាហ៍ក្នុង ១ ខែៗ នាងរកចំណូលបានប្រហែល ១៦០ ដុល្លារក្នុងមួយខែ ហើយថា ប្រាក់ឈ្នួលអប្បបរមាថ្មី ចំណូលនាងអាចនឹងកើនឡើងដល់ ១៨៨ ដុល្លារ។
អ្នកនាងថា គ្មានកម្មករកាត់ដេរណារកចំណូលក្នុងលំដាប់ ២០០ ដុល្លារទេ។ ចរិយា បន្តថា៖ «ខ្ញុំគិតថា កម្មករមិនអាចធ្វើការងារគ្រប់ម៉ោងរាល់ថ្ងៃដើម្បីទទួលបានចំនួនដែល GMAC អះអាងទេ។ យើងមិនថែមពេលដើម្បីធ្វើការលំបាកជារៀងរាល់ថ្ងៃទេ ពិសេសថែមម៉ោង»។
លោក ខេន លូ អគ្គលេខាធិការ GMAC មិនអាចទាក់ទងសុំការបំភ្លឺបានទេ កាលម្សិលមិញ។
នៅក្នុងជំនួបមួយរវាងអគ្គនាយករងផ្នែកគោលនយោបាយរបស់អង្គការពលកម្មអន្តរជាតិ (ILO) លោកស្រី Sandra Polaski រដ្ឋមន្រ្តីក្រសួងការងារ លោក អ៊ិត សំហេង រដ្ឋមន្រ្តីការបរទេស លោក ហោ ណាំហុង ពីម្សិលមិញលោកស្រី Polaski បានសរសើររដ្ឋាភិបាលកម្ពុជាចំពោះប្រាក់ឈ្នួលថ្មីនេះ។ នេះបើតាមការឲ្យដឹងរបស់អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង កាលម្សិលមិញ។
លោក កុយ គួង បានថ្លែងថា៖ «លោកស្រី Polaski យល់ថា ឆន្ទៈរបស់រដ្ឋាភិបាលគឺតែងតែជួយកម្មករនិងធ្វើឲ្យស្តង់ដាររស់នៅរបស់ពួកគេប្រសើរឡើង»។
នាយកនៃអង្គការពលកម្មអន្តរជាតិ លោក ទួន សុភ័ណ មិនអាចសុំអត្ថាធិប្បាយអំពីការថ្លែងរបស់លោក កុយ គួង ដែលបានដកស្រង់សម្តីរបស់លោកស្រី Polaski បានទេ៕