ភ្នំពេញៈ គណៈកម្មាធិការ​អន្តរជាតិ​នៃ​កាកបាទក្រហម (ICRC) បាន​ផ្ដល់​ជំនួយ​សម្ភារ និង​បរិក្ខារ​ចំនួន ២០ តោន​ ដល់​អគ្គនាយកដ្ឋាន​ពន្ធនាគារ ដើម្បី​ប្រើប្រាស់​សម្រាប់​ក្នុង​ការងារ​បង្ការ​កុំឱ្យ​ជំងឺ​កូវីដ​ ១៩ ​ឆ្លង​រាលដាល​នៅ​គ្រប់​ពន្ធនាគារ​។

កាលពី​ថ្ងៃទី​ ១០ ​មេសា​ លោក ចាន់ គីមសេង អគ្គនាយក​នៃ​អគ្គនាយដ្ឋាន​ពន្ធនាគារ​បាន​ចុះហត្ថលេខា​ជាមួយ​លោក រ៉ូម៉ាន៍ ប៉ារ៉ាម៉ូណូវ ប្រធាន​បេសកកម្ម​ ICRC ​ប្រចាំ​កម្ពុជា​នៅក្នុង​កម្មវិធី​ប្រគល់​សម្ភារ​អនាម័យ​ចំនួន​ ២០ ​តោន​។ សម្ភារ​ទាំងនោះ​មាន​ដូចជា ម្សៅ​កាល់ស្យូមអ៊ីប៉ូក្លរ៉ៃ​ចំណុះ​ ៥០ ​គីឡូក្រាម​ចំនួន​ ២២១ ​ធុង អាវ​សម្រាប់​ការពារ​ការ​ប្រឡាក់​ទឹក ស្បែកជើង​ជ័រ​កវែង ស្រោមដៃ​សម្រាប់​ការពារ​ការ​ប្រឡាក់​ទឹក វ៉ែនតា​ការពារ​ភ្នែក ធុង​ទឹក ធុង​បាញ់​ទឹក ទឹក​លាងដៃ​សម្លាប់​មេរោគ វ៉ែនតា​វេជ្ជសាស្ត្រ ស្រោមដៃ​វេជ្ជសាស្ត្រ និង​ម៉ាស់​វេជ្ជសាស្ត្រ​។

លោក ចាន់ គីមសេង បាន​ឲ្យ​ដឹងថា​ការផ្ដល់​ជំនួយ​ទាំងនេះ​គឺ​ផ្ដល់​ចំ ចំណុច​សំខាន់​ចំនួន​ ២ គឺ​ទី​១ ​ធ្វើ​ឡើង​ចំ​ពេលវេលា​ដែល​ខាង​ពន្ធនាគារ​កំពុង​ត្រូវការ​ខ្លាំង និង​ទី​២ ​ជា​សម្ភារ​បរិក្ខារ​ដែល​ចាំបាច់​បំផុត​សម្រាប់​ប្រើប្រាស់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩​។

លោក​បន្តថា ម្សៅ​កាល់ស្យូម​អ៊ីប៉ូក្លរ៉ៃ​ជាង​ ១០ ​តោន ​គឺ​អាច​ប្រើប្រាស់​គ្រប់គ្រង​ក្នុង​រយៈពេល​ ៣ ​ខែ ​សម្រាប់​ជួយ​ផ្នែកអនាម័យ​ដើម្បី​បាញ់​សម្អាត​ និង​សម្លាប់​មេរោគ​នៅតាម​ពន្ធនាគារ​ទាំងអស់​នៅ​ទូទាំងប្រទេស​។

លោក គីមសេង ថ្លែងថា​៖ «​ជំនួយ​ពេលនេះ​គឺ​សំខាន់​គឺ​ចំពេល និង​ចំ​របស់​ដែល​យើង​ត្រូវការ​»​។

លោក​បាន​ឲ្យ​ដឹងថា វគ្គ​បណ្ដុះបណ្ដាល​មួយ​នឹង​ធ្វើ​ឡើង​នៅពេល​ខាងមុខ​ដ៏ខ្លី​នេះ ដើម្បី​បង្ហាត់បង្ហាញ​ពី​របៀប​​ប្រើប្រាស់​ឧបករណ៍ និង​សម្ភារ​បរិក្ខារ​ទាំងនោះ​។

លោក គីមសេង បាន​បញ្ជាក់ថា ដើម្បី​គាំទ្រ​ដល់​ផ្នែកអនាម័យ​នៅក្នុង​ពន្ធនាគារ គឺ​ខាង​ពន្ធនាគារ​ត្រូវការ​ជំនួយ​ជា​សាប៊ូ​ប្រហែល​ ៨ ​តោន​ទៀត ខណៈ​ពេល​ដែល​ខាង​ ICRC ​មាន​គម្រោង​ផ្ដល់​សាប៊ូ​ជិត​ ៧០ ​តោន​។

លោក រ៉ូម៉ាន៍ ប៉ារ៉ាម៉ូណូវ បាន​លើកឡើង​ថា អ្នក​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​គឺ​កំពុង​ប្រឈម​នឹង​កង្វះ​ខ្យល់ អនាម័យ និង​ភាព​ចង្អៀត​ណែន​។

លោក​ថា​៖ «​អាទិភាព​ចម្បង​នៃ​បេសកកម្ម​របស់​យើង​នៅពេលនេះ គឺ​ការជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ការខិតខំ​ប្រឹងប្រែង​របស់​អគ្គនាយកដ្ឋាន​ពន្ធ​នាគារ​ក្នុង​ការការពារ​ដល់​ជន​ជាប់ឃុំ​ទាំង​ ៣៨ ០០០ ​នាក់ និង​មន្ត្រី​ពន្ធនាគារ​ចំនួន​ ៤ ០០០ ​នាក់ ​ក្នុង​ការទប់ស្កាត់​ការរីករាលដាល​នៃ​វីរុស​កូវីដ ​១៩ ​នៅ​ពន្ធនាគារ និង​វិធានការ​ឆ្លើយតប​នៅពេល​ដែល​មាន​ករណី​កើតឡើង​។ ពួកយើង​បាន​ផ្ដល់​នូវ​តម្រូវការ​ដែល​ចាំបាច់​ជាពិសេស សម្ភារ​ការពារ​អនាម័យ​ខ្លួនប្រាណ​ក៏ ដូចជា​វគ្គ​បណ្ដុះបណ្ដាល និង​ជំនួយ​បច្ចេកទេស​ផ្សេងៗ​»​។

លោក​បន្តថា ខាង​ ICRC ​បាន​ត្រៀម​ថវិកា​ចំនួន​ ២ ​សែន​ ៣ ​ម៉ឺន​ដុល្លារ​ ដើម្បី​ផ្គត់ផ្គង់​សម្ភារ​ និង​ឧបករណ៍​ដែល​ចាំបាច់ និង​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​បច្ចេកទេស​ដល់​អាជ្ញាធរ​ក្នុង​ពន្ធនាគារ ហើយ​សង្ឃឹមថា ជន​ជាប់ឃុំ​ទាំងអស់​នឹង​នៅ​តែ​អាចមាន​ទំនាក់ទំនង​ជាមួយ​គ្រួសារ​ដដែល ខណៈ​ខាង​ពន្ធនាគារ​បាន​សម្រេច​ផ្អាក​មិន​ឱ្យចូល​សួរសុខទុក្ខ​ដើម្បី​បង្ការ ឆ្លង​ជំងឺ​កូវីដ​ ១៩​។

លោក នុត សវនា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា វិធានការ​ដែល​កំពុង​អនុវត្ត​នៅក្នុង​ពន្ធនាគារ​ដើម្បី​បង្ការ​ជំងឺ​​កូវីដ​១៩ រួម​មាន​ផ្អាក​ការចូល​សួរសុខទុក្ខ ការដាក់​ម៉ាស៊ីន​បាញ់ថ្នាំ​ និង​វាស់​កម្តៅ​នៅ​ច្រកចេញចូល ការ​ឱ្យ​អ្នក​ជាប់ឃុំ​អនុវត្តតាម​សេចក្ដីណែនាំ​របស់​ក្រសួង​សុខាភិបាល​ដើម្បី​លាងដៃ​នឹង​សាប៊ូ​ជាប្រចាំ មិន​យក​ដៃ​ប៉ះ​មុខ និង​ការពាក់​ម៉ាស់​ជាដើម​។ ប៉ុន្តែ​នៅក្នុង​ពន្ធនាគារ​គឺ​កំពុង​ប្រឈម​ចំពោះ​ការឱ្យ​អ្នក​ជាប់ឃុំ​រក្សា​គម្លាត​ពីគ្នា ដោយសារ​តែ​ពន្ធនាគារ​មាន​ភាពចង្អៀត​ណែន​។

លោក សវនា ថ្លែងថា​៖ «​ជា​មធ្យម​នៅ​តាម​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស​គឺ​ត្រូវបាន​វាយតម្លៃ​ថា កន្លែងដេក​ (​របស់​អ្នក​ជាប់ឃុំ​ម្នាក់​) គឺ​មាន​ ១ ​ម៉ែត្រការ៉េ​ដែរ​»​។

លោក​បាន​ឲ្យ​ដឹងថា មកដល់​ពេល​នេះ​មិនទាន់​មាន​ករណី​ឆ្លង​កូវីដ​ ១៩ ​នៅក្នុង​ពន្ធនាគារ​នៅឡើយ បន្ទាប់ពី​មាន​អ្នក​ជាប់ឃុំ​ ៤ ​ទៅ​ ៥ ​នាក់​ មាន​កម្ដៅ​ខ្លួន​កើនឡើង​ខុសធម្មតា ហើយ​ត្រូវបាន​យក​សំណាក​ទៅធ្វើ​តេស្ដ និង​មាន​ផល​អវិជ្ជមាន​។ បច្ចុប្បន្ន​ពួកគេ​មាន​អាការ​ដូចដើម​វិញ​អស់ហើយ​។

លោក​ថា​ បច្ចុប្បន្ន​អ្នក​ជាប់ឃុំ​ទាំងអស់​គឺ​អាច​ខល​ទូរស័ព្ទ​ទាក់ទង​ជាមួយ​គ្រួសារ ខណៈ​មាន​អង្គការ​មួយ​ទើបបាន​សន្យាថា​នឹង​ជួយ​បំពាក់​ប្រព័ន្ធ​ខល​សួរសុខទុក្ខ​តាម​វីដេអូ​នៅ​ពន្ធនាគារ​នាពេលខាងមុខ​៕