The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - GMAC ព្រម​បន្ថែម​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ ២​ ដុល្លារ​ខណៈ​សហជីព​ទាមទារ​ដល់ $១៧៩,៦០

GMAC ព្រម​បន្ថែម​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ ២​ ដុល្លារ​ខណៈ​សហជីព​ទាមទារ​ដល់ $១៧៩,៦០

លោក អាត់ ធន់ (រាប់​ពី​ស្តាំ​ទី​ពីរ) នៅ​ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ពេល​កន្លង​មក។
លោក អាត់ ធន់ (រាប់​ពី​ស្តាំ​ទី​ពីរ) នៅ​ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ពេល​កន្លង​មក។ ហេង ជីវ័ន

GMAC ព្រម​បន្ថែម​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ ២​ ដុល្លារ​ខណៈ​សហជីព​ទាមទារ​ដល់ $១៧៩,៦០

ភ្នំពេញៈ បន្ទាប់​ពី​បើក​កិច្ចប្រជុំ​ត្រីភាគី​ជាច្រើន​លើក​មក​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់ (GMAC) បាន​សម្រេច​បន្ថែម​ប្រាក់​ឈ្នួល​គោល​ដល់​កម្មករ​និយោជិត ២ ដុល្លារ​បន្ថែម​ទៀត​នៅ​ឆ្នាំ ២០១៧ លើ​ប្រាក់​ឈ្នួល​អប្បបរមា​បច្ចុប្បន្ន ១៤០ ដុល្លារ​ខណៈ​ដែល​ភាគី​សហជីព​នៅ​រក្សា​ជំហរ​ទាមទារ ១៧៩ ដុល្លារ​ដើម្បី​ឱ្យ​កម្មករ​មាន​ជីវភាព​រស់​នៅ​សមរម្យ។

ការ​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​បន្ថែម​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​រវាង​តំណាង​សហជីព និង​និយោជក​កាលពី​ម្សិលមិញ​ដើម្បី​ស្វែងរក​ចំណុច​រួម​ក្នុង​ការ​ដំឡើង​ប្រាក់​ឈ្នួល។ កន្លង​ទៅ​ក្រសួង​ការងារ​ធ្លាប់​ស្នើ​ឱ្យ​គ្រប់​ភាគី​ឱ្យ​បន្ថែម​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ​ឱ្យ​បាន ១៤៨,២០ ដុល្លារ​ខណៈ​សហជីព​ទាមទារ​ដល់ ១៧៩,៦០ ដុល្លារ​តែ​ភាគី (GMAC) កំណត់​ឱ្យ​តែ ១៤៤,២០ ដុល្លារ​ប៉ុណ្ណោះ។

យ៉ាង​ណា​ក៏ដោយ​ក្នុង​កិច្ច​ប្រជុំ​កាលពី​ម្សិលមិញ (GMAC) សម្រេច​បន្ថែម​ប្រាក់​ឈ្នួល​ដល់ ១៤៦,៣៧ ដុល្លារ​សម្រាប់​ឆ្នាំ ២០១៧ ។

ប្រធាន​សម្ព័ន្ធ​សហជីព​ស៊ីខាវឌូ​លោក អាត់ ធន់ ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ថ្លែង​ថា​ការ​សម្រេច​បន្ថែម​របស់​ភាគី GMAC មិន​ទាន់​ឆ្លើយតប​ទៅ​នឹង​ការ​ទាមទារ​របស់​សហជីព​នៅ​ឡើយ​ទេ​ពោល​គឺ​វា​នៅ​មាន​គម្លាត​ឆ្ងាយ​ពី​គ្នា។

លោក​ថា៖ «យើង​ដាក់​សំណើ ១៧៩,៦ ហើយ​ខាង​និយោជក​គេ​បាន​ឡើង​ត្រង់​ចំណុច​ទី​ពីរ​ដែល​និយាយ​ពី​អត្រា​អតិផរណា​គ្រប់​មុខ​ទំនិញ​ឡើង​ដល់ ៣.៧ % ជា​ការ​រកឃើញ​ថ្មី​និយោជក​ឡើង​បាន ១៤៦,៣៧ តែ​សហជីព​នៅ​តែ​រក្សា ១៧៩,៦ ដដែល»។

យ៉ាង​នេះ​ក្តី​​ លោក​ថា​ ខាង​សហជីព​កំពុង​ពិភាក្សា​គ្នា​រក​ចំណុច​រួម​ដើម្បី​បញ្ចុះ​តម្លៃ​នៃ​ការ​ទាមទារ​តែ​មិន​ទាន់​មាន​ការ​កំណត់​ថ្មី​នោះ​ទេ​ខណៈ​កិច្ចប្រជុំ​នឹង​បន្ត​នៅ​ថ្ងៃ​នេះ​ទៀត។

