ភ្នំពេញៈ លោក វ៉ាន់ ស៊ូអៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់ GMAC និង​លោក ខេន លូ អគ្គលេខាធិការ GMAC បាន​ជួប​ពិភាក្សា​ជាមួយ​គណៈកម្មការ​ពាណិជ្ជកម្ម​នៃ​សហភាព​អឺរ៉ុប​នៅក្នុង​ទីក្រុង​ប្រ៊ុចសែល ប្រទេស​ ប៊ែលហ្ស៊ិក​ កាលពី​ថ្ងៃ​សុក្រ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា «​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែង​តែ​សពា្វវុធ​» ហៅ​កាត់​ថា EBA​។

លោក វ៉ាន់ ស៊ូអៀង ប្រាប់​ភ្នំពេញប៉ុស្ដិ៍​កាលពី​ថ្ងៃអាទិត្យ​ថា លោក​បាន​ជួប និង​ស្នើ​សុំឱ្យ​សមាជិក​អឺរ៉ុប​ប្រហែល​ជា​ ២៧ ​ប្រទេស ​ដែល​មាន​អាសនៈ​នៅក្នុង​គណៈកម្មការ​ពាណិជ្ជកម្ម​នៃ​សហភាព​អឺរ៉ុប​រួមទាំង​ប្រធាន​គណៈកម្មការ​នេះ​ផងដែរ​ឲ្យ​បន្ត​រក្សា EBA សម្រាប់​កម្ពុជា​។ លោក​និយាយថា​៖ «​ពួកយើង​បាន​បញ្ចុះបញ្ចូល​ស្នើសុំ​ឱ្យ​សហភាព​អឺរ៉ុប​រក្សា EBA សម្រាប់​កម្ពុជា ដោយសារ​កម្ពុជា​គោរព​តាម​ទាំងស្រុង​ទៅលើ​អនុសញ្ញា​ការងារ និង​អនុសញ្ញា​គ្រឹះ​របស់ ILO»​។

កាលពី​ថ្ងៃ​សៅរ៍ GMAC បាន​បង្ហោះ​សារ​នៅលើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា ពួកគេ​កំពុង​ទន្ទឹង​រង់ចាំ​នូវ​លទ្ធផល​វិជ្ជមាន និង​យុត្តិធម៌​សម្រាប់​វិស័យ​កាត់ដេរ​នៅក្នុង​ប្រទេស ​កម្ពុជា​។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​របស់ GMAC ថ្លែង​ថា​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​ប្រ៊ុចសែល​របស់លោក វ៉ាន់ ស៊ូអៀង និង​លោក ខេន លូ គឺ​ក្នុង​បេសកកម្ម​ដើម្បី​ជួប​ជាមួយ​នឹង​អ្នកតាក់តែង​ច្បាប់​របស់​សហភាព​អឺរ៉ុប ដើម្បី​ជំរុញ​ឲ្យ​ពួកគេ​ផ្ដល់នូវ​ការពិត​ទាំងអស់​ទាក់ទិន​នឹង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​នៅក្នុង​ប្រទេស​ កម្ពុជា​។

លោក​ថា​៖ «​ពួកយើង​អាច​ធ្វើ​បែបនេះ​បាន​ដោយសារ​តែ​ពួកយើង​ក៏បាន​ចុះឈ្មោះ​ជា​ភាគី​ដែល​ទទួលផល​ប្រយោជន៍​ផងដែរ​»​។

លោកស្រី Eszter BALA''ZS មន្ដ្រី​ទទួលបន្ទុក​ផ្នែក​ព័ត៌មាន​នៃ​គណៈកម្មការ​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​សហភាព​អឺរ៉ុប​មិន​អាច​សុំ​ការបញ្ជាក់​អំពី​កិច្ចប្រជុំ​នេះ​បាន​ទេ​កាលពី​ថ្ងៃ​អាទិត្យ​។

សហភាព​អឺរ៉ុប​បាន​ចាប់ផ្តើម​ដំណើរការ​នីតិ​វិធីដក EBA សម្រាប់​កម្ពុជា​កាលពី​ថ្ងៃ​ទី​ ១២ ខែ​ កុម្ភៈ​។ ការស៊ើបអង្កេត​តាមដាន​ដើម្បី​ឈាន​ដល់​ការសម្រេចចិត្ត​ដក EBA នោះ​ត្រូវ​បាន​បញ្ចប់​នៅ​ថ្ងៃទី​ ១២ ខែ​ សីហា​។ បន្ទាប់មក​សហភាព​អឺរ៉ុប​នឹង​ផ្ញើ​របាយការណ៍ លទ្ធផល​សម្រេច​មកកាន់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​រយៈពេល​ ៣ ​ខែ​នេះ​។

