ភ្នំពេញៈ មន្ត្រី​សហជីព​បាន​​អះអាង​ថា លក្ខខណ្ឌ​ការងារ​សមរម្យ​របស់​ពលរដ្ឋ​កម្ពុជា​នៅ​មិនទាន់​ទទួលបាន​ពេញលេញ​នៅឡើយ​ទេ ខណៈ​អង្គការ​ ILO ​ចង់​ឲ្យ​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​លើ​វិស័យ​ផ្សេង​ក្រៅ​​ពី​វិស័យ​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​​ដែល​ពលរដ្ឋ​មិនទាន់​ទទួល​បាន​នៅឡើយ​។

ការលើកឡើង​នេះ​បាន​ធ្វើឡើង​នៅក្នុង​សិក្ខាសាលា​ស្តីពី​ការងារ​សមរម្យ​ប្រចាំ​កម្ពុជា និង​គោលការណ៍​សន្តិសុខ​សង្គម​សម្រាប់​កម្មករ​ (២០១៩-២០២៣) ​ដែល​មាន​អ្នក​ចូលរួម​ពី​តំណាង​សហភាព​សហព័ន្ធ​សហជីព និង​សមាគម​ប្រមាណ​ ១៥០ ​នាក់​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នៅ​រាជធានី​ភ្នំពេញ​។

សិក្ខាសាលា​នេះ​រៀបចំ​ឡើង​ដើម្បី​ចងក្រង​សមាជិក​សហជីព​ទាំង​ជាង​ ៥ ០០០ ​នាក់​ នៅក្នុង​ប្រទេស​ក្នុង​ការបង្កើត​យន្តការ​មួយ​សម្រាប់​ចរចា​ការងារ​សមរម្យ​នៅ​កម្ពុជា​។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​បាន​លើកឡើង​ក្នុង​ឱកាស​នោះ​ថា ការទទួល​បាន​ការងារ​សមរម្យ​គឺជា​ការងារ​ដែល​កម្មករ​និយោជិត​ទទួល​បាន​ភ្ជាប់​ជាមួយ​ប្រាក់​ឈ្នួល​ដែល​អាច​ធានា​ដល់​ជីវភាព​សមរម្យ​ក្នុង​សង្គម ហើយ​ការងារ​នោះ​មិន​មាន​ការគាបសង្កត់ និង​អាចមាន​ពេល​ឈប់សម្រាក​គ្រប់គ្រាន់ ជាពិសេស​សុវត្ថិភាព​នៅ​កន្លែង​ការងារ និង​ទទួល​បាន​កិច្ច​គាំពារ​សង្គម​ជាដើម​។

ទោះជា​យ៉ាងណា​លោក អាត់ ធន់ បាន​ថ្លែងថា កម្ពុជា​នៅ​មិនទាន់​អនុវត្ត​បាន​ពេញលេញ​នៅ​ឡើយ​ទេ ចំពោះ​ការផ្តល់​ការងារ​សមរម្យ​ដល់​ពលរដ្ឋ​ខ្មែរ​ខណៈ​យន្តការ​មួយ​ចំនួន​នៃ​ការងារ​សមរម្យ​ទើបតែ​ត្រូវបាន​អនុវត្ត​ក្នុង​វិស័យ​មួយចំនួន និង​មិនទាន់​បាន​គ្រប់​ជ្រុងជ្រោយ​នោះ​។

លោក​បន្តថា​៖ «​កម្ពុជា​បច្ចុប្បន្ននេះ​មិន​ទាន់​បាន​ពេញលេញ​នៃ​ការងារ​សមរម្យ​នោះទេ យើង​ទើប​​តែ​អនុវត្ត​កម្មវិធី​ការងារ​សមរម្យ​ដើម្បី​ឈាន​ទៅ​រក​ការងារ​សមរម្យ​តាម​និយមន័យ​របស់​អង្គការ ILO ដែល​មានតែ​ ៣ ​ចំណុច​ទេ ដែល​កម្ពុជា​បាន​ពង្រឹង​ដូចជា​របប​សន្តិសុខ​សង្គម​ដែល​ទើប​ចាប់ផ្តើម​មិនទាន់​បានល្អ​។ ចំណែក​សិទ្ធិ​នៅ​កន្លែង​ការងារ​ធ្លាក់ចុះ​ច្រើន​ក្រោយ​មាន​ច្បាប់​សហជីព ហើយ​ការបង្កើត​ការងារ​សមរម្យ​ផ្តោត​ទៅ​លើ​យុវជន និង​ស្ត្រី​នោះ​នៅតែ​មាន​អ្នក​អត់​ការងារ​ច្រើន​»​។

កម្ពុជា​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​អង្គការ​ ILO​ ​លើ​ការអនុវត្ត​កម្មវិធី​ការងារ​សមរម្យ​ចាប់ពី​ឆ្នាំ ២០១៩ ដល់​ឆ្នាំ​ ២០២៣ ក្នុងនោះ​កម្ពុជា​ត្រូវ​ផ្តោត​លើ​ការងារ​អាទិភាព​ចំនួន​ ៣ ​គឺ​ការលើកកម្ពស់​មុខរបរ និង​ការងារ ការពង្រឹង និង​ពង្រឹកកិច្ច​គាំពារ​សង្គម​ព្រមទាំង​សុខភាព និង​សុវត្ថិភាព​ការងារ គឺ​ការធ្វើឲ្យ​ប្រសើរ​​ឡើង​នូវ​ទំនាក់ទំនង​វិជ្ជាជីវៈ​ និង​សិទ្ធិ​ការងារ​។

