The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - HRW ថា ២០១៤ ​ជា​ឆ្នាំ​អាក្រក់​បំផុត​សម្រាប់​កម្ពុជា

HRW ថា ២០១៤ ​ជា​ឆ្នាំ​អាក្រក់​បំផុត​សម្រាប់​កម្ពុជា

HRW ថា ២០១៤ ​ជា​ឆ្នាំ​អាក្រក់​បំផុត​សម្រាប់​កម្ពុជា

ភ្នំពេញៈ អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ (HRW) បាន​ថ្លែង​ថា ឆ្នាំ ​២០១៤ គឺជា​ឆ្នាំ​មួយ​ក្នុង​ចំណោម​ឆ្នាំ​​អាក្រក់​​បំផុត​របស់​កម្ពុជា​​ដោយ​សារ​តែ​ប្រវត្តិ​ថ្មីៗ នៃ​ការ​រំលោភ​បំពាន​សិទ្ធិ​​មនុស្ស​ ដោយ​លើក​ឡើង​​អំពី​ «ការ​សម្លាប់​ដោយ​កម្លាំង​សន្តិសុខ ការ​ចាប់​ខ្លួន​សកម្មជន និង​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង ការ​កាត់​ទោសតក់​ក្រហល់ និង​ការ​បង្ក្រាប​ទៅ​លើ​ការ​តវ៉ា​ដោយ​សន្តិវិធី»។

របាយការណ៍​ពិភព​លោក​ឆ្នាំ​ ២០១៥ របស់​ខ្លួន​ស្តីពី​កម្ពុជា​បាន​លើក​ឡើង​អំពី​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ដោយ​រដ្ឋាភិបាល​ដើម្បី​បំបិទ​សំឡេង​សកម្មជន ​អ្នក​រិះគន់ សហជីព​និង​អ្នក​នយោបាយ​ប្រឆាំង។

HRW បាន​ថ្លែង​ថា៖ «នគរបាល​ ព្រះ​រាជ​អាជ្ញា និង​តុលាការ បាន​កាត់​ទោស​យ៉ាង​ហោច​​​ករណី​ជំរុញ​ដោយ​​ហេតុ​ផល​នយោបាយ​ចំនួន​ ៩០ ករណី​កាល​ពី​ឆ្នាំ​មុន ដោយ​កាត់​ទោស​​យ៉ាង​ហោច​ណាស់​មនុស្ស​ ៤៤ នាក់​ដាក់​ពន្ធនាគារ បន្ទាប់​ពី​​សវនាការ​អយុត្តិធម៌​​តាម​រយៈ​ភ័ស្តុ​តាង​ដែល​មិន​អាច​ជឿ​ជាក់​បាន»។ «កម្លាំង​សន្តិសុខ​បន្ត​​ទទួល​បាន​​និទ្ទណ្ឌ​ភាព​ទាំង​​ស្រុង​ចំពោះ​​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ទាំង​ អតីត​កាល​និង​ បច្ចុប្បន្ន»។

រដ្ឋាភិបាល​បាន​បដិសេធ​ថា​ ខ្លួន​មិន​បាន​ប្រើ​តុលាការ​​ក្នុង​ការ​គាប​សង្កត់​នយោបាយ​ទេ​។

លោក Brad Adams នាយក​ប្រចាំ​អាស៊ី​របស់​អង្គការ​ HRW ​កាល​ថ្មី​ៗ​នេះ​ត្រូវ​បាន​រិះ​គន់​ដោយ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ដោយ​ចោទ​ប្រកាន់​ថា​ មិន​មាន​តុល្យភាព។ ​

លោកហ៊ុន សែន ​បាន​ថ្លែង​​ក្នុងខែ​នេះ​ថា៖ «ពិត​ណាស់ ​ខ្ញុំ​មាន​កំហុស​... ​ប៉ុន្តែ​​ត្រូវ​​ឲ្យ​មាន​តុល្យភាព ចំពោះ​អ្វី​ដែល​ធ្វើ​ខុស​​និង​អ្វី​ដែល​ធ្វើ​ត្រូវ​​... ​អ្នក​ត្រូវ​តែ​និយាយ​ឲ្យ​សម​ស្រប​ជាង​នេះ​បន្តិច​ ​មិន​ត្រូវ​និយាយ​ថា​ អ្វី​ៗ​គឺ​អាក្រក់​ទាំង​អស់​ ដូច​​លោក Brad Adams ​ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​​មនុស្ស​​ទេ​»។

