ភ្នំពេញៈ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) អំពាវនាវ​ដល់​អ្នកបញ្ជា​ទិញ​ទាំងអស់​ឲ្យ​គោរព​តាម​លក្ខខណ្ឌ​ទូទាត់​ប្រាក់​សម្រាប់​ទំនិញ ដែល​បាន​ទទួល​រួចហើយ ឬ​កំពុង​ដឹក​ទៅ​ឲ្យ​អ្នកបញ្ជា​ទិញ ស្រប​ពេល​វិស័យ​កាត់ដេរ​កំពុងតែ​ប្រឈម​នឹង​វិបត្តិ​ធ្ងន់ធ្ងរ ខណៈ​មាន​រោងចក្រ ១៨០ ហើយ​បាន​ព្យួរ​ប្រតិបត្តិការ រីឯ​ ៦០ រោងចក្រ​ទៀត​នឹង​ព្យួរការងារ​កម្មករ​រាប់ម៉ឺន​នាក់​ក្នុងពេល​ឆាប់ៗ​។

លិខិត​អំពាវនាវ​ដល់​អ្នកបញ្ជា​ទិញ​ចុះ​ថ្ងៃទី ០៤ ខែ​ឧសភា​របស់ GMAC បាន​ឲ្យ​ដឹងថា​ចាប់តាំងពី​ការអំពាវនាវ​របស់​ខ្លួន​ទៅកាន់​អ្នកបញ្ជា​ទិញ​កាលពី​ដើម​ខែមេសា GMAC ទទួល​បាន​ការប្តេជ្ញាចិត្ត​ពី​អ្នកបញ្ជា​ទិញ​មួយ​ចំនួន ប៉ុន្តែ​ស្ថានភាព​ចាប់តាំងពី​ពេល​នោះ​មក​កាន់តែ​អាក្រក់​ជា​សកល និង​ជាពិសេស​ក្នុង​ប្រទេស​កម្ពុជា​។

GMAC បន្តថា​៖ «​យើង​យល់​អំពី​ភាពលំបាក​ដែល​អ្នកបញ្ជា​ទិញ​កំពុង​ប្រឈមមុខ ប៉ុន្តែ​យើង​ពិតជា​អំពាវនាវ​យ៉ាងខ្លាំង​ទៅ​អ្នកបញ្ជា​ទិញ​ទាំងអស់​មេត្តា​គោរព​តាម​លក្ខខណ្ឌ​ទូទាត់​ប្រាក់​សម្រាប់​ទំនិញ​ដែល​បាន​ទទួល​រួចហើយ និង​/​ឬ​ដែល​កំពុង​ដឹក​ទៅ​ឲ្យ​អ្នកបញ្ជា​ទិញ​។ រោងចក្រ​នៅ​កម្ពុជា​កំពុង​រងគ្រោះ​រួច​ហើយ​ពី​ការលុបចោល​ការបញ្ជាទិញ​ជាច្រើន និង​ការគ្មាន​ការបញ្ជាទិញ​ថ្មីៗ ហើយ​មិន​អាច​ទ្រាំទ្រ​នឹង​ការមិន​ទូទាត់​ប្រាក់​នោះទេ​»​។

គិត​ត្រឹម​ថ្ងៃ​អង្គារ​ម្សិលមិញ​មាន​រោងចក្រ​ចំនួន ១៨០ ហើយ​បាន​ព្យួរ​ប្រតិបត្តិការ​ហើយ​រោងចក្រ​ចំនួន​ ៦០ ​បន្ថែមទៀត​នឹង​ឈាន​ទៅ​រក​ការព្យួរ​ការងារ​ផងដែរ ដែល​បាន​ប៉ះពាល់​ដល់​កម្មករ​ជាង​ ១៥ ​ម៉ឺន​នាក់ ខណៈ​ភាពមិន​ច្បាស់លាស់​នៃ​ការបន្ត​ព្យួរ​ការងារ​នេះ​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​កម្មករ​ជិត ២០ ​ម៉ឺន​នាក់​បន្ថែម​ទៀត​ក្នុង​ពេល​ឆាប់ៗ​នេះ​។ នេះ​បើ​តាម GMAC ដែល​អះអាង​ថា មិន​ត្រឹមតែ​ប៉ះពាល់​ដល់​កម្មករ​នោះទេ សូម្បីតែ​គ្រួសារ​របស់​កម្មករ​ប្រមាណ​ ២ ​លាន​នាក់​ដែល​ពឹង​ផ្អែកលើ​ពួកគេ​ក៏​នឹង​រង​ផលប៉ះពាល់​ផងដែរ​។

GMAC បន្ថែមថា​៖ «​ខណៈ​ផលិតផល​កំពុង​ត្រូវ​បាន​ធ្វើការ​នាំចេញ រោងចក្រ​ត្រូវតែ​ទទួលបាន​ការទូទាត់​នូវ​អ្វីដែល​ត្រូវបាន​ជំពាក់ ហើយ​ការផ្តល់​អ្វី​តិចជាង​នេះ គឺ​មិន​ត្រឹមត្រូវ​នោះទេ​។ លក្ខខណ្ឌ​ទូទាត់​ប្រាក់​អាច​ពិភាក្សាបាន ប៉ុន្តែ​ការមិន​ទូទាត់ គឺ​មិន​អាច​ទទួលយក​បានទេ​។ ហេតុដូច្នេះ​យើង​សូម​អំពាវនាវ​ដល់​អ្នកបញ្ជា​ទិញ​ទាំងអស់​គ្នា​ទូទាត់​បំណុល​របស់ខ្លួន​»​។

