ភ្នំពេញៈ ស្របពេល​សេចក្ដី​ព្រាង​អនុក្រឹត្យ​ស្ដីពី​ការផាកពិន័យ​ចរាចរណ៍​កំពុងស្ថិត​ក្នុង​ដំណាក់កាល​ត្រួតពិនិត្យ និង​កែសម្រួល​ខ្លឹមសារ​មួយ​ចំនួន ដើម្បី​ឈាន​ទៅរក​ការប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន​ជំនួស​មាត្រា​ខ្លះ​នៃ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ដែល​នឹង​ត្រូវធ្វើ​​វិសោធនកម្ម​នាពេល​ខាង​មុខ​នេះ រដ្ឋាភិបាល​ជប៉ុន​តាមរយៈ​ទីភ្នាក់ងារ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ប្រចាំ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ប្រកាស​ជួយ​កម្ពុជា ដោះស្រាយ​វិបត្តិ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព​។

ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្ដីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដែល​ត្រូវបាន​រៀបចំ​ឡើង​នៅ​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​លោក ស៊ុហ្គាណូ យូអ៊ិឈិ (Sugano Yuichi) ​ប្រធាន​តំណាង​ការិយាល័យ​ទីភ្នាក់ងារ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ប្រចាំ​កម្ពុជា​បាន​ថ្លែងថា ថ្វីដ្បិត​តែ​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​កំពុង​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​គួរ​ឲ្យ​កត់សម្គាល់​ក៏ដោយ ក៏​មាន​ចំណុច​អវិជ្ជមាន​មួយចំនួន​កើត​មាន​ផងដែរ នោះ​គឺ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ជា​វិបត្តិ​ដ៏ធំ​មួយ​។

លោក ស៊ុហ្គាណូ បាន​បន្តថា​យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​កត់ត្រា​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ឆ្នាំមុន​មាន​ចំនួន​ ៤១២១ ​ករណី​ដែល​មាន​មនុស្ស​ស្លាប់​ ១៩៨១ ​នាក់ និង​របួស​ចំនួន​ ៦១៣១ ​នាក់​។

លោក​បាន​បញ្ជាក់ថា​៖ «​តួលេខ​ទាំងនេះ​នាំ​យើង​ឲ្យ​ជួប​ប្រឈម​នូវ​សោកនាដកម្ម​ចរាចរណ៍​ដ៏គួរ​ឲ្យ​រន្ធត់​ដែល​គិត​ជា​មធ្យមភាគ​ក្នុង​ ១ ​ថ្ងៃ​ត្រូវ​បាន​បាត់បង់​ជីវិត​មនុស្ស​ចំនួន ៥,៤ នាក់​។ ដើម្បី​ចូលរួម​កាត់បន្ថយ​នូវ​សោកនាដកម្ម​ចរាចរណ៍​ដ៏គួរ​ឲ្យ​រន្ធត់ យើង [JICA (Cambodia)] ​ប្ដេជ្ញា​បន្ត​ចូលរួម​​គាំទ្រ​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​នៅ​កម្ពុជា ដោយ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​​ជាមួយ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​»​។

នៅក្នុង​ឱកាស​នោះ​ដែរ​លោកស្រី មីន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ថ្លែងថា បច្ចុប្បន្ន​រដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ដើម្បី​លើកកម្ពស់​ប្រាក់ចំណូល​ប្រជាពលរដ្ឋ និង​សង្គមជាតិ​។

ទន្ទឹម​នឹង​ភាពរីកចម្រើន​នៃ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ និង​ស្ពាន​ខ្វែងខ្វាត់​នៅ​គ្រប់​តំបន់​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ដងផ្លូវ​បាន​កើត​មាន​ឡើង​ជា​រៀងរាល់​ថ្ងៃ និង បាន​ក្លាយជា​វិបត្តិ​ដ៏ធ្ងន់ធ្ងរ​មួយ​ដែល​ទាមទារ​ឲ្យ​មាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​ទប់ស្កាត់​ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​ធ្លាក់​ចុះមក​នៅក្នុង​កម្រិត​ទាប​បំផុត ឬ​លុប​បំបាត់ចោល​ទាំងស្រុង​តាម​ដែល​អាច​ធ្វើ​ទៅបាន​នាពេល​អនាគត​។

