ភ្នំពេញៈ ក្រុមហ៊ុន​អង្ករ​អាយប៊ិស រ៉ាយស៍​ (IBIS Rice) ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ជាមួយ​ធនាគារ​ភ្នំពេញ​ពាណិជ្ជ​ (PPCBank) ​ដើម្បី​គាំទ្រ​កសិករ​ខ្នាតតូច​ចំនួន​ ១ ៥០០ ​គ្រួសារ ឱ្យដាំ​ស្រូវ​ផ្កាម្លិះ​សរីរាង្គ ដែល​ជា​ការជួយ​រក​ចំណូល​ដល់​កសិករ​ឱ្យបាន​ខ្ពស់​ និង​ជួយ​អភិរក្ស​ប្រភេទ​សត្វព្រៃ​ដែល​ជិត​ផុត​ពូជ​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក Nick Spencer នាយក​ប្រតិបត្តិ​ក្រុមហ៊ុន IBIS Rice ថ្លែង​ពីថ្ងៃ​ទី​ ១៦ ធ្នូ ថា ក្រុមហ៊ុន​លោក​បាន​ចុះ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ជាមួយ​ធនាគារ PPCBank រួចរាល់​ហើយ​។ ប៉ុន្ដែ​លោក​បដិសេធ​បង្ហាញ​ទំហំ​ទឹកប្រាក់ ដើម្បី​ជួយ​គាំទ្រ​ដល់​កសិករ​ខ្នាតតូច​ចំនួន​ ១​ ៥០០ ​គ្រួសារ​​​ ស្ថិតនៅ​ដែនជម្រក​សត្វព្រៃ​ចំនួន​ ៧ ​តំបន់​នៅ​ខេត្តស្ទឹងត្រែង និង​មណ្ឌលគិរី​។

លោក​ថា ក្រុមហ៊ុន IBIS Rice បាន​ធ្វើការ​ជាមួយ​កសិករ​ដោយ​ឱ្យ​កម្រៃ​ពលកម្ម​ខ្ពស់ជាង​តម្លៃ​ទីផ្សារ ៥០ ​ភាគរយ​ សម្រាប់​ទិញ​អង្ករ​ផ្កាម្លិះ​សរីរាង្គ​។ ក្នុង​គម្រោង​នេះ​កសិករ​ត្រូវតែ​ប្តេជ្ញាចិត្ត​មិន​កាប់​ឈើ បរបាញ់​សត្វ​ ឬ​ការប្រើប្រាស់​សារធាតុ​គីមី​ដើម្បី​ជួយ​ការពារ​ព្រៃឈើ និង​សត្វព្រៃ​។ IBIS Rice ត្រូវបាន​បង្កើតឡើង​ដោយ​អង្គការ​សមាគម អភិរក្ស​សត្វព្រៃ​ (WCS) ហើយ ឈ្មោះ​នេះ​ត្រូវ​បាន​ដាក់​ភ្ជាប់​នឹង​ឈ្មោះ​សត្វ​ត្រយង​យក្ស​ (Giant Ibis) ​ព្រោះ​វា​ជា​បក្សី​ជាតិ​របស់​ប្រទេស​កម្ពុជា​។

លោក​បញ្ជាក់ថា​៖ «​យើង​បាន​ជ្រើសរើស និង​បណ្តុះបណ្តាល​កសិករ​កាន់តែ​ច្រើន ដូច្នេះ​តម្រូវការ​ហិរញ្ញប្បទាន​មូលធន​ក៏ត្រូវ​បន្ថែម​សម្រាប់​ទិញស្រូវ​ពី​កសិករ​កាន់តែ​ច្រើន​ដែរ​។ យើង​ប្តេជ្ញាចិត្ត​ចំពោះ​កសិករ​របស់​យើង​ដោយ​ទិញស្រូវ​ទាំងអស់​ដែល​ពួកគេ​អាច​ផលិត​បាន ប៉ុន្ដែ​ស្រូវ​ពួកគាត់​ត្រូវ​ឆ្លើយតប​នឹង​ស្តង់ដា​អនុលោមភាព​របស់​យើង​»​។

បើតាម​លោក Nick Spencer ស្រូវ​នេះ​ត្រូវបាន​បញ្ជាក់ថា ជា​ប្រភេទ​ស្រូវ​សរីរាង្គ​មាន​ស្តង់ដា EU ​និង​ USDA ដើម្បី​ទទួល​បាន​ការអនុញ្ញាត​ឱ្យចូល​លក់​ជា​សកល​ក្នុង​ទីផ្សារ​លំដាប់​ខ្ពស់​នៅ​អឺរ៉ុប និង​កាណាដា​។ គម្រោង​នេះ​បានធ្វើឱ្យ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​ប្រសើរ​ឡើង ហើយ​ក៏​ជួយ​កាត់បន្ថយ​ការកាប់បំផ្លាញ​ព្រៃឈើ​ ៧៥ ​ភាគរយ ​នៅក្នុង​តំបន់​ដែល​កសិករ​រស់នៅ និង​កំពុង​ដាំដុះ​ដែរ​។

