ភ្នំពេញៈ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា GMAC បាន​ប្ដឹងទៅ​តុលាការ​សហភាព​អឺរ៉ុប​ស្នើ​សុំឱ្យ​តុលាការ​មោឃភាព​ការសម្រេច​ផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០ ​ភាគរយ​ របស់​សហភាព​អឺរ៉ុប​ដែល​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី​ ១២ ខែ សីហា ២០២០ កន្លង​ទៅ ដោយ​លើក​យក​អំណះអំណាង​ចំនួន​ ២ ​មក​ធ្វើជា​សំអាង និង​ករណី​លេខកូដ​ទំនិញ​ដែល​ប៉ះពាល់​ដល់​សមាជិក GMAC ផងដែរ​។

យោងតាម​ទិនានុប្បវត្តិ ឬ​ការចេញ​ផ្សាយ​របស់​សហភាព​អឺរ៉ុប GMAC ​បាន​ប្ដឹង​ទៅកាន់​តុលាការ​អឺរ៉ុប​កាលពី​ថ្ងៃទី​ ១៦ កក្កដា ក្នុង​សំណុំរឿង​លេខ T-454/20 ​។ ​បណ្ដឹង​នេះ​ត្រូវ​បាន​តំណាង​ដោយ​មេធាវី​ ២ ​រូប​មាន​ឈ្មោះ C. Ziegler និង S. Monti និង​មាន​គណៈកម្មការ​អឺរ៉ុប​ជា​ចុង​ចម្លើយ​។

បណ្ដឹង​របស់​ GMAC ​បាន​ស្នើ​តុលាការ​ឱ្យ​មោឃភាព​សេចក្ដី​សម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​អំពី​ការដក​បណ្ដោះអាសន្ន​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សម្រាប់​លេខកូដ​នៃ​ទំនិញ​ដែល​ប៉ះពាល់​ដល់​សមាជិក​របស់ GMAC​។ ទំនិញ​នាំ​ចេញពី​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប​ដែល​រង​ការប៉ះពាល់​ពី​ការដក EBA ២០ ​ភាគរយ​នេះ​មាន​ចំនួន​ ៤០ ​មុខ​។ ប៉ុន្តែ​ក្នុង​ចំណោម​មុខ​ទំនិញ​ទាំងអស់​នេះ​មាន​ ១ ​មុខ​មិន​ស្ថិត​ក្នុង​ចំណោម​ទំនិញ​ដែល​ផលិត​ដោយ​សមាជិក​របស់ GMAC ទេ​គឺ​ស្ករស​ដែល​មាន​លេខកូដ HS code 1212 93​។

ក្រៅពី​ស្នើ​សុំឱ្យ​តុលាការ​ធ្វើ​មោឃភាព​ការសម្រេច​នេះ GMAC ​ក៏​ទាមទារ​ឱ្យ​គណៈកម្មការ​អឺរ៉ុប​ទទួល​ខុសត្រូវ​លើ​ការចំណាយ​ផ្ទាល់​របស់ខ្លួន និង​បង់ប្រាក់​ដែល​អ្នក​ដាក់ពាក្យ​ស្នើសុំ​គឺ​ប្រាក់​ដែល​ត្រូវ​ចំណាយ​សម្រាប់​ដំណើរការ​រឿងក្ដី​នេះ​។ នេះ​បើ​យោងតាម​ទិនានុប្បវត្តិ​របស់​សហភាព​អឺរ៉ុប​ដដែល​។

ដើមបណ្ដឹង​បាន​លើក​ឡើង​នូវ​អំណះអំណាង​ផ្លូវច្បាប់​ចំនួន​ ២ ​ចំណុច​នៅក្នុង​បណ្ដឹង​នេះ​។ ​អំណះអំណាង​ទី​ ១ ចោទប្រកាន់​ថា សេចក្ដី​សម្រេច​របស់​សហភាព​អឺរ៉ុប​ «​រំលោភ​គោលការណ៍ភាព​សមាមាត្រ និង​ការតម្រូវ​ឱ្យ​មាន​ភាពស៊ីចង្វាក់​គ្នា​រវាង​គោលនយោបាយ​របស់​សហភាព​អឺរ៉ុប និង​សកម្មភាព​នានា​»​។

