ភ្នំពេញៈ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) អំពាវនាវ​ដល់​ម្ចាស់​អគារ​ទាំងអស់​ដែល​ជួល​ឲ្យ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​នៅ​កម្ពុជា ពិចារណា​ចុះថ្លៃ​ឈ្នួល​របស់ខ្លួន​យ៉ាងតិច​ ៣០% ក្នុង​រយៈពេល ៣ ​ខែ ទៅ​ ៦ ​ខែ ដើម្បី​ជួយ​សម្រាល​បន្ទុក ស្របពេល​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​។

ការអំពាវនាវ​នេះ​ស្រប​ពេល​ដែល​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​នៅ​កម្ពុជា​ចំនួន ១៨០ រោងចក្រ​ ហើយ​បាន​ប្រកាស​ព្យួរ​ប្រតិបត្តិការ ហើយ​មាន​រោងចក្រ​ប្រមាណ ៦០ ទៀត​កំពុង​ប្រឈម​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្មករ​ដោយ​ផ្ទាល់​ប្រមាណ ២០ ​ម៉ឺន​នាក់ និង​ដោយ​ប្រយោល​ប្រមាណ ២ ​លាន​នាក់​។

លិខិត​អំពាវនាវ​របស់ GMAC ចុះ​ថ្ងៃទី​ ៨ ខែ​ឧសភា បាន​បញ្ជាក់ថា​៖ «​សមាគម​យល់​អំពី​ទុក្ខលំបាក​នៃ​ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ​ ១៩ ប៉ុន្តែ​យើង​ពិតជា​អំពាវនាវ​ដល់​ម្ចាស់​អគារ​នានា​ដែល​កំពុង​ជួល​ឲ្យ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ មេត្តា​ពិចារណា​ចុះថ្លៃ​ឈ្នួល​របស់ខ្លួន​យ៉ាងតិច ៣០ ​ភាគរយ​ សម្រាប់​រយៈពេល ៣ ទៅ​ ៦ ​ខែ​»​។

GMAC បាន​អះអាង​បន្តថា​ការចុះ​ថ្លៃឈ្នួល​នេះ​អាច​នឹង​ជួយ​សម្រាល​បន្ទុក​ចំណាយ​របស់​រោងចក្រ និង​ចូលរួម​ចំណែក​ស្តារ​សេដ្ឋកិច្ច​នៅ​កម្ពុជា ដើម្បី​ទ្រទ្រង់​វិស័យ​នេះ ខណៈ​ការព្យួរ​ផលិតកម្ម​របស់​រោងចក្រ​ក្នុង​អំឡុង​ពេលនេះ​គឺ​រោងចក្រ មិនអាច​ទ្រទ្រង់​បាន​នូវ​បន្ទុក​ចំណាយ​នានា ហើយ​ចំណូល​ក៏មាន​ការធ្លាក់ចុះ​ផងដែរ​។

GMAC បាន​បញ្ជាក់ថា​៖ «​ការចំណាយ​របស់​រោងចក្រ​លើ​ថ្លៃឈ្នួល​អគារ​ និង​ទីតាំង​គឺជា​បន្ទុក ចំណាយ​ដ៏ធ្ងន់ធ្ងរ​ស្រប​ពេល​ដែល​សមាជិក​របស់​យើង​កំពុង​រងគ្រោះ​ដោយសារ​ការលុបចោល​នៃ​ការបញ្ជាទិញ​ជាច្រើន​ និង​ការគ្មាន​ការបញ្ជាទិញ​ថ្មី​នោះ​ក៏ដូចជា ការចំណាយ​ផ្សេងៗ​ដទៃទៀត​»​។

លោក ខេន លូ អគ្គលេខាធិការ GMAC បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​យ៉ាងខ្លី​ថា បន្ទាប់ពី​ចេញ​សេចក្តីអំពាវនាវ​នេះ លោក​មិនទាន់​ទទួល​ព័ត៌មាន​ទេ​ថា មាន​ម្ចាស់​ទីតាំង​ចំនួន​ប៉ុន្មាន​បាន​យល់ព្រម​បញ្ចុះតម្លៃ​តាម​ការស្នើសុំ​នេះ​។

