ភ្នំពេញៈ អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​​ប្រចាំ​កម្ពុជា (IOM) និង​មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន (UNFPA) ​បាន​ចេញ​ផ្សាយ​របាយការណ៍​ស្ទង់​មតិ​មួយ​បង្ហាញ​ពី​ការលំបាក និង​ភាពងាយ​រងគ្រោះ​របស់​ពលករ​ចំណាកស្រុក​ដែល​ត្រឡប់​ពី​បរទេស​មក​កម្ពុជា​វិញ​ បន្ទាប់ពី​មាន​ការផ្ទុះឡើង ជា​សកល​​នៃ​ជំងឺ​កូវីដ១៩​។

របាយការណ៍​​រកឃើញ​ថា គ្រួសារ​ពលករ​ចំណាកស្រុក​ជិត ​៣០ ​ភាគរយ​​គ្មាន​ប្រាក់​ចំណូល​ទាល់តែ​សោះ ហើយ​ពលករ​ជិត​ ៦០ ​ភាគរយ​មិន​មាន​ប្រភព​ចំណូល​នៅ​ក្នុង​​ប្រទេស​កម្ពុជា​។ របាយការណ៍​ដែល​​​មាន​ចំណង​ជើង​ថា «ការ​វាយ​តម្លៃ​បន្ទាន់​លើ​ផល​ប៉ះពាល់​សង្គម​ និង​សុខភាព​ពី​កូវីដ១៩ លើ​ពលករ​​ចំណាក​ស្រុក​ត្រឡប់​មក​កម្ពុជា​វិញ» ត្រូវ​បាន​ប្រកាស​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី​ ១៨ ធ្នូ ចំ នឹង​​ថ្ងៃ​ខួប​ទី​ ៣០ នៃ​ទិវា​ជន​ទេសន្តរប្រវេសន៍​អន្តរជាតិ។

ការស្ទង់​មតិ​នេះ​រក​ឃើញ​ថា ចាប់​តាំងពី​ថៃ​បាន​អនុវត្ត​វិធាន​ទប់ស្កាត់​កូវីដ​តាមរយៈ​ការបន្ថយ​សកម្មភាព​សេដ្ឋកិច្ច​ និង​ការបិទ​ព្រំដែន​មក​ពលករ​កម្ពុជា​ជាង​ ១២ ​​ម៉ឺន​នាក់​បាន​ត្រឡប់​មក​កម្ពុជា​វិញ​គិត​ចាប់​ពី​ខែ​មីនា ឆ្នាំ ២០២០។ ស្ថាន​ភាព​បែប​នេះបង្កើត​បាន​ជា​បញ្ហា​បន្ទាន់​ផ្នែក​មនុស្សធម៌ និង​បង្ក​ក្ដីបារម្ភ​យ៉ាង​ខ្លាំង​​ពី​ភាពងាយរងគ្រោះ​ផ្នែក​សេដ្ឋកិច្ច​សង្គម​នៅពេល​ពួកគេ​ត្រូវ​មក​ស្រុក​វិញ​។

ការស្ទង់​មតិ​នេះ​ធ្វើ​ឡើង​ដោយ​ការសម្ភាស​ជាមួយ​ពលករ​ចំនួន ១១០៨ ​នាក់​នៅ​ខេត្ត​ចំនួន ៤ រួមមាន​បន្ទាយមានជ័យ​ បាត់ដំបង ព្រៃវែង និង​សៀមរាប និង​ការសម្ភាស​ជាមួយ​មនុស្ស​សំខាន់ៗ​ចំនួន ៥៦ នាក់។ លទ្ធផល​នៃ​ការស្ទង់​មតិ​​ក៏​បាន​រក​ឃើញ​ថា​មនុស្ស​​ជាង​ពាក់​កណ្ដាល​កំពុង​ជាប់​បំណុល ហើយ​ពលករ​ដែល​មាន​​​​បណ្ណ​ក្រីក្រមាន​តែ​ជាង​ ២៥ ​ភាគរយ​ប៉ុណ្ណោះ។ ពួកគេ​ជាង​ពាក់​កណ្ដាល​មាន​បញ្ហា​ក្នុង​ការទទួល​បាន​ការថែទាំ​សុខភាព​ ដោយសារ​តែ​ខ្វះ​ប្រាក់​ ឬ​រស់នៅ​ឆ្ងាយ​ពី​កន្លែង​ផ្ដល់​សេវា​សុខភាព។