ប្រភព​មួយ​ដែល​បាន​ដឹង​អំពី​បញ្ហា​នេះ តែ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែងថា បើ​តាម​នីតិវិធី ក្រោយពេល​បញ្ចប់​ការស៊ើបអង្កេត​តាមដាន​នៅ​ថ្ងៃទី​ ១២ ខែ​សីហា សហភាព​អឺរ៉ុប​ត្រូវ​សរសេរ​របាយការណ៍​មួយ​ស្ដីពី​ការសម្រេច​ដែល​ត្រូវ​ផ្ញើជូន​កម្ពុជា​នៅ​ថ្ងៃទី​ ១២ ខែ វិច្ឆិកា​។ ក៏ប៉ុន្តែ​លោក​បាន​អះអាង​ថា អាណត្ដិ​របស់​ប្រធាន​គណៈកម្មការ​សហភាព​អឺរ៉ុប​នឹង​ត្រូវ​បានបញ្ចប់​នៅ​ថ្ងៃទី​ ៣១ ខែ​តុលា​នេះ​។

ហេតុដូច្នេះ​លោកស្រី Cecilia Malmstro''m ស្នងការ​ពាណិជ្ជកម្ម​នៃ​សហភាព​អឺរ៉ុប​ត្រូវ​បាន​គេ​រំពឹងទុក​ថា លោកស្រី​អាច​បញ្ចប់​ការធ្វើ​របាយការណ៍​ឲ្យ​បាន​នៅ​ពាក់កណ្ដាល​ខែ​តុលា​នេះ​។ ការសម្រេច​លឿន​បែបនេះ​ក៏​ដោយសារ​តែ​លោកស្រី​ព្រួយបារម្ភ​ថា គណៈកម្មការ​សហភាព​អឺរ៉ុប​អាណត្ដិ​ថ្មី​អាច​នឹង​ធ្វើការ​វាយតម្លៃ​ផ្សេង​អំពី​ស្ថានភាព​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​ថ្លែង​ទៀត​ថា​ លោកស្រី Cecilia Malmstro''m ត្រូវបាន​គេ​ជឿថា​មាន​ទំនោរ​ទៅខាង​ក្រុម​មួយ​ហៅថា «​អង្គការ​សេរីនិយម​អន្តរជាតិ​» (Liberal International) ដែល​ជា​ក្រុម​នយោបាយ ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នក​ដែល​មាន​ការប្រឆាំង​យ៉ាង​ខ្លាំង​ទៅលើ​រដ្ឋាភិបាល​កម្ពុជា​។ «​ហេតុដូច្នេះ​បាន​ជា​តំណាង GMAC បានគិត​ដិតដល់​ទៅលើ​បញ្ហា​នេះ ហើយ​បាន​ជួបពិភាក្សា​ជាមួយ​សមាជិក​នៃ​សភា​អឺរ៉ុប​ដែល​មកពី​ក្រុម​នយោបាយ​ខុសៗ​គ្នា​»​។

ប្រភព​ដដែល​ជឿជាក់​ថា មន្ត្រី​ថ្នាក់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​អឺរ៉ុប​មិន​បាន​ដឹង​អំពី​ចេតនា​របស់​លោកស្រី Cecilia Malmstrom ក្នុង​ការផ្ញើ​របាយការណ៍​របស់លោកស្រី​ឲ្យ​បាន​មុន​ការបញ្ចប់​អាណត្ដិ​របស់​លោកស្រី និង​ព្រមទាំង​ឲ្យ​បាន​មុន​កាលកំណត់​នោះទេ​។

លោក កេត សោផាន់ អ្នកនាំពាក្យ​ក្រសួង​ការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ថ្លែង​ពី​ម្សិលមិញ​ថា លោក​មិន​អាច​ធ្វើ​អធិប្បាយ​បានទេ ដោយសារ​តែ​សហភាព​អឺរ៉ុប​មិន​ទាន់​បញ្ជាក់​ប្រាប់ថា ពួកគេ​នឹង​បញ្ជូន​សេចក្តី​សន្និដ្ឋាន​ពី​រឿង EBA មក​កម្ពុជា​នៅពេល​ណា​នោះ​ឡើយ​៕ Sina