លោកស្រី ចក់ សុភាព ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​យល់​ស្រប​ថា​ ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស «បាន​ធ្លាក់​ដុន​ដាប​គួរ​ឲ្យ​កត់​សម្គាល់» កាល​ពី​ឆ្នាំ​មុន។ ប៉ុន្តែ​លោកស្រី​​ក៏​បាន​លើក​ឡើង​ផង​ដែរ​​អំពី​ភាព​រីក​ចម្រើន​ដូចជា​​កម្រិត​មិន​ធ្លាប់​មាន​ពី​មុន​មក​នៃ​ការ​តវ៉ា​ជា​សាធារណៈ​​ទាម​ទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ និង​កិច្ច​សន្យា​នយោបាយ​ដែល​ទើប​បង្កើត​ថ្មី​រវាង​គណបក្ស​​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង។

លោក ម៉ក់ សម្បត្តិ​ អនុ​ប្រធាន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល បាន​ថ្លែង​ថា វា​មិន​យុត្តិធម៌​ទេ​ដែល HRW ​និយាយ​ថា ឆ្នាំ​មុន​ជា​ឆ្នាំ​មួយ​ក្នុង​ចំណោម​ឆ្នាំ​អាក្រក់​បំផុត​​នៃ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស។

ដោយ​សំដៅ​ទៅ​លើ​​ការ​បង្ក្រាប​​ទៅ​លើ​ការ​តវ៉ា​របស់​កម្មករ​កាត់ដេរ​កាល​ខែ​មករា ​ដែល​អាជ្ញាធរ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ៥ នាក់ លោក សម្បត្តិ ថ្លែង​ថា រដ្ឋាភិបាល​អនុវត្ត​ច្បាប់​និង​បទ​បញ្ជា។

លោកសម្បត្តិ បាន​បញ្ជាក់ថា៖ «ដូច​អ្នក​បាន​ឃើញ​ហើយ​ ​ក្នុង​អំឡុង​បាតុ​កម្ម​ទាំង​នោះ​ ​គ្លីនិក​មួយ​ ត្រូវ​បាន​បំផ្លាញ​ទាំង​ស្រុង​... ​ហើយ​ផ្លូវ​មួយ​ចំនួន​ ត្រូវ​បាន​បិទ​ដោយ​ក្រុម​អ្នក​តវ៉ា​ដែល​បាន​ប៉ះ​ពាល់​ដល់​សិទ្ធិ​អ្នក​ដទៃ​ ​ដែល​មិន​អាច​ទៅ​ដល់​មន្ទីរ​ពេទ្យ​ ឬ​សាលា​រៀន​ទាន់​ពេល​​វេលា»។

លោក​បាន​គូស​បញ្ជាក់​ទៀត​ថា៖ «ហេតុ​ដូច្នេះ​ រដ្ឋាភិបាល​ត្រូវ​តែ​អនុវត្ត​ច្បាប់​​ដើម្បី​ធានា​ស្ថិរ​ភាព​​និង​សណ្តាប់ធ្នាប់​​សាធារណៈ។ ​រដ្ឋាភិបាល​ត្រូវ​តែ​គិត​ពី​​ប្រជាជន​ទាំង​អស់​ក្នុង​ប្រទេស​មិន​មែន​គ្រាន់​​តែ​គិត​ពី​សិទ្ធិ​របស់​បុគ្គល​​ដូច​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​​មនុស្ស​ទេ»។

យ៉ាង​ណា​ក៏​ដោយ​មក​ដល់​ពេល​នេះ​គេ​​មិន​ឃើញ​​កង​កម្លាំង​រដ្ឋាភិបាល​ណា​ម្នាក់​ត្រូវ​បាន​នាំ​យក​មក​ផ្តន្ទា​ទោស​ពីបទ​ប្រើ​កម្លាំង​បង្ក្រាប​ទៅ​លើ​កម្មករ​បណ្តាល​ឲ្យ​ស្លាប់​ ៥ ​នាក់​នោះ​ទេ៕PS

អត្ថបទគួរចាប់អារម្មណ៍