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​លោក ប៉ាវ ស៊ីណា ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​ការ​បន្ថែម​របស់​និយោជក​នៅ​ទាប​ជាង​តួលេខ​របស់​ក្រសួង​នៅ​ឡើយ។

លោក​គូស​បញ្ជាក់​ថា៖ «ព្រោះ​អី​ក្រសួង​រកឃើញ​ថា​តួលេខ​ដែល​គាត់​បង្ហាញ​មាន​ចំនួន ១៤៨,២ អ៊ីចឹង​លេខ​និយោជក​ផ្តល់​ឱ្យ​នៅ​ទាប​ជាង​តួលេខ​របស់​ក្រសួង​បើ​តួលេខ​របស់​សហជីព​ខ្ពស់​ហើយ​តែ​ជា​តួលេខ​ដែល​ដាក់​ទៅ​ចរចា​ដូច​គ្នា»។

យ៉ាង​ណា​ក៏ដោយ​លោក​ថា៖ «ភាគី​សហជីព​ក៏​បាន​ឯកភាព​គ្នា​ដែរ​ជុំវិញ​ការ​បន្ធូរបន្ថយ​តួលេខ ១៧៩,៦ មក​ចុះក្រោម​តែ​លេខ​យើង​មិន​ទាន់​បញ្ចេញ​ទេ​ព្រោះ​ការ​ដំឡើង​របស់​ភាគី​និយោជក​អត់​ទាន់​បាន​ឆ្លើយតប​ទៅ​ហ្នឹង​លក្ខណ​វិនិច្ឆ័យ​ទាំង ៧ យ៉ាង​ដែល​បាន​ឯកភាព​គ្នា​នោះ​ទេ»។

បើ​តាម​លោក ប៉ាវ ស៊ីណា មូលហេតុ​ដែល​ភាគី​នយោជក​មិន​អាច​ដំឡើង​ប្រាក់​ឈ្នួល​ខ្ពស់​បាន​ដោយសារ «គាត់​មាន​លទ្ធភាព​បាន​តែ​ប៉ុណ្ណឹង​ទី ២ គាត់​បារម្ភ​ពី​ភាព​ប្រកួត​ប្រជែង​ក្នុង​ប្រទេស​របស់​យើង​ជាមួយ​ប្រទេស​ជិត​ខាង​ទី ៣ ការ​ចំណាយ​ដឹក​ជញ្ជូន​ក៏ដូចជា​បញ្ហា​ថ្លៃ​អគ្គិសនី​វា​ថ្លៃ​ខុស​ពី​ប្រទេស​ផ្សេងៗ​ហើយ​កត្តា​ផលិតភាព​របស់​យើង​មិន​មាន​កំណើន​ខ្ពស់​ដូច​គេ​ទេ​ទាំង​នេះ​ហើយ​ជា​ផលលំបាក​របស់​គាត់»។

តែ​លោក​បាន​បង្ហាញ​អំណះអំណាង​វិញ​ថា​មូលហេតុ​ដែល​សហជីព​ទាមទារ​ឱ្យ​មាន​ដំឡើង​ប្រាក់​ឈ្នួល​គឺ​គិត​ទៅ​លើ​ប្រាក់​ចំណេញ​របស់​និយោជក​ការ​រស់នៅ​របស់​កម្មករ និង​ទំនិញ​ទីផ្សារ​ឡើង​ថ្លៃ។

ការ​ដំឡើង​ប្រាក់​ឈ្នួល​គោល​ដល់​កម្មករ​និយោជិត​ត្រូវ​ពិនិត្យ​មើល​លក្ខណៈ ៧ ចំណុច​រួម​មាន​ស្ថានភាព​គ្រួសារ អត្រា​អតិផរណា​ទំនិញ និង​ការ​ចំណាយ​ក្នុង​ការ​រស់នៅ​ផលិតភាព ភាព​ប្រកួត​ប្រជែង ស្ថានភាព​ទីផ្សារ​ការងារ និង​កម្រិត​ប្រាក់​ចំណេញ។ តែ​ភាគី​និយោជក​បាន​វាយតម្លៃ​តែ​ពីរ​លក្ខណៈ​ប៉ុណ្ណោះ​គឺ​អត្រា​អតិផរណា​ទំនិញ និង ផលិតភាព។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក ប៉ាវ ស៊ីណា។

អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​លោក ខេន លូ ថ្លែង​ថា​ ​កិច្ចប្រជុំ​កាលពី​ម្សិលមិញ​វា​ជា​កិច្ចប្រជុំ​ទ្វេភាគី​លើក​ទី​មួយ​ជាមួយ​សហជីព​ហើយ​វា​មាន​លក្ខណៈ​ល្អ​ប្រសើរ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ «សំណើ​ផ្លូវការ​របស់​យើង​គឺ ១៤៤,៦០ ដុល្លារ។ ក្នុង​អំឡុង​ការ​ចរចា​នេះ​គឺ​មាន​តួលេខ​ខុសៗ​គ្នា​ហើយ​តួលេខ​មួយ​នឹង​ត្រូវ​ដាក់​ស្នើ​ ប៉ុន្តែ​យើង​ប្រកាន់​ខ្ជាប់​នឹង​សំណើ​ផ្លូវការ​របស់​យើង។ យើង​រំពឹង​ថា​តួលេខ​របស់​ពួកគេ​នឹង​ថយ​ចុះ​ប៉ុន្តែ​យើង​មិន​ដឹង​ថា​តើ​វា​នឹង​ថយ​ចុះ​ប៉ុន្មាន​នោះ​ទេ។ ខ្ញុំ​គិត​ថា​ការ​ទៅ​ចរចា​យើង​សង្ឃឹម​ថា​នឹង​ទទួល​បាន​ការ​សម្រុះ​សម្រួល»។

អ្នកស្រី កែវ ចំណាន ជា​កម្មករ​រោងចក្រ​នៅ​ខេត្ត​កំពង់ឆ្នាំង​រៀបរាប់​ថា​ប្រាក់ខែ​បច្ចុប្បន្ន​មិន​អាច​ទ្រទ្រង់​ជីវភាព​របស់​កម្មករ​បាន​ទេ​ខណៈ​ទំនិញ​ឡើង​ថ្លៃ។

អ្នកស្រី​ថា៖ «ថ្លៃ​ធ្វើ​ដំណើរ​ឡើង​ថ្លៃ​ទំនិញ​រាល់​ថ្ងៃ​ក៏​ឡើង​ថ្លៃ​ដែរ អ៊ីចឹង​ឱ្យ​គាត់​គិត​ថ្លឹងថ្លែង​មើល​ទៅ​ថា​ប្រាក់​គោល​ប៉ុនណា​សមរម្យ​សម្រាប់​ជីវភាព​កម្មករ​រស់នៅ​រាល់​ថ្ងៃ​តែ​ចំពោះ​កម្មករ​តែងតែ​ចង់​បាន​ប្រាក់ខែ​ច្រើន​ហើយ»។

អ្នកស្រី​ឱ្យ​ដឹង​ថា​បច្ចុប្បន្ន​បូក​សរុប​ទាំង​ប្រាក់​ខែ​គោល និង​ប្រាក់​ថែម​ម៉ោង​ទទួល​បាន​ចំនួន ១៨០ ដុល្លារ​ប៉ុន្តែ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​គឺ​ទទួល​បាន​ប្រមាណ​តែ ១៦០ ដុល្លារ​ទេ​ដោយសារ​មិន​មាន​ការ​ថែម​ម៉ោង​ព្រោះ​ថៅកែ​ថា​មិន​មាន​អ្នក​បញ្ជា​ទិញ។

ថ្មីៗ​នេះ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​លោក អ៊ិត សំហេង បាន​ស្នើ​ឲ្យ​គ្រប់​ភាគី​ដែល​កំណត់​ប្រាក់​ឈ្នួល​អប្បបរ​មាស​ម្រាប់​ឆ្នាំ ២០១៧ ត្រូវ​ពឹង​ផ្អែក​លើ​ស្ថានភាព​សេដ្ឋកិច្ច​បច្នុប្បន្ន​នៅ​កម្ពុជា​ហើយ​មិន​ត្រូវ​យក​ការ​ធ្វើ​បាតុកម្ម​មក​ទាមទារ​នោះ​ទេ​ព្រោះ​ដើម្បី​រក្សា​ផលប្រយោជន៍​កម្មករ និង​និយោជក​ហើយ​ក្នុង​ករណី​ភាគី​ណា​មាន​គំនិត​ធ្វើ​បាតុកម្ម​គឺ​ត្រូវ​ទទួល​ខុសត្រូវ​ដោយ​ខ្លួនឯង។

តាម​របាយការណ៍​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ដែល​ចេញ​ផ្សាយ​កាល​ពី​ខែ​មីនា​ឆ្នាំ ២០១៦ ឱ្យ​ដឹង​ថា​កម្មករ​ក្នុង​វិស័យ​វាយនភណ្ឌ និង​ស្បែក​ជើង​នៅ​កម្ពុជា​មាន​ចំនួន​ជិត ៧០ ម៉ឺន​នាក់​គិត​ត្រឹម​ខែ​ធ្នូ ឆ្នាំ ២០១៥៕ PS

រាយការណ៍​បន្ថែម​ដោយ Ananth Baliga

អត្ថបទគួរចាប់អារម្មណ៍