ភ្នំពេញ: រដ្ឋាភិបាល​ជប៉ុន​បានផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ដែល​មាន​តម្លៃ​ប្រមាណ​ជាង ៣២ លាន​ដុល្លារ ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ការទទួល​បាន​ទឹកស្អាត​ប្រកប​ដោយ​សុវត្ថិភាព​ក្នុង​ក្រុង​​តាខ្មៅ​។ យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​រួមគ្នា​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​​ទីភ្នាក់ងារ JICA ចុះ​ថ្ងៃទី​ ១ ខែ​មិថុនា ​ដែល​​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​ពី​ម្សិលមិញ​។

យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​នេះ​បាន​ឲ្យ​ដឹងថា គម្រោង​នេះ​ត្រូវបាន​ចុះ​ហត្ថលេខា​ដោយ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក Yuichi SUGANO ប្រធាន​តំណាង​ទីភ្នាក់ងារ​សហប្រតិបតិ្តការ​អន្តរជាតិ​ជប៉ុន​ (JICA) ​ប្រចាំ​កម្ពុជា​ដែល​មាន​ទឹកប្រាក់​ចំនួន ៣ ៤២១ លាន​យ៉េន​ជប៉ុន​ (​ប្រមាណ​ជា ៣២ ​លាន​ដុល្លារ​អាមេរិក​)​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បន្តថា គម្រោង​ការសាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​ដែល​មាន​សមត្ថភាព​ផលិត​ទឹកស្អាត​បាន ៣ ​ម៉ឺន​ម៉ែត្រគុប​ក្នុង​ ១ ​ថ្ងៃ ការសាងសង់​ស្ថានីយ​បូមទឹក​ឆៅ និង​បំពង់​មេនាំ​ទឹកឆៅ ការសាងសង់​បរិក្ខារ​សម្រាប់​ចែកចាយ​ទឹកស្អាត និង​ការបំពាក់​ប្រព័ន្ធ SCADA សម្រាប់​តាមដាន និង​បញ្ជា​ដំណើរការ​របស់​រោងចក្រ ព្រមទាំង​ការផ្ទេរ​បច្ចេកវិទ្យា​សម្រាប់​ប្រតិបត្តិការ និង​ការថែទាំ​រោងចក្រ​ដោយ​ប្រើ​បទពិសោធ និង​ចំណេះដឹង​ពី​ប្រទេស​ជប៉ុន​។

លោក សាយ បូរ៉ា មន្ត្រី​កម្មវិធី​ជាន់ខ្ពស់​នៃ​ JICA បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា បច្ចុប្បន្ន​ទឹកស្អាត​ដែល​កំពុង​ប្រើប្រាស់​ក្នុង​ក្រុង​តាខ្មៅ គឺ​ត្រូវ​បាន​ផ្គត់ផ្គង់​ជា​ចម្បង​ពី​រាជធានី​ភ្នំពេញ​។ គម្រោង​នេះ​មិន​ត្រឹមតែ​ផ្ដល់​សេវា​ផ្គត់ផ្គង់​ទឹកស្អាត​នៅក្នុង​ក្រុង​តាខ្មៅ និង​តំបន់​ជុំវិញ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​កាត់បន្ថយ​ការផ្គត់ផ្គង់​ទឹកស្អាត​ពី​រាជធានី​ភ្នំពេញ​ទៀតផង​។ ការសាងសង់​គម្រោង​នេះ​នឹង​ចំណាយ​រយៈពេល​ចំនួន​ ២៩ ​ខែ ហើយ​គ្រោង​នឹង​បញ្ចប់​គម្រោង​នៅ​ឆ្នាំ​ ២០២៣​។

លោក បូរ៉ា ថ្លែងថា បរិក្ខារ​ផ្គត់ផ្គង់​ទឹកស្អាត​ជាច្រើន​កន្លែង​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​ប្រើប្រាស់​ហិរញ្ញប្បទាន​ឥត​សំណង​ជប៉ុន​នៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ដូចជា ខេត្ត​សៀមរាប ខេត្ត​បាត់ដំបង ខេត្ត​ពោធិ៍សាត់ ខេត្ត​ព្រះសីហនុ ខេត្ត​កំពត ខេត្ត​កំពង់ចាម ខេត្ត​កំពង់ធំ និង​រាជធានី​ភ្នំពេញ​ផងដែរ​។ JICA បន្តថា គម្រោង​នេះ​ជួយ​ដល់​រាជរដ្ឋាភិបាល​ឲ្យ​សម្រេច​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​លើ​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត ១០០ ភាគរយ​នៅក្នុង​ទីប្រជុំជន​ត្រឹម​ឆ្នាំ​ ២០២៥ តាមរយៈ​ការគាំទ្រ​ដល់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ដែល​ឆ្លើយតប​យ៉ាង​ជាក់ច្បាស់​ទៅ​នឹង​សេចក្តី​ត្រូវការ ជា​អាទិភាព​របស់​កម្ពុជា​ក្នុង​ការពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​៕