លោក​ ញ៉ាក់ គឹមស្រូយ អនុប្រធាន​ធនាគារ​ (PPCBank) ​ថ្លែង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ពីថ្ងៃ​ទី​ ១៦ ធ្នូ ដោយ​សាទរ ចំពោះ​អត្ថប្រយោជន៍​នៃ​គម្រោង​របស់​ក្រុមហ៊ុន IBIS Rice ដែល​បានផ្តល់​ជូន​កសិករ​ខ្នាតតូច​នៅតាម​តំបន់​ដែនជម្រក​សត្វព្រៃ​នៅ​កម្ពុជា​។ នេះ​ជា​អ្វីដែល​ធ្វើឱ្យ​ធនាគារ​លោក​ចាប់​អារម្មណ៍​ខ្លាំង ព្រោះ​វា​ជា​ឱកាស​អាជីវកម្ម​ដ៏ល្អ​មួយ​ក្នុង​ការផ្តល់​ហិរញ្ញប្បទាន​។

លោក​ថ្លែងថា​៖ «​យើង​មើលឃើញ​ពី​សក្ដានុពល​ដែល​ក្រុមហ៊ុន​ទទួល​បាន​ពី​សំណាក់​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ IBIS Rice ដែល​ធ្វើឱ្យ​យើង​មាន​ទំនុកចិត្ត​លើ​សំណើ​នេះ​។ កិច្ចព្រមព្រៀង​នេះ​បង្ហាញ​ពី​ការចាប់ផ្តើម​នៃ​ភាព​ជា​ដៃគូ​ដ៏យូរអង្វែង ហើយ​យើង​ទន្ទឹង​រង់ចាំ​មើល​ការរីកចម្រើន​របស់​ក្រុមហ៊ុន​»​។

លោក Robb Menzi នាយកប្រតិបតិ្ត​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ (WCS) ​និង​ជា​ប្រធាន​ក្រុមហ៊ុន​អង្ករ​ អាយប៊ិស រ៉ាយស៍ ​ថ្លែង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី ១៦ ធ្នូ ថា ដោយ​ការគាំទ្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ឆ្នាំ​ ២០០៩ អង្គការ WCS បាន​បង្កើត​គម្រោង​នេះ​សម្រាប់​ជា​វិធី​ក្នុង​ការអភិរក្ស​សត្វព្រៃ​ត្រយងយក្ស និង​សត្វព្រៃ​ដទៃ​ទៀត​។ ​

គោលបំណង​សំខាន់ គឺ​លើកទឹកចិត្ត​សហគមន៍​មូលដ្ឋាន​ឱ្យ​ចូលរួម​ក្នុង​ការអភិរក្ស តាមរយៈ​ការទិញ​ស្រូវ​ផ្កាម្លិះ​សរីរាង្គ​ក្នុង​តម្លៃ​ខ្ពស់​ពី​កសិករ​ដែល​ប្តេជ្ញា​ការពារ​ព្រៃ និង​បញ្ឈប់​ការបរបាញ់​សត្វព្រៃ​។ គម្រោង​នេះ​បាន​ធ្វើឱ្យ​ប្រសើរ​ឡើង​ជីវភាព​អ្នករស់នៅ​ក្នុង​តំបន់​ក៏ដូចជា ដោះស្រាយ​ការគំរាមកំហែង​ចម្បង​លើ​សត្វ​ត្រយង​យក្ស​ដែល​ជិត​ផុត​ពូជ​។

លោក​បញ្ជាក់ថា​៖ «​យើង​គាំទ្រ​អង្ករ​របស់​ក្រុមហ៊ុន IBIS Rice តាមរយៈ​គំនិត​ផ្តួចផ្តើម​ធ្វើជា​គំរូ​ដល់​សហគ្រាស​ដទៃ​ដែល​អាចបង្កើត​ផលិតផល​ល្អ​សម្រាប់​អ្នកប្រើប្រាស់ ផ្តល់​ការអភិរក្ស​ពិតប្រាកដ និង​លទ្ធផល​នៃ​សុខុមាលភាព​របស់​មនុស្ស​»​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ប្រធាន​ទីភ្នាក់ងារ USAID Green Invest Asia គឺ​លោក Christy Owen ក៏បាន​លើកឡើង​នា​ថ្ងៃ​នោះដែរ ថា ភាព​ជា​ដៃគូ​របស់ IBIS Rice ជាមួយ PPCBank គឺជា​ឧទាហរណ៍​ដ៏ល្អ​មួយ​ដែល​ទីភ្នាក់ងារ USAID Green Invest Asia បាននិង​កំពុង​ធ្វើ​ដោយ​ផ្សារភ្ជាប់​ហិរញ្ញប្បទាន​ពី​ធនាគារ​ពាណិជ្ជកម្ម ដើម្បី​ចូលរួម​ការកាត់បន្ថយ​កាបូន និង​ផលប៉ះពាល់​សង្គម​។

លោក​ថា​៖ «​យើង​សូម​អបអរសាទរ​ដល់​ភាគី​ទាំង​ ២ ​ចំពោះ​ភាពជា​ដៃគូ​ដ៏មាន​អត្ថន័យ​នេះ ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ចង្វាក់​ផលិតផល​ផ្គត់ផ្គង់​ទាំងមូល ក៏ដូចជា​ការថែទាំ​សត្វ​កម្រ​នៅក្នុង​ប្រទេស​កម្ពុជា​ដែរ​»៕