ភ្នំពេញៈ អង្គការ HALO Trust Cambodia បាន​ជ្រើសរើស​បុគ្គលិក​ដោះមីន​បន្ថែមចំនួន ១២០ ​នាក់​នៅក្នុង​សហគមន៍​ទីតាំង​ផ្ទៃដី​ដែលមាន​មីន​នៅ​តាម​បណ្ដា​ខេត្ដ​ភាគ​ខាងជើង និង​ខាងលិច​ដើម្បី​ពង្រីក​វិសាលភាព​បោសសម្អាត​មីន ខណៈ​តាំងពី​ឆ្នាំ​ ១៩៩១ រហូតដល់​បច្ចុប្បន្ន អង្គការ​នេះ​កម្ទេច​មីន​បាន ៣០ ​ម៉ឺន​គ្រាប់​។

លោក Lasha Lomidze នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ HALO Trust Cambodia បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា មីន​ត្រូវបាន​ដាក់ពង្រាយ​ជាច្រើន​នៅ​អំឡុង​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​កាលពី​ ២០ ​ឆ្នាំ​មុន​។ លោក​ថ្លែងថា HALO Trust កាលពី​សប្ដាហ៍​មុន​បាន​ពង្រីក​សកម្មភាព​ការងារ​របស់ខ្លួន​ដោយបាន​ជ្រើសរើស​បុគ្គលិក​បោសសម្អាត​មីន​ថ្មី​បន្ថែមចំនួន ១២០ ​នាក់​។ បូករួម​ទាំង​ចំនួន​បុគ្គលិក​បោសសម្អាត​មីន​ថ្មី​បន្ថែម​នេះ HALO Trust មាន​បុគ្គលិក​សរុប ១១៥០ ​នាក់​ហើយ​ដែល​កំពុង​ធ្វើការងារ​នៅ​កម្ពុជា​។

លោក​ថា​៖ «​ការជ្រើសរើស​បុគ្គលិក​បន្ថែម​នេះ គឺ​ធ្វើឡើង​ស្របតាម​សមិទ្ធផល​ដែល​អង្គការ​សម្រេចបាន​ក្នុង​នោះ​មានការ​កម្ទេច​គ្រាប់មីន​បាន​ដល់​ ៣០ ​ម៉ឺន​គ្រាប់​ផងដែរ​»​។

បើ​តាម​លោក Lasha Lomidze បុគ្គលិក​ថ្មី​នេះ​នឹង​ចាប់ផ្ដើម​ការបណ្ដុះបណ្ដាល​រយៈពេល ៣ ​សប្ដាហ៍​ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​ ៤ ខែ​ឧសភា​។ តាមរយៈ​វគ្គ​បណ្ដុះបណ្ដាល​នេះ​នឹង​ផ្ដល់​ឲ្យ​បុគ្គលិក​បោសសម្អាត​មីន​ថ្មី​នូវ​ចំណេះដឹង និង​ជំនាញ​ដោយមាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ក្នុង​ការបោសសម្អាត​មីន​នៅ​តំបន់​ដែល​អង្គការ​កំពុង​ប្រតិបត្ដិការ​។ វគ្គ​បណ្ដុះបណ្ដាល​នេះ​នឹង​បញ្ចប់​នៅ​ចុងខែ​ឧសភា​ហើយ​ពួកគេ​នឹង​ចូលរួម​ក្នុង​សកម្មភាព​ដោះមីន​ជាមួយ​ក្រុមការងារ​របស់​អង្គការ​ដែលមាន​ស្រាប់​នៅតាម​តំបន់​នានា​ក្នុង​ខេត្ដ​នៅ​ភាគ​ខាងជើង និង​ខាងលិច​។ HALO Trust បានទទួល​មូលនិធិ​សប្បុរស​ពី​ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក អៀរឡង់ អាល្លឺម៉ង់ និង​ស្វ៊ីស​។

