ភ្នំពេញៈ ការិយាល័យ​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO) ប្រចាំ​នៅក្នុង​ប្រទេស​ ថៃ ឡាវ និង​កម្ពុជា បាន​បង្ហាញ​នូវ​ក្ដីព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​ការដួលរលំ​អគារ​នៅក្នុង​ខេត្ត​កែប ហើយ​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ចាត់វិធានការ​ការពារ និង​ដោះស្រាយ​ហានិភ័យ​នៅ​កន្លែង​ការងារ​របស់​​កម្មករ​ក្នុង​វិស័យ​សំណង់​ឱ្យបាន​ឆាប់​បំផុត​។

ILO ​បញ្ជាក់ថា​៖ «​ការដួលរលំ​អគារ​នៅ​ខេត្ត​កែប​កាលពី​ពេល​ថ្មីៗ​នេះ គឺជា​ករណី​គ្រោះថ្នាក់​កន្លែង​ការងារ​ដែល​ធ្វើឱ្យ​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​»​។ សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ស្ដីពី​ការស្លាប់​ពលករ​កម្ពុជា​ក្នុង​ហេតុការណ៍​រលំ​អគារ​ដែល​ផ្សាយ​កាលពី​ថ្ងៃទី​ ៦ មករា​បាន​ឲ្យ​ដឹងថា​៖ «ILO មាន​ការព្រួយបារម្ភ និង​តក់ស្លុត​យ៉ាងខ្លាំង ក្រោយពី​បានឃើញ​សោកនាដកម្ម​ដួលរលំ​សំណង់​អគារ​ក្នុង​ទីក្រុង​កែប តំបន់ឆ្នេរ​របស់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​ ៣ ​មករា​ដែល​បាន​បណ្ដាលឱ្យ​មនុស្ស​ ៣៦ ​នាក់​ស្លាប់ និង​ ២៣ ​នាក់​ផ្សេងទៀត​រងរបួស ខណៈ​ករណី​គ្រោះថ្នាក់​នេះ​កើតឡើង​នៅ​កន្លែង​ការងារ​របស់​ជនរងគ្រោះ​»​។

អង្គការ​អន្តរជាតិ​ដ៏ធំ​មួយ​នេះ​បាន​អំពាវនាវ​ឱ្យមាន​ការយកចិត្ត​ទុកដាក់​បន្ថែមទៀត ចំពោះ​ហានិភ័យ​នានា​ដែល​កម្មករ​កំពុង​ប្រឈម​ជា​រៀងរាល់ថ្ងៃ និង​បាន​ទាមទារ​ឱ្យ​ចាត់​វិធានការ​ជាបន្ទាន់ ដើម្បី​កែលម្អ​សុខភាព​ និង​សុវត្ថិភាព​នៅ​កន្លែង​ការងារ​សម្រាប់​កម្មករ ខណៈ​ករណី​រលំអគារ​នៅ​ក្រុងកែប គឺជា​គ្រោះថ្នាក់​នៅ​កន្លែង​ការងារ​ដែល​បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ និង​ជា​សោកនាដកម្ម​ដ៏ធំ​ទី​ ២ ដែល​បាន​កើតឡើង​មិន​ដល់​រយៈពេល​ ៧ ​ខែ បន្ទាប់ពី​ករណី​រលំ​អគារ​នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ចុង​ខែ​មិថុនា​ឆ្នាំមុន​។

សេចក្ដី​ថ្លែងការណ៍​របស់​ ILO ​បាន​សរសេរ​ថា​៖ «​ហានិភ័យ​នានា​បែបនេះ​ត្រូវតែ​ការពារ និង​ដោះស្រាយ​ឱ្យបាន​ឆាប់រ​ហ័យ​បំផុត​។ ការដោះស្រាយ​បញ្ហា​នេះ ទាមទារ​ការធ្វើ​សកម្មភាព​ដោយ​គោរព​ទៅ​តាម​វិធានការ​ឱ្យបាន​ទូលំទូលាយ ដែល​រួមទាំង​ការ​ពិនិត្យមើល​ឡើងវិញ​នូវ​បទប្បញ្ញត្តិ និង​ការអនុវត្ត​បទប្បញ្ញត្តិ​ទាំងនេះ​នៅក្នុង​វិស័យ​សំណង់ ការណែនាំ​ឱ្យមាន​ស្ដង់ដា​សុខភាព និង​សុវត្ថិភាព​ការងារ និង​ស្ដង់ដា​សម្រាប់​សុវត្ថិភាព​នានា​សម្រាប់​សំណង់​អគារ​នៅ​គ្រប់​ទីកន្លែង​ការងារ​ទាំងអស់ ការពង្រឹង​ការចុះ​ធ្វើ​អធិការកិច្ច​ការងារ​ និង​យុទ្ធនាការ​គ្មាន​គ្រោះថ្នាក់ ព្រមទាំង​ការលើកកម្ពស់​វប្បធម៌​សុវត្ថិភាព​បង្ការ​នៅ​គ្រប់​ទីកន្លែង​ការងារ​»​។

សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​នេះ​បាន​កើតឡើង​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ៥ មករា នៅពេល​ថ្លែង​បិទ​បញ្ចប់​ប្រតិបត្តិ​ការរុករក​ជនរងគ្រោះ​ក្នុងករណី​រលំ​អគារ​នៅ​ក្រុងកែប​ថា ការបាក់​រលំ​អគារ​ដែល​បណ្ដាល​ឲ្យ​កម្មករ​ស្លាប់​ជាច្រើន​នាក់​រួមមាន​ទាំង​ស្ដ្រី​មាន​ផ្ទៃពោះ​ និង​កុមារ​មួយចំនួន​នេះ​គឺ​បង្កឡើង​ពី​កំហុស​របស់​មេការ​សំណង់ ដែល​បាន​លួច​ប្រើប្រាស់​ទំហំ​ដែក​ខុសពី​កម្រិត​ដែល​បានកំណត់​ដោយ​អ្នក​គូរ​ប្លង់ និង​ការចាក់​ប្លង់​សេ​មិន​អនុវត្តតាម​លក្ខណៈ​ស្ដង់ដា​បច្ចេកទេស​។

លោក ហ៊ុន សែន បន្តថា គេ​មិនអាច​ចាប់​មេការ​សំណង់​មក​ទទួលខុសត្រូវ​ឡើយ ដោយសារ​មេការ​នោះ​រួមទាំង​កូន​ម្នាក់​ផង ក៏​បាន​ស្លាប់​ក្នុង​ករណី​ដួលរលំ​អគារ​នេះដែរ ប៉ុន្តែ​លោក​ថា តាមច្បាប់ ជនរងគ្រោះ​អាច​ប្ដឹង​ទាមទារ​រដ្ឋប្បវេណី​ពី​ម្ចាស់​សំណង់​អគារ​ទៅ​តុលាការ​។

លោក​ថា​៖ «​នីតិវិធីតុលាការ​យ៉ាង​ណា​ (​ចំពោះ​ម្ចាស់​សំណង់​) គឺ​អាស្រ័យ​ទៅលើ​តុលាការ ​សំណង​រដ្ឋប្បវេណី​គឺ​ត្រូវតែ​ប្ដឹង​ទាមទារ អាហ្នឹង​ត្រូវតែ​ធ្វើ​ទៅ​តាមច្បាប់​»​។

កាលពី​ថ្ងៃ​ម្សិលមិញ ភ្នំពេញប៉ុស្ដិ៍​មិនអាច​ទាក់ទង​លោក ម៉ាន់ បូរេត មន្ត្រី​នាំពាក្យ​តុលាការ​ខេត្តកំពត​ដើម្បី​សួរ​បញ្ជាក់បន្ថែម​បានទេ ដោយសារ​លោក​មិន​លើក​ទូរស័ព្ទ​។ ប៉ុន្តែ​យោងតាម​សារព័ត៌មាន​មួយចំនួន​បាន​ចុះផ្សាយ​ថា តុលាការ​ខេត្តកំពត​បាន​សម្រេច​ឱ្យ​ប្ដី​ប្រពន្ធ​មួយគូ​ជា​ម្ចាស់​សំណង់​ដួលរលំ​នៅ​ខេត្ត​កែប ដែល​ប្ដី​ឈ្មោះ ឯក សារុន និង​ប្រពន្ធ​ឈ្មោះ ឈីវ សុធី នៅក្រៅ​ឃុំ​និង​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ពី​បទ​មនុស្សឃាត​ដោយ​អចេតនា និង​បង្ក​របួសស្នាម​។

លោក សេង ឡូត មន្ត្រី​នាំពាក្យ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​ជា​ក្រសួង​បាន​បង្កើត​គណៈកម្មការ​ធ្វើ​កោសល្យវិច័យ​អគារ​របស់​​ប្ដី​ប្រពន្ធ​នៅ​ខេត្ត​កែប​បាន​និយាយ​ថា លោក​មិន​ចង់​​លើកឡើង​ជុំវិញ​ការអំពាវនាវ​របស់​អង្គការ​ ILO ​នោះទេ ដោយសារ​ជាប់រវល់​ចូលរួម​រំឭក​ថ្ងៃ​៧​មករា​។

លោក ហេង សួរ មន្ត្រី​នាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល វិជ្ជាជីវៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​តាម​តេឡេក្រាម​ខ្លី​ថា ក្រសួង​កំពុងតែ​ធ្វើ​លើ​ករណី​នេះហើយ​។

លោក​ថា​៖ «​តាមរយៈ​ច្បាប់​ស្ដីពី​សំណង់ ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នឹង​សហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។ សហការ​គ្នា​ចុះ​ធ្វើ​អធិការកិច្ច និង​ចាត់វិធានការ​ចំពោះ​ម្ចាស់​ការដ្ឋាន ម្ចាស់​សហគ្រាស​សាងសង់ ឬ​អ្នកម៉ៅការ​សំណង់​នានា​»​។

នៅក្នុង​សេចក្ដី​ថ្លែងការណ៍​ដដែល អង្គការ​ ILO បាន​បញ្ជាក់ថា​នឹង​បន្ត​ចូលរួម​ជាមួយ​ស្ថាប័ន​ត្រីភាគី​របស់​រដ្ឋាភិបាល និង​ភាគី​កម្មករ​ និង​ភាគី​ថៅកែ ដើម្បី​កែលម្អ​សុខភាព​ និង​សុវត្ថិភាព​របស់​កម្មករ និង​ការអនុវត្ត​វិធានការ​សុវត្ថិភាព​នានា​ដែល​នឹង​ជួយ​ការពារ​គ្រោះថ្នាក់​ករណី​រលំ​អគារ​បែបនេះ កុំ​ឱ្យ​កើតឡើង​នាពេល​អនាគត​បន្តទៀត​។

លោក សុខ គីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករសំណង់​ និង​ព្រៃឈើ​កម្ពុជា​បាន​ថ្លែងថា រដ្ឋាភិបាល​បានផ្ដល់​សច្ចាប័ន​ទទួល​យក​ច្បាប់​អន្តរជាតិ​ និង​កាតព្វកិច្ច​មួយចំនួន​ដែល​ច្បាប់ និង​កាតព្វកិច្ច​ទាំងនេះ​ត្រូវ​បាន​បង្កើតឡើង​ដោយ​មាន​ការត្រួតពិនិត្យ​គ្រប់​ជ្រុងជ្រោយ​អំពី​ស្ថានភាព​បញ្ហា​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​បាន​ថ្លែងថា ការ​អំពាវនាវ​របស់​ ILO ​ពេលនេះ​គឺជា​ការជំរុញ​បន្ថែមទៀត​ដល់​រដ្ឋាភិបាល​ឱ្យ​អនុវត្ត​តាមច្បាប់​ និង​កាតព្វកិច្ច​ទាំងនោះ​កាន់តែ​មាន​ប្រសិទ្ធភាព​។

លោក​ថា​៖ «​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អនុវត្ត​បន្ថែម​នូវ​ច្បាប់​ដែល​មាន​ស្រាប់ ដូចជា​កាលពីមុន គាត់​(​រដ្ឋាភិបាល​) ​ចុះ​ធ្វើ​អធិការកិច្ច​មួយ ប៉ុន្តែ​ឥឡូវ គាត់​ត្រូវ​ចុះ​ធ្វើ​អធិការកិច្ច​ឱ្យបាន​ ១០ ​ទៅ​​ ២០ (​ដង​)»​។

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ថ្លែងថា កាលពី​ថ្ងៃ​ទី​ ៦ ​មករា លោក​បាន​ចុះ​ទៅ​ពិនិត្យ​ និង​បិទ​រោងចក្រ​មួយកន្លែង​ដែល​ទើប​ដំណើរការ​ថ្មីថ្មោង​ក្នុងភូមិ​ត្រាវ ឃុំវាល ស្រុក​គងពិសី ខណៈ​រោងចក្រ​នោះ​ត្រូវ​ក្រុមហ៊ុន​ចិន​មួយ​ជួល​សម្រាប់​ផលិត​ស្បែកជើង​។ ការបិទ​នោះ​គឺ​ដោយ​រោងចក្រ​ត្រូវ​បាន​សាងសង់​ឡើង​ខុសពី​លក្ខណៈ​បច្ចេកទេស​ដែល​បានស្នើ​សុំច្បាប់​សាងសង់​ពី​ខេត្ត​។ រោងចក្រ​នេះ​សាងសង់​ឡើង​ដោយ​ប្រើ​ដែក​ផ្ដុំគ្នា​ដើម្បី​ផ្សារ​តភ្ជាប់​គ្នា ដែល​មិន​អាច​មាន​សភាព​រឹងមាំ និង​អាច​ដួលរលំ​បង្ក​គ្រោះថ្នាក់​ប្រសិន​បើ​មាន​ខ្យល់​បោកបក់​ខ្លាំង​។ ដែក​យក​មក​សាងសង់​ហ្នឹង គឺជា​ដែក​មិនល្អ គ្មាន​គុណភាព ហើយ​ទឹកបន្សារ​ហ្នឹង​សម្រាប់​ផ្សារ​ដែក​ស្ដើង យក​ទៅ​ផ្សារ​ជាមួយ​ដែក​ច្រែះ​ហើយ​ដែក​ខ្លះ​គឺ​វៀច​។

លោក​ថ្លែង​ថា​៖ «​យើង​ខ្លាច​ដួលរលំ​នៅពេល​មាន​ខ្យល់​បោកបក់ ព្រោះ​យើង​ដឹង​ហើយ​ថា កម្មករ​ធ្វើការ​នៅ​រោងចក្រ​គឺ​ចំនួន​ច្រើនណាស់​»​។

លោក​បន្តថា ក្រុមហ៊ុន​នោះ​ត្រូវបាន​ណែនាំ​ឱ្យទៅ​ស្វែងរក​ជួល​នៅ​ទីតាំង​ថ្មី​។ ​មានតែ​រោងចក្រ​នេះ​មួយ​ទេ​ដែល​បាន​សាងសង់​ខុស​បច្ចេកទេស​៕