អំណះអំណាង​ទី​ ១ ដដែល​លើកឡើង​ថា​៖ «​គណៈកម្មការ​អឺរ៉ុប​មិនបាន​ធ្វើការ​វាយតម្លៃ​​ឱ្យ​បាន​សមរម្យ​អំពី​ភាពសមាមាត្រ​នៃ​ការដក​បណ្ដោះអាសន្ន​​ដោយ​ផ្នែក​នៃ​ការយក​ពន្ធគយ​សម្រាប់​វិស័យ​សម្លៀកបំពាក់ ស្បែកជើង និង​សម្ភារ​ធ្វើដំណើរ​»​។

នៅក្នុង​អំណះអំណាង​ទី​ ២ ដើមបណ្ដឹង​ក៏បាន​លើកឡើង​ថា មាន​ការរំលោភ​លើ​សិទ្ធិ​ដែល​ការពារ​ដោយ​នីតិវិធី ដោយសារ​តែ​គណៈកម្មការ​អឺរ៉ុប​បរាជ័យ​មិនបាន​ផ្ដល់​នូវ​ហេតុផល​សមរម្យ ដូច​មាន​ចែង​ក្នុង​មាត្រា​ ២៩៦(២) ​នៃ​សន្ធិសញ្ញា​ស្ដីពី​ការប្រព្រឹត្ត​ទៅ​នៃ​សហភាព​អឺរ៉ុប​។ នេះ​បើតាម​ទិនានុប្បវត្តិ​ដដែល​។

លោក ខេន លូ អគ្គលេខាធិការ GMAC បាន​ថ្លែងប្រាប់​កាលពី​ម្សិលមិញ​ថា ការដាក់​បណ្ដឹង​នេះ​ធ្វើឡើង​ ដើម្បី​ជំទាស់​នឹង​ការសម្រេចចិត្ត​ផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ២០ ​ភាគរយ​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​​ប្រើប្រាស់​វិធី​នេះ​ជា​ជម្រើស​ចុងក្រោយ ដើម្បី​ស្វែងរក​ធនធាន បន្ទាប់ពី​ការពន្យល់​ណែនាំ​គ្រប់​ទម្រង់​ផ្សេងទៀត​ក៏ដូចជា ការអំពាវនាវ​បាន​បរាជ័យ​»​។ ទោះយ៉ាងណា​លោក​សុំ​មិន​ពន្យល់​ពី​នីតិវិធី​ច្បាប់ និង​សេចក្ដី​លម្អិត​នៃ​បណ្ដឹង​នេះ​ទេ ដោយ​លោក​ស្នើឱ្យ​យោង​ទៅលើ​ឯកសារ​ដែល​មាន​ស្រាប់​។

បើតាម​ការចេញផ្សាយ​របស់​តុលាការ​យុត្តិធម៌​សហភាព​អឺរ៉ុប​សំណុំ​រឿង​លេខ​ T-454/20 បាន​ចូល​មកដល់​តុលាការ​នេះ​កាលពី​ថ្ងៃទី​ ១៤ ខែ​សីហា ឆ្នាំ​ ២០២០​។ ក៏ប៉ុន្តែ​មិនទាន់​មាន​ការកំណត់​កាលបរិច្ឆេទ​ថា តើ​តុលាការ​នឹង​ដំណើរការ​សំណុំ​រឿងនេះ​នៅពេល​ណា​នៅ​ឡើយ​។ ភ្នំពេញ ប៉ុស្តិ៍​មិន​ទាន់​អាច​សុំ​ការបញ្ជាក់​បន្ថែម​អំពី​ការប្ដឹង​ផ្ដល់​នេះ​ពី​សំណាក់​អ្នកនាំពាក្យ​នៃ​គណៈកម្មការ​អឺរ៉ុប និង​អ្នកនាំពាក្យ​តុលាការ​យុត្តិធម៌​សហភាព​អឺរ៉ុប​បាន​ទេ​កាលពី​ម្សិលមិញ​។