លោក Lasha Lomidze បន្ថែមថា​ចាប់តាំងពី​ឆ្នាំ ១៩៩១ HALO Trust បាន​បោសសម្អាត​មីន​លើ​ផ្ទៃដី​ចំនួន​ ៤៣៩៤ ​កន្លែង​ដោយ​រំដោះ​ផ្ទៃដី​បាន​ចំនួន ៣៣៩ ​គីឡូម៉ែត្រ​ការ៉េ​។ ផ្ទៃដី​ប្រហែល​ ៧០ ​ភាគរយ​នៃ​ចម្ការមីន​ដែល​អង្គការ​នេះ​បាន​បោសសម្អាត​មីន​ចេញ​គឺ​ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​វិញ​សម្រាប់​ធ្វើការ​ដាំដុះ ដំណាំ​ដំឡូងមី ស្វាយចន្ទី និង​ស្រូវ​។

ក្រៅពី​បោសសម្អាត​មីន HALO Trust ក៏បាន​ដាក់ពង្រាយ​ក្រុមការងារ​ក្នុង​ការឆ្លើយតប​ចំពោះ​តម្រូវការ​របស់​ប្រជាសហគមន៍​ផងដែរ នៅពេល​ដែល​ពួកគាត់​បាន​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​។ រហូត​មកដល់​បច្ចុប្បន្ន HALO Trust បាន​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់​សហគមន៍​បាន​ ២៦ ៤៤៣ ករណី និង​កម្ទេច​បាន ៦៣ ០០០ ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​បាន​ចំនួន ១៦៣ ០០០ គ្រាប់​ជា​ប្រភេទ​គ្រាប់​រ៉ុក្កែត និង​គ្រាប់បែកដៃ​។

លោក​បន្ដថា​៖ «​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ប្រភេទ​នេះ​នៅតែ​បណ្ដាល​ឲ្យ​ចំនួន​គ្រោះថ្នាក់​កើតឡើង​ស្ថិតនៅ​កម្រិត​ខ្ពស់​នៅឡើយ​ជា​រៀងរាល់​ឆ្នាំ​។ វា​ពិតជា​មាន​សារៈសំខាន់​ណាស់ នៅពេល​ដែល​ប្រជាជន​បានឃើញ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ហើយ​រាយការណ៍​ទៅ​កាន់​សមត្ថកិច្ច​ជំនាញ ឬ​ក៏​អង្គការ ដូចជា HALO Trust Cambodia ជាដើម​»​។

លោក លី ធុជ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​អគ្គលេខាធិការ​អាជ្ញាធរ​មីន​កម្ពុជា​ថ្លែង​ពីថ្ងៃ​ទី​ ៤ មេសា​ថា សកម្មភាព​បោសសម្អាត​គ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​កំពុង​ជួប​បញ្ហា​ប្រឈម​ដោយ​កង្វះ​ថវិកា និង​ធនធាន​មនុស្ស បើទោះបី​ជា​អាមេរិក​​ទើប​តែ​ផ្ដល់​ថវិកា​ឲ្យ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (CMAC) ចំនួន ២ ​លាន​ដុល្លារ សម្រាប់​បម្រើ​ក្នុង​វិស័យនេះ​ក៏ដោយ​។ លោក​ថ្លែងថា សកម្មភាព​បោសសម្អាត​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​ត្រូវ​បាន​រដ្ឋាភិបាល​ដាក់ចេញ​នូវ​ផែនការ​ច្បាស់លាស់​រួចរាល់​អស់​ហើយ​ប៉ុន្ដែ​នៅមាន​បញ្ហា​ប្រឈម​មួយចំនួន​ដូចជា កង្វះ​ថវិកា និង​បញ្ហា​ធនធាន​មនុស្ស ព្រោះ​ធនធាន​មនុស្ស​ដែល​ប្រើប្រាស់​សព្វថ្ងៃនេះ​មន្ត្រី​អ្នក​ដោះមីន​មាន​ចំនួន ២ ៥០០ ​នាក់​ក្នុង​នោះ​មួយចំនួនធំ​មាន​វ័យ​កាន់តែ​ចាស់ និង​ខ្លះ​មាន​ជំងឺ​ប្រចាំកាយ​ដែល​មិនអាច​បន្តការងារ​នេះ​បានទេ​៕