លោកស្រី Kristin Parco ប្រធាន​ IOM ប្រចាំ​កម្ពុជា​បាន​ថ្លែង​ថា ការរាតត្បាត​សកល​នៃ​ជំងឺ​កូវីដ១៩​​ បាន​បង្ក​ឱ្យ​មាន​ផលប៉ះពាល់​យ៉ាង​ធំធេង​ដែល​មិន​ធ្លាប់​មាន​​ទៅ​លើ​ការ​ធ្វើ​ចំណាកស្រុក និង​ការផ្លាស់ប្ដូរ​ទីតាំង​របស់​មនុស្ស។ ជន​ចំណាក​ស្រុក​ជា​​ច្រើន​ប្រឈម​មុខ​នឹង​ការ​បាត់បង់​ការងារ និង​​ប្រាក់​ចំណូល ភាពងាយ​រងគ្រោះ​លើ​សុខភាព និង​មាន​ហានិភ័យ​ក្នុង​ការទទួល​បាន​ការគាំ​ពារ ការ​ទុក​ចោល និង​ការរើសអើង។

លោកស្រី​​ថ្លែង​ថា៖ «ពួកគេ​ត្រូវ​ការ​ការគាំពារ​ជា​សមូហភាព​របស់​យើង ហើយ​ប្រសិន​បើ​យើង​រួម​ដៃ​គ្នា យើង​អាច​ធ្វើ​ឱ្យ​ការ​ធ្វើ​ទេសន្តរ​​​​ប្រវេសន៍​មាន​ន័យ​សម្រាប់​យើង​ទាំង​អស់​គ្នា។ សកម្មភាព​នានា​ដែល​យើង​ធ្វើនៅ​​ថ្ងៃ​នេះ​ ដើម្បី​ជួយ​ដល់​ជនចំណាក​ស្រុក​នឹង​ធានា​បាន​ថា យើង​មាន​មូលដ្ឋាន​សម្រាប់​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ប្រឈម​ដែល​កើត​មាន​នៅ​ថ្ងៃ​ស្អែក»។

លោកស្រី​បន្ត​ថា៖ «យើង​ទាំងអស់​គ្នា​ត្រូវ​តែ​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ វិស័យ​ឯក​ជន អង្គការ​មិនមែន​រដ្ឋាភិបាល អ្នក​សិក្សា និង​សង្គម​ស៊ីវិល ដើម្បី​ធ្វើ​ឱ្យសេដ្ឋកិច្ច​ដែល​រង​ការ​ប៉ះពាល់​ពី​កូវីដ​​រស់ឡើង​វិញ ហើយ​ស្វែង​រក​វិធី​ដែល​មាន​ភាព​ច្នៃ​ប្រឌិត ដើម្បី​កាត់​បន្ថយ​ការរឹតត្បិត​ការ​ធ្វើ​ដំណើរ និង​សម្រប​សម្រួល​ដល់​ចលនា​ទំនិ​ញ សេវាកម្ម​ និង​ប្រជាជន»។

