
រថយន្តដឹកទំនិញកកស្ទះនៅច្រកព្រំដែនបាវិត។ រូបថត ក្រសួងសាធារណការ
ភ្នំពេញៈ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានបញ្ជូនក្រុមការងារជាច្រើនក្រុមទៅធ្វើការសិក្សានៅតាមច្រកព្រំដែនកម្ពុជា-វៀតណាម និងកម្ពុជា-ថៃ ដើម្បីធ្វើការសិក្សាលើគម្រោងធ្វើឱ្យប្រសើរឡើង ក្នុងការសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ខណៈដែលបច្ចុប្បន្នកំពុងតែមានការកកស្ទះ។
លោក វ៉ាស៊ឹម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា អង្គការ JICA កន្លងមកមានផែនការជំហានដំបូងពាក់ព័ន្ធប្រព័ន្ធ Logistic នៅកម្ពុជាត្រូវបានបញ្ចប់ការសិក្សា និងបានឆ្លងយោបល់ពីរដ្ឋាភិបាលរួចហើយ។
ប៉ុន្តែបានបន្តជំហ៊ានទី ២ របស់ខ្លួនបន្ថែមទៀត ហើយបានបញ្ជូនក្រុមការងារចុះទៅសិក្សាលើការដឹកជញ្ជូនតាមព្រំដែន ដើម្បីធ្វើឱ្យប្រសើរឡើង។ ក្រុមការងាររបស់ JICA មានច្រើនក្រុមដោយក្រុមខ្លះបានទៅសិក្សានៅតាមច្រកព្រំដែនកម្ពុជា-ថៃមួយក្រុមទៀតចុះទៅសិក្សានៅច្រកព្រំដែនកម្ពុជា-វៀតណាម និងមួយក្រុមទៀតសិក្សាលើផែនការ Green Logistic និងមួយផ្នែកទៀតសិក្សាលើទំនើបកម្មរថយន្តធុនធំជាដើម។
លោក សុរិយា បន្តថា៖ «ឥឡូវយើងកំពុងតែដល់ដំណាក់កាលសិក្សានៅឡើយ យើងមិនទាន់មានលទ្ធផលទេ»។ លោកបន្ថែមថា នៅក្នុងដំណាក់នៃការរីករាលដាលជំងឺកូវីដ ១៩នេះបើទោះបីមិនទាន់មានការបើកទូលំទូលាយច្រកព្រំដែននៅឡើយ ប៉ុន្តែចរាចរណ៍នៃទំនិញ និងការដឹកជញ្ជូនសម្ភារប្រើប្រាស់ប្រចាំថ្ងៃនៅតែចេញ-ចូលធម្មតាដែលធ្វើឱ្យមានការកកស្ទះនៅតាមព្រំដែនកម្ពុជា-វៀតណាម និងព្រំដែនកម្ពុជា-ថៃ ជាពិសេសគឺច្រកអន្តរជាតិបាវិត-ម៉ុកបៃនៃព្រំដែនកម្ពុជា-វៀតណាមមានការកកស្ទះយ៉ាងខ្លាំង។
បើតាមលោក សុរិយា បន្ទាប់ពីការសិក្សាត្រូវបានបញ្ចប់ហើយ JICA និងផ្តល់អនុសាសន៍មកក្រសួងសាធារណការដើម្បីពិនិត្យពីការពង្រីកផ្លូវការសាងសង់អគារពង្រីកទីលាន ឬការពង្រឹងការគ្រប់គ្រងព្រំដែន ឬក៏គ្រប់គ្រងពេលវេលានៃការដឹកជញ្ជូននីតិវិធីឆ្លងកាត់ព្រំដែន ឬក៏សម្រួលឯកសារចេញចូលជាដើម។ ប៉ុន្តែបច្ចុប្បន្ននេះមិនទាន់មានរបាយការណ៍ទេ ព្រោះទើបតែចាប់ផ្តើមសិក្សា ។
លោក សុរិយា បញ្ជាក់ទៀតថា សម្រាប់ចំនួយបច្ចេកទេសរបស់ JICA មានរយៈពេល ២ ឆ្នាំកន្លះ ប៉ុន្តែដោយសារជំងឺកូវីដបានធ្វើឱ្យមានការអាក់ខានអស់រយៈពេលកន្លះឆ្នាំ ដោយមិនទាន់បានធ្វើអ្វីទាំងអស់ ទើបតែចាប់ផ្តើមនៅពេលនេះ។ ក្រសួងរំពឹងថា ការសិក្សារបស់ JICA នឹងបញ្ចប់តាមផែនការដែលបានគ្រោងទុក ប៉ុន្តែសម្រេចបានប៉ុន្មាននោះមិនទាន់ហ៊ាននិយាយនោះទេ ព្រោះការសិក្សាមានភាពស្មុកស្មាញខ្លះ ជាពិសេសជំងឺកូវីដ-១៩ មិនទាន់ត្រូវបានបញ្ចប់ ។