កាលពី​ខែកុម្ភៈ គណៈកម្មការ​អឺរ៉ុប​បាន​សម្រេច​ផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចំនួន​ ២០ ​ភាគរយ​នៃ​ទំនិញ​នាំចូល​ទីផ្សារ​អឺរ៉ុប​ដោយ​អះអាងថា កម្ពុជា​បាន​រំលោភសិទ្ធិ​មនុស្ស សិទ្ធិ​ការងារ ធ្វើឱ្យ​ធ្លាក់ចុះ​លទ្ធិប្រជាធិបតេយ្យ​។ ការសម្រេច​នេះ​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី ១២ សីហា​។ ទោះយ៉ាងណា រដ្ឋាភិបាល​កម្ពុជា​បាន​បដិសេធ​ការចោទប្រកាន់​ទាំងនោះ​។

ទាក់ទិន​នឹង​បញ្ហា​នេះ​កាលពី​ថ្ងៃ​សៅរ៍ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​លើកឡើង​ពី​ការដក​ EBA ផង​ដែរ នៅក្នុង​សារ​របស់​លោក​ថ្លែង​ទៅកាន់​អង្គការ​សហប្រជាជាតិ​​ក្នុង​កិច្ចពិភាក្សា​ទូទៅ​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​​ ៧៥​។ លោក​ថា ការណ៍​ដែល​សហភាព​អឺរ៉ុប​ដកហូត​ EBA មួយផ្នែក​ពី​កម្ពុជា​នៅពេល​ដែល​ប្រទេស​នេះ​កំពុង​ប្រឹងប្រែង​តស៊ូ​ជម្នះ​ជំងឺ​រាតត្បាត​កូវីដ​ ១៩ គឺជា​រឿង​ច្រំដែល​នៃ​ប្រវត្តិសាស្ត្រ​។

ទោះជា​យ៉ាងណា លោក​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ច្បាស់​ថា​៖ «​កម្ពុជា​នៅតែ​ប្តេជ្ញាចិត្ត​យ៉ាង​ពេញទំហឹង ដូច​ដែល​ខ្លួន​ធ្លាប់​បានធ្វើ​អស់​រយៈពេល​ ៤០ ​ឆ្នាំ​កន្លង​មក​នេះ​ក្នុង​ការការពារ​នូវ​អ្វីដែល​ខ្លួន​ជឿជាក់​ថា​ជា​មាគ៌ា​ដ៏ត្រឹមត្រូវ នោះ​គឺ​ការការពារ​អធិបតេយ្យភាព និង​ថែរក្សា​សន្តិភាព​ដែល​កសាង​បាន​យ៉ាង​លំបាកលំបិន និង​ទទួល​បាន​នូវ​ការសាទរ​ពេញទំហឹង​ដោយ​ប្រជាជាតិ​កម្ពុជា​ទាំងមូល​ដែល​បាន​ឆ្លងកាត់​សោកនាដកម្ម​ដ៏ខ្លោចផ្សា​បំផុត និង​កំពុងតែ​ងើបឈរ​ឡើងជា​ប្រជាជាតិ​ ១ ​ស្មើមុខ​មាត់ ស្មើភាព និង​ស្មើ​សិទ្ធិ ជាមួយ​បណ្តា​ប្រជាជាតិ​ដទៃ​នៅក្នុង​តំបន់ និង​សកលលោក​»៕

វីដេអូ៖