សៀមរាបៈ អង្គការ​អន្តរជាតិ​ខាង​ការងារ​ (ILO) និង​ក្រសួង​ការងារ​បាន​ចូលរួម​រត់ប្រណាំង​អន្ដរជាតិ​ពាក់កណ្ដាល​ម៉ារ៉ាតុង​ចម្ងាយ ២១ គ.ម ១០ ​គ.ម ៥ ​គម. និង ៣ ​គ.ម ដើម្បី​ជំរុញ​យុត្តិធម៌​សង្គម និង​លើកកម្ពស់​ការងារ​សមរម្យ​សម្រាប់​ទាំងអស់​គ្នា និង​រួមគ្នា​ជាមួយ​ក្រសួង​ការងារ​ និង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ (​បសស​) ​រំឭក​ខួប ១០០ ឆ្នាំ​នៃ​ការបង្កើត​អង្គការ ILO និង​ខួប​លើក​ទី ៥០ នៃ​ការចូល​ជា​សមាជិក​របស់​កម្ពុជា​ក្នុង​អង្គការ ILO ផងដែរ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ILO កាលពី​ថ្ងៃ​សុក្រ​បញ្ជាក់ថា​៖ «​ទិវា​នេះ​ក៏​ជា​ឱកាស​ក្នុង​ការជំរុញ​យុត្តិធម៌​សង្គម និង​លើកកម្ពស់​ការងារ​សមរម្យ​សម្រាប់​ទាំងអស់​គ្នា​ផង​ដែរ​»​។ ILO បន្ត​ថា​អ្នកចូលរួម​ប្រមាណ​ ៥៥០ នាក់​មកពី​អង្គការ ILO ក្រសួង​ការងារ សហជីព​ពាណិជ្ជ​កម្មសមាគម​និយោជក វិស័យ​ឯកជន​និស្សិត អង្គការ​ជាតិ​ និង​អន្តរជាតិ​ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​រួមទាំង​អ្នកពាក់ព័ន្ធ​ដទៃទៀត​។

លោក​ ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា ទិវា​រំឭក​ខួប​នេះ​ក៏​ជា​ឱកាស​សម្រាប់​ក្រសួង​ការងារ និង ILO រំឭក​ឡើងវិញ​នូវ​អ្វី​ដែល​ជា​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិការ​រវាង ILO និង​ប្រទេស ​កម្ពុជា ជាពិសេស​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ​។

លោក​ថ្លែងថា​៖ (​វិស័យ​ការងារ​) រួមមាន​ការកសាង​លិខិតបទដ្ឋាន​គតិយុត្ត ការបណ្តុះបណ្តាល​សមត្ថភាព​ទៅ​ដល់​យន្តការ​ត្រីភាគី ហើយ​និង​ការជួយ​ជា​លក្ខណៈ​បច្ចេកទេស​ទៅ​ដល់​ការអភិវឌ្ឍ​ជំនាញ​ក៏ដូចជា​ទៅលើ​ផ្នែក​ទំនាក់ទំនង​សង្វៀន​សង្គម​ផងដែរ​»​។

លោក​ អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា អង្គការ ILO បាន​ជួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​មួយឆ្នាំ​រាប់លាន​ដុល្លារ​ទៅលើ​ការងារ​ជាច្រើន​ដើម្បី​អភិវឌ្ឍ​វិស័យ​ការងារ​ទាក់ទង​នឹង​គោលការណ៍​ច្បាប់ សេចក្តី​ណែនាំ​នានា និង​ក្របខ័ណ្ឌ​ច្បាប់​ផ្សេងៗ​។

លោកថា​៖ «​តាមរយៈ​កម្មវិធី​ហ្នឹង​គឺ ILO បន្ត​ជួយ​រដ្ឋាភិបាល​កម្ពុជា​នៅក្នុង​កម្មវិធី​របស់ខ្លួន ដើម្បី​ឱ្យ​វិស័យ​ការងារ​ហ្នឹង​មាន​ការប្រសើរ​ឡើង​តាមរយៈ​កម្មវិធី​ការងារ​សមរម្យ សម្រាប់​ប្រទេស​របស់​ខ្លួន ពីព្រោះ​រដ្ឋាភិបាល​បាន​ចុះ​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​ ៥ ​ឆ្នាំ​ ២០១៩-២០២៣ ជាមួយ​អង្គការ ILO ហ្នឹង​នឹង​អភិវឌ្ឍ​ប្រទេស​ឈាន​ទៅ​រក​ការងារ​សមរម្យ​របស់​ខ្លួន​»​។

ទិវា​រត់ប្រណាំង​អន្ដរជាតិ​ពាក់កណ្ដាល​ម៉ារ៉ាតុង​លើក​ទី ២៤ ឆ្នាំ​ ២០១៩ ត្រូវបាន​ធ្វើ​ឡើង​នៅ​ប្រាសាទ​អង្គរវត្ត​ក្នុង​ខេត្តសៀមរាប​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ក្រោម​អធិបតីភាព​លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួង​ទេសចរណ៍​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC)​។ លោក ថោង ខុន ថ្លែង​ថា ព្រឹត្តិការណ៍​រត់ប្រណាំង​នេះ​មាន​អ្នកចូលរួម​ចំនួន ​១២១៧៥ ​នាក់​មកពី​ ៨៥ ​ប្រទេស​។

ចំនួន​នេះ​កើនឡើង​ប្រមាណ ២០ ​ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ក្នុងនោះ​អ្នករត់ ២១ គ.ម មាន​ ៣ ០៧៩ នាក់ អ្នករត់​ ១០ ​គ.ម មាន​ ៥ ០២៩ នាក់ អ្នករត់​ ៥ ​គ.ម មាន​ ១ ៨០៤ ​នាក់​ និង​អ្នករត់ ៣ ​គ.ម មាន ២ ២៦៣ នាក់​។ ជនបរទេស​ចូលរួម​ច្រើន​ជាងគេ​មាន​អង់គ្លេស​លេខ​ ១ ជប៉ុន​លេខ​ ២ អាមេរិក​លេខ​ ៣ អូស្ដ្រាលី​ឈរ​លេខ​ ៤ ​និង​បារាំង​ឈរ​លេខ​ ៥​។ នេះ​បើតាម​ក្រសួង​ទេសចរណ៍​ពីថ្ងៃ​អាទិត្យ​។

លោក Graeme Buckley នាយក​ប្រចាំ​ប្រទេស​ថៃ កម្ពុជា និង​ឡាវ នៃ ILO ថ្លែង​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន ILO ពី​ថ្ងៃ​អាទិត្យ​ថា​៖ «​វា​ជា​ការត្រឹមត្រូវ ដែល​យើង​គួរ​មាន​មោទនភាព​ចំពោះ​សមិទ្ធផល​ក្នុង​រយៈពេល​ច្រើន​ទសវត្សរ៍​មកនេះ​។ ភាពជា​ដៃគូ​ដែល​យើង​ធ្វើ​រួមគ្នា​ជាមួយ​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​គឺ​សម្រេច​បាន​សមិទ្ធផល​ជាច្រើន​»៕