លោក​ ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ដោយ​បង្វែរ​សំណួរ​ទៅកាន់ GMAC​។ លោក​ថ្លែងថា​៖​ «GMAC អ្នក​និយាយ​ទាល់តែ​សួរ GMAC បាន​ដឹងថា​យ៉ាងម៉េច​»​។

លោក ខេន លូ អគ្គលេខាធិការ GMAC មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បានទេ​កាលពី​ម្សិលមិញ​ដោយសារ​ទូរស័ព្ទ​របស់​លោក​មិនមាន​អ្នក​ទទួល​។

លោក​ អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​បាន​ថ្លែង​ពី​ម្សិលមិញ​ថា វិស័យ​កាត់ដេរ​អាច​នឹង​ប្រឈម​វិបត្តិ​ធ្ងន់ធ្ងរ​ស្រប​ពេលដែល​គ្មាន​ការបញ្ជាទិញ ហើយ​រោងចក្រ​ត្រូវ​បន្ត​ទូទាត់​ប្រាក់​ដល់​កម្មករ​ជា​រៀងរាល់​ខែ​។ លោក​បន្តថា បញ្ហា​នេះ​ក៏​នឹង​ជះឥទ្ធិពល​អាក្រក់​ទៅ​ដល់​កម្មករ​ផងដែរ ដែល​ទាមទារ​ឲ្យ​មាននូវ​ដំណោះស្រាយ​មួយ​ដ៏សមស្រប​។

លោក​បញ្ជាក់ថា​៖ «​បើ​មាន​វិធានការ​ជួយ​នោះ​មិនមែន​ជួយ​តែ​រោងចក្រ​ទេ ក៏​ជួយ​កម្មករ​ផងដែរ ព្រោះ​ថា​បើ​មិនបាន ៧០ ​ភាគរយ​យ៉ាង​ហោចណាស់​កម្មករ​ក៏​ទទួល​បាន ៧០ ​ដុល្លារ​ហ្នឹង ត្រូវ​តែ​បើក​ឲ្យ​កម្មករ​ទាំងអស់​។ ចំពោះ​ក្រុមហ៊ុន មិនគួរ​ឲ្យ​បិទ​ទេ យ៉ាង​ហោចណាស់​ព្យួរការងារ​សិន​គឺ​ល្អ ព្រោះ​បើ​បញ្ហា​ (​កូវីដ​) ​មិន​បញ្ចប់​គឺ​គាត់​អាចមាន​ប្រាក់​ទាំងនេះ​»​។

លោក​បន្ថែម​ថា​៖ «​ចំពោះ​កាតព្វកិច្ច​មួយចំនួន​រដ្ឋាភិបាល​ត្រូវ​លើកលែង​ដែរ ដល់​រោងចក្រ​ព្រោះ​វា​អាចជួយ​ដល់​​កម្មករ​។ នេះ​ជា​ការពិត​រោងចក្រ​មិនមែន​ដូច​កម្មករ​នោះ​ទេ និយោជក​គាត់​មាន​ប្រាក់ចំណេញ​នៅពេល​មាន​បញ្ហា គ្រាន់តែ​មិនមាន​ការបញ្ជាទិញ ប៉ុន្តែ​កម្មករ​អត់​មាន​ការងារ​ធ្វើ អត់​មាន​ប្រាក់ខែ​ដែរ ហើយ​គាត់​អាច​មាន​បញ្ហា​ដល់​អាយុជីវិត​»​។

បើ​តាម​លោក អាត់ ធន់ មក​ដល់​ពេល​នេះ​លោក​នៅ​មិនទាន់​ដឹងថា រោងចក្រ​ទាំង ១៨០ ដែល​ព្យួរការងារ​កម្មករ​បាន​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​របស់​ក្រសួង​ការងារ​ក្នុង​ដំណាក់កាល​ទី​ ២ ​នៃ​ការផ្តល់​ប្រាក់ឧបត្ថម្ភ ៣០ ​ដុល្លារ​ដល់​កម្មករ​យ៉ាងណា​នោះទេ ខណៈ​ការអនុវត្ត​របស់​រោងចក្រ​ក្នុង​ដំណាក់កាល​ទី​ ១ កន្លង​ទៅក្នុង​ការផ្តល់​ប្រាក់​ឧបត្ថម្ភ​ ៤០ ភាគរយ​នៃ​ ៧០ ​ភាគរយ គឺ​អនុវត្ត​បាន​ត្រឹមត្រូវ​។

លោក​បាន​បញ្ជាក់ថា​៖ «​ក្នុងដំណាក់កាល​ទី​ ២ ​នេះ​គឺ​ឲ្យ​ក្រុមហ៊ុន​ចេញ​តែ​ ៣០ ​ដុល្លារ​ទេ ព្រោះ​ក្នុង​វិស័យ​កាត់ដេរ កម្មករ​នឹង​បើក​ប្រាក់ខែ​នៅក្នុង​អំឡុង​សប្តាហ៍​នេះ ដែល​យើង​មិនទាន់​ដឹងថា កម្មករ​បាន​បើកប្រាក់​ឧបត្ថម្ភ​ទាំងនេះ​ហើយ​ឬ​នៅ​? ហើយ​រោងចក្រ​អាច​បន្ត​បើក​ជូន​កម្មករ​ដល់​ពេល​ណា វា​អាស្រ័យ​ទៅលើ​ជំងឺ​កូវីដ​ចប់​ពេលណា​? បើសិន​ជា​ចប់​លឿន យើង​អាច​ស្តារឡើង​វិញ​បាន សំខាន់​លើ​អ្នក​ទិញ បើ​អ្នកទិញ មិន​ទិញ តើ​យើង​ទៅ​លក់​ឲ្យ​អ្នក​ណា​?»៕