The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - HRW ជំរុញ​ឲ្យ​មាន​ការ​ផ្តន្ទាទោស​លោក​ជាម​យៀប

HRW ជំរុញ​ឲ្យ​មាន​ការ​ផ្តន្ទាទោស​លោក​ជាម​យៀប

HRW ជំរុញ​ឲ្យ​មាន​ការ​ផ្តន្ទាទោស​លោក​ជាម​យៀប

131205_7
លោកជាម យៀប (ជួរក្រោយស្តាំ) នៅក្នុងកិច្ចប្រជុំសភា កាលពីថ្ងៃទី២៤ ខែកញ្ញា ស្រេង ម៉េងស្រ៊ុន

ភ្នំពេញៈ អាជ្ញាធរ​កម្ពុជា​មិន​គួរ ​អនុញ្ញាត​ឲ្យ​តំណាង​រាស្រ្ត​គណបក្ស​កាន់​អំណាច​លោក​ ជាម យៀប គេច​ពី​«ការ​ស៊ើប​អង្កេត​ពេញលេញ និង​ការ​កាត់​ទោស​ដែល​អាច​មាន»​ពាក់​ព័ន្ធ​នឹង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​បុក​រួច​រត់​កាល​ពី​ថ្ងៃ​ទី​ ២២ វិច្ឆិកា ដែល​បាន​បណ្តាល​ឲ្យ​ជន​រងគ្រោះ​ស្លាប់ នោះ​ទេ​។ នេះ​បើ​តាម​​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​​ HRW ដែល​មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក ដែល​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ មួយ​​ អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​​អន្តរជាតិ​​ បាន​ថ្លែង​ថា ​បើ​ទោះ​បី​ជា​អ្នក​បើក​ឡាន​របស់​លោក ជាម យៀប​ ​ជា​អ្នក​បើក​ឡាន​ក៏​ដោយ​ ​ក៏​តំណាង​រាស្រ្ត​រូប​នេះ​​ ស្ថិត​នៅ​ក្រោម​កាតព្វ​កិច្ច​ផ្លូវ​ច្បាប់​​ត្រូវ​បញ្ឈប់​រថយន្ត​​របស់​គាត់ នៅ​កន្លែង​កើត​ហេតុ ហើយ​ជម្រាប​ទៅ​អាជ្ញា​ធរ​​មូល​ដ្ឋាន និង​ជួយ​យក​ជន​រង​គ្រោះ​ទៅ​មន្ទីរ​ពេទ្យ​។

លោក Brad Adams នាយក​អង្គការ​​ឃ្លាំ​មើល​សិទ្ធិមនុស្ស​​អន្តរជាតិ​ ប្រចាំ​អាស៊ី ​បាន​ថ្លែង​ថា​៖ «អាជ្ញាធរ​គួរ​អនុវត្ត​ច្បាប់​ ជា​ជាង​ការពារ​មន្រ្តី​នយោបាយ​ជាន់​ខ្ពស់​»។​

អ្នក​នាំ​ពាក្យ គណបក្ស​ប្រជាជន​រូប​នេះ បាន​​ធ្វើ​ដំណើរ​ក្នុង​ស្រុក​កៀន​ស្វាយ ​ខេត្ត​កណ្តាល នៅ​ពេល​រថយន្ត​របស់​គាត់ បាន​បុក​​ជា​មួយ​ម៉ូតូ​មួយ​ដែល​ជិះ​ដោយ​ពីរ​នាក់​ប្តី​ប្រពន្ធ​ ដែល​ប្រពន្ធ​ឈ្មោះ​ ពិន សុភា និង​ប្តី​ឈ្មោះ ផឿន ថា ​ហើយ​បាន​បើក​រត់​។ អ្នក​ស្រី​ ពិន សុភា ក្រោយ​មក​បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​ រីឯ​លោក ផឿន ថា បាន​​រង​របួស​ធ្ងន់។​

លោក ជាម យៀប មិន​អាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ ​កាល​ពី​ម្សិលមិញ ប៉ុន្តែ​បាន​ថ្លែង​កាល​ពី​ពេល​មុន​ថា ​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ​ មិន​មែន​ជា​ការ​បុក​ហើយ​រត់​ទេ​ ​ហើយ​លោក​ថា​ មេធាវី​របស់​លោក​បាន​ទៅ​និយាយ​ជា​មួយ​នគរបាល​ភ្លាមៗ បន្ទាប់​ពី​គ្រោះ​ថ្នាក់​នោះ​។ លោក​បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​​ថា លោក​បាន​រត់​គេច​​ពី​កន្លែង​កើត​ហេតុ ដោយ​សារ​ភ័យ​ខ្លាច​ការ​កើត​មាន​អំពើ​ហិង្សា​ ពី​សំណាក់​ហ្វូង​មនុស្ស។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​ថ្លែង​ថា​៖ «​តាម​ច្បាប់​ចរាចរណ៍​កម្ពុជា លោក ជាម យៀប អាច​នឹង​ជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ ៣​ ឆ្នាំ​»។

លោក ការ សាវុត្ថ មេធាវី​របស់​លោក ជាម យៀប ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា ​ករណី​នេះ​ បាន​«​បញ្ចប់​»​យូរ​ហើយ​ ពី​ព្រោះ​ជន​រង​គ្រោះ​បាន​ទទួល​យក​សំណង​ពី​លោក ជាម យៀប ​និង​បាន​ដក​បណ្តឹង​ពី​នគរបាល។ លោក​ថ្លែង​ថា​៖​ «​វា​មិន​មាន​បណ្តឹង​ព្រហ្មទណ្ឌ​អ្វី​ទេ ទៅ​លើ​លោក ជាម យៀប ​ពី​ព្រោះ​លោក​មិន​មែន​ជា​អ្នក​បើក​រថយន្ត​នោះ​»។

ប៉ុន្តែ​លោក វេន សូវីន ស្នង​ការ​រង​នគរបាល​ខេត្ត​កណ្តាល បាន​ថ្លែង​ថា​ ករណី​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្រះ​រាជ​​អាជ្ញា​ខេត្ត​កាល​ពី​ចុង​សប្តាហ៍​មុន។ លោក​បន្ត​ថា​៖ «​ដោយ​សារ​មាន​ការ​ចាប់​អារម្មណ៍​ពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ និង​សាធារណជន នគរបាល​ខេត្ត​កណ្តាល បាន​ប្រញាប់​ប្រញាល់​ដាក់​រឿង​នេះ​ទៅ​កាន់​ព្រះ​រាជ​អាជ្ញា​​»។

ព្រះ រាជ​អាជ្ញារង សាលា​ដំបូង​ខេត្ត​កណ្តាល លោក សំ រិទ្ធី​វាសនា ដែល​នឹង​សម្រេច​ថា​ តើ​ករណី​នេះ​មាន​​ភ័ស្តុតាង​គ្រប់គ្រាន់​ដើម្បី​បញ្ជូន​ទៅ​ចៅ​ក្រម​ស៊ើប ​អង្កេត​ឬ​អត់​​នោះ​ បាន​​ថ្លែង​កាលពី​ថ្ងៃ​​អង្គារ​ថា លោក​នៅ​កំពុង​អាន និង​សិក្សា​អំពី​ករណី​នេះ​នៅ​ឡើយ​ ដោយ​មិន​ទាន់​ធ្វើ​ការ​សម្រេច​​បែប​ណា​ទេ​៕ PS

អត្ថបទគួរចាប់អារម្មណ៍