លោកស្រី​បាន​ថ្លែងថា​៖ «​បច្ចុប្បន្ន​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​ជា​ក្ដីកង្វល់​ដ៏ធំ​មួយ​របស់​រដ្ឋាភិបាល​កម្ពុជា ព្រោះ​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​កើតមាន​ជា​រៀងរាល់​ថ្ងៃ​ និង​បណ្ដាល​ឲ្យ​មាន​ជនរងគ្រោះ ស្លាប់ របួស និង ពិការ និង​បាន​ធ្វើឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ​ និង​ឯកជន​ជាច្រើន​ទៀត​»​។

យោងតាម​ការវាយតម្លៃ​របស់​អ្នក​ជំនាញការ​នៃ​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ក្នុង​ ១ ​ឆ្នាំៗ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​បាន​បង្ក​ឲ្យ​មាន​ការខូចខាត​ទ្រព្យសម្បត្តិ​សរុប​ជា​ថវិកា​ជាង​ ៣៥០ ​លាន​ដុល្លារ​។

លោកស្រី​បាន​បន្តថា ជាមួយ​ភាព​ប្រញាប់ប្រញាល់ ដើម្បី​ឆាប់​បាន​ដល់​គោលដៅ​នោះ​ការធ្វេសប្រហែស និង ការមិន​គោរព​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​របស់​អ្នកប្រើប្រាស់​ផ្លូវ​បាន​បណ្ដាល​ឲ្យ​កើតមាន​គ្រោះថ្នាក់ និង​ការកកស្ទះ​ចរាចរណ៍​ជា​ញឹកញាប់​នៅតាម​ដងផ្លូវ​។

លោកស្រី​បាន​បន្តថា កាលពី​ឆ្នាំមុន​អង្គការ​ Japan ASEAN International Fund បាន​ផ្ដល់​ការគាំទ្រ​ទាំង​ថវិកា និង​ធនធាន​ផ្នែក​បច្ចេកទេស​ដល់​នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​របស់​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន ដើម្បី​អនុវត្ត​គម្រោង​លើកកម្ពស់​ការអប់រំ​សុវត្ថិភាព​ចរាចរណ៍​ដល់​សិស្ស​​សាលា​បថមសិក្សា​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​ ១ និង​ផ្លូវជាតិ​លេខ​ ៥ សរុប​ចំនួន​ ៥៨ ​សាលា​។ «​ជា​លទ្ធផល សិស្ស​ និង​គ្រូបង្រៀន​នៅតាម​សាលា​ទាំង​ ៥៨ ​នោះ​មិនមាន​នរណាម្នាក់​រងគ្រោះថ្នាក់​ចរាចរណ៍​ឡើយ រហូត​មក​ទល់​ពេលនេះ​»​។

អ្នកស្រី​បាន​បន្ថែមថា រដ្ឋាភិបាល​ និង​ប្រជាជន​ជប៉ុន​តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន JICA ប្រចាំ​កម្ពុជា​បាន​ចូលរួម​គាំទ្រ​ការអភិវឌ្ឍ​ជាច្រើន​ដល់​កម្ពុជា​លើ​គ្រប់​វិស័យ​ទាំង​ផ្នែក​ធនធាន​មនុស្ស បច្ចេកទេស សម្ភារ និង​ថវិកា​។

អ្នកស្រី​បាន​បញ្ជាក់​ថា​៖ «​ជាមួយ​នឹង​ការបេ្តជ្ញា​ចិត្ត​របស់​លោក ស៊ុហ្គាណូ នាពេល​នេះ​យើង​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា យើង​នឹង​អាច​ដោះស្រាយ​វិបត្តិ​គ្រោះថ្នាក់​ចរាចរណ៍​របស់​យើង​បាន​តាមរយៈ​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់ និង​អត្រា​ស្លាប់ និង របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​»៕