លោក គង់ សុផល អគ្គនាយករងនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការ និងក្រុមការងារបច្ចេកទេស JICA កាលពីថ្ងៃទី ៦ ខែមករាឆ្នាំ ២០២១ បានចុះសិក្សាអំពីស្ថានភាពដឹកជញ្ជូនឆ្លងកាត់ព្រំដែន នៅតាមច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម ចំនួន ៣ កន្លែងគឺច្រកបន្ទាយចក្រី ច្រកព្រៃវ័រ និងច្រកបាវិតឱ្យដឹងថា JICA បានផ្តល់គម្រោងជំនួយបច្ចេកទេស ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តផែនការមេ ភ័ស្តុភារកម្ម ដែលក្នុងនោះការដឹកជញ្ជូនឆ្លងកាត់ព្រំដែនជាផ្នែកដ៏សំខាន់មួយក្នុងគម្រោងនេះផងដែរ។
លោកបន្តថា ដោយសារបញ្ហាកូវីដច្រកទ្វារអន្តរជាតិភាគច្រើន ពិសេសច្រកទ្វារ បាវិត-ម៉ុកបៃកំពុងមានការកកស្ទះជាខ្លាំងដែលក្រសួងកំពុងស្វែងរកគ្រប់វិធី ដើម្បីដោះស្រាយបញ្ហានេះដោយទប់ស្កាត់ការរាលដាលជំងឺកូវីដផង និងបង្កើនប្រសិទ្ធភាពដឹកជញ្ជូនឆ្លងកាត់ព្រំដែនផងក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់ឱ្យនៅតិចបំផុត។
លោក ស៊ីន ចន្ទី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជាបានឱ្យដឹងថា គម្រោងធ្វើឱ្យប្រសើរឡើងនៅច្រកព្រំដែនកម្ពុជា-វៀតណាមនេះត្រូវបានដាក់ចេញដោយ JICA យូរមកហើយ ប៉ុន្តែទើបតែត្រូវបានចាប់ផ្តើមសិក្សា។ លោកបន្តថា ច្រកអន្តរជាតិបាវិត-ម៉ុកបៃនេះមានលក្ខណៈតូចចង្អៀតដែលធ្វើឱ្យមានការកកស្ទះរថយន្តដឹកទំនិញដែលធ្វើឱ្យមានផលលំបាកជារឿយៗដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរហូតមកដល់បច្ចុប្បន្ននេះ។
បើទោះនៅក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ នេះ ក៏មានការរឹតបន្តឹងថែមទៀត តាមរយៈការត្រួតពិនិត្យ និងផ្លាស់ប្តូរអ្នកបើកបរបានធ្វើឱ្យមានការយឺតយ៉ាវដល់ការដឹកជញ្ជូនទំនិញកាន់តែខ្លាំងថែមទៀត និងធ្វើឱ្យរថយន្តចតបន្តកន្ទុយគ្នារាប់គីឡូម៉ែត្រ។
លោក ស៊ីន ចន្ទី បានថ្លែងថា៖ «ដោយមើលពីបញ្ហានេះក្រុមការងាររបស់ JICA ក៏បានដាក់ចេញផែនការជួយសិក្សាដើម្បីធ្វើយ៉ាងណាកុំឱ្យមានការកកស្ទះបន្តទៀត។ នេះគឺជាការល្អមួយសម្រាប់ការសិក្សាធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូនតាមច្រកព្រំដែននេះហើយនៅពេលសិក្សា និងរៀបចំបានល្អ នឹងសម្រួលដល់ការដឹកជញ្ជូនកាន់តែមានប្រសិទ្ធភាព»៕