លោក ទុន សោភ័ណ្ឌ អ្នកសម្របសម្រួល​អង្គការ​អន្តរជាតិ​ខាង​ការងារ​ប្រចាំ​នៅ​កម្ពុជា ILO ​បាន​ថ្លែងថា រយៈពេល​ចុងក្រោយ​នេះ​រាជរដ្ឋាភិបាល​បាន​​ធ្វើឲ្យ​មាន​វឌ្ឍនភាព​ច្រើន​ជុំវិញ​ការបង្កើត​ឲ្យ​មាន​មុខរបរ​ច្រើន​​ក្នុង​ប្រទេស​។ ​ប៉ុន្តែ​លោក​ថា នៅ​​មិនទាន់​គ្រប់គ្រាន់​ទេ ព្រោះ​កត្តា​សំខាន់​គឺ​ត្រូវ​ផ្តោត​លើ​គុណភាព​ការងារ​ដូចជា មាន​ប្រាក់​ឈ្នួល​សមរម្យ និង​មាន​កិច្ច​គាំពារ​សង្គម​ផ្សេងៗ​តាមរយៈ​ការទទួល​បាន​សិទ្ធិ​ឈប់​សម្រាក​ព្យាបាល​សុខភាព សម្រាល​កូន និង​គ្រោះថ្នាក់​ការងារ​។

លោក សោភ័ណ្ឌ បាន​បន្ត​ថា​ការពង្រីក​កិច្ចគាំពារ​សង្គម​ក្នុង​​វិស័យ​ផ្សេងៗ​ទៀត​ដូចជា​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​គឺជា​កត្តាចាំបាច់​ព្រោះ​កន្លង​ទៅ​មាន​ការខ្វះខាត​ច្រើន​ទាក់ទង​នឹង​អ្នក​ធ្វើការ​ក្នុង​សហគ្រាស​ខ្នាតតូច​ ឬ​មធ្យម​ដែល​មិន​ទាន់​ទទួល​បាន​លក្ខខណ្ឌ​ការងារ​សមរម្យ​។

លោក​បញ្ជាក់​ថា​៖ «​ការងារ​ (​វិស័យ​) ​កាត់ដេរ​ទទួល​បាន​លក្ខខណ្ឌ​ការងារ​សមរម្យ​ជាង​វិស័យ​ផ្សេងៗ​ដោយសារ​ប្រាក់​ឈ្នួល​អប្បបរមា​ដែល​កំណត់​ដោយ​ច្បាប់​ក៏មាន ហើយ​បើ​ប្រៀបធៀប​ជាមួយ​វិស័យ​ផ្សេងៗ ​ការកំណត់​ប្រាក់​ឈ្នួល​នេះ​មិនទាន់​មាន​នៅ​ឡើយ​ទេ​។ កម្មករ​ក្នុង​វិស័យ​ផ្សេងទៀត​ពួកគាត់​ក៏​ចង់​ទទួល​បាន​ប្រាក់​ឈ្នួល​ដែល​កំណត់ដោយ​ច្បាប់​ដែរ​។ កិច្ចប្រជុំ​ថ្ងៃនេះ​សហជីព​អាច​នឹង​លើក​សំណើ​បែប​ម៉េច​ទៅកាន់​រដ្ឋាភិបាល និង​ជាមួយ​និយោជក​ក្នុង​ការពង្រីក​ (​លក្ខខណ្ឌ​ការងារ​សមរម្យ​) ​ទៅ​វិស័យ​ផ្សេងទៀត​»​។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​តេឡេក្រាម​ពី​ម្សិលមិល​ថា​ក្រសួង​ការងារ និង​អង្គការ ILO បាន​អនុវត្ត​កម្មវិធី​ការងារ​សមរម្យ​ ២០១៩-២០២៣ រួមគ្នា​ក្នុង​នោះ​ក្រសួង​មាន​ជំហាន​សម្រាប់​អនុវត្ត​ក្នុង​ដំណាក់កាល​នីមួយៗ​ដើម្បី​ឆ្លើយតប​នឹង​យន្តការ​នៃ​ការទទួល​បាន​ការងារ​សមរម្យ​សម្រាប់​ពលរដ្ឋ​ខ្មែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​នឹង​អនុវត្ត​ទៅ​តាម​អ្វីដែល​បាន​ឯកភាព​គ្នា ក្នុង​នោះ​យើង​មាន​អាំងឌីកាទ័រ​សម្រាប់​វាស់​ក្នុង​ឆ្នាំ​នីមួយៗ​»​។

បើតាម​លោក ទុន សោភ័ណ្ឌ នៅ​កម្ពុជាពលរដ្ឋ​ដែល​មាន​ការងារ​ធ្វើ​មាន​ប្រហែល​ជា​ ១០ លាន​នាក់ ប៉ុន្តែ​អ្នក​ដែល​ទទួល​បាន​សេវា​កិច្ច​គាំពារ​សង្គម​មានតែ​ប្រមាណ​ ២ ​លាន​ប៉ុណ្ណោះ​។ ​ដូច្នេះ​នៅមាន​ពលរដ្ឋ​ខ្មែរ​ច្រើន​ទៀត​ដែល​មិនទាន់​ទទួល​បាន​ការ​គាំពារ​សង្គម​នេះ​៕