លោក​បន្ត​ថា​៖ «​ថ្ងៃនេះ ជា​ថ្ងៃ​អី​? មាន​អ្នកណា​គេ​ធ្វើការ ហើយ​លិខិតចេញ​ថ្ងៃ ៨ រួចហើយ​មក​សួរ​ខ្ញុំ​ពី​លទ្ធផល​ថា មាន​ម្ចាស់​រោងចក្រ​ប៉ុន្មាន ខ្ញុំ​អត់​មាន​លទ្ធផល​ឲ្យ​ទេ​។ ចុង​សប្តាហ៍ ថ្ងៃ​សៅរ៍ ថ្ងៃអាទិត្យ មាន​អ្នកណា​គេ​ធ្វើការ បើទោះ​ជា​មាន​ (​ការយល់ព្រម​បញ្ចុះតម្លៃ​) ក៏ត្រូវ​​ឆ្លងកាត់​តាម​នីតិវិធី​នៃ​ការចរចា​ដែរ ហើយ​បើ​ទោះ​ជោគជ័យ ក៏​គេ​ចាំ​ថ្ងៃ​ធ្វើការ រាយការណ៍​មក​សមាគម​ដែរ​»​។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បដិសេធ​ធ្វើការ​អត្ថាធិប្បាយ ជុំវិញ​ករណី GMAC ស្នើ​ឲ្យ​ម្ចាស់​ទីតាំង​ជួល​រោងចក្រ បញ្ចុះតម្លៃ ៣០ ភាគរយ​ក្នុង​រយៈពេល ៣ ទៅ​ ៦ ដោយ​បាន​បង្វែរ​សំណួរ​ទៅកាន់​ម្ចាស់​ដី​ផ្ទាល់​។ លោក​បន្តថា ​ក្រសួង​គ្មាន​សមត្ថកិច្ច​ចំពោះ​ករណីនេះ​ទេ ព្រោះ​ការសម្រេច​បញ្ចុះតម្លៃ​យ៉ាងណា​នោះ គឺ​​អាស្រ័យ​ទៅ​លើ​ម្ចាស់​ទីតាំង និង​រោងចក្រ​ផ្ទាល់​ធ្វើការ​ចរចា​គ្នា​។

បញ្ហា​នេះ លោក​បញ្ជាក់​ថា​៖ «​សួរ​ទៅ​ម្ចាស់​ដី ក្រសួង​មិនមែន​ជា​ម្ចាស់​ដី ហើយ​ក៏​មិនមាន​ដែន​សមត្ថកិច្ច​លើ​ការងារ​ដែនដី​ដែរ​»​។

លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​បាន​លើកឡើង​កាលពី​ម្សិលមិញ​ថា ការអំពាវនាវ​ទាំងនេះ​គឺជា​សិទ្ធិ​របស់​ GMAC ប៉ុន្តែ​ការសម្រេច​យ៉ាងណា​នោះ គឺ​អាស្រ័យ​ទៅ​លើ​ការសម្រេចចិត្ត​របស់​ម្ចាស់​ទីតាំង ព្រោះ​បច្ចុប្បន្ន​គ្រប់​គ្នា​សុទ្ធតែ​រង​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​ ១៩​។

លោកស្រី​បន្តថា​៖ «​ធម្មតា​ការស្នើ​គឺអាច​ធ្វើ​ទៅ​បាន គ្រាន់តែ​ស្ថិតក្នុង​ការសម្រេចចិត្ត​គឺ​អាស្រ័យ​លើ​ម្ចាស់​ទីតាំង ព្រោះ​កន្លែង​ជួល​មួយៗ​គឺ​មាន​កុងត្រា​បំពេញ​របស់​គេ ដើម្បី​សំអាង​។ ម្ចាស់​ទីតាំង​ក៏​ជា​ភាគី​នៃ​ការប្រឈម​ដូចគ្នា ព្រោះ​ពេល​ខ្លះ​គាត់​ជួល​ឲ្យ​គេ ហើយ​យក​ប្រាក់​នេះ​ទៅ​ប្រើ​ប្រាស់​អី​ផ្សេងទៀត ដូច្នេះ​គាត់​ក៏​ប្រឈម​នឹង​ហានិភ័យ​ដែល​កំពុង​ទទួលរង​ដូចគ្នា​»​។

ទោះបី​យ៉ាងណា​លោកស្រី យ៉ាង សុភ័ណ្ឌ លើក​ទឹកចិត្ត​ឲ្យ​ភាគី​ទាំង​សងខាង បន្ត​ចរចា​គ្នា ដើម្បី​ស្វែងរក​ដំណោះស្រាយ​មួយ​ដែល​អាច​ទទួល​យក​បាន ក្នុងពេល​ដែល​ពិភពលោក​ក៏ដូចជា​កម្ពុជា​កំពុង​ប្រឈម​នឹង​ជំងឺ​​កូវីដ​ ១៩ ដែល​បន្ត​ផ្តល់​ផលប៉ះពាល់​គ្រប់គ្នា​៕