របាយការណ៍​ដដែល​បានផ្តល់​នូវ​​អនុសាសន៍​សំខាន់​ៗ​​មួយ​ចំនួន​ ដូចជា​ការផ្ដល់​​បណ្ណ​ក្រីក្រ​សម្រាប់​ពលក​រដែល​ស្ថិត​ក្នុង​លក្ខខណ្ឌ​ដែល​គួរ​ទទួល​បាន​បណ្ណ​នេះ និង​ការ​ផ្ដល់​ការ​បណ្ដុះបណ្ដាល​វិជ្ជា​ជីវៈ​ដល់​ពលករ​ចំណាក​ស្រុកដើម្បី​ឱ្យ​ពួក​គេ​អាច​វិល​ត្រឡប់​ទៅ​រស់នៅ​ក្នុង​សហគមន៍​វិញ។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​​អនុប្រធាន​អចិន្រៃ្តយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​បាន​​ថ្លែង​នៅក្នុង​របាយការណ៍​ដដែល​នេះ​ថា ពលរដ្ឋ​កម្ពុជា​​ដែល​ស្វែង​រក​ឱកាស​ធ្វើ​ឱ្យ​ជីវភាព​ប្រសើរ​ឡើង​នៅ​ក្នុង​ប្រទេស​ជិត​ខាង​គឺ​ជា​ក្រុម​ដែល​ស្ថិត​នៅ​លើ​បន្ទាត់​ភាព​ក្រីក្រ​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ។ ការ​ត្រឡប់​មកកម្ពុជា​វិញ​ដោយ​គ្មាន​ការងារ​ធ្វើ​បែបនេះ​មាន​ន័យ​ថា ពួកគេ​ងាយ​នឹង​ធ្លាក់​ក្នុង​ភាពក្រីក្រ​វិញ។

លោក​ស្រី​មាន​ប្រសាសន៍​ថា៖ «យើង​សង្ឃឹម​ថា ការ​រកឃើញ​​ និង​អនុសាសន៍​ដែល​ចេញពី​ការវាយ​តម្លៃ​នេះ​នឹង​ជួយ​ជា​ដំណឹង​ដល់​អ្នក​ពាក់ព័ន្ធ​ឱ្យ​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ប្រឈម​ក្នុង​ការស្ដារ​ឡើង​វិញ​ឱ្យ​កាន់តែ​ប្រសើរ​ជាងមុន តាមរយៈ​ការបង្កើត​ផែនការ​ជាក់លាក់​រយៈពេល​ខ្លី មធ្យម និង​រយៈពេល​វែង​ដើម្បី​គាំពារ​ដល់​​ជន​ចំណាក​ស្រុក ក្រុម​គ្រួសារ​ និង​កូនៗ​របស់​ពួកគេ»។

លោក Daniel Alemu តំណាង​ UNFPA ប្រចាំ​កម្ពុជា​ថ្លែង​ថា កូវីដ​បាន​បង្ក​ការខូចខាត​ដល់​សេដ្ឋកិច្ច​សង្គម​ និង​ជីវភាព​មនុស្ស​រាប់​លាន​នាក់ រួម​ទាំង​ពលករ​ចំណាកស្រុក​កម្ពុជា​​ផង។ អ្វី​ដែល​បាន​រកឃើញ​នៅ​ក្នុង​របាយការណ៍​ស្ទង់មតិ​នេះ​មាន​​​សារៈ​សំខាន់​សម្រាប់​ឱ្យ​អ្នក​បង្កើត​គោលនយោបាយ​ក្នុង​ការ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​តម្រូវការ​ផ្នែក​សុខភាព និង​តម្រូវការ​ផ្សេង​ទៀត​របស់​ពលករ​ដែល​ងាយរង​គ្រោះ​បំផុត​រួម​មាន​ស្ត្រី​មានផ្ទៃ​ពោះ ក្មេង និង​យុវជន ដើម្បី​ធានា​បាន​ថា ពួកគេ​​ និង​គ្រួសារ​ពួក​គេ​ទទួល​បាន​ការ​គាំពារ​។ «របាយការណ៍​នេះ​​ជា​សញ្ញា​បន្ទាន់​មួយ​សម្រាប់​ការចាត់​វិធានការ ហើយ​វា​​ក៏​បាន​ផ្ដល់​អនុសាសន៍​ដែល​យើង​គួរ​តែ​ធ្វើ​តាម»៕

វីដេអូ៖