ភ្នំពេញៈ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា GMAC ស្នើ​ឲ្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ពន្យារពេល​ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយនភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​ ២០២១ ដោយ​ត្រូវយក​ប្រាក់​ឈ្នួល​ចាស់​ដដែល​ដោយ​សំអាង​ថា វិស័យនេះ​កំពុង​រង​ផលប៉ះពាល់​ខ្លាំង និង​ស្ថិត​ក្នុង​ភាពផុយស្រួយ​ ខណៈ​ដែល​មាន​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​។

GMAC បាន​លើកឡើង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃទី​ ២៣ ខែ​មិថុនា​ ថា ស្ថិត​ក្នុង​កាលៈទេសៈ​នេះ វិស័យ​វាយនភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង កំពុង​មាន​ភាពផុយស្រួយ និង​មាន​ភាព​មិន​ច្បាស់លាស់​ក្នុង​ការវិល​ត្រឡប់​មក​រក​សភាព​ដើម​វិញ ក៏​ដូចជា​ការធ្វើឲ្យ​ប្រសើរ​ឡើង​វិញ​នឹង​ត្រូវ​ចំណាយពេល​យូរ​។

GMAC ថា ក្នុងពេល​បច្ចុប្បន្ន​ដែល​មាន​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ មាន​រោងចក្រ​យ៉ាងច្រើន​នៅក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង បាននិង​កំពុង​ព្យួរការងារ​កម្មករ និង​មាន​រោងចក្រ​មួយចំនួន​កំពុង​បិទទ្វារ ដូច្នេះ​យន្តការ​គាំទ្រ​នានា​គឺជា​វិធានការ​ចាំបាច់ ដើម្បី​ជួយ​រក្សា​លំនឹង​នៃ​វិស័យនេះ​។

GMAC បញ្ជាក់​ថា​៖ «GMAC បាន​យល់ឃើញ​ថា​ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​សម្រាប់​ឆ្នាំ​ ២០២១ ​ខាង​មុខ​គួរ​ត្រូវបាន​ពន្យារពេល​។ ប្រាក់ឈ្នួល​អប្បបរមា​ក្នុង​ឆ្នាំ​ ២០២០ គួរ​បន្ត​សុពលភាព​អនុវត្ត​រហូត​ដល់​វិស័យនេះ​អាច​ត្រឡប់​ទៅរក​សភាព​ដើម​វិញ​»​។

GMAC សង្ឃឹម​យ៉ាង​មុតមាំ​ថា ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​សម្រាប់​ឆ្នាំ ២០២១ នឹង​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​រហូត​ស្ថានការណ៍​នៃ​វិស័យនេះ​មាន​ភាពប្រក្រតី​ឡើងវិញ​។ ការបង្អង់​ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា​នឹង​ជា​យន្តការ​មួយ​ក្នុង​ការគាំទ្រ​ឲ្យ​វិស័យនេះ​ឲ្យ​នៅ​បន្ត​មាន​ជីវិត​រស់នៅ ក៏ដូចជា​ការរក្សា​ការងារ សម្រាប់​បងប្អូន​កម្មករ​និយោជិត​យ៉ាង​ដូច្នេះ​ដែរ​។

កាលពី​ថ្ងៃទី ១០ ខែ​ មិថុនា ឆ្នាំ ២០២០ ក្រសួង​ការងារ​បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ​ស្តីពី​កាលវិភាគ​នៃ​ការចរចា​ប្រាក់ឈ្នួល​អប្បបរមា​ផ្នែក​វាយនភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ ២០២១ ដែល​គ្រោង​នឹង​ចាប់ផ្តើម​ពី​ខែកក្កដា ដល់​ខែកញ្ញា​។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា បុគ្គល​គ្រប់រូប​មាន​សិទ្ធិ​ក្នុង​ការសម្តែង​មតិ ប៉ុន្តែ​គ្រប់គ្នា​ត្រូវ​អនុវត្តតាម​យន្តការ​ដែល​មានចែង​ក្នុង​ច្បាប់​។ លោក​បន្តថា ការចរចា​ប្រាក់​ឈ្នួល​សម្រាប់​ឆ្នាំ​ថ្មី​នៅ​តែ​បន្ត​ធ្វើ​ទៅតាម​នីតិវិធី​ច្បាប់ ដោយ​គ្មាន​ការពន្យារពេល​នោះឡើយ​។

លោក​បញ្ជាក់​ថា​៖ «​ច្បាប់​តម្រូវឱ្យ​មាន​ការជួប​ប្រជុំ​គ្នា ដូច្នេះ​យើង​ត្រូវតែ​ជួបប្រជុំគ្នា​។ ច្បាប់​មិន​បាន​និយាយថា ប្រាក់​ឈ្នួល​ត្រូវតែ​ឡើងជា​រៀងរាល់ឆ្នាំ​នោះទេ​គឺ​អាច​ឡើង​អាច​រក្សា​ដដែល ឬ​អាច​ថយ អាស្រ័យ​លើ​បម្រែបម្រួល​នៃ​លក្ខណៈវិនិច្ឆ័យ​ទាំង​ ៧ ​នៃ​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​»​។

លោក​ ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២៣ មិថុនា​ថា ក្នុងដំណាក់កាល​នេះ​ការចរចា​ដំឡើង​ប្រាក់​ឈ្នួល​សម្រាប់​ឆ្នាំ ២០២១ គឺ​ប្រាកដ​ណាស់​នឹង​ស្ថិតក្នុង​ភាពតានតឹង​ជាង​ពេលណាៗ​​ទាំងអស់​។ ប៉ុន្តែ​លោក​ថ្លែងថា GMAC គួរ​ចូល​តុ​ចរចា​ព្រោះ​ស្ថិត​ក្នុង​កាលៈទេសៈ​នេះ គ្រប់ភាគី​ទាំងអស់​សុទ្ធតែ​ទទួលរង​ផលប៉ះពាល់​។

លោក​បញ្ជាក់ថា​៖ «​បើទោះបី​យើង​ពិបាក​យ៉ាងណា​ក៏ដោយ ក៏​ភាគី​ទាំងអស់​ត្រូវ​មាន​ភាពស្មោះត្រង់​បង្ហាញពី​ផលប៉ះពាល់​រវាង​គ្នា​ទៅវិញទៅមក​ដែលជា​ការពិនិត្យ​មើល​ទៅ​រក​លទ្ធភាព​ជុំវិញ​ការជជែក​គ្នា បើទោះបី​យើង​ដឹងថា កំពុង​រង​ផលប៉ះពាល់​។ ដូច្នេះ​គួរ​ចូល​តុ​ជជែក​គ្នា​ទៅ ថា​តើ​លទ្ធភាព​របៀប​ម៉េច មិនមាន​លទ្ធភាព​របៀប​ម៉េច ដោយ​អាច​ជជែក​គ្នា​ដោយ​ភាពស្មោះត្រង់​»​។

លោក ស៊ីណា បារម្ភ​ថា​ ក្នុង​ពេល​ខាងមុខ កម្មករ​និយោជិត​នឹង​រឹតតែ​រងគ្រោះ​បន្ថែមទៀត បើសិន​ជា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​ថ្មី​មិន​ត្រូវ​បាន​ដំឡើង ហើយ​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ក៏​ត្រូវ​បាន​កាត់​។ លោក​ស្នើឲ្យ​ក្រសួង​ការងារ គួរ​ពិចារណា​ផ្តល់​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ដូចដើម​វិញ​ដល់​កម្មករ​ដើម្បី​ពួកគាត់​អាច​គេច​ផុតពី​ការលំបាក​ផ្នែក​ជីវភាព និង​បំណុល​។

ចាប់តាំងពី​ឆ្នាំ​ ២០១៤ ​មក​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ​និយោជិត​ក្នុង​វិស័យ​វាយនភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង​ជា​រៀងរាល់​ឆ្នាំ ហើយ​នៅក្នុង​ឆ្នាំ​ ២០២០ នេះ ប្រាក់ឈ្នួល​អប្បបរមា​របស់​កម្មករ​បាន​ឡើងដល់ ១៩០ ​ដុល្លារ​ក្នុង ១ ​ខែ​៕