
ពិធីប្រគល់ និងទទួលកូនសៀវភៅនៅអគ្គនាយកដ្ឋានពន្ធនាគារកាលពីម្សិលមិញ។ រូបថត ICRC
ភ្នំពេញៈ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) កាលពីម្សិលមិញបានប្រគល់កូនសៀវភៅជាង ១ ២០០ ក្បាល ដែលត្រូវបានបកប្រែជា ៤ ភាសារួមមាន វៀតណាម ថៃ ចិន និងអង់គ្លេសដោយមានសរសេរពីបទបញ្ជាផ្ទៃក្នុងពន្ធនាគារទៅឱ្យអគ្គនាយកដ្ឋានពន្ធនាគារដើម្បីឲ្យជនបរទេសជាប់ឃុំទទួលបានព័ត៌មានស្មើភាពគ្នា។
កម្មវិធីចុះហត្ថលេខាប្រគល់កូនសៀវភៅនេះគឺធ្វើឡើងនៅឯអគ្គនាយកដ្ឋានពន្ធនាគារដែលមានចូលរួមពីលោក ជីងហ្គី រ៉េអាមប៊េកកូវ អនុប្រធានអ្នកសម្របសម្រួលគម្រោងក្នុងពន្ធនាគាររបស់ ICRC និងលោក ចាន់ គីមសេង អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ។ កូនសៀវភៅទាំងនេះនឹងចែកចាយទៅគ្រប់ពន្ធនាគារ ២៨ នៅទូទាំងប្រទេស។
សេចក្ដីប្រកាសព័ត៌មានរបស់ ICRC បានចុះផ្សាយថា កូនសៀវភៅស្ដីពីបទបញ្ជាផ្ទៃក្នុងនៅពន្ធនាគារនេះគឺដើម្បីសម្រួលដល់ជនជាប់ឃុំជាជនបរទេសឱ្យទទួលបានការណែនាំអំពីវិន័យ និងការរស់នៅក្នុងពន្ធនាគារនៅកម្ពុជា និងការធានានូវសិទ្ធិទទួលបានព័ត៌មានដោយស្មើភាពគ្នានៃជនដែលកំពុងជាប់ឃុំទាំងអស់។
លោក ជីងហ្គី រ៉េអាមប៊េកកូវ បានថ្លែងថា គោលបំណងរបស់ ICRC គឺជួយគាំទ្រការខិតខំរបស់អគ្គនាយកដ្ឋានពន្ធនាគារដើម្បីឲ្យជនបរទេសជាប់ឃុំដែលមានចំនួនប្រហែល ៥ ភាគរយ នៃជនជាប់ឃុំទាំងអស់អាចទទួលបានចំណេះដឹងពីច្បាប់ផ្លូវការ និងបទប្បញ្ញត្តិនាពេលកំពុងជាប់ឃុំក្នុងពន្ធនាគារនៅប្រទេសកម្ពុជា។
លោកថា៖ «ជនជាប់ឃុំជាជនបរទេសត្រូវបានចាត់ទុកថាជាជនមួយក្រុមដែលងាយរងគ្រោះដោយសារកត្តាផ្សេងៗក្នុងនោះផងដែរ ឧបសគ្គចម្បងជាងគេនោះគឺភាសា។ ចំណុចមួយនេះបានធ្វើឲ្យក្រុមនេះទទួលបានការយកចិត្តទុកដាក់ពិសេសពីគោលការណ៍របស់យើងដូចក្រុមផ្សេងៗទៀតដូចជា ស្ត្រី អនីតិជន ជនជាប់ឃុំចាស់ជរា ឬជនពិការដែលមានតម្រូវការមនុស្សធម៌តាមលក្ខខណ្ឌផ្សេងៗ»។
ទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានពន្ធនាគារបានចុះផ្សាយដោយស្រង់សម្ដីលោក ចាន់ គីមសេង ថា គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិតែងតែផ្តល់ជាជំនួយចំគោលដៅដល់អគ្គនាយកដ្ឋានពន្ធនាគារ។ ជាក់ស្តែងផ្ដល់កូនសៀវភៅជួយបកប្រែបទបញ្ជាផ្ទៃក្នុងពន្ធនាគារ ៤ ភាសានេះ គឺជាតម្រូវការដែលអគ្គនាយកដ្ឋានត្រូវការជាចាំបាច់ក្នុងការអប់រំដល់ជនជាប់ឃុំ និងទណ្ឌិតជាជនជាតិបរទេសនៅក្នុងពន្ធនាគារកម្ពុជា។
លោក ចាន់ គីមសេង បានបញ្ជាក់ថា៖ «មួយក្នុងចំណោមគោលដៅរបស់យើងដែលយើងបានព្យាយាមសម្រេចឱ្យបានក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះគឺការបកប្រែឯកសារសំខាន់នេះសម្រាប់អ្នកជាប់ឃុំឃាំងបរទេស ហើយបញ្ចប់គឺសម្រេចបំណងនេះហើយ។ ខ្ញុំមានសេចក្តីរីករាយនៅពេលនេះ ដែលមនុស្សគ្រប់រូបអាចដឹងអំពីរបៀបរបបច្បាប់ និងបទបញ្ជានៅក្នុងពន្ធនាគារ»។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ICRC បានគាំទ្រដល់អគ្គនាយកដ្ឋានពន្ធនាគារក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ ១៩ នៅក្នុងកន្លែងឃុំតាមរយៈការផ្តល់សម្ភារបរិក្ខារអនាម័យការថែទាំសុខភាពអនាម័យ ក៏ដូចជា បណ្តុះបណ្តាលទាក់ទងទៅនឹងការថែទាំសុខភាព និងអនាម័យដូចជា ការសម្លាប់មេរោគដោយប្រើក្លរីន របៀបត្រួតពិនិត្យអាការជំងឺកូវីដ ១៩ របៀបគ្រប់គ្រងរបួស និងចាត់ចែងអ្នកជំងឺដល់បុគ្គលិកពន្ធនាគារដែលពាក់ព័ន្